ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលហេតុ​ដែល​នាំ​ឲ្យ​អ៊ីស្រាអែល​បិទ​ Al Jazeera


រូបឯកសារ៖ បុគ្គលិកបណ្តាញ​ទូរទស្សន៍ Al Jazeera ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កាតាត្រូវបាន​ឃើញ​នៅ​ក្នុង​ការិយាល័យ​ក្នុង​ទីក្រុង​ហ្៊សេរុយសាឡិម​កាលពីថ្ងៃទី ៣១​កក្ដា​ឆ្នាំ​២០១៧។
រូបឯកសារ៖ បុគ្គលិកបណ្តាញ​ទូរទស្សន៍ Al Jazeera ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កាតាត្រូវបាន​ឃើញ​នៅ​ក្នុង​ការិយាល័យ​ក្នុង​ទីក្រុង​ហ្៊សេរុយសាឡិម​កាលពីថ្ងៃទី ៣១​កក្ដា​ឆ្នាំ​២០១៧។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​ទី​៥​ខែ​ឧសភា​ថា​រដ្ឋាភិបាល​របស់លោក បាន​សម្រេច​«ជាឯកច្ឆន្ទ» បិទ​បណ្តាញ​ទូរទស្សន៍ Al Jazeera ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កាតា ដែល​ជា​ស្ថាប័ន​សារព័ត៌មានមួយ​ដែល​មាន​មាន​ការិយាល័យ​ប្រតិបត្តិការ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម។

បណ្តាញ​ទូរទស្សន៍ Al Jazeera ដែល​លែងផ្សាយ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ក្រោយ​ពី​ការ​ប្រកាស​នោះ​ បាន​ថ្កោលទោស​ចំណាត់ការ​របស់​អ៊ីស្រាអែល​ថា​ជា​«អំពើ​ឧក្រិដ្ឋ»។

ខាង​ក្រោម​នេះ​គឺ​ជា​ការណ៍​ពិត​៥​យ៉ាង​អំពី​ប្រព័ន្ធផ្សព្វផ្សាយ​អារ៉ាប់​ខ្នាត​ធំ​ដែលរដ្ឋបាល​របស់​លោក Netanyahu មាន​ជម្លោះជាមួយ​ជា​យូរយារ​ណាស់​មកហើយ ដែល​ជម្លោះ​នោះ បាន​ចាប់ផ្តើម​តាំង​ពី​មុន​សង្គ្រាម​របស់​អ៊ីស្រាអែល​ជាមួយ​ក្រុម​ហាម៉ាស់​ក្នុង​តំបន់ហ្កាហ្សាចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៧​ខែ​តុលា​ទៅ​ទៀត។

ប្រវត្តិកកើត


Al Jazeera ត្រូវ​បាន​សម្ពោធ​ក្នុង​ទីក្រុង Doha នៅ​ឆ្នាំ​១៩៩៦ ដោយ​ក្រឹត្យ​មួយ​ចេញ​ដោយ​អតីត​ព្រះចៅ Sheikh Hamad bin Khalifa al-Thani នៃ​ប្រទេស​កាតា។

ដោយ​បញ្ជាក់​ថា​ប៉ុស្តិ៍​ទូរទស្សន៍​នេះ គួរ​តែ«​មាន​ឯករាជ្យ​ទាំង​ស្រុង​ពី​ឥទ្ធិពល​នានា» ក្រឹត្យ​នោះ​ក៏​ផ្តល់​កម្ចី​រដ្ឋាភិបាល​ចំនួន​១៥០​លាន​ដុល្លារ សម្រាប់​«បង្កើត​និង​ទូទាត់​ចំណាយ​ប្រតិបត្តិការ​រយៈពេល ៥​ឆ្នាំ»។

ទោះ​ជា​បណ្តាញ​ផ្សព្វផ្សាយ Al Jazeera ជា​ក្រុមហ៊ុន​ឯកជន​ក៏​ដោយ ក៏​បណ្តាញ​ផ្សព្វផ្សាយ​នេះ​នៅ​តែ​រក្សា​មូលនិធិ​ខ្លះ​របស់​រដ្ឋាភិបាល​កាតា ដែល​ក្រុម​អ្នក​រិះគន់​ជារឿយៗ​លើកឡើង​នៅ​ពេល​គេ​ចោទ​សួរ​អំពី​ឯករាជ្យភាព​ខាង​ខ្លឹមសារ​ពី​រដ្ឋាភិបាល​ក្រុង​ដូហា។

បណ្តាណ​ផ្សព្វផ្សាយ​នេះ បាន​លេច​រូប​រាង​ឡើង​ភ្លាមៗ​ជា​គូ​ប្រជែង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ខ្នាត​ធំ​ផ្សេងៗ​ទៀត តែ​សេចក្តី​រាយការណ៍​ដែល​មិន​អនុលោម​តាម​វិធាន​ណាមួយ​ក្នុង​នាម​ជា​«បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​ដំបូង​គេ​ក្នុង​ពិភព​អារ៉ាប់»ដែលស្ថាប័ន​នេះ​បាន​ហៅ​ខ្លួនឯង​នោះ​ក៏ញ៉ាំង​ឲ្យ​មាន​ជម្លោះ​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់ក្នុង​ឆ្នាំ​ដំបូងៗ។

ការ​ផ្សាយ​ទូទាំង​សកលលោក

ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ថា​ខ្លួន​ដំណើរការ​ក្នុង​ប្រទេស​ចំនួន​៩៥​ដោយ​មាន​ការិយាល័យ​ចំនួន​៧០​និង​បុគ្គលិក៣​ពាន់​នាក់ ដោយ​មាន​ទស្សនិកជន​ទូទាំង​សកលលោក​ចំនួន​៤៣០​លាន​ខ្នង​ផ្ទះ។

ទូរទស្សន៍ Al Jazeera ដែល​ដំបូង​ឡើយ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់ ក៏​មាន​ផ្សាយ​ជា​ភាសា​អង់គ្លេស​នៅ​ឆ្នាំ​២០០៦។

ទូរទស្សន៍ Al Jazeera និង Al Jazeera​ ជាភាសា​អង់គ្លេស មាន​មាគ៌ា​ខ្លឹមសារ​ខុស​គេ ដោយ​ប៉ុស្តិ៍​ផ្សាយ​ជា​ភាសា​អារ៉ាប់ តែង​រង​ការ​រិះគន់​ពី​ក្នុង​តំបន់​ញឹកញាប់​ជាង។

បណ្តាញ​ផ្សព្សផ្សាយ​នេះ​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ប៉ុស្តិ៍​ផ្សាយ​ផ្ទាល់​ពី​កិច្ចការ​សាធារណៈ ប៉ុស្តិ៍ Al Jazeera Mubasher និង​ប៉ុស្តិ៍ AJ+ ដែល​មាន​តែ​ក្នុង​ទម្រង់​ជា​ឌីជីថល ដែល​មាន​គោលដៅ​តម្រង់​ទៅ​រក​ទស្សនិកជន​វ័យក្មេង។

ការ​បះបោរ​អារ៉ាប់

ពេល​រលក​នៃ​ការ​បះបោរ​ដ៏​មាន​ប្រជាប្រិយភាព បាន​បោកបក់​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាង​ជើង​នៅ​ឆ្នាំ​២០១១ Al Jazeera ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​សាធារណ​មតិ​ដ៏​សំខាន់ ព្រោះ​ទូរទស្សន៍​នេះ​ផ្តល់​ម៉ោង​ផ្សាយ​ដែល​គេ​មិន​បាន​គិត​ស្មាន​ដល់​ដល់​ក្រុម​ប្រឆាំង ជា​ពិសេស​គឺ​ក្រុម Muslim Brotherhood។

បណ្តាញ​ទូរទស្សន៍​នេះ ក៏​បាន​បដិសេធ​ម្តងហើយ​ម្តងទៀត​ចំពោះ​ការ​ចោទប្រកាន់​ថា​ខ្លួន​លម្អៀង​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន។ Al Jazeera ប្រឈម​សម្ពាធ​ពី​រដ្ឋាភិបាល​នានា​ទូទាំង​តំបន់​ហើយ​បាន​ក្លាយ​ជា​ចំណុច​ផ្តោត​នៃ​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​គែរ និង​រដ្ឋាភិបាល​ក្រុង​ដូហា ក្រោយ​ពីយោធា​បាន​ទម្លាក់​ប្រធានាធិបតី​អេហ្ស៊ីប​លោក Mohamed Morsi នៃ​ក្រុម Muslim Brotherhood ពី​អំណាច​នៅ​ឆ្នាំ​២០១៣។

រដ្ឋាភិបាល​អេហ្ស៊ីប ចាត់​ទុក Al Jazeera ជា​ឧបករណ៍​បំពង​សំឡេង​ឲ្យ​ចលនា​អ៊ីស្លាម​និយម​របស់​លោក Morsi ហើយ​អាជ្ញាធរ​អេហ្ស៊ីប បាន​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន Al Jazeera ៣​នាក់​រួម​ទាំង​លោក Peter Greste សញ្ជាតិ​អូស្ត្រាលី​ផង ដោយ​ធ្វើ​ឲ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ។

ការខ្ទប់​ប្រទេស​កាតា

នៅ​ឆ្នាំ​២០១៧ ប្រទេស​ជិតខាង​កាតា ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ដាក់​របាំង​សេដ្ឋកិច្ច​និង​ការ​ទូត​៣​ឆ្នាំ​លើ​ព្រះរាជាណាចក្រ​កាតា។

ដោយ​ទាមទារ​ឲ្យ​កាតា ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុម Muslim Brotherhood និង​ក្រុម​ហាម៉ាស់​ដែល​ជា​បងប្អូន​គ្នា និង​ទម្លាក់​កម្រិត​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ប្រទេស​ដែល​ធ្វើ​ពហិការ​ប្រឆាំងកាតា ក៏​បាន​អំពាវនាវ​ឲ្យ​បិទ Al Jazeera និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​អស់​របស់​ស្ថាប័នសារព័ត៌មាន​នេះ។ Al Jazeera បាន​ហៅ​សម្ពាធ​នេះ​ថា​ជា​ការ​ប៉ុនប៉ង​«បំបិទ​សេរីភាព​បញ្ចេញ​មតិ»។

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់

តាំង​ពី​សង្គ្រាម​នៅ​ហ្កាហ្សា​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៧​ខែ​តុលា​មក​ Al Jazeera ផ្សាយ​សេចក្តី​រាយការណ៍​នៅ​តាំង​ផ្ទាល់​ជា​ហូរហែរ​អំពី​យុទ្ធនាការ​របស់​អ៊ីស្រាអែល​និង​ផលប៉ះពាល់​នៃ​យុទ្ធនាការ​នោះ។​សេចក្តីរាយការណ៍​របស់ Al Jazeera ស្ថិត​ក្នុង​ចំណោម​ព័ត៌មាន​ដែល​គេ​មើល​ច្រើន​ជាង​គេ​នៅ​មជ្ឈិមបូព៌ា ក្នុង​ពេល​ដែល​មាន​ការ​លែង​ទុក​ចិត្ត​លើ​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិម​ប្រទេស​កាន់​តែ​ច្រើន​ឡើង។

នៅ​ខែ​មេសា លោក Netanyahu បាន​ហៅ​ Al Jazeera​ថា​ជា​«ប៉ុស្តិ៍​ភេរវជន» ដោយ​និយាយ​ថា​លោក​នឹង​«ចាត់វិធានការ​ភ្លាម» ដើម្បី​ផ្អាក​សកម្មភាពរបស់​ស្ថាប័ន​នោះ ក្រោយ​ពី​មាន​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ។

នៅ​ពេល​នោះ ស្ថាប័ន​សារព័ត៌មាន​នេះ បាន​ហៅ​បម្រាម​ដែល​គេ​ស្នើ​ឡើង​នោះ​ថា​ជា​«ផ្នែក​មួយ​នៃ​ការ​វាយប្រហារ​ជា​ប្រព័ន្ធ​របស់​អ៊ីស្រាអែល​ជា​បន្តបន្ទាប់ ដើម្បី​បំបិទ​សំឡេងAl Jazeera»។ Al Jazeera ថា​ការណ៍​នេះ​រួម​ទាំង​ការ​សម្លាប់​អ្នក​ស្រី Shireen Abu Akleh ដែល​ជា​អ្នក​កាសែត​ដ៏​លេចធ្លោ​ជាង​គេ​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ការ​វាយលុក​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ត្រួតត្រា West Bank ​នៅ​ខែ​ឧសភា​ឆ្នាំ​២០២២។

តាំង​ពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ បាន​ចាប់​ផ្តើម​មក ការិយាល័យ​របស់ Al Jazeera ក្នុង​ដែន​ដី​ហ្កាហ្សា​របស់​ប៉ាឡេស្ទីន ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់បែក ហើយ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ពីរ​នាក់​នៃ​ស្ថាប័ន​បាន​ស្លាប់។

នៅ​ខែ​មករា អ៊ីស្រាអែល​ថា​អ្នកកាសែត​ម្នាក់​ដែល​ជា​បុគ្គលិក Al Jazeera​និង​អ្នក​កាសែត​ឯករាជ្យ​ម្នាក់ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ក្នុង​តំបន់​ហ្កាហ្សា គឺ​ជា​«ប្រតិបត្តិករ​ភេរវកម្ម»។

នៅ​ខែ​បន្ទាប់​ អ៊ីស្រាអែល បាន​ចោទ​អ្នក​កាសែត​ម្នាក់​ទៀត​ដែល​ធ្វើ​ការ​ឲ្យ​ស្ថាប័នAl Jazeera ដែល​រង​របួស​ក្នុង​ការ​វាយប្រហារ​មួយ​ផ្សេងទៀត ថា​ជា«មេបញ្ជាការ​រង»​ខាង​ក្រុម​ហាម៉ាស់។

Al Jazeera បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​អ៊ីស្រាអែល ហើយ​បាន​ចោទ​អ៊ីស្រាអែល​ថា​បាន​តម្រង់​គោលដៅ​ជា​ប្រព័ន្ធ​លើ​បុគ្គលិក Al Jazeera ក្នុង​តំបន់​ហ្កាហ្សា។

ប្រធាន​ការិយាល័យAl Jazeera​ក្នុង​តំបន់​ហ្កាហ្សា លោក​ Wael al-Dahdouh បាន​រង​របួស​ក្នុង​ការ​វាយប្រហារមួយ​របស់​អ៊ីស្រាអែល​នៅ​ខែ​ធ្នូ​ដែល​បាន​សម្លាប់​អ្នក​ថត​វីដេអូ​ម្នាក់​របស់​Al Jazeera។

ភរិយា​របស់​លោក និង​កូន​ពីរ​នាក់​របស់​ពួកគេ ព្រមទាំង​ចៅ​ប្រុស​ម្នាក់​ទៀត ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ខែ​តុលា​លើ​ជំរំ​ជន​ភៀសខ្លួន Nuseirat នៅ​ចំ​កណ្តាល​ក្រុង​ហ្កាហ្សា។

កូន​ប្រុស​ច្បង​របស់​លោក គឺ​ជា​អ្នក​កាសែត​ដែល​ជា​បុគ្គលិក Al Jazeera ដែល​ត្រូវ​បាន​សម្លាប់​នៅ​ខែ​មករា​ ពេល​ដែល​ការ​វាយប្រហារ​មួយ​បាន​តម្រង់​គោល​ដៅ​លើ​រថយន្ត​មួយ​គ្រឿង​ក្នង​ទីក្រុង Rafah។



ប្រែសម្រួល​ដោយ​លោក សាយ មុន្នី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG