របាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា រកឃើញថា ការឆ្លើយតបកំពុងធ្វើឡើងរបស់អ៊ីស្រាអែលទៅលើការវាយប្រហារដោយពួកហាម៉ាស់កាលពីឆ្នាំ ២០២៣ មានរួមការកើនឡើងនៃការចាប់ខ្លួនអ្នកកាសែតប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់។
បើតាមគណៈកម្មាធិការការពារអ្នកកាសែត ឬ CPJ មានមូលដ្ឋាននៅបូរី New York ថា ក្នុងឆ្នាំ ២០២៣ ប្រទេសអ៊ីស្រាអែលជាប្រទេសដែលដាក់គុកអ្នកកាសែតច្រើនក្នុងលំដាប់ទី ៦ ក្នុងពិភពលោក ដោយអ្នកកាសែត ១៧នាក់ ជាប់ឃុំឃាំងក្នុងពន្ធនាគារនៅក្រោយការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី៧ ខែតុលា។
របាយការណ៍ប្រចាំឆ្នាំនេះ ដែលបានថតរូបក្រុមអ្នកកាសែតជាប់ពន្ធនាគារដោយសារការងាររបស់ពួកគេចាប់តាំងពីថ្ងៃទី ១ ខែធ្នូមក បានរកឃើញអ្នកសារព័ត៌មានទាំងអស់ ៣២០នាក់ ជាប់ឃុំឃាំងក្នុងគុក។ ក្នុងចំណោមជនជាប់ឃុំឃាំងទាំងនេះមានអ្នករួមចំណែកការងារឱ្យវីអូអេនិងបណ្តាញព័ត៌មានវិទ្យុអាស៊ីសេរីនិងវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
ចិនជាប់លំដាប់ថ្នាក់ខ្ពស់ជាងគេនៅក្នុងការស្រង់ចំនួនអ្នកសារព័ត៌មានដែលជាប់ពន្ធនាគារ បន្ទាប់មកគឺមីយ៉ាន់ម៉ា បេឡារុស រុស្ស៊ីនិងវៀតណាម។ អ៊ីរ៉ង់និងអ៊ីស្រាអែលមានលំដាប់ថ្នាក់ទី ៦ ដូចគ្នា ដោយប្រទេសនីមួយៗមានអ្នកកាសែត ១៧នាក់ ជាប់គុក។
អ្នកស្រី Jodie Ginsberg នាយិកាប្រតិបត្តិនៃគណៈកម្មាធិការការពារអ្នកកាសែតហៅ CPJ បាននិយាយថា៖ «សារមានភាពច្បាស់លាស់។ ក្រុមអ្នកកាសែតបានធ្វើឱ្យពួកអ្នកមានអំណាចមានការទទូលខុសត្រូវខ្ពស់។ ហើយពួកជនកាន់អំណាចទាំងនោះជាញឹកញាប់យល់ថា ពួកអ្នកសារព័ត៌មានគំរាមកំហែងពួកគេ»។
អ្នកស្រី Ginsberg បានថ្លែងថា ទិន្នន័យនេះបង្ហាញអំពីថា តើរបបផ្តាច់ការរំលោភច្បាប់ស្តីពី«ការឃាត់ខ្លួននិងបំបិទមាត់អ្នកសារព័ត៌មាន»បែបណា។
អ្នកស្រីបានពោលថា៖ «ហើយនេះជាអ្វីដែលរបបផ្តាច់ការចង់ធ្វើ។ របបទាំងនេះមានបំណងបំបិទមាត់សំឡេងអ្នករិះគន់»។
គណៈកម្មាធិការ CPJ បានប្រមូលឯកសារអំពីការចាប់ខ្លួនអ្នកកាសែតប៉ាឡេស្ទីនថែមទៀត តាំងពីបានស្រង់ចំនួនអ្នកសារព័ត៌មានជាប់គុកកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣។ CPJ បានរកឃើញថា អ៊ីស្រាអែលបានឃុំឃាំងអ្នកកាសែត ២៥នាក់ តាំងពីថ្ងៃទី៧ ខែតុលាមក ហើយនៅថ្ងៃទី១៧ ខែមករា អ្នកសារព័ត៌មាន ១៩នាក់ នៅជាប់គុកនៅឡើយ។
អ្នកស្រី Ginsberg បាននិយាយថា៖ «ចំនួនអ្នកកាសែតត្រូវចាប់ខ្លួនជាច្រើនទាំងនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញការបង្ក្រាបខ្លាំងលើពួកអ្នកសារព័ត៌មាន»។
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ជាសង្គ្រាមនាំឱ្យមានអ្នកសារព័ត៌មានស្លាប់ច្រើនបំផុតក្នុងកំណត់ត្រា ដោយអ្នកកាសែតយ៉ាងហោចណាស់ ៨៣នាក់ ត្រូវបានសម្លាប់ រួមមានអ្នកកាសែតប៉ាឡេស្ទីន ៧៦នាក់ អ៊ីស្រាអែល ៤នាក់ និងលីបង់ ៣នាក់។
ក្រសួងការបរទេសអ៊ីស្រាអែលមិនបានឆ្លើយតបនឹងសារអ៊ីម៉ែលរបស់វីអូអេដែលសុំអត្ថាធិប្បាយទេ។ ក្រសួងនេះបានបដិសេធពីមុនថាអ៊ីស្រាអែលមិនបានយកអ្នកកាសែតជាទីដៅវាយប្រហារទេ។
បើតាមអ្នកស្រី Nour Odeh អ្នកវិភាគនយោបាយប៉ាឡេស្ទីនថា ការចាប់ឃុំឃាំងទាក់ទិននឹងបណ្តាញព័ត៌មានជារឿងធម្មតានៅក្នុងតំបន់ West Bank។ ប៉ុន្តែអ្នកស្រី Odeh ដែលជាអតីតអ្នកកាសែតរបស់បណ្តាញទូរទស្សន៍ Al Jazeera បាននិយាយថាអ្នកស្រីមិនដែលឃើញការចាប់អ្នកសារព័ត៌មានច្រើនបែបនេះកាលពីពេលមុនទេ។
អ្នកស្រី Odeh បាននិយាយប្រាប់វីអូអេពីក្រុង Ramallah ថា៖ «ចំនួននៃការចាប់ឃុំឃាំងទាំងនេះជារឿងគួរឱ្យភ្ញាក់ផ្អើល»។ អ្នកស្រីបានបន្ថែមថា អ្នកស្រីយល់ថា គោលដៅនៅពីក្រោយការបង្ក្រាបនេះគឺ«បង្ហាញថានរណាជាចៅហ្វាយនាយ»។
CPJ បានរកឃើញថាអ្នកកាសែតភាគច្រើនដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំឃាំងបែបរដ្ឋបាល។ ការណ៍នេះមានន័យថា អាជ្ញាធរអ៊ីស្រាអែលអាចឃុំឃាំងពួកគេដោយគ្មានការចោទប្រកាន់ ដោយសារអាជ្ញាធរនេះមានជំនឿថា អ្នកសារព័ត៌មានគ្រោងនឹងប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងពេលអនាគត។
អ្នកស្រី Odeh បានថ្លែងថា៖ «ទោះមិនធ្វើអ្វីខុស ក៏គេអាចឃុំខ្លួនបានដែរ។ គ្មានការការពារទេ។ គ្មានអ្វីការពារលោកអ្នកឡើយ»។
អ្នកស្រី Ginsberg បាននិយាយថា មានទំនោរមួយទៀតនៅក្នុងការស្រង់ឈ្មោះអ្នកកាសែតជាប់ពន្ធនាគារនៅឆ្នាំនេះគឺការប្រើការចោទប្រកាន់មិនទាក់ទិននឹងការងារសារព័ត៌មានដើម្បីយកអ្នកសារព័ត៌មានជាទីដៅ។ ការចោទប្រកាន់ទាំងនោះមានតាំងពីការលាងសម្អាតលុយកខ្វក់រហូតដល់ការគេចពីពន្ធដារនិងអំពើភេរវកម្ម។
អ្នកស្រី Ginsberg ថា៖ «តាមវិធីនេះ ពួកអ្នកកាន់អំណាចអាចលាបពណ៌អ្នកកាសែតថាជាឧក្រិដ្ឋជន ជាសត្រូវ»។
រដ្ឋាភិបាលចិនស្ថិតក្នុងចំណោមប្រទេសដែលប្រើការចោទប្រកាន់អំពីសន្តិសុខជាតិដើម្បីយកអ្នកសារព័ត៌មានជាទីដៅ។
ជាយូរមកហើយ ចិនស្ថិតក្នុងចំណោមប្រទេសចាប់អ្នកកាសែតដាក់គុកច្រើនជាងគេក្នុងពិភពលោក។ នៅឆ្នាំនេះ ប្រទេសនេះស្ថិតក្នុងលំដាប់កំពូល ដោយមានអ្នកសារព័ត៌មាន ៤៤នាក់ ជាប់ពន្ធនាគារ។
ជិតពាក់កណ្តាលនៃអ្នកទាំងនោះ រួមមានអ្នកកាសែត ១៩នាក់ ជាជាតិសាសន៍ Uyghur ដែលបង្ហាញឱ្យឃើញស្ថានភាពសេរីភាពកាសែតដ៏អាក្រក់និងការរំលោភលើសិទ្ធិមនុស្សប្រឆាំងនឹងជាតិសាសន៍នេះដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាម។
អង្គការសហប្រជាជាតិបានព្រមានថា ការរំលោភរបស់ចិនប្រឆាំងនឹងជាតិសាសន៍Uyghur ក្នុងតំបន់ Xinjiang អាចសន្មតថា ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ រដ្ឋាភិបាលមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផងដែរ បាននិយាយថា ការរំលោភទាំងនេះសន្មតថាជាការប្រល័យពូជសាសន៍។ រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធថាខ្លួនមិនបានធ្វើអ្វីខុសទេ។
សម្រាប់អ្នកស្រី Zubayra Shamseden ដែលធ្វើការនៅគម្រោងការសិទ្ធិមនុស្ស Uyghur នៅរដ្ឋធានីវ៉ាស៊ីនតោន ការដាក់គុកក្រុមអ្នកសារព័ត៌មាន Uyghur ដោយមិនមានសមាមាត្រមិនមែនជាការគាប់ជួនទេ។
អ្នកស្រី Shamseden បាននិយាយប្រាប់វីអូអេថា៖ «សម្រាប់រដ្ឋាភិបាលចិន ក្រុមអ្នកកាសែត Uyghur ជាក្រុមមនុស្សនាំឱ្យមានគ្រោះថ្នាក់។ ពួកគេប្រឹងប្រែងបង្ក្រាបអ្នកសារព័ត៌មាន Uyghur ជាពិសេស ពីព្រោះពួកគេចង់បំបិទសំឡេង Uyghur។
អ្នកស្រី Ginsberg នៃគណៈកម្មាធិការ CPJ បានថ្លែងថា អ្នកកាសែតដែលរាយការណ៍អំពីក្រុមជនអំបូរភាគតិត ឬអ្នកកាសែតដែលជាជនអំបូរភាគតិចផ្ទាល់គឺស្ថិតក្នុងបណ្តាពួកជនដែលត្រូវបានធ្វើទុក្ខបុកម្នេញខ្លាំងបំផុត។
ជាការឆ្លើយតបនឹងសារអ៊ីម៉ែលរបស់វីអូអេសុំអត្ថាធិប្បាយ អ្នកនាំពាក្យម្នាក់នៃស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានច្រានចោលរបាយការណ៍ដែលថារដ្ឋាភិបាលក្រុងប៉េកាំងមិនបានគោរពសេរីភាពសារព័ត៌មាន។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «រដ្ឋាភិបាលចិនការពារសេរីភាពសារព័ត៌មានតាមរយៈច្បាប់ហើយបើកឱ្យបណ្តាញព័ត៌មាន ហើយពលរដ្ឋមានមុខនាទីក្នុងការត្រួតពិនិត្យមតិសាធារណៈ»។
អ្នកនាំពាក្យរូបនេះបានថ្លែងថាមនុស្សខ្លះនៅក្នុងសហរដ្ឋអាមេរិក «បង្ខូចកេរ្តិ៍ឈ្មោះនិងវាយប្រហារប្រទេសចិន»ដែល ពួកគេបាននិយាយថា« អាមេរិកខ្លួនឯងទេដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត»។
អ្នកស្រី Ginsberg បានចង្អុលបង្ហាញទៅទីក្រុងហុងកុងដែលនៅទីនោះសេរីភាពបណ្តាញព័ត៌មានបានចុះថមថយតាំងពីចិនបានប្រើច្បាប់សន្តិសុខជាតិកាលពីឆ្នាំ ២០២០ ជាភស្តុតាងមួយផ្ទុយពីការណ៍ពិត។
លោក Jimmy Lai អ្នកបោះពុម្ពផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងត្រូវកាត់ទោសតាមរយៈច្បាប់នេះ ហើយប្រសិនបើត្រូវរកឃើញថាមានទោស លោកអាចជាប់ពន្ធនាគារមួយជីវិត។
អ្នកសារព័ត៌មានភាគច្រើនជាប់គុកនៅក្នុងប្រទេសពួកគេផ្ទាល់។ ប៉ុន្តែក្នុងបណ្តាអ្នកកាសែត ៣២០នាក់ ដែលជាប់ពន្ធនាគារក្នុងពិភពលោក អង្គការ CPJ បានរកឃើញថា ១៧នាក់ ជាប់ឃុំឃាំងនៅប្រទេសក្រៅ-ភាគច្រើននៅរុស្ស៊ី។
ក្នុងចំណោមអ្នកសារព័ត៌មាន ២២នាក់ ជាប់ពន្ធនាគារក្នុងប្រទេសរុស្ស៊ី ១២នាក់ ជាជនបរទេស មានរួមជនជាតិអាមេរិកាំងពីរនាក់និងជនជាតិអ៊ុយក្រែន ១០នាក់។
អ្នកស្រី Ginsberg បានពោលថា៖ «ការណ៍នេះប្រាប់លោកអ្នក ពីរបៀបដែលរុស្ស៊ីចង់គ្រប់គ្រងការពណ៌នាពីប្រទេសរបស់ខ្លួននៅក្នុងប្រទេស ប៉ុន្តែក៏បង្ហាញអំពីរបៀបដែលរុស្ស៊ីចង់គ្រប់គ្រងការពណ៌នាពីប្រទេសរបស់ខ្លួននៅក្រៅប្រទេសផងដែរ»។
ស្ថានទូតរុស្ស៊ីនៅរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងសារអ៊ីម៉ែលរបស់វីអូអេដែលសុំអត្ថាធិប្បាយទេ។
អ្នកកាសែតអាមេរិកាំងដែលជាប់ពន្ធនាគារនៅរុស្ស៊ីគឺលោក Evan Gershkovich នៃសារព័ត៌មានThe Wall Street Journal និងអ្នកស្រី Alsu Kurmasheva នៃវិទ្យុអឺរ៉ុបសេរីនិងវិទ្យុសេរីភាព។ ក្រុមសេរីភាពកាសែតអន្តរជាតិនិយាយថាការចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែតទាំងពីរនាក់នេះគ្មានមូលដ្ឋាន ហើយទាក់ទិននឹងរឿងនយោបាយ។
លោក Gershkovich ដែលបានបដិសេធការចោទប្រកាន់អំពីចារកម្មប្រឆាំងនឹងលោក បានជាប់ឃុំឃាំងជិត ១០ខែ មកហើយ។ ហើយអ្នកស្រី Kurmasheva ដែលជាប់ឃុំឃាំងកាលពីខែតុលា បានច្រានចោលការចោទប្រកាន់ថាអ្នកស្រីបានរំលោភលើច្បាប់រុស្ស៊ីស្តីពីភ្នាក់ងារបរទេស។
លោក Paul Beckett ជាបណ្ណាធិការជំនួយនៃកាសែត The Wall Street Journal មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានដឹកនាំយុទ្ធនាការរបស់សារព័ត៌មាននេះដើម្បីឱ្យមានការដោះលែងលោក Gershkovich។ លោកថា ខួបមួយឆ្នាំនៃការចាប់ខ្លួនសហសេវិករូបនេះរបស់លោកគួរពង្រឹងជាថ្មីការប្រឹងប្រែងសម្រាប់ឱ្យមានការដោះលែងអ្នកកាសែតរូបនេះ។
លោក Beckett បានថ្លែងប្រាប់វីអូអេថា៖ «ការណ៍នេះគួរឱ្យជនគ្រប់គ្នាដឹងអំពីភាពបន្ទាន់ដែលថាការឃុំឃាំងនេះមានយូរណាស់ហើយ ហើយត្រូវការឱ្យមានការដោះលែងលោក Gershkovich ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ