សម្រាប់លើកដំបូងបង្អស់តាំងពីពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានចាប់ផ្ដើមមក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនឱ្យអ៊ីស្រាអែល នៅចំពេលដែលមានក្ដីបារម្ភអំពីផែនការរបស់អ៊ីស្រាអែលក្នុងការពង្រីកប្រតិបត្តិការយោធានៅក្នុងទីក្រុង Rafah នៅតំបន់ហ្កាហ្សា (Gaza) ដែលសហរដ្ឋអាមេរិកមិនគាំទ្រ។
ការសម្រេចដូចនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានពិភាក្សាជាមួយនឹងអ៊ីស្រាអែលអំពីរបៀបដែលអ៊ីស្រាអែលនឹង «ធ្វើប្រតិបត្តិការផ្ទុយពីនេះប្រឆាំងនឹងក្រុមហាម៉ាស់នៅទីនោះជាងប្រតិបត្តិការដែលពួកគេបានធ្វើនៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា»។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក Biden នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលផ្ញើមកកាន់ VOA។ មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះអំពីបញ្ហារសើបនេះ។
ប្រសិនបើមានការការវាយប្រហារតាមផ្លូវគោករបស់អ៊ីស្រាអែលលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា វាអាចធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិល ១ លាន ៣ សែននាក់ដែលបានជម្លៀសមកពីផ្នែកខាងជើងនិងកណ្ដាលនៃតំបន់ហ្កាហ្សាដើម្បីស្វែងរកសុវត្ថិភាពពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ អ៊ីស្រាអែលវាយប្រហារលើតំបន់ហ្កាហ្សានេះគឺជាការឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន។
មន្ត្រីរដ្ឋបាលរបស់លោក Biden បាននិយាយម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកនឹងមិនគាំទ្រការលុកលុយចូលទីក្រុង Rafah ទេ ដរាបណាអ៊ីស្រាអែលផ្ដល់នូវផែនការគួរឱ្យជឿទុកចិត្តបានអំពីរបៀបដែលអ៊ីស្រាអែលនឹងការពារជនស៊ីវិល។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៤ ខែមេសា លោក Biden បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថាលោកនឹងដកជំនួយយោធាប្រសិនបើអ៊ីស្រាអែលមិនផ្លាស់ប្ដូរវិធីធ្វើសង្គ្រាមរបស់ខ្លួន។
លោក Biden បានប្រាប់បណ្ដាញទូរទស្សន៍ CNN នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានផ្សាយកាលពីយប់ថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបន្តផ្គត់ផ្គង់អ៊ីស្រាអែលនូវអាវុធការពារខ្លួនដូចជាប្រព័ន្ធអាវុធ Iron Dome ជាដើម។
ការដឹកជញ្ជូននេះត្រូវបានគេសន្មតថារួមមាននូវគ្រាប់បែកទម្ងន់ ៩០៧ គីឡូក្រាមចំនួន ១.៨០០ គ្រាប់និងគ្រាប់បែកទម្ងន់ ២២៦ គីឡូក្រាមចំនួន ១.៧០០ គ្រាប់ផងដែរ។ រដ្ឋបាលលោក Biden បានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភជាចម្បងលើ «គោលបំណងចុងក្រោយបង្អស់នៃការប្រើគ្រាប់បែកទម្ងន់ ៩០៧ គីឡូក្រាមនេះនិងផលប៉ះពាល់ដែលគ្រាប់បែកនេះអាចមានលើតំបន់ដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់ក្នុងទីក្រុងដូចដែលយើងបានឃើញនៅក្នុងផ្នែកផ្សេងៗនៃតំបន់ហ្កាហ្សា»៕
អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសភាសហរដ្ឋអាមេរិកអ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំក្រសួងការបរទេសអាមេរិកអ្នកស្រី Carla Babb និងប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេសអាមេរិកអ្នកស្រី Nike Ching រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
វេទិកាបញ្ចេញមតិ