បណ្តាប្រទេសនៅអាស៊ី ដែលរងការគំរាមកំហែងពីប្រទេសចិនជុំវិញការទាមទារដែនសមុទ្រ រំពឹងថា សហរដ្ឋអាមេរិកនឹងពង្រឹងការគាំទ្ររបស់ខ្លួន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងពីការគាំទ្រនេះជាសាធារណៈកាលពីពាក់កណ្តាលខែកក្កដា ប៉ុន្តែការគាំទ្រនេះគឺមាននៅក្នុងតែករណីធ្ងន់ធ្ងរ ហើយមិនប្រថុយប្រថានបង្កឲ្យមានជម្លោះប៉ុណ្ណោះ។ នេះបើយោងទៅតាមក្រុមអ្នកវិភាគនៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះកាលពីថ្ងៃទី១៣ ខែកក្កដា លោក Pompeo សន្យាថា នឹងការពារសិទ្ធិដែនទឹកនៃបណ្តាប្រទេសតូចៗនៅអាស៊ីឲ្យស្របទៅតាមច្បាប់អន្តរជាតិ។ ចិនកំពុងតែធ្វើការទាមទារដែនទឹកប្រជែងនឹងប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ដែលប្រទេសទាំងនេះមានយោធាខ្សោយជាងចិន។ គោលដៅនៃការទាមទារនេះគឺតំបន់សមុទ្រចិនខាងត្បូងទំហំ ៣,៥ លានគីឡូម៉ែត្រការ៉េ ដែលមានពោរពេញទៅដោយត្រី និងធនធានថាមពល។
ក្រុមអ្នកវិភាគនិយាយថា បណ្តាប្រទេស ដែលធ្វើការទាមទារ ស្វាគមន៍ការសន្យាគាំទ្រពីសំណាក់លោក Pompeo ប៉ុន្តែពួកគេចង់ដឹងឲ្យប្រាកដប្រជាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងមានវិធានការអ្វីឲ្យបានជាក់លាក់ មុននឹងពួកគេអាចមានទំនុកចិត្តជាងនេះ។
លោក Collin Koh អ្នកស្រាវជ្រាវផ្នែកសន្តិសុខដែនទឹកនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៅប្រទេសសិង្ហបុរី បាននិយាយថា៖ «បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងក្រឡេកមើល និងកត់ចំណាំ ប្រសិនបើមានវិធានការជាក់លាក់ណាមួយ ដែលនឹងកើតមានភ្លាមៗ ក្រោយពីសេចក្តីថ្លែងការណ៍របស់លោក Pompeo ពីព្រោះថា បើមិនអញ្ចឹងទេ វាគ្រាន់តែនៅជាសេចក្តីថ្លែងការណ៍មួយប៉ុណ្ណោះ ហើយមនុស្សរាល់គ្នានឹងនៅតែបន្តទស្សន៍ទាយថានឹងមានអ្វីកើតឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដូចនេះ»។
លោករដ្ឋមន្ត្រីការបរទេស Pompeo បានប្រាប់ទៅក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោននៅ២ថ្ងៃបន្ទាប់ថា លោកនឹងពិចារណាការពារប្រទេសទីបីប្រឆាំងនឹងចិនតាមរយៈមធ្យោបាយផ្លូវច្បាប់ និងដៃគូពហុភាគីផ្សេងៗ រួមមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ ហើយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនស្ថិតក្នុងចំណោមសមាជិកនៃសមាគមនេះ។
លោក Olli Pekka Suorsa អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអន្តរជាតិ S. Rajaratnam នៅប្រទេសសិង្ហបុរី បានសរសេរនៅក្នុងអ៊ីម៉ែលមួយទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖«ឧបការីរដ្ឋមន្ត្រីការបរទេសលោក David Stilwell បានបង្ហើបនៅក្នុងសន្និសីទមួយកាលពីថ្ងៃទី១៥ ខែកក្កដាថា មាន លំហដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីចិន និងសហជីពរដ្ឋផ្សេងៗ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់»។
លោករដ្ឋមន្ត្រីការបរទេស Pompeo បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងដែលជាគូប្រជែងមហាអំណាចនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនមានសិទ្ធិនៅក្នុងការទាមទារចំនួន ៩០ភាគរយនៃតំបន់ផ្លូវទឹកនៅសមុទ្រចិនខាងត្បូង ទីដែលចិនបានបង្កការខឹងសម្បារដល់បណ្តាប្រទេសជិតខាងអស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការចាក់ដីបំពេញកោះតូចៗសម្រាប់ការប្រើប្រាស់ផ្នែកយោធា សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។
លោក Stephen Ngay សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយនិងសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ International Christian ក្នុងទីក្រុងតូក្យូ បាននិយាយថា មន្ត្រីអាមេរិកាំងប្រហែលនឹងឆ្លើយតបទៅនឹងការប៉ះទង្គិចសំខាន់ៗ ពាក់ព័ន្ធនឹងប្រទេសចិន ប៉ុន្តែដោយមិនបង្កឲ្យមានជាជម្លោះនោះទេ។
លោកបានបន្តថា រដ្ឋាភិបាលអាមេរិកនឹងមិនសូវខ្វាយខ្វល់ពីបញ្ហាជម្លោះនេសាទ និងជម្លោះជុំវិញការដាក់រោងចក្របូមប្រេងនោះទេ។ ផ្ទុយទៅវិញ មន្ត្រីអាមេរិកាំងប្រហែលពិចារណាលើការឆ្លើយតបទៅនឹងការផ្លាស់ទីរបស់នាវាចិននៅតំបន់ដែនសមុទ្រ ដែលទាមទារដោយបណ្តាប្រទេសដទៃទៀត។ នៅឆ្នាំនេះ នាវាស្រាវជ្រាវចិនបានធ្វើដំណើរនៅក្នុងតំបន់ដែនទឹកទាមទារដោយម៉ាឡេស៊ី និងវៀតណាម។
លោក Nagy បានមានប្រសាសន៍ថា៖ «វាជាការលំបាកមួយនៅក្នុងការដាក់សម្ពាធលើប្រទេសចិន ដោយគ្មានជម្លោះ»។
ចិនបានលើកឡើងពីកំណត់ត្រាប្រវត្តិសាស្ត្រដើម្បីបកស្រាយលើការទាមទារតំបន់ដែនទឹករបស់ខ្លួន។ កាលពីថ្ងៃទី១៦ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានការពារនូវការគោរពទៅតាមច្បាប់អន្តរជាតិរបស់ចិន និងបានចោទសួរថា តើសហរដ្ឋអាមេរិកបានគោរពតាមច្បាប់នេះដែរឬទេ។
គេរំពឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងដាក់បញ្ចូលបណ្តាប្រទេសមានអំណាចដទៃទៀតប្រឆាំងនឹងចិនជាតំណាងឲ្យប្រទេសទីបី។ សេចក្តីថ្លែងការណ៍រវាងជប៉ុន អូស្ត្រាលីនិងសហរដ្ឋអាមេរិកចុះកាលពីថ្ងៃទី៧ ខែកក្កដា បានថ្កោលទោសលើទង្វើរបស់ប្រទេសចិននៅអាស៊ី បន្ទាប់ពីអូស្ត្រាលី ជប៉ុន និងឥណ្ឌាបានធ្វើការលើកឡើងស្រដៀងគ្នានេះ។ ក្រសួងការបរទេសឥណ្ឌាបាននិយាយកាលពីពាក់កណ្តាលខែកក្កដាថា តំបន់សមុទ្រនោះគួរតែត្រូវរក្សាឲ្យនៅបើកចំហសម្រាប់ការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវអាកាសជាអន្តរជាតិ។
លោក Nagy បាននិយាយថា៖ «ខ្ញុំឃើញថា មានការពង្រឹងកម្លាំងដើម្បីដាក់សម្ពាធលើប្រទេសចិន ហើយនេះរួមមានការរុញច្រានទៅវិញជាលក្ខណៈពហុភាគីប្រឆាំងនឹងការទាមទាររបស់ចិន»។
មន្ត្រីពីបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីការលើកឡើងរបស់លោក Pompeo។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សជាតិ នៅក្រុងហូជីមិញបាននិយាយថា វៀតណាម ដែលជាប្រទេសទាមទារមួយខ្លាំងក្លាជាងគេ ប្រហែលនឹងស្វាគមន៍ផែនការរបស់លោក Pompeo។ វៀតណាមត្រូវការប្រទេសចិនជាដៃគូពាណិជ្ជកម្ម ហើយប្រទេសកុម្មុយនីស្តដែលជាប្រទេសជិតខាងនឹងគ្នាទាំងពីរ នឹងព្យាយាមត្រូវរ៉ូវគ្នា ទោះបីជាមានជម្លោះនៅតំបន់សមុទ្រចិនភាគខាងត្បូងរាប់ទសវត្សរ៍ក៏ដោយ។
លោក Nguyen បាននិយាយថា៖ «ខ្ញុំគិតថា ពួកគេសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអាចប្រឈមនឹងចិនដោយឯកត្តោភាគី ឬជាមួយនឹងសម្ព័ន្ធមិត្តមួយចំនួនទៀត។ វៀតណាមមិនគួរប្រឡូកខ្លាំងនៅក្នុងផែនការណាមួយនោះទេ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា