ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​យុទ្ធសាស្រ្ត​អាស៊ីខាងត្បូង​ថ្មី​នឹង​នាំ​មក​នូវ​បញ្ហាប្រឈម​និង​ឱកាស​អ្វីខ្លះ? 


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងសួន​ច្បារ​ Rose Garden ក្នុង​សេតវិមាន​ ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងសួន​ច្បារ​ Rose Garden ក្នុង​សេតវិមាន​ ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៧។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ប្រធានាធិបតី​ Donald Trumpស្តីពី​យុទ្ធសាស្រ្ត​ដែលគេ​ទន្ទឹង​រង់ចាំ​ជាយូរ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ពាក់​កណ្តាល​ខែសីហា​កន្លង​ទៅ​ លោកបាន​កំណត់ឲ្យ​បន្ត​វត្តមាន​កងកម្លាំងអាមេរិក​ និង​មិនបណ្តោយ​ឲ្យប្រទេស​មួយនេះ​ក្លាយជា​ទីជ្រកកោន​សម្រាប់ក្រុម​ភេរវជន​ដែល​អាច​នឹង​បង្ក​ការ​គំរាម​កំហែង​ដល់សន្តិសុខ​ជាតិ​ស.រ.អា.។

លោក​ប្រធានាធិបតី​សន្យាបញ្ចប់​ការកសាង​ប្រទេសមួយនេះ​ឡើងវិញ​ និង​បង្វែរ​មកផ្តោត​តែលើ​ផលប្រយោជន៍​សន្តិសុខជាតិ​ស.រ.អា.វិញ​ ដោយ​និយាយ​ថា៖«ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​រកាំ​ចិត្ត។ ខ្ញុំ​ក៏​មាន​អារម្មណ៍​រកាំ​ចិត្ត​ដូច​ពួក​គេ​ ទាក់​ទង​នឹង​គោលនយោបាយ​ការបរទេស​ដែល​យើង​បាន​ចំណាយ​ពេលវេលា​ ថាមពល​ ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ ហើយ​ជា​ពិសេស​បំផុត​នោះ​គឺ​ជីវិតមនុស្ស​ដែលត្រូវបាន​លះបង់ក្នុង​ការកសាង​ប្រទេស​នានា​ដូច​អ្វី​ដែល​យើង​ចង់​បាន»។

លោក​ Trump ព្រមាន​ប្រឆាំង​នឹង​ការ​ដក​កងកម្លាំង​ប្រញាប់​ប្រញាល់ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ខណៈ​ពេល​ដែលមានការកើន​ឡើងនៃ​ការបះបោរ​របស់ក្រុម​ Taliban និង​ការគំរាមកំហែង​ពី​រដ្ឋឥស្លាម។

លោក​បាន​ថ្លែង​ថា ស.រ.អា.​នឹងបន្ត​មាន​វត្តមាន​នៅប្រទេស​អាហ្វហ្គានីស្ថាន​ទាល់​តែ​ឈ្នះ​សង្គ្រាម​នៅ​ក្នុងប្រទេស​នេះ។

លោក​ Trump បាន​ថ្លែង​ថា​ ការប្តេជ្ញាចិត្ត​របស់ស.រ.អា.​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​មិនមែន​ «មិនមាន​ដែលកំណត់» និង​ការគាំទ្រ​ក៏មិនមែន​"ចេះតែមាន​"នោះ​ដែរទេ​ ផ្ទុយទៅវិញ​ស.រ.អា.​ជំរុញឲ្យមាន​កំណែ​ទម្រង់ចាំបាច់​ និងការប្រយុទ្ធប្រឆាំង​នឹងអំពើពុក​រលួយ​ក្នុងប្រទេស​នេះ។

ប្រតិកម្ម​ក្នុង​តំបន់​

ប្រតិកម្ម​លើយុទ្ធសាស្ត្រ​អាស៊ីខាងត្បូង​ថ្មី​របស់លោក​ Trump មាន​លក្ខណៈ​ចម្រុះ។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក​ Ashraf Ghani បាន​ស្វាគមន៍ចំពោះ​យុទ្ធសាស្ត្រថ្មី​នេះ​ ហើយ​ប្តេជ្ញា​ថា​ រដ្ឋាភិបាលរបស់​លោក​នឹង​ធ្វើជាដៃគូ​ជឿទុកចិត្ត​បាន។

លោក​ Ghaniបាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា​៖«ខ្ញុំ​សូម​ថ្លែង​នូវ​ការ​ដឹង​គុណ​ចំពោះ​លោកប្រធានាធិបតី​ Trump និងប្រពលរដ្ឋ​អាមេរិកាំង​ចំពោះ​ការ​អះអាង​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​យើងខ្ញុំ​ក្នុងការសម្រេច​បាន​ការ​ពឹងផ្អែកលើ​ខ្លួនឯង​ដោយ​មិន​ចំណុះ​គេ​និង​តស៊ូរួមគ្នា​រំដោះ​តំបន់​នេះ​ចេញពី​ការ​គំរាម​កំហែង​ពី​ភេរវកម្ម»។

លោក​ Ahsan Iqbal រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ប្រទេស​ប៉ាគីស្ថាន​ បានច្រាន​ចោលលើ​ការចោទ​ប្រកាន់ដែល​ថាប្រទេស​លោក​បានផ្តល់ជម្រក​ដល់ក្រុម​ភេរវជន។

លោក​ Iqbal បានថ្លែងប្រាប់​វីអូអេ​ថា​៖«គ្មាន​ការ​អត់ឱន​ឬ​ការ​ផ្តល់​ជម្រក​សុវត្ថិភាព​ណាមួយ​ដល់​ភេរវជន​ក្នុងប្រទេសប៉ាគីស្ថាន​នោះ​ទេ។ ប្រទេស​ប៉ាគីស្ថាន​បានចំណាយ​ថវិកា​យ៉ាង​ច្រើន​លើសលុប​បំផុតក្នុង​ការ[ប្រយុទ្ធប្រឆាំង]​នឹង​អំពើ​ភេរវកម្ម។ ដូច្នេះ​ យើងកំពុង​តែប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម ​មិនមែនត្រឹមតែ​ក្នុង​ផលប្រយោជន៍​ជាតិ​ប៉ណ្ណោះទេ​ គឺថែម​ទាំងសម្រាប់​អនាគត​យើង​និង​ដើម្បី​ផលប្រយោជន៍​ប្រទេសយើង​ផងដែរ»។

ប្រទេស​ឥណ្ឌា ដែល​ជាគូប្រជែង​ប្រទេសប៉ាគីស្ថាន​ ក៏បាន​ស្វាគមន៍ចំពោះ​យុទ្ធសាស្រ្តថ្មី​នេះផង​ដែរ។

ក្រសួង​ការ​បរទេស​របស់ឥណ្ឌា​បានចេញ​សេចក្តីថ្លែងការណ៍​ថា​៖«ប្រទេស​ឥណ្ឌា​សូមស្វាគមន៍​ចំពោះការ​ប្តេជ្ញាចិត្ត​របស់លោក​ Trump ក្នុងការ​បង្កើន​ការខិតខំប្រឹងប្រែង​ជំនះ​បញ្ហាប្រឈម​នានាដែល​ប្រទេសអាហ្វហ្គានីស្ថាន​ជួប​ប្រទះ​ហើយ​និងការ​ប្តេជ្ញា​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ទីជម្រក​សុវត្ថិភាព​និង​រាល់ទម្រង់​នៃការគាំទ្រ​ឆ្លងព្រំដែន​ដល់​ក្រុម​ភេរវជន»។

ប្រទេស​ចិន​បាន​លើក​សរសើរ​ការខិតខំប្រឹងប្រែង​របស់ប្រទេស​ប៉ាគីស្ថាន​ក្នុងប្រតិបត្តិការ​សង្គ្រាម​កំពុង​តែ​បន្ត​លើ​ភេរវកម្ម​ក្នុង​តំបន់។

ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក​ Hua Chunying អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន​ បាន​ថ្លែង​ថា៖«យើង​ជឿ​ជាក់​ថា សហគមន៍​អន្តរជាតិ​គួរ​ទទួលស្គាល់​ទាំងស្រុង​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ប្រទេសប៉ាគីស្ថាន”។

បញ្ហា​ប្រឈមនៃ​យុទ្ធសាស្រ្តថ្មី​

លោក​ Zalmay Khalilzad អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ថ្លែង​ថា លោក​គិត​ថា ការដាក់​សម្ពាធលើ​ប្រទេសប៉ាគីស្ថាន​គឺជាដំណោះ​ស្រាយដ៏​ត្រឹមត្រូវ។

លោក​ Zalmay Khalilzad បាន​ថ្លែង​ថា​៖«ត្រូវ​ប្រឈម​នឹង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ផ្ទាល់។ នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​បំផុត។ រដ្ឋាភិបាល​ប្រទេស​ប៉ាគីស្ថាន​បាន​និង​កំពុង​ជួយ​ដោយផ្ទាល់​ដល់​បណ្តាញ​ក្រុម Taliban និង​ Haqqani ដើម្បី​បង្ក​ឲ្យ​មានការ​រំខាន​នៅ​ស.រ.អា.​និង​ធ្វើ​ឲ្យស.រ.អា.​បោះបង់ចោល​ប្រទេសអាហ្វហ្គានីស្ថាន​និង​នាំ​ប្រទេស​អាហ្វហ្គានីស្ថាន​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​មុនថ្ងៃ​ទី១១​ខែកញ្ញា»។

លោកស្រី​ Rebecca Zimmerman អ្នកវិភាគ​គោលនយោបាយ​នៃ​ស្ថាប័ន​ស្រាវជ្រាវ​ និងអភិវឌ្ឍន៍​ RAND Corporation បាន​ប្រាប់វីអូអេ​ថា៖«ថ្លែង​ដោយ​ការ​គោរព​ចំពោះ​ប្រទេសឥណ្ឌា​ លោក​ប្រធានាធិបតី​បាន​រួម​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​គោលដៅ​យុទ្ធសាស្រ្ត​ដ៏​ធំ​មួយ​នៃ​ការបញ្ចុះបញ្ចូល​រដ្ឋាភិបាល​ប៉ាគីស្ថាន​ឲ្យបោះ​បង់​ចោល​ការគាំទ្រ​របស់ខ្លួន​លើក្រុម​ភេរវជន»។

លោកស្រី​បានព្រមាន​ថា៖«ការតស៊ូមតិ​ឲ្យ​មាន​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​រវាង​ប្រទេសឥណ្ឌា​និងប្រទេស​ប៉ាគីស្ថាន​ ទំនង​នឹង​ធ្វើ​ប្រទេស​ប៉ាគីស្ថាន​កាន់​តែ​គាំទ្រ​ក្រុម​ភេរវករ​ទាំង​អស់​នោះ ខណៈ​ពេល​ដែល​ប្រទេស​នេះគិត​ថាខ្លួន​កាន់​តែ​ឯកោ​និង​រង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត»។

លោកស្រី​ Zimmerman បានបន្ថែម​ថា ការស្តារ​ទំនាក់ទំនង​រវាង​ស.រ.អា. និង​ឥណ្ឌា​ ហើយ​និង​ទំនាក់​ទំនង​រវាង​ ឥណ្ឌា-អាហ្វហ្គានីស្ថាន​ឡើង​វិញ ជា​ហេតុ​នាំ​ឲ្យ​ចំណងទំនាក់ទំនង​រវាងប្រទេសចិន​ និងប៉ាគីស្ថាន​មាន​ការ​កើនឡើង​ ហើយ​គួរ​តែ​ជៀស​វៀង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ជិត​ស្និទ្ធ​គ្នា។

លោក​ Hasan Askari Rizvi អ្នកវិភាគសន្តិសុខ​ក្នុងប្រទេស​ប៉ាគីស្ថាន​ ជឿជាក់​ថា ស.រ.អា​. មិន​អាច​ទុក​ប្រទេសប៉ាគីស្ថា​នចោល​កណ្តាលផ្លូវ​នោះ​ទេ។

លោក​ Rizvi បាននិយាយ​ថា៖«សហរដ្ឋអាមេរិក​ និងប៉ាគីស្ថាន​ មិន​អាច​បោះបង់​គ្នា​ចោល​នោះ​ទេ។ រឿងនេះ​មិនអាច​កើតឡើងចំពោះ​ប្រទេស​ទាំងពីរឡើយ។ បើទោះជា​ប្រទេសទាំងពីរ​មានគំនុំ​ជាមួយ​នឹង​គ្នាក៏​ដោយ។ រដ្ឋាភិបាលអាមេរិក​ ចោទប្រកាន់​រដ្ឋាភិបាលប៉ាគីស្ថាន​ពី​បទផ្តល់​ទីជ្រកកោន​ដល់ក្រុម​ភេរវជន ហើយ​រដ្ឋាភិបាលប៉ាគីស្ថាន​ចោទប្រកាន់រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​លើការ​អនុញ្ញាតឲ្យ​ក្រុមភេរវជន​ប្រើប្រាស់ទឹកដី​របស់​ខ្លួនប្រព្រឹត្ត​សកម្មភាព​ភេរវកម្ម​ក្នុងប្រទេស​ប៉ាគីស្ថាន និង​បាន​រិះគន់​ស.រ.អា.​ដែល​មិនអើពើ​ ឬ​មិន​ចាត់វិធាន​ការ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

យុទ្ធសាស្រ្ត​ថា្នក់តំបន់​មិនទាន់គ្រប់ជ្រុងជ្រោយ

អ្នកជំនាញការ​មួយចំនួន​និយាយថា​ យុទ្ធសាស្រ្តថ្មីនេះ​មើលរំលង​ប្រទេស​ដែលជាតួអង្គ​សំខាន់ៗ​ តួយ៉ាង​ប្រទេសអ៊ឺរ៉ង់​ រុស្ស៊ី និង​ចិន។ ប្រទេសអ៊ឺរ៉ង់​ និង រុស្ស៊ី​ គឺមាន​ទំនាក់ទំនង​យ៉ាងសកម្ម​ក្នុងការ​គាំទ្រក្រុម​ Taliban ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​ Thomas Johnson ដែលជា​អ្នកជំនាញ​សន្តិសុខជាតិ​ និងប្រទេស​អាហ្វហ្គានីស្ថាន នៃ​សាលាក្រោយ​ឧត្តមសិក្សា Naval Postgraduate School បាន​ប្រាប់វីអូអេ​ថា៖«សេចក្តីថ្លែង​ការណ៍​នេះ​ ក៏ខកខាន​មិនបាន​បង្ហាញរាល់​ភាគីពាក់ព័ន្ធ​ដែល​លូក​ដៃ​ចូល​កាន់​តែ​គឃ្លើន​ឡើងៗ​នៅ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន​ ដូចជាប្រទេស​ចិន រុស្ស៊ី និង​អ៊ីរ៉ង់»។

លោក​ Johnson បាន​បន្ថែម​ថា៖«ប្រទេស​អាហ្វហ្គានីស្ថាន​អាចនឹងក្លាយ​ជាទីតាំង​សម្រាប់​ប្រទេស​នានា​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​គ្នា ប្រសិន​បើ​មិនមានការ​គ្រប់គ្រងបាន​ត្រឹមត្រូវនោះ​ទេ»។

លោក​ James Dobbins អតីត​អ្នកតំណាង​ពិសេសរបស់ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​ ដែល​បាន​បម្រើការ​ក្នុងអាណត្តិ​លោកអតីតប្រធានាធិបតី​ Barack Obama និង​លោក​ប្រធានាធិបតី​ George W. Bush ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​ បានគាំទ្រ​លោកប្រធានាធិបតី​ Trump លើ​ការបង្កើត​បរិយាកាស​ «សមហេតុ​សម​ផល» សម្រាប់កិច្ច​ចចារ​សន្តិភាព​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន។

លោកបាន​ប្រាប់ វីអូអេថា​៖«លោក​ប្រធានាធិបតី Trump បាន​បញ្ជាក់ថា​ នៅពេលខ្លះ​ កិច្ច​ចចារ​សន្តិភាពអាច​នឹងក្លាយជា​ជម្រើសដ៏​សមហេតុ​សម​ផល ហើយ​លោក​មិន​ជំទាស់​នឹង​ករណីនេះ។ ប៉ុន្តែ​បើតាមខ្ញុំគិត​ លោកប្រធានាធិបតី​ ក៏ទទួលស្គាល់​ដែរ​ថាក្រុមTaliban នឹងមិន​បង្កើត​ឲ្យ​មានសន្តិភាព​នោះ​ទេ ដរាប​ណា​ពួក​គេ​នៅ​តែ​គិត​ចង់​ឈ្នះ»។

លោក​ Waheed Muzhda អ្នក​ជំនាញក្រុម​ Taliban ក្នុងទីក្រុង​ Kabul ជឿជាក់ថា​ យុទ្ធសាស្រ្តថ្មីនេះ​នឹងបង្កឲ្យមាន​ការកើនឡើង​ការប្រយុទ្ធគ្នា​ និងការបែក​បាក់ក្រុម​ Taliban ជនជាតិ​អាហ្វហ្គានីស្ថាន​នៅពេលដែល​មានការ​ជជែករកសន្តិភាព​កើតមាន​ឡើង។

លោក​ Muzhda បាន​និយាយថា​៖«យុទ្ធសាស្រ្តថ្មីនេះ​ នឹងពង្រឹង​ជំហរបស់​សមាជិកក្រុម​ Taliban ដែល​ជំទាស់នឹង​ដំណោះស្រាយ​នយោបាយ ​ចំណែកឯ​អ្នកគាំទ្រ​លើ​ដំណោះស្រាយនយោបាយ​នឹងកាន់​តែខ្សោយ​ទៅៗវិញ”។

ប្តូរ​ពី​ដំណោះស្រាយ​តាម​ពេលវេលាទៅ​ជា​ផ្អែក​លើ​ស្ថានការណ៍​

លោក​ឯកអគ្គរដ្ឋទូត​ Khalilzad បានស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​របស់លោកប្រធានាធិបតី​ក្នុងការប្តូរពី​ដំណោះស្រាយ​ផ្អែកលើ​ពេល​វេលា​កំណត់​ ទៅ​ជា​ដំណោះ​ស្រាយ​ផ្អែក​លើ​ស្ថានការណ៍​វិញ។

លោក​ បាននិយាយ​ថា៖«ការផ្អែក​លើពេលវេលា​ក្នុងពេលកន្លង​មក បាន​ត្រឹមតែ​ធ្វើឲ្យ​ក្រុមភេរវជន​ និង​ក្រុមជ្រុល​និយម ហើយរដ្ឋាភិបាលប៉ាគីស្ថាន​រង់​ចាំឲ្យ​យើង​ទៅផុត​តែ​ប៉ុណ្ណោះ»។

ចំពោះ​រឿងស្ថានការណ៍​វិញ លោក​ Dobbins ជឿជាក់​ថា ពេលនេះ​ត្រូវរង់ចាំ​មើលថាតើ​លោក​ប្រធានាធិបតី​ Trump នឹង​ប្រកាន់យក​តាមអ្វីដែល​គាត់បាន​និយាយដែរ​ឬទេ៕

ប្រែ​សម្រួលដោយ​ កោះ ​សុគន្ធី​

XS
SM
MD
LG