ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា.​អបអរ​កិច្ច​ព្រមព្រៀង​បេក្ខជន​ប្រធានាធិបតី​នៅ​អាហ្វហ្កានិស្ថាន


អ្នកគាំទ្រ​បេក្ខភាព​ជា​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន លោក Ashraf Ghani អបអរ​នៅ​តាម​ផ្លូវ​ក្រោយពី​លោក​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ទីក្រុង​កាបុល​ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០១៤។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​ ​អូបាម៉ា​កំពុង​អបអរសាទរ​កិច្ច​ព្រមព្រៀង​រវាង​បេក្ខជន​ប្រធានាធិបតីប្រជែង​គ្នា​នៅ​ប្រទេស​អាហ្វហ្កានិស្ថាន​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាពជាតិ ​ដោយ​និយាយ​ថា ​ការ​ព្រមព្រៀង​គ្នា​នេះ​កត់​សម្គាល់​អំពី​ឱកាស​ដ៏​សំខាន់​សម្រាប់​ការ​រួបរួម​គ្នា​ និង​ស្ថិរភាពប្រសើរ​ឡើង។​

អំពី​កិច្ច​ព្រមព្រៀង​ដែល​បញ្ចប់​ភាព​ទាល់​ច្រក​ខាង​នយោបាយ​រយៈ​ពេល​៦ខែ​នេះ​គឺ​ជាការបញ្ចប់​នៃ​រចនា​សម្ព័ន្ធ​នៃ​ការ​បែងចែក​អំណាចដែល​សម្រប​សម្រួល​ដោយ​លោក​ John Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.ដែល​និយាយ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ធានា​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​សន្តិវិធី​ជាលើក​ដំបូង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន។​

សេត​វិមាន​បាន​អបអរ​សាទរ​ចំពោះ​លោក ​Abdullah ​Abdullah ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​អាហ្វហ្កានិស្ថាន​ និង​លោក ​Ashraf ​Ghani​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ និង​ជា​អតីត​មន្ត្រី​ធានាគារ​ពិភព​លោក​ចំពោះ​ការ​ដែល​លោក​ទាំងពីរ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ ដោយ​និយាយ​ថា​ វា​ជួយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ប្រទេស​អាហ្វហ្កានិស្ថាន ​ហើយ​ស្តារ​ទំនុក​ចិត្ត​ចំពោះ​ដំណើរ​ការ​ទៅ​មុខ​ទៀត។​ សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាននិយាយ​ថា ​ស.រ.អា.​គាំទ្រ​កិច្ច​ព្រមព្រៀង​នេះ ​ហើយ​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋបាល​ថ្មី​នេះ​ដើម្បី​ធានា​ថា​ រដ្ឋបាល​នេះ​បាន​ទទួល​ជោគជ័យ។​

លោក​បារ៉ាក់​អូបាម៉ា​ប្រធានាធិបតី​ស.រ.អា.​បាន​និយាយ​ជាមួយ​បេក្ខជន​ទាំងពីរ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ ​ដើម្បី​អបអរសាទរ​លោក​ទាំងពីរ​ក្នុង​ការ​ដឹកនាំ​និង​ឆន្ទៈ​របស់​លោក​ទាំងពីរ​ធ្វើ​ជាដៃ​គូជា​មួយគ្នា​ ដើម្បី​ជំរុញ​ដល់​ប្រយោជន៍​របស់​ជាតិ​អាហ្វហ្កានិស្ថាន។​

ថ្លែង​នៅ​ទីស្នាក់ការអ.ស.ប.​កាលពី​ថ្ងៃ​អាទិត្យ​ លោក​John Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ភាព​ជាដៃ​គូ​ជា​យុទ្ធសាស្ត្រ​របស់​ស.រ.អា.​ជាមួយ​ប្រទេស​អាហ្វហ្កានិស្ថាន​ និង​ការ​តាំងចិត្ត​របស់​ស.រ.អា.​បន្ត​ផ្តល់​ការ​គាំទ្រដល់​រដ្ឋាភិបាល​ថ្មី​នេះ។​

«ខ្ញុំចង់​អបអរ​សាទរ​លោក​បណ្ឌិត ​Ashraf Ghani​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អាហ្វហ្កានិស្ថាន​ដែល​ត្រូវបាន​ប្រកាស ​ហើយ​នឹង​លោក​បណ្ឌិត ​Abdullah Abdullah ​ចំពោះ​ការ​ដែល​លោក​ចូលរួម​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំរដ្ឋ ​និង​ចំពោះ​ឆន្ទៈ​របស់លោកទាំងពីរ​ក្នុង​ការ​គិត​អំពី​អានាគត​ប្រទេស​អាហ្វហ្កានិស្ថាន​ និង​ផល​ប្រយោជន៍​អាហ្វហ្កានិស្ថាន​ជា​អាទិភាព​ មុន​អត្ថ​ប្រយោជន៍​របស់​ផ្ទាល់​ខ្លួន​ និង​គណបក្ស។ ​លោកទាំងពីរ​បាន​រួបរួម​គ្នា​ក្នុង​រដ្ឋាភិបាល​ឯកភាព​ជាតិ ​ដែល​ផ្តល់​ឱកាស​ដ៏​ធំធេង​ដើម្បី​ឲ្យ​មានការ​ជឿនលឿន​នៅ​ប្រទេស​អាហ្វហ្កានិស្ថាន​ និង​ផ្តល់់​ឱកាស​ដល់​កិច្ចព្រម​ព្រៀង​សន្តិសុខ​ទ្វេភាគី​ក្នុង​ពេល​ប្រហែល​មួយ​សប្តាហ៍​ ហើយ​នឹង​ការ​ប្រារព្ធ​ពិធី​សម្ពោធន៍​ចូលកាន់​តំណែង​ប្រធានាធិបតី​ថ្មី​ក្នុង​សប្តាហ៍​បន្ទាប់​ទៀត ​ហើយ​សំខាន់​ជាង​នេះ​ទៅទៀត​ នោះ​ជា​ឱកាស​សម្រាប់​កម្មវិធី​ឲ្យមាន​ឯកភាព​ពិត​ប្រាកដ ហើយ​នឹង​ឱកាស​សម្រាប់​កំណែ​ទម្រង់​ដែល​ធ្វើ​ឡើង​ក្នុង​នាម​ប្រជាជន​អាហ្វហ្កានិស្ថាន»។​

លោក ​Kerry​ ដែល​ជួយ​សម្រប​សម្រួល​កិច្ច​ព្រមព្រៀង​បែងចែក​អំណាច​នេះ​កាលពី​ខែ​សីហា ​និយាយ​ថា ​ព្រឹត្តិ​ការណ៍​ថ្មី​នេះ​នឹង​បើក​ទំព័រថ្មី​នៃ​ទំនាក់​ទំនង​ស.រ.អា.និង​អាហ្វហ្កានិស្ថាន។​

កាលពី​ថ្ងៃ​អាទិត្យ ​លោក​ Ghani​ ត្រូវ​បាន​ប្រកាស​ថា ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត។ ​យោងតាម​កិច្ច​ព្រមព្រៀង​ដែល​មាន​បួន​ទំព័រ​នេះ​ឲ្យ​ដឹង​ថា ​លោក ​Ghani ដែល​គេ​រំពឹង​ថា​ នឹង​ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​នៅ​ថ្ងៃច័ន្ទ​នេះ ​នឹង​បែងចែក​អំណាច​ជាមួយ​លោក​ Abdullah ​ដែល​នឹង​ត្រូវ​តែង​តាំង​ជា​ប្រធាន​នីតិប្រតិបត្តិ។ លោក​ទាំង​ពីរ​នឹង​បែងចែក​ការ​កាន់​អំណាច​ក្នុង​ការ​សម្រេច​ថា​ អ្នកណា​ជា​រដ្ឋមន្ត្រី​កាន់​ក្រសួង​សំខាន់ៗ។​

លោក ​Jonah Blank​ អ្នក​វិភាគ​នៅ​អង្គការ​សាជីវកម្ម ​RAND អាស៊ី​ទស្សិណ​ RAND Corporation South Asia ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​កិច្ច​ព្រមព្រៀង​បែង​ចែក​អំណាច​នេះ។​

«ប្រទេស​អាហ្វហ្កានិស្ថាន​ ជា​ទម្លាប់​មាន​ប្រព័ន្ធ​អភិបាល​កិច្ច​វិមជ្ឈការ។ ​កិច្ច​ព្រម​ព្រៀង​នេះ​ ដែល​លោក​ប្រធានាធិបតី​ Ghani​ និង​លោក​ Abdullah Abdullah បាន​សម្រេច​នោះ​នឹង​ដាក់​ការ​ទទួល​ខុសត្រូវ ​និង​ការ​សម្រេច​នានា​ខាង​នយោបាយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នេះ​រដ្ឋបាល​នេះ»។​

លោក ​Blank ​និយាយ​ថា​ លោក​ជឿថា​ កិច្ច​ព្រមព្រៀង​នេះ​នឹង​បំបាត់​ភាព​តានតឹង​រវាង​ជនជាតិ​នៅ​ក្នុង​ប្រទេស​នេះ។​

«ប្រសិន​បើ​បេក្ខជន​ឈ្នះឆ្នោត​យក​អំណាច​ទាំងអស់​ ហើយ​បេក្ខជន​ម្នាក់​ទៀត​ត្រូវ​គេទុក​ចោល ​មិនមាន​អំណាច​នយោបាយ​អ្វី​សោះ​នោះ នោះ​នឹង​មានក្រុម​ជនជាតិ​នានា​នៅ​ប្រទេស​អាហ្វហ្កានិស្ថាន​ ​គឺ​មិន​ត្រឹមតែ​ក្រុម ​Pashtun​ ប្រឆាំង​នឹង​ជនជាតិ ​Tajik ​ប៉ុណ្ណោះ​ទេ តែ​នឹង​មាន​ការ​បែកបាក់​នៅក្នុង​សហគមន៍​ Pashtun ​ផង​ដែរ​ ហើយ​អាច​នឹង​មាន​ការ​បែកបាក់​បែប​នោះ​នៅ​ក្នុង​សហគមន៍​ទាំងអស់។ ​កិច្ច​ព្រមព្រៀង​គ្នា​នេះ​អនុញ្ញាត​ឲ្យ​ការ​ខ្វែង​គំនិត​គ្នា និង​ទំនាស់​ទាំងអស់​ត្រូវ​ដំណោះស្រាយ​តាម​នយោបាយ​ជាជាង​ដោះស្រាយ​តាម​អំពើ​ហិង្សា»។​

លោក Blank ​បាន​កោត​សរសើរ​អ្វី​ ដែល​គាត់​ហៅ​ថា ​ភាព​ជា​បុរស​រដ្ឋ និង​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​លោក ​Abdullah និង​លោក ​Ghani ដែល​លោក​ទាំងពីរ​បាន​ដាក់​ចេញ​កិច្ច​ព្រមព្រៀង​នេះ ​ដែល​លោក​និយាយ​ថា​ មិនមែន​ឧត្តុង​ឧត្តម​សម្រាប់​ភាគី​ណា​មួយ​ទេ ​តែ​ជា​ច្រក​ដើរ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្រជាជន​អាហ្វហ្កានិស្ថាន។​

លោក​ Nazif Shahrani ​មាន​កំណើតនៅ​ប្រទេសអាហ្វហ្កានិស្ថាននិង​ជា​សាស្ត្រាចារ្យ​នៅសាកល​វិទ្យាល័យ​ Indiana។ ​លោកនិយាយ​ថា ​មាន​កង្វល់​ខ្លះ​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​នេះ។​

«ជា​ពិសេស ​វា​មិន​គោរព​សំឡេង​ឆ្នោត​របស់​ប្រជាជន​ទេ។ ​កាលពី​៦​ខែ​មុន​ ប្រជាជន​បាន​ចេញ​ទៅ​បោះឆ្នោត​ដោយ​មាន​ទឹកចិត្ត​សោមនស្ស។ ​ហើយ​ជា​ថ្មី​ទៀត​ គេ​បាន​បោះឆ្នោត​នៅ​ជុំទី​២​ទៀត ​ហើយ​នៅក្នុង​ការ​បោះឆ្នោត​ទាំង​ពីរ​លើក​នេះ​ មាន​ការ​លួច​បន្លំ ​ជាមូលដ្ឋាន​ ដោយ​សារ​តែ​អ្វី​ដែល​រដ្ឋាភិបាល​ អ្នក​រៀបចំ​ ហើយ​នឹង​អ្នក​ចាត់ចែង​ការបោះឆ្នោត​នោះ​បាន​ធ្វើ។​ ហើយ​នៅ​ទី​បញ្ចប់​ គេ​មិន​ប្រកាស​ភាគ​រយ​នៃ​សំឡេង​ឆ្នោត​ដែល​ឈ្នះ​ ឬ​ដែល​ចាញ់​នោះ​ទេ ​ក្នុង​ពេល​៦​ខែ​ក្រោយ​ការ​បោះឆ្នោត​ និង​ក្រោយពី​ចំណាយ​លុយ​របស់​អ្នក​បង់ពន្ធ​ជនជាតិ​អាមេរិកាំង​យ៉ាង​ច្រើន​សម្បើម។ ​ហើយ​នៅ​ទីបញ្ចប់​វា​អត់ន័យ។ ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​រវាង​ក្រុម​អ្នក​មាន​អំណាច ​មាន​លុយ ​ដែល​បាន​នៅ​ក្នុង​រដ្ឋាភិបាល​រួច​ជា​ស្រេច​ទៅ​ហើយ ​ឬ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​អស់​ពេល​១៣​ឆាំ្ន​កន្លង​មក​នោះ»។​

លោក​បារម្ភ​ថា ​បេក្ខជន​ទាំង​ពីរ​នឹង​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​គ្នា​ក្នុង​រដ្ឋាភិបាល​ដូច​ដែល​គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។​

«បើសិន​គេ​ទុក​ចិត្តគ្នា ​នោះ​ដំណើរ​ការ​បោះឆ្នោត​នឹង​មិន​អូស​បន្លាយ​យូរ​ដូច្នេះ​ទេ។ លោក​នៅចាំ​ទេ​ គឺលោក​ John Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​បាន​ទៅ​ទីក្រុង​កាប៊ូល​ដល់ទៅ​ពីរ​ដង កាលពី​ខែ​កក្កដា​ និង​ខែ​សីហា ​ដើម្បី​សម្រប​សម្រួល​ការ​ព្រមព្រៀង​គ្នា​នេះ​ ហើយ​នៅតែ​ដោះស្រាយ​មិន​ចេញ។ ​ហើយ​ជា​យថាហេតុ ​លោក​អគ្គលេខាធិការ​រង​អ.ស.ប.​បាន​ធ្វើ​អន្តរាគមន៍​ ហើយ​អ្នក​តំណាង​សភា​នៅ​ទីនោះ​ និង​ឯក​អគ្គ​រដ្ឋទូត​ស.រ.អា.​នៅ​ក្រុង​កាប៊ូល ​ឯកអគ្គ​រដ្ឋទូត​ James Cunningham ​បាន​សម្រប​សម្រួល​ទៀត ​ហើយ​ទី​បំផុត​មាន​អ្វី​ដែល​គេ​ហៅ​ថា ​កិច្ច​ព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​ឯកភាព​ ដែល​គេ​នៅ​មាន​មន្ទិល​នៅ​ឡើយ៕

ប្រែសម្រួល​ដោយ ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG