ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ អាមេរិក​ក្រោម​រដ្ឋបាល​លោក ត្រំា ត្រូវ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​អាស៊ាន​ដើម្បី​ផល​ចំណេញ​សេដ្ឋកិច្ច និង​ការទូត​ក្នុង​តំបន់


អ្នក​ជំនាញក្នុង​កិច្ចពិភាក្សាអំពី​ខួប​៤០ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​ឧសភា ២០១៧​។ (សឿន វឌ្ឍនា/VOA)
អ្នក​ជំនាញក្នុង​កិច្ចពិភាក្សាអំពី​ខួប​៤០ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​ឧសភា ២០១៧​។ (សឿន វឌ្ឍនា/VOA)

ក៏ប៉ុន្តែ លោកស្រី Patricia Mahoney ឧបការីរង​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ បាន​បញ្ជាក់​ថា រដ្ឋបាល​លោក ត្រាំ ទទួល​ស្គាល់​យ៉ាង​មោះមុត​ថា ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់​ថា (អាស៊ាន) ពិត​ជា​មាន​សារៈសំខាន់​ដល់​សហរដ្ឋ​អាមេរិក ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ។

ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ជា​មហាសេដ្ឋីអចលន្យ​ទ្រព្យ​ម្នាក់ គេ​ឃើញ​មាន​ភាព​ស្រពិច​ស្រពិល​ច្រើន​ចំពោះ​គោលនយោបាយ​ការបរទេស​របស់​លោក ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេស​ក្រោយ​ពេល​ដែល​លោក​បាន​ប្រកាស​ពី​គោលនយោបាយ​ “America First” ដែល​ផ្តល់​អាទិភាព​ខ្ពស់​លើ​បញ្ហា​ប្រឈម​ក្នុង​សហរដ្ឋអាមេរិក និង​ការ​លុបចោល​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហៅកាត់​ថា (TPP) ដែល​ត្រូវបាន​ផ្តួច​ផ្តើម​ដោយ​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។

គោលនយោបាយ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន ដែល​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តាច់​ខ្លួន​កាន់តែ​ឆ្ងាយ​ពី​សហគមន៍​អាស៊ី​អាគ្នេយ៍។ ក៏ប៉ុន្តែ លោកស្រី Patricia Mahoney ឧបការីរង​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ បាន​បញ្ជាក់​ថា រដ្ឋបាល​លោក ត្រាំ ទទួល​ស្គាល់​យ៉ាង​មោះមុត​ថា ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់​ថា (អាស៊ាន) ពិត​ជា​មាន​សារៈសំខាន់​ដល់​សហរដ្ឋ​អាមេរិក ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ។

«‍វា​សំខាន់​ណាស់ ដែល​ពិភពលោក​ទាំង​មូល ត្រូវដឹង [អំពី​អាស៊ាន] ហើយ​នៅ​ក្រសួង​ការ​បរទេស​ និង​ក្រោម​រដ្ឋបាល​ [លោក ត្រាំ] អាស៊ាន​ពិត​ជា​មាន​សារៈសំខាន់។ អាស៊ាន​មាន​សារៈសំខាន់​ក្នុង​ដោះស្រាយ​បញ្ហា​សន្តិសុខ កសាង​សន្តិភាព និង​មាន​សារៈសំខាន់​លើ​ភាព​រីក​ចម្រើន​នៅ​ក្នុង​តំបន់»។

លោកស្រី Patricia Mahoney ឧបការី​រង​ស្ដី​ទី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Patricia Mahoney ឧបការី​រង​ស្ដី​ទី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

លោក​ស្រី Mahoney បាន​លើក​ឡើង​ដូច្នេះ នៅក្នុង​កិច្ច​ពិភាក្សា​ជា​សាធារណៈ​មួយ​ស្តីពី​«ភាព​ជា​ដៃគូ​៤០ឆ្នាំ​រវាង​អាមេរិក និង​អាស៊ាន‍» និង​«‍ខួប​៥០ឆ្នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍» ដែល​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអង្គារ ទី១៦​កន្លង​ទៅ​នេះ។ កិច្ច​ពិភាក្សា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ East West Center ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន (US-ASEAN Bussiness Council) និង​វិទ្យាស្ថាន​ស្រាវជ្រាវ ISEAS YUSOF ISHAK Institute ដែល​ស្ថាប័ន​ទាំង​បី​នេះ​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ស្តីអំពី​‍ «‍អាស៊ាន​មាន​សារៈសំខាន់​ដល់​អាមេរិក ហើយ​អាមេរិក​មាន​សារៈសំខាន់​ដល់​អាស៊ាន» (ASEAN Matters for America/America Matters for ASEAN)។

លោក Alex Feldman ប្រធាន​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន បាន​ប្រាប់ VOA ថា គោលនយោបាយ​នេះ​មិន​ទាន់​អាចយក​ទៅ​អនុវត្ត​ជា​ផ្លូវការ​បាន​នៅ​ឡើយ​ទេ ពីព្រោះ​វា​មិនទាន់​ក្លាយ​ជា​ច្បាប់​នៅ​ឡើយ។

លោក Feldman ​បាន​បញ្ជាក់​ថា៖ «‍​មាន​វោហាសាស្ត្រ​ច្រើន​ ទាំង​ខាង​អាមេរិក [ទាក់ទង​នឹង​គោលនយោបាយ​នេះ] ក៏​ប៉ុន្តែ គោលនយោបាយ​នេះ​មិន​មែន​ជា​ច្បាប់​នោះ​ទេ។ ហើយ​ដរាប​ណា​វា​មិន​ទាន់​ប្រែក្លាយ​ជា​ច្បាប់ យើង​មិន​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ»។

រីឯ លោក Budi Bowoleksono ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៃ​កិច្ច​ពិភាក្សា​នេះ ក៏​បាន​ប្រាប់ VOA ថា គោល​នយោបាយ America First របស់​លោក ត្រាំ មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។
លោក​បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​ជឿ​ថា គោលនយោបាយ​ America First នេះ​គឺ​ជា​អ្វី ដែល​ប្រទេស​ផ្សេង​ទៀត​នឹង​និយាយ​ដូចគ្នា។ ប៉ុន្តែ ជា​ថ្មី​ម្តង​ទៀត យើង​មិន​ផ្តាច់​ខ្លួន​ពី​ពិភពលោក​នោះ​ទេ។ យើង​ត្រូវការ​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​ជាមួយ​យើង។ ហើយ​ខ្ញុំ​នៅតែ​ជឿ​ថា សហរដ្ឋ​អាមេរិក​គឺជា​អ្នក​ដើរ​តួ​សំខាន់​មួយ​ក្នុង​ពិភពលោក»។

ផល​ចំណេញ​ខាង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​អាស៊ាន

ភាព​ជា​ដៃគូ​ខាង​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន​ក្នុង​អំឡុង​ពេល​៤០ឆ្នាំ​នេះ ​មាន​ភាព​រឹងមាំ​ខ្លាំង និង​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​ភាព​ជា​ដៃគូ​៤០ឆ្នាំ​រវាង​អាស៊ាន និង​អាមេរិក​នេះ។ យោង​តាម​របាយការណ៍​ ASEAN Matters for America/America Matters for ASEAN តំបន់​អាស៊ីអាគ្នេយ៍​បាន​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​ធំ​បង្អស់​ទី៥​នៅ​ក្នុង​ពិភព​លោក ដែល​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នេះ​ក្នុង​មួយ​ឆ្នាំៗ មាន​តម្លៃ​លើស​ពី​៥លានលាន​ដុល្លារ​អាមេរិក។

កិច្ច​ចរចាស្តីពីការវិនិយោគទុន និង​ពាណិជ្ជកម្មរវាងសហរដ្ឋអាេមេរិក និង​ប្រទេស​ឡាវ។
កិច្ច​ចរចាស្តីពីការវិនិយោគទុន និង​ពាណិជ្ជកម្មរវាងសហរដ្ឋអាេមេរិក និង​ប្រទេស​ឡាវ។

ការ​នាំចេញ​ផលិត​ផល​អាមេរិក​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ក្នុង​មួយ​ឆ្នាំៗ​មាន​តម្លៃ​ជាង​១០០ពាន់លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​អាមេរិក ហើយ​បាន​បង្កើត​ការងារ​ជាង២៥០.០០០ នៅក្នុង​រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក។

លោក Joaquin Castro តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​តិចសាស់ (Texas) បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សំណេះសំណាល​ក្រោយ​ការ​ពិភាក្សា​ភាព​ជា​ដៃគូ​រវាង​អាមេរិក និង​អាស៊ាន​នេះ ថា៖

«‍ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ច​របស់​យើង​ជាមួយ​អាស៊ាន គឺ​មាន​សារៈសំខាន់។ ហើយ​ការ​នាំចេញ​របស់​អាមេរិក​ទៅកាន់​អាស៊ាន បង្កើត​ការងារ​ជាង​៥៦០.០០០នៅក្នុង​សហរដ្ឋ​អាមេរិក ដោយ​រួមទាំង​ការងារ​៧៧.០០០ នៅ​ក្នុង​រដ្ឋតិចសាស់ ដែល​ជា​រដ្ឋ​កំណើត​របស់​ខ្ញុំ»។

លោក​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូនេស៊ី Bowoleksono ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា៖ «‍ទីផ្សារ​អាស៊ាន​មាន​ប្រជាជន​ដល់​ទៅ​ជាង​៦០០លាន​នាក់ ដែល​តួលេខ​នេះ ជា​តួលេខ​មួយ​ដែល​អាមេរិក​មិន​អាច​អើពើ​បាន​ទេ។ ហើយឥឡូវ ​ក្រុមហ៊ុន​ពី​បណ្តា​ប្រទេស​អាស៊ាន​កាន់តែ​ច្រើន​ឡើង កំពុង​តែ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក ហើយ​បាន​បង្កើត​ការងារ​ជា​ច្រើន​បន្ថែម​ទៀត»។

ភារធារី​នៃ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​សហរដ្ឋ​អាមេរិក លោក Partick A. Chausoto ​ដែល​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ បាន​លើក​ឡើង​ថា ភាព​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាមេរិក និង​អាស៊ាន បាន​បង្កើត​មាគ៌ា​មួយ​ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង​អាមេរិក និង​អាស៊ាន​លើ​គ្រប់​វិស័យ​ទាំង​អស់។

លោក Chausoto បាន​ថ្លែង​ប្រាប់ VOA ថា៖ «‍អាស៊ាន​មាន​សារៈសំខាន់​សម្រាប់​អាមេរិក ហើយ​អាមេរិក​ក៏​មាន​សារៈសំខាន់​សម្រាប់​អាស៊ាន​ដែរ ដោយសារតែ​ចំណង​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សង្គម។ ហើយ​ដោយសារ​តែ​យើង​មាន​ភាពជាដៃគូ​យុទ្ធសាស្ត្រ​រួច​ទៅហើយ នេះ​មាន​ន័យ​ថា យើង​កំពុង​តែ​រីកចម្រើន​ក្នុង​កម្រិត​ប្រសើរ​ឡើង»។

ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក​បាន​ធ្វើ​វិនិយោគទុន​ក្នុង​តម្លៃ​ជា​ទឹកប្រាក់​២៥០​លាន​ដុល្លារ​ ហើយ​កម្ពុជា​ក៏​បាន​នាំចេញ​ផលិតផល​សម្លៀកបំពាក់​ទៅ​កាន់​អាមេរិក​ក្នុង​តម្លៃ​៣០០០លាន​ដុល្លារ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ។

សន្តិសុខ​យោធា​ក្នុង​តំបន់

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ ក៏​ទទួល​ស្គាល់​ថា សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​លោក ត្រាំ កាន់​តែ​ត្រូវការ​ភាព​ជា​ដៃគូ និង​សម្ព័ន្ធមិត្ត​កាន់​តែ​ស្អិត​ល្មួត​ជាមួយ​នឹង​អាស៊ាន ស្រប​ពេល​ដែល​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដោយសារ​តែ​ការ​សាកល្បង​គ្រាប់​មីស៊ីល​ជា​បន្ត​បន្ទាប់​របស់​កូរ៉េ​ខាង​ជើង និង​បញ្ហា​ជម្លោះ​អធិបតេយ្យភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង

ឧត្តម​សេនីយ៍​ឯក លោក Wallace C. Gregson Jr. និង​ជា​អតីត​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ថា ​រដ្ឋបាល​លោក ត្រាំ ត្រូវការ​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ី​មួយ ដើម្បី​ធានា​ថា សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​ខ្លួន អាច​ទុក​ចិត្ត​នឹង​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

នាវាដឹកគ្រាប់មីស៊ីល Arleigh Burke ឈ្មោះ USS Wayne E. Meyer របស់​កងទ័ព​ជើង​ទឹក​អាមេរិក ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
នាវាដឹកគ្រាប់មីស៊ីល Arleigh Burke ឈ្មោះ USS Wayne E. Meyer របស់​កងទ័ព​ជើង​ទឹក​អាមេរិក ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​អាស៊ាន​អាច​ជួយ​បាន​អ្វី​ខ្លះ​ដល់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង លោក​ឧត្តម​សេនីយ៍​ឯក Gregson ​បាន​លើក​ឡើង​ថា៖

«‍យើង​ត្រូវ​ប្រឹក្សា​យោបល់​យ៉ាង​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​យើង ដើម្បី​កំណត់​ថា តើ​វិធានការ​ណា​ដែល​ចាំបាច់​ក្នុងការ​ធានា​ថា យើង​មាន​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​គេ​ញញើត​ ឥទ្ធិពល​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ស្មារតី​រដ្ឋាភិបាល​ និង​ស្មារតី​របស់​ប្រជាពលរដ្ឋ​នៃ​សម្ព័ន្ធមិត្ត​របស់​យើង ជាពិសេស​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។ ដូច្នេះ​[កូរ៉េខាងជើង] នឹង​មិន​អាច​ព្យាយាម​ប្រើប្រាស់​សមត្ថភាព​[នុយក្លេអ៊ែរ] របស់​ខ្លួន​បាន​ទេ»។

លោក​ឧត្តមសេនីយ៍ឯក Gregson ក៏​បាន​លើកឡើង​អំពី​វិធានការ​របស់​អាមេរិក​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជុំវិញ​ភាពតានតឹង​នៅ​សមុទ្រ​ចិនខាងត្បូង ដែល​ប្រទេស​ចិន​បាន​ទាមទារ​ស្ទើរ​តែ​ទាំងអស់ ហើយ​បាន​កសាង​កោះ​សិប្បនិម្មិត មូលដ្ឋាន​យោធា និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​តំបន់​នោះ។

លោក​បាន​ថ្លែង​ថា៖ «សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ចាំបាច់​ត្រូវ​តែ​តទល់​នឹង​សកម្មភាព​ខុសច្បាប់នានា​នៅ​ក្នុង​សមុទ្រ​របស់​ពួកគេ ហើយ​នេះ​អាច​ជា​កិច្ចខិតខំប្រឹងប្រែង​ខាង​ការទូត​ដ៏​ខ្លាំងក្លា ក្នុង​ការ​បង្កើត​ប្រព័ន្ធ​មួយ​ដើម្បី​គ្រប់គ្រង​ធនធាន​ក្នុង​សមុទ្រ ដូចជា​ត្រី​និង​ធនធាន​រ៉ែ​ដ៏​មាន​តម្លៃ​ជាច្រើន‍»។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ ដូចជា​លោក Denny Heck តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ រំពឹង​ថា សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋបាល​លោក ត្រាំ «នឹង​បន្ត​ពង្រឹង​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយ​អាស៊ាន‍»។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (កណ្តាល) ថតរូបជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (កណ្តាល) ថតរូបជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

មន្ត្រី​អាមេរិក និង​អ្នក​ជំនាញ ក៏​បាន​យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុប្រធានាធិបតី Mike Pence ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែមេសា​កន្លង​ទៅ និង​កិច្ច​ប្រជុំ​កំពូល​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង ១០ ជា​សញ្ញាណ​វិជ្ជមាន​នៃ​សម្ព័ន្ធភាព​រវាង​អាស៊ាន និង​អាមេរិក ក្រោម​រដ្ឋបាល​លោក ត្រាំ។

នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ លោក​ប្រធានាធិបតី ត្រាំ ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ជា​លើក​ដំបូង​បង្អស់​របស់​លោក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា ឬ East Asia Summit នៅ​ប្រទេស​ហ្វីលីពីន និង​កិច្ច​ប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​អាស៊ីប៉ាស៊ីហ្វិក ឬ​ហៅកាត់​ថា APEC នៅ​ប្រទេស​វៀតណាម​ផង​ដែរ៕

XS
SM
MD
LG