មន្ត្រីជាន់ខ្ពស់ម្នាក់នៃសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា សន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនមិនមែនជាការចាំបាច់ត្រូវតែធ្វើឡើងតាមរយៈដំណោះស្រាយរដ្ឋពីរទេ ហើយថា វាអាស្រ័យលើភាគីទាំងពីរដែលត្រូវសម្រេច។
នៅក្នុងការនិយាយត្រួសៗមួយប្រាប់ពួកអ្នកកាសែតនៅមុនទស្សនកិច្ចនៅថ្ងៃពុធនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោនរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyah មន្ត្រីមួយរូបបាននិយាយថា ស.រ.អា.នឹងមិន «កំណត់អ្វីដែលជាលក្ខខណ្ឌសម្រាប់សន្តិភាពទេ»។
មន្ត្រីរូបនេះបាននិយាយថា «ដំណោះស្រាយរដ្ឋពីរដែលមិនធ្វើឱ្យមានសន្តិភាពមិនមែនជាគោលដៅដែលយើងបាននោះទេ។ សន្តិភាពជាគោលដៅ ទោះណាជាវាមានក្នុងទម្រង់នៃដំណោះស្រាយរដ្ឋពីរ ឬទម្រង់ផ្សេងទៀត តាមតែការចង់បានរបស់រដ្ឋទាំងពីរ។ យើងនឹងជួយពួកគេ»។
គោលជំហរជាផ្លូវការរបស់ស.រ.អា.ដែលមានជាយូរយារមកហើយគឺថា ប្រទេសអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនគួរធ្វើការចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងមួយដែលមានការបែងចែកជារដ្ឋពីរ ដែលទំនងជានឹងទុកឱ្យជនជាតិប៉ាឡេស្ទីន ត្រួតត្រាតំបន់ Gaza ទាំងអស់ ឬផ្នែកខ្លះនៃតំបន់ត្រើយខាងលិចនៃទន្លេ Jordan និងផ្នែកខាងកើតនៃក្រុង Jerusalem ដែលពួកប៉ាឡេស្ទីនចង់យកធ្វើជារដ្ឋធានីរបស់ពួកគេ។ អ.ស.ប.ក៏បានគាំទ្រដំណោះស្រាយរដ្ឋពីរដែរ។
កិច្ចចរចាសន្តិភាពចុងក្រោយបង្អស់បានដួលរលំជិតបីឆ្នាំមកហើយ ដោយមិនបានសម្រចកិច្ចព្រមព្រៀងអ្វីឡើយ៕