ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​លោក​ខាង​លិច​ស្នើ​ឲ្យ​មេដឹកនាំ​ខ្លួន​គាំទ្រ​មាតុភូមិនិវត្តន៍​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា


លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ រួម​ទាំង​សកម្មជន​គណបក្ស​មួយ​ចំនួន​ត្រូវបាន​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ទីពីរ ដើម្បី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ អ្នក​នយោបាយ​នៃ​បណ្តាប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​លោក​ខាង​លិច បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់មេដឹកនាំ​និង​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា។

សមាជិក​សភា​បារាំង​ចំនួន​១៩នាក់ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​មួយ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប «ធានា​និង​គាំទ្រ​គម្រោង​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ‍» ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​ជាមាន​ការ​គំរាម​កំហែង​និង​ការ​ទប់ស្កាត់ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក André Gattolin សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់​ប្រចាំ​តំបន់ Hauts-de-Seine នៃ​ប្រទេស​បារាំង ដែល​ត្រូវ​បាន​ចុះ​ផ្សាយក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន Mediapart កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ សមាជិក​សភា​បារាំង​ទាំង​១៩នាក់​នេះ បាន​អះអាង​ថា ពួកគេ​«សូម​ប្រកាស​គាំទ្រ​យ៉ាង​សកម្ម​និង​យ៉ាង​ពេញ​ទំហឹង​ដល់​គោលជំហរ​សន្តិវិធី​របស់​លោក​សម រង្ស៊ី‍‍» ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​រក្សា​ឋានៈអនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​អឺរ៉ុប។

អ្នក​នយោបាយ​បារាំង​ទាំង​អស់​នេះ ក៏​បាន​ទទួល​ស្គាល់​យន្តការ​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​កំពុង​តាម​ដាន​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​លក្ខខណ្ឌ​ឋានៈ​អនុគ្រោះ​ពន្ធ «គ្រប់​ទំនិញ​ទាំងអស់​លើក​លែង​តែ​អាវុធ‍» ឬ​ហៅ​កាត់​ថា (EBA) ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​ទៅកាន់​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ដោយ​មិន​ចាំបាច់​បង់​ពន្ធ។

នៅ​ថ្ងៃទី១១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប​គ្រោង​នឹង​ចេញ​របាយការណ៍​វាយ​តម្លៃ​លើក​ទី​ពីរ​របស់​ខ្លួន លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​របស់​ប្លុក​មួយ​នេះ​ជឿថា ត្រូវបាន​ខូច​ខាត​យ៉ាង​ខ្លាំង ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ចុង​ឆ្នាំ​២០១៧។ សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ថា តើ​ត្រូវ​ផ្អាក ឬ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពីកម្ពុជា ដោយ​សារ​តែ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ដុន​ដាប​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

«‍នេះ​ក៏​ជា​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ចម្បង​មួយ​របស់​កម្ពុជា ដែល​មាន​សន្ទុះ​សេដ្ឋកិច្ច​ក្នុង​ចន្លោះ​អត្រា​ពី ៦ ទៅ​ ៧ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ឋានៈអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប [ដែល​កម្ពុជា​ទទួល​បាន]»។

នៅ​ប្រទេស​អូស្ត្រាលី​វិញ លោកស្រី Christine Milne អតីត​ប្រធាន​គណបក្ស​ Green Party ដែល​ជា​គណបក្ស​ធំ​ទី៣​នៅ​អូស្ត្រាលី បាន​លើក​ឡើង​ថា រដ្ឋាភិបាល​អូស្ត្រាលី​ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison គួរ​តែ​ឃ្លាំ​មើល​ស្ថានភាព​នៅ​កម្ពុជា ខណៈ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ដំណើរ​វិល​ចូល​ប្រទេស​របស់​ខ្លួន​វិញ។

នៅ​លើ​បណ្តាញ​ Twitter របស់​ផ្ទាល់​ខ្លួន​របស់​លោកស្រី​ចុះ​ថ្ងៃទី៨ ខែ​វិច្ឆិកា​នេះ អ្នក​នយោបាយ​ជើង​ចាស់​របស់អូស្ត្រាលី​រូប​នេះ បាន​សរសេរ​ថា៖ «ប្រទេស​អូស្ត្រាលី​មាន​ការ​ទទួល​ខុសត្រូវ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​របស់​កម្ពុជា។ សូម​លោក​នាយក​រដ្ឋមន្ត្រី Scott Marrison កុំ​បិទ​ភ្នែក​លើ​រឿង​នេះ ខណៈ​លោក សម រង្ស៊ី ធ្វើ​ដំណើរ​វិល​ចូល​ប្រទេស​វិញ‍»។

នៅ​ថ្ងៃ​ទី​៨​នេះ​ដែរ សមាជិក​រដ្ឋសភា​ស៊ុយអ៊ែត​ម្នាក់ បាន​បង្ហាញ​មតិ​ផ្ទាល់​ខ្លួន​ថា លោក​ស្រី​កំពុង​តែ​ឃ្លាំ​មើល​ស្ថានភាព​នៅ​កម្ពុជា ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈពេល​ជាង​៤ឆ្នាំ គេច​ពី​បទ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ របស់​តុលាការ​កម្ពុជា។

លោកស្រី Kerstin Lundgren អនុប្រធាន​នៃ​សភា​ជាន់​ខ្ពស់​ស៊ុយអ៊ែត បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter ផ្ទាល់​ខ្លួននៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ថា៖ «អាជ្ញាធរ​កម្ពុជា​ហាក់​ដូច​ជា​ភ័យ​ខ្លាច​គណបក្ស​ប្រឆាំង​ខ្លាំង ដោយ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ក្នុង​ប្រទេស ដាក់​សម្ពាធ​លើ​ប្រទេស​ជិត​ខាង​ដើម្បី​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ទៅកាន់​ទីក្រុង​បាងកក។ ​នឹង​តាម​ដាន​បន្តទៀត‍»។

លោក ​សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ កន្លង​មក​ បាន​សន្យា​ថា​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ដាច់​ខាត​ថា​ នឹង​ចាប់​ខ្លួន​រូប​លោក និង​ក្រុម​របស់​លោក បើ​សិន​ជា​ពួកគេ​ចូល​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។ ចាប់តាំង​ពី​ការ​ប្រកាស​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ ប្រមាណ​ ៥០នាក់ និង​ចោទប្រកាន់​ពួកគេ​ពី​បទ «រួម​គំនិត​ក្បត់‍»។

ថ្មីៗ​នេះ សមាជិក​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ម្នាក់ បាន​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA តែ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ដណ្តើម​អំណាច​បាន​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​នាំ ពាក្យ​រដ្ឋាភិបាល។

លោក អ៊ា សុផល សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិក យល់​ឃើញ​ថា ស្ថានភាព​នយោបាយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ «មិន​ល្អ​នោះ​ទេ‍» ដោយ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​តែ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​វិល​ត្រឡប់​ចូលកម្ពុជាវិញ​របស់​លោក សម រង្ស៊ី។

លោក​សាស្ត្រាចារ្យ​បាន​សរសេរ​ប្រាប់ VOA តាម​សារ​អេឡិច​ត្រូនិក​ ឬ​អ៊ីម៉ែល​ថា៖​ «មក​ទល់​ពេល​នេះ នៅតែ​មិន​ទាន់​មាន​គន្លឹះ​ដោះស្រាយ​នៅ​ឡើយ​ទេ។ ប៉ុន្តែ សហភាព​អឺរ៉ុប​នឹង​មើល​ឃើញ​ស្ថានភាព​នេះ ហើយ​ប្រហែល​ជា​ពិចារណា​គោលជំហរ​ទន់ភ្លន់​របស់​ខ្លួន​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ការ​ផ្អាក​ឋានៈ​អនុគ្រោះ​ពន្ធ EBA‍»។

លោក អ៊ា សុផល ​យល់​ថា កូនសោរ​ដោះស្រាយ​បញ្ហា​នយោបាយ​តានតឹង​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​បាន​លើក​ឡើង​ថា៖ «លោក ហ៊ុន សែន ចាំ​បាច់​ត្រូវ​តែ​ទទួល​ស្គាល់​សំឡេង​ឆ្នោត​បី​លាន​សន្លឹក​ដែល​បាន​បោះ​ឲ្យ​គណបក្ស​ប្រឆាំង ​ហើយ​ទទួល​ស្គាល់​ថា គណបក្ស​ប្រឆាំង​នេះ​មាន​សិទ្ធិ​ត្រឹមត្រូវ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ‍»។ ​សាស្ត្រាចារ្យ​ផ្នែក​ការ​ទូត​និង​កិច្ចការ​អន្តរជាតិ​រូប​នេះ​បាន​បន្ថែម​ថា៖ «លោក សម រង្ស៊ី គួរ​តែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ហើយ​ដឹកនាំ​គណបក្ស​ប្រឆាំង​ជាមួយ​លោក កឹម សុខា និង​លោកស្រី មូរ សុខហួរ‍»៕

XS
SM
MD
LG