អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួន៨រូប បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសម្តែងការព្រួយបារម្ភពីសុវត្ថិភាពថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលគ្រោងនឹងវិលទៅដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍នេះ។
អ្នកតំណាងរាស្ត្រទាំង៨រូបមកពីគណបក្សទាំងពីរនៅក្នុងសភាតំណាងរាស្ត្រគឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ រួមមានលោកអាឡាំង ឡូវឹនសល លោកស្ទីវ ឆាបុត្រ លោកអ៊ីលៀត អ៊ីងហ្កល លោកថេត យូហូ លោកប្រែដ សឺមឹន លោកជែម ម៉ាក់ហ្កូវឺន លោកស្រីឡូរី ត្រាហាន់ និងលោកជេរ៉ល ខូណូលី។
អ្នកតំណាងរាស្រ្តទាំង៨រូបបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាពួកគេបានដឹងពីដំណើរនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅកម្ពុជានិងព្រួយបារម្ភខ្លាចមានហិង្សាណាមួយកើតមានឡើង។
លិខិតរបស់អ្នកតំណាងរាស្ត្រដែលបានចេញផ្សាយនៅថ្ងៃសុក្រ ហើយវីអូអេទទួលបានច្បាប់ចម្លងមួយបញ្ជាក់ថា៖
«យើងព្រួយបារម្ភយ៉ាងខ្លាំងនឹងអត្ថាធិប្បាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគំរាមកំហែងនិងបណ្តោយឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកទាំងនេះ នៅពេលដែលពួកគេត្រឡប់ទៅវិញ»។
លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសម្រេចវិលទៅប្រទេសកម្ពុជាវិញនៅថ្ងៃសៅរ៍នេះ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលបានធ្លាក់ចុះក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
តាំងពីដើមឆ្នាំនេះមក មានសកម្មជននិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាង៥០នាក់ហើយ ដែលត្រូវបានចាប់ឃុំឃាំង ជាពិសេសការចាប់ខ្លួនបានកើនឡើងខ្លាំងក្រោយពីការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្ស កាលពីខែសីហា។
អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបន្តថា៖
«យើងថ្កោលទោសរាល់ទម្រង់នៃហិង្សានយោបាយនៅកម្ពុជា។ ការអនុញ្ញាតឱ្យគណបក្សប្រឆាំងធ្វើសកម្មភាពដោយសេរីក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាចការសងសឹកនយោបាយគឺជាការចាំបាច់សម្រាប់ស្តារលទ្ធិប្រជាធិបតេយ្យ»។
លោកសម រង្ស៊ី និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីគណបក្សចំនួន២០នាក់ទៀត មាននៅក្នុងបញ្ជីចាប់ខ្លួនដែលអាជ្ញាធរបានបិទប្រកាសនៅតាមទីសាធារណៈ ដោយអាជ្ញាធរចាត់ទុកថាជា«ក្រុមឧទ្ទាមក្បត់ជាតិ» ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
អ្នកតំណាងរាស្រ្តទាំង៨រូបបានរំលឹកដល់លោកហ៊ុន សែន ក្នុងការធានាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អ្នកតំណាងរាស្ត្រទាំងនេះបានបន្តថា៖ «ក្នុងនាមជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស សហរដ្ឋអាមេរិកនឹងបន្តតាមដានសភាពការណ៍នេះហើយយើងទទូចរដ្ឋាភិបាលរបស់លោកឱ្យគាំទ្រលទ្ធិប្រជាធិបតេយ្យកម្ពុជា និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ពលរដ្ឋកម្ពុជា»។
ស្ថានទូតកម្ពុជាប្រចាំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅមិនទាន់បានឆ្លើយតបយ៉ាងណានៅឡើយទេ នៅពេលដែលវីអូអេព្យាយាមទាក់ទងកាលពីថ្ងៃសុក្រ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីគណបក្សរបស់លោកបានឈ្នះយកអាសនៈសភាទាំងអស់ចំនួន១២៥ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលរៀបចំឡើងក្រោយពីបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយ៕