ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដំណើរនៅលើ​នាវា​រងគ្រោះដោយ​មេរោគកូរ៉ូណា​វីរុស​បាន​ចាក​ចេញ​ បន្ទាប់​ពីការ​ទុកឲ្យ​នៅដាច់​ពី​គេ​ចំនួន​២សប្តាហ៍​នៅ​​ជប៉ុន


រថយន្តដឹកអ្នកដំណើរចេញពីនាវា Diamond Princess ពីកំពង់ផែនៅក្រុងយូកូហាម៉ា ប្រទេសជប៉ុន កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

​អ្នក​ដំណើរ​រាប់​រយនាក់បាន​ចាប់​ផ្តើម​ចាក​ចេញ​ពីនាវា​កំសាន្ត​ដែល​ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ​ចំនួន ២សប្តាហ៍​នៅ​កំពង់​ផែ​ប្រទេស​ជប៉ុន​នៅ​ក្នុងការ​ប៉ុន​ប៉ងមួយ​ដើម្បី​ទប់​ស្កាត់​ការរាលដាល​នៃ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង​ ២ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ចិន​ដីគោក។

​អ្នក​ដំណើរ​ប្រហែល​៥រយនាក់ត្រូវគេ​រំពឹងថា ​នឹង​ចុះចេញ​ពី​ពីនាវាកំសាន្ត​ Diamond Princess នៅថ្ងៃ​ពុធ​នេះ​នៅឯទីក្រុងយ៉ូកាហាម៉ា ​ដែល​នៅ​ទី​នោះ​ នាវា​នោះបាន​ចត​ចាប់​តាំង​ពី​បាន​ទៅ​ដល់​កាល​ពី​ថ្ងៃទី​៣ ខែកុម្ភៈ។ មន្រ្តីសុខាភិបាល​ជប៉ុនបាន​ដាក់​នាវាកំសាន្ត​នោះ​ អ្នក​ដំណើរ​៣ពាន់​៧រយ​នាក់​ និង​ក្រុមនាវិក​នៅ​លើ​នាវា​នោះឲ្យ​នៅដាច់​ដោយ​ឡែក​ពីគេ​ បន្ទាប់​ពី​អ្នក​ដំណើរម្នាក់​ដែល​បាន​ចាក​ចេញ​ពីនាវា​នោះ​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ត្រូវ​គេធ្វើ​រោគ​វិនិច្ឆ័យ​ថា ​មាន​មេរោគកូវីដ១៩​។

​ក៏ប៉ុន្តែការ​ប៉ុន​ប៉ង​ដើម្បី​រាំង​ខ្ទប់​ការរាលដាល​នៃ​មេរោគ​នោះបាន​ទទួលផល​វិបាក​វិញ ​នៅពេល​ដែល​មនុស្ស​ ៥៤២​នាក់បាន​ឆ្លង​មេរោគ​នោះ ​ហើយកំពុង​ធ្វើ​ឲ្យ​មានករណី​នៃ​ការ​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន។

មាន​តែ​អ្នក​ដំណើរ​ដែលបាន​ធ្វើតេស្តមានវីរុស​នោះ​អវិជ្ជមានហើយ​មិន​បាន​បង្ហាញ​រោគ​សញ្ញាដែល​ត្រូវ​បាន​គេ​អនុញ្ញាតឲ្យ​ចាក​ចេញ​ពី​នាវា​កំសាន្ត​ Diamond Princess។​ ពលរដ្ឋ​អាមេរិកាំង​ប្រហែល​ ៣រយនាក់ ​បាន​ត្រូវគេ​ជម្លៀស​ចេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ​បាន​ត្រូវ​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ជាបន្ទាន់​រយៈ​ពេល​១៤​ថ្ងៃ​ទៀត​។ រដ្ឋាភិបាល​ជាច្រើន ​រួមមាន​ចក្រ​ភព​អង់គ្លេស ​កាណាដា អូស្ត្រាលី ​និង​ក្រុង​ហុងកុងក៏​កំពុង​រៀប​ចំ​ផែនការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​នាវា​កំសាន្ត​ Diamond Princess នោះដែរ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ​ចំនួន​មនុស្ស​ស្លាប់​មក​ពីការ​ផ្ទុះ​មេរោគកូវីដ១៩ ​បានឡើង​ទៅ​ដល់​២ពាន់​៤នាក់​ហើយ ​ដោយ​អ្នកស្លាប់​ភាគ​ច្រើន​បាន​ត្រូវគេ​រាយការណ៍​នៅ​ក្នុង​ខេត្តហ៊ូបេ​ដែល​ជា​ទី​កន្លែង​ដែល​ការផ្ទុះ​នោះ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ។​ មនុស្សស្លាប់១៣២​នាក់ ​ត្រូវបាន​រាយការណ៍​នៅ​ក្នុង​ខេត្តហ៊ូបេ៕

XS
SM
MD
LG