ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បន្ត​ធ្វើ​តេស្ត​រក​កូរ៉ូណា​វីរុស​លើ​អ្នក​នៅ​លើ​កប៉ាល់​ទាំងអស់


នាវាកម្សាន្ត Westerdam ដែលដឹកមនុស្សជាង ២០០០នាក់ ហើយដែលរដ្ឋាភិបាលចំនួនបួនបដិសេធមិនឲ្យចូលចតដោយសារបារម្ភថា អាចមានមេរោគកូរ៉ូណា បានបោះយុថ្កាលើផ្ទៃសមុទ្រនៅកម្ពុជាចម្ងាយជាងពីរគីឡូម៉ែត្រពីច្រាំងនៅខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

ខណៈ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ COVID-19​ នៅ​តាម​នាវា​កើត​មាន​ឡើង​ជា​សាកល​រដ្ឋាភិបាល​កម្ពុជា​ថា​ ខ្លួន​កំពុង​ពនិត្យ​មើល​អ្នក​នៅ​លើ​កប៉ាល់ ​Westerdamទាំងអស់​ ថា​តើ​ពួក​គេ​មាន​វីរុសកូរ៉ូណា​ថ្មី​ឬ​យ៉ាងណា។

ក្រសួង​សុខាភិបាលថា​ លទ្ធ​ផល​វត្ថុសំណាក​ជាង​ ៥០០ ដែល​យក​ពី​អ្នកដំណើរនៃ​នាវា​ Westerdam ដែល​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ បង្ហាញ​លទ្ធផល​អវិជ្ជមាន។

ក្រុម​ការងារ​សុខាភិបាល​ចាត់​វិធានការប្រមូល​សំណាក ដើម្បីធ្វើ​តេស្ត​អ្នក​ដែល​សេសសល់​មិន​ទាន់​ចាកចេញ​ពី​កប៉ាល់ Westerdam ក្រោយ​អាជ្ញាធរ​ម៉ាឡេស៊ីរក​ឃើញ​ថា​ មាន​អ្នក​ដំណើរ​ម្នាក់​ជនជាតិ​អាមេរិកាំងបាន​ជិះនាវានេះ មាន​ផ្ទុកវីរុស​កូរ៉ូណាថ្មី​ COVID-19 ។

ស្ត្រី​វ័យ​៨៣ ឆ្នាំ​ ដែល​ត្រូវ​បាន​រក​ឃើញថាផ្ទុកវីរុស​កូរ៉ូណាថ្មី​ COVID-19 បានចេញ​ពី​កម្ពុជា ទៅ​ប្រទេស​កំណើត​ខ្លួន កាត់​តាម​ម៉ាឡេស៊ី។ ស្រ្តី​រូប​នេះ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​២០នាក់​ដែល​គេ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ទេ ហើយ​គាត់​និង​អ្នក​ដំណើរ​មួយ​ចំនួន​ទៀត​ក៏​មិន​បាន​រាយការណ៍​អំពី​ស្ថាន​ភាព​សុខភាព​ខ្លួន​ដែរ​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន​ Holland America។​

លោក​ លី សូវ៉ាន់ អ្នកនាំ​ពាក្យ​ ក្រសួង​សុខាភិបាល​បាន​ប្រាប់​វីអូអេ​ថា៖ «លទ្ធផល​នៅ​ភ្នំពេញ​ហ្នឹង​គឺ​ទាំងអស់​ហើយ ដែល​ស្នាក់​នៅ​ភ្នំពេញ​ហ្នឹង​គឺ​អត់​មាន​ឃើញ​វិជ្ជមាន​ទេ​ អវិជ្ជមាន​ទាំងអស់​ មាន​ករណី​ [សំណាក] ពី​ខេត្ត​ព្រះ​សីហនុ​ហ្នឹង​មាន​ ៣០ ករណី [សំណាក] គេ​យក​បឋម​មក​ក៏​អវិជ្ជមាន​ដែរ ហើយ​សង្ឃឹម​ថា​នឹង​បាន​លទ្ធផល​យប់​ហ្នឹង​ទៀត»។

លោក​ ឃាង ភារម្យ​ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បញ្ជាក់​ថាក្រុមការ​ងារ​កំពុងបន្ត​ប្រមូល​បន្ថែម​ ចំនួនជាង​៧០០​ ទៀត​ ដែល​ភាគច្រើន​ជានាវិក​ និង​អ្នក​បម្រើការ​លើ​នាវា​នោះ​។​

តែ​ទោះ​ជា​យ៉ាង​ណា ទាំង​លោក លី សូវ៉ាន់​ និង អ្នកស្រី ​ឱ វណ្ណ​ឌីន​ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ពុំ​អាច​បញ្ជាក់​ចំនួន​សរុប​ជាក់​លាក់បាន​ទេថា​ត្រូវវិភាគ​សំណាក​ចំនួន​ប៉ុន្មាន។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​វិទ្យាស្ថាន​ Pasteur​ នៅ​កម្ពុជា​កន្លង​មក​ ប៉ុន្តែ​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ អ្នកស្រី​ Laurence Baril បាន​ឆ្លើយតប​តាម​សារ​អេឡិច​ត្រូនិក​ថា៖ «យើង​ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ស្នើ​សុំ​មិន​ឱ្យ​ផ្តល់​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​អ្នក សារព័ត៌មាន​ទេ។ ​យើង​គោរព​តាម​សំណើ​នេះ។​ សូម​ទាក់ទង​មជ្ឈ​មណ្ឌល​ទំនាក់ទំនង​ក្រសួង​សុខាភិបាល»។ លោកស្រី​បន្ថែម​ថា៖«​ ខ្ញុំក៏​ស្នើ សុំ​កុំ​ទាក់ទង​អ្នក​វិទ្យាសាស្ត្រ​ដោយ​ផ្ទាល់​ព្រោះ​ពួកគេ​ត្រូវ​ផ្តោត​អារម្មណ៍​ទៅ​លើ​សកម្មភាពមន្ទីរ​ពិសោធន៍»។​

ក្រោយ​លទ្ធ​ផល​តេស្ត​វិជ្ជមាន​ ពីរ​លើក ដែល​បញ្ជាក់​ថា ​អ្នក​ដំណើរ​ពី​នាវា​Westerdam ម្នាក់​មាន​ផ្ទុកវីរុស​កូរ៉ូណា​ថ្មី រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ឃាត់​លែង​ឲ្យ​មាន​ជើង​ហោះ​ហើរ​ដែល​ដឹក​អ្នកដំណើរចេញ​ពី​នាវា​ នេះ​ កាត់​តាម​ប្រទេស​ខ្លួន។​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​ភ្លាម​ៗ​ ក្រោយ​លទ្ធផល​លើកទី​២ លោក​ស្រី​វេជ្ជបណ្ឌិត​ Wan Azizah Wan Ismail ឧបនាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីបញ្ជាក់​ថា​ «អ្នក​ដំណើរ​ផ្សេង​ទៀត​ត្រូវ​បាន​សន្មត​ថា​ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​ជា​វិជ្ជមាន»។

អ្នក​ដំណើរ​ម្នាក់​បង្ហាញ QR កូដ​ពណ៌​បៃតង​ ដែល​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​លោក​ទៅ​កាន់​មន្ត្រី​សុខាភិបាល​ម្នាក់​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​កន្លែង ក្រោយ​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២០។
អ្នក​ដំណើរ​ម្នាក់​បង្ហាញ QR កូដ​ពណ៌​បៃតង​ ដែល​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​លោក​ទៅ​កាន់​មន្ត្រី​សុខាភិបាល​ម្នាក់​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​កន្លែង ក្រោយ​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២០។

រដ្ឋាភិបាលថៃ​ក៏បាន​ហាម​មិនឲ្យ​អ្នកដំណើរ​របស់នាវា​ Westerdam ចូលតាម​ព្រលាន​យន្តហោះ​របស់​ខ្លួន​ លើកលែង​តែជនជាតិ​ថៃ​ចំនួន ២១​នាក់ ដែលជា​អ្នកដំណើរ​លើនាវា​ Westerdam។​ អាជ្ញាធរ​សុខាភិបាល​ថៃ​ បាន​និយាយ​ថា​ពួកគេ​ទាំងអស់​នឹង​ត្រូវ​ទុក​ដាច់​ដោយឡែក​ចំនួន​ ១៤​ថ្ងៃ​ ​ពេលពួកគេចូលដល់​ប្រទេស​ថៃ។​ នៅ​ប្រទេស​សិង្ហបុរី​វិញ​ជនជាតិ​សិង្ហបុរី​២នាក់​ ចេញ​ពី​នាវា​ Westerdam ក៏​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅដាច់​ដោយ​ឡែក​ពី​នៅ​ក្នុង​បន្ទប់​ដែល​មាន​បរិក្ខា​ពេទ្យ​របស់​រដ្ឋ។​

អ្នកដំណើរ​ចំនួន​៤០៦នាក់​បាន​ចាកចេញ​ពី​កម្ពុជា​ទៅតាម​ប្រទេស​រៀង​ខ្លួន​ នៅ​ពាសពេញ​ពិភពលោក​និង​ខ្លះ​កំពុង​នៅ​កម្ពុជា​ មុនពេល​មាន​លទ្ធផល​បញ្ជាក់ថា​មាន​អ្នកដំណើរ​ម្នាក់មាន​វីរុស​កូរ៉ូណា។​ ​

នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​នេះ​ មុន​ពេលមាន​ការប្រកាសលទ្ធផល​សំណាក​ សាលាក្រុង​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​ អ្នកដំណើរ​នៃ​នាវា Westerdam ជាង ១០០នាក់​ ជិះ​រថយន្ត​ក្រុង​សាធារ​ណៈ​ ដើរ​លេង​នៅ​ក្នុងទីក្រុង​ភ្នំពេញ​ និង​ទីរមណីយដ្ឋាន​សំខាន់ៗនានានៅ​ក្នុងទីក្រុងនេះ​ ដោយ​លើក​ហេតុផលថា​ដើម្បី​ឲ្យ ពួកគេ​អាច​លំហែកាយ ក្រោយ​ពួកគេ​ជាប់នៅ​លើនាវា​ជាង​ពីរសប្តាហ៍។

នៅ​ពេលវីអូអេ​សួរ​បញ្ជាក់ថា​ តើ​អាច​មាន​សុវត្ថិភាព​ទេ​ សម្រាប់​ប្រជាពលរដ្ឋកម្ពុជា​ដែល​នៅ​ទីក្រុង​ ដែលអ្នកដំណើរ​ទាំងនោះ​អាច​ចេញកំសាន្ត មុន​លទ្ធផល​តេស្ត​ថា​មាន​ឬ​ មិនមាន​វីរុស​កូរ៉ូណា​ អ្នកស្រី​ ឱ វណ្ណ​ឌីន បាន​ឲ្យដឹង​ថា​ការណ៍​នេះ​ មិនមែន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធរ​សុខាភិបាល​ទេ។​ ​

អ្នកស្រី​ថ្លែង​ថា៖ «មីង​អត់​ comment [អត្ថាធិប្បាយ] ទេ​ អាហ្នឹង។ មីង​អត់​ដឹង។ អាហ្នឹង​វាជា​វិធានការ​របស់​អាជ្ញាធរ​ ហើយ​ ប្រហែល​ជា​យ៉ាងម៉េច​ មីង​អត់​ដឹង មីង​អត់​ហ៊ាន​ comment ទេ​អាហ្នឹង។ [...] ព្រោះ​រឿងទទួលខុសត្រូវខាង​អ្នក​ដំណើរ​ អ្នកអី​ មាន​អាជ្ញាធរ​ផ្សេង​។ អញ្ចឹង​ក្មួយ​សួរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ អូខេក្មួយណា។​ មីងតែរឿងបញ្ហាសុខភាពទេ។ មីង​អត់​អាច​ comment [អត្ថាធិប្បាយ] អី​ឲ្យខុស​ពីសមត្ថកិច្ច​របស់​មីងទេ»។​

អ្នកស្រី​បន្តថា៖​ «សុខាភិបាល​ម៉េច? មិនមែន​សុខាភិបាល​អ្នកឲ្យ​ អី​ ...​អ្នកដឹកជញ្ជូន​ឯណា»!

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃអង្គារ៍នេះ ​បាន​និយាយ​ថា នៅ​ក្រុង​ភ្នំពេញថា លោក​មិន​អស់​ចិត្ត​ពី​លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថា មាន​ករណី​នៃ​ការឆ្លង​វីរុស​កូរ៉ូណាថ្មី​ លើ​ស្រ្តី​ជនជាតិ​អាមេរិកាំង អាយុ​ ៨៣ឆ្នាំ។លោក​ថា ករណី​នេះ«ចម្លែក​បន្តិច»។

លោក​ថ្លែយ៉ាងដូច្នេះ​ថា៖ «ករណី​កើត​ឡើង​នៅ​ឯ​ម៉ាឡេស៊ី​ វា​ប្រាកដ​ហើយឬនៅ​? វា​ប្រាកដ​ហើយឬនៅ​?»

លោកបន្តថា៖ «ប្តី​របស់​ស្រ្តី​ដែល​មាន​អាយុ​៨៣ឆ្នាំ​ ដែល​ដេក​ជាមួយ​គ្នា​ ដែល​ស៊ី​ជាមួយ​គ្នា​ បែរទៅ​ជា​អត់​មាន​រោគ កើត​រោគអីតែម្នាក់ នេះជា​សញ្ញាដែល​ត្រូវចោទសួរ។ រឿង​នេះ​ច្បាស់​ណាស់​ថា​ បើ​អង្គការ​សុខភាព​ពិភពលោក​ មាន​ការ​គាំទ្រ​ មាន​ការ​សហការ​ពេញលេញ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​ គេ​នឹង​អាច​រក​ឃើញ​បញ្ហា​នេះ​ពិត​ប្រាកដ​ តើ​វា​កូរ៉ូណា​ពិត​ឬវា​យ៉ាងម៉េច»?

នៅ​ពេល​កំពង់ផែ​ប្រទេស​ចំនួន​៥​បាន​បដិសេធ​មិន​អោយ​ចូល​ចត​ ប្រទេស​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ MS Westerdam ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន។ អ្នក​ដំណើរ​ដែល​បាន​ចាកចេញ​ពី​កប៉ាល់​ ត្រូវ​បាន​ស្វាគមន៍​ជា​មួយ​ផ្កា​កុលាប​ក្រហម ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ COVID-19 នៅ​តាម​នាវា​កើត​មានឡើង​ជា​សាកល​ដោយ​មាន​នាវា​មួយ​ចុះចត​នៅ​កំពង់ផែ​ យូកូហាម៉ា​របស់​ប្រទេស​ជប៉ុន​ ដែល​ឥឡូវ​នេះ​មាន​អ្នក​ឆ្លង​ជាង ៤៥០ ​នាក់​ជាករណីធំ​ជាងគេ​នៅ​ក្រៅ​ប្រទេស​ចិន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG