កាលពីព្រឹកថ្ងៃពុធនេះ រដ្ឋាភិបាលបានជូនដំណើរភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាកម្សាន្ត Westerdam ២៣៣នាក់ទៀត ដែលកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញតាមរយៈរថយន្តក្រុង បន្ទាប់ពីលទ្ធផលតេស្តបានបង្ហាញថា ពួកគេមិនមានផ្ទុកវីរុសកូរ៉ូណា Covid-19។
យោងតាមការឲ្យដឹងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជូនអ្នកទាំងអស់នោះមកភ្នំពេញ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានប្រាប់វីអូអេនៅរសៀលថ្ងៃពុធនេះថា ភ្ញៀវទេសចរទាំងនេះនឹងត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញទៅតាមជើងហោះហើរដែលក្រុមការងាររបស់នាវាកម្សាន្ត Westerdam បាននិងកំពុងរៀបចំ។
លោកបន្តថា អ្នកដំណើរទាំងអស់ត្រូវបានអនុញ្ញាតឲ្យចេញពីនាវាបានបន្ទាប់ពីពួកគេត្រូវបានពិនិត្យថាគ្មានវីរុស Covid-19 ទាំងអស់គ្នា។
លោក សុទ្ធាយុត្តិ ថ្លែងថា៖ «បានពិនិត្យល្អិតល្អន់ហើយមិនមានករណីមេរោគ Covid-19 ទេ។ បើសិនជាមានគឺយើងមិនឲ្យចាកចេញទៅទេ អ៊ីចឹងណា។ ប៉ុន្តែយើងពិនិត្យហើយ វាអត់មាន។ កាលណាអត់មាន មានន័យថាយើងត្រូវបញ្ជូនគាត់ទៅវិញអ៊ីចឹងណាបាទ»។
ចំណែកបុគ្គលិកនាវាកម្សាន្តនេះក៏កំពុងរង់ចាំលទ្ធផលតេស្តបន្តទៀត ហើយពួកគេនឹងត្រឡប់ទៅវិញតាមនាវា Westerdam។
លទ្ធផលតេស្តបានបង្ហាញថាអ្នកដំណើរតាមនាវាកម្សាន្ត Westerdam ៧៨១នាក់ទាំងនៅភ្នំពេញនិងខេត្តព្រះសីហនុ មិនមានផ្ទុកវីរុស Covid-19 នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីព្រឹកថ្ងៃពុធ របស់ក្រសួងសុខាភិបាល។
អ្នកស្រី ឪ វ៉ាន់ឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានប្រាប់វីអូអេនៅរសៀលថ្ងៃពុធនេះថា៖ «ហើយបច្ចុប្បន្នយើងកំពុងតែរង់ចាំលទ្ធផលដែលនឹងចេញបន្តបន្ទាប់ទៀតណាក្មួយ។ ហើយនៅពេលដែលបានលទ្ធផលមីងនឹងចែករំលែកទៅទៀតហើយ»។
ទោះយ៉ាងណាអ្នកស្រីមិនអាចបញ្ជាក់បានថា លទ្ធផលវិភាគសំណាកសរុបមានចំនួនប៉ុន្មានឬនឹងត្រូវបញ្ចប់នៅពេលណានោះទេ។
ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី មិនអនុញ្ញាតឲ្យអ្នកដំណើរនៃនាវា Westerdam ធ្វើដំណើរកាត់តាមប្រទេសខ្លួននោះទេ បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីរកឃើញពីរដងថា ស្ត្រីវ័យ៨៣ឆ្នាំ ជនជាតិអាមេរិកាំងដែលបានជិះនាវានេះ មានផ្ទុកវីរុសកូរ៉ូណា COVID-19 ក្រោយពីចេញពីកម្ពុជា ទៅប្រទេសកំណើតខ្លួនកាត់តាមម៉ាឡេស៊ី។
ទោះយ៉ាងណា ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាកម្សាន្ត Westerdam បានឆ្លើយតបមកកាន់វីអូអេតាមរយៈសារអេឡិចត្រូនិកថា ខ្លួនកំពុងរៀបចំជើងហោះហើរសម្រាប់អ្នកដំណើរលើនាវារបស់ខ្លួនគ្រប់គ្នា ដែលបានលទ្ធផលតេស្តអវិជ្ជមាន។ ទាក់ទិននឹងការហាមឃាត់មិនឲ្យឆ្លងកាត់ប្រទេសមួយចំនួននោះ ក្រុមហ៊ុន HAL និយាយថា៖ «យើងកំពុងធ្វើការរៀបចំជើងហោះហើរ ស្របតាមការហាមឃាត់នានា»។
ក្រុមហ៊ុន Holland America Line បានឲ្យដឹងបន្តថា នាវា Westerdam នឹងស្ថិតក្នុងខេត្តព្រះសីហនុប៉ុន្មានថ្ងៃទៀត រហូតដល់ខ្លួនបានទទួលលទ្ធផលតេស្តលើបុគ្គលិកនាវាទាំង៧៤៧នាក់។
ក្រសួងទេសចរណ៍កម្ពុជានឹងរៀបចំសិល្បៈនានា ដូចជា របាំអប្សរានិងរបាំប្រពៃណី សម្រាប់ភ្ញៀវទេសចរ ដែលចេញពីកប៉ាល់ ហើយកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញទស្សនាកម្សាន្តនៅល្ងាចថ្ងៃពុធនេះ មុននឹងពួកគេចាកចេញទៅប្រទេសរបស់ពួកគេវិញ។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់វីអូអេថា៖ «នេះដូចជាអត់មានបញ្ហាអីទេ ការសម្តែងរបាំប្រពៃណីជូនភ្ញៀវទេសចរ Westerdam គ្រាន់តែជាការកែអផ្សុក ពេលដែលគាត់ស្នាក់នៅដើម្បីរង់ចាំជើងហោះហើរទៅកាន់ស្រុករបស់គាត់វិញណា»។
កម្ពុជាបានអនុញ្ញាតឲ្យនាវាកម្សាន្តខ្នាតធំ Westerdam ចូលចតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីប្រទេសចំនួន៥បានបដិសេធមិនឲ្យចូលចត។ អ្នកដំណើររាប់រយនាក់បានចាកចេញពីកម្ពុជាទៅតាមប្រទេសរៀងខ្លួន នៅពាសពេញពិភពលោក និងខ្លះកំពុងនៅកម្ពុជា មុនពេលទទួលលទ្ធផលតេស្តរកវីរុសកូរ៉ូណា។
ទោះយ៉ាងណា ភ្ញៀវទេសចរដែលបានទៅដល់ប្រទេសកំណើតរបស់ខ្លួនហើយ នឹងត្រូវទាក់ទងឲ្យពិនិត្យសុខភាពបន្ថែមទៀតទៅតាមមន្ទីរសុខាភិបាលរបស់ពួកគេ៕