សកម្មភាពតវ៉ានេះ ត្រូវបានគេហៅថា Kamisan មកពីពាក្យ«Kamis» តាមភាសាផ្លូវការរបស់ឥណ្ឌូណេស៊ី មានន័យថាថ្ងៃព្រហស្បតិ៍។ អ្នកតវ៉ាតែងតែកាន់ឆត្រពណ៌ខ្មៅដែលទម្លាប់ចាំបាច់នៅក្នុងទីក្រុងមួយនេះដែលមានភ្លៀងធ្លាក់រាល់ខែ។ នៅលើឆត្រទាំងនោះ មានសរសេរពាក្យមួយចំនួនដូចជា «បញ្ឈប់និទ្ទណ្ឌភាព»។
សកម្មជន Kamisan ដំបូងគេ គឺជាក្រុមគ្រួសាររបស់បាតុករមួយចំនួនដែលត្រូវបានគេបាញ់សម្លាប់ កាលពីចុងឆ្នាំ១៩៩៨ នៅកណ្ដាលទីក្រុងហ្សាការតា បន្ទាប់ពីរបបលោក Suharto បានដួលរលំ។ ពួកអ្នកប្រឆាំងតវ៉ា បានផ្ដួចផ្ដើមសកម្មភាពប្រចាំសប្ដាហ៍នេះឡើង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៧ និងបានបន្តទាក់ទាញអ្នករងគ្រោះ អ្នកគាំទ្រ និងអ្នកសង្កេតការណ៍ តាំងពីពេលនោះមក។
ការចូលរួមច្រើនសណ្ឋាន
ខណៈពេលដែលទីក្រុងហ្សាការតា ទើបនឹងបញ្ចប់ពិធីបុណ្យ Ramadan នៃសាសនាឥស្លាម នៅក្នុង សកម្មភាពថ្ងៃព្រហស្បតិ៍កាលពីពេលថ្មីៗថ្មីនេះ គេក៏ឃើញមានអ្នកចូលរួមដែលមានយុវតីពីរនាក់ ក្រុមបុរសចំណាស់ៗដែលបានឃើញផ្ទាល់ភ្នែកសមាជិកគ្រួសាររបស់គាត់ត្រូវបានគេសម្លាប់ក្នុងជំនាន់ភិតភ័យដោយសារការប្រឆាំងកុម្មុយនិស្តនៅក្នុងឆ្នាំ១៩៦៥ ក្រុមយុវជនស្ម័គ្រចិត្តដែលមានវ័យចូលរៀនមហាវិទ្យាល័យ និងស្ត្រីអាយុ៦៥ឆ្នាំម្នាក់ឈ្មោះ Maria Catarina Sumarsih ដែលសុទ្ធតែជាអ្នកចូលរួមផ្ដួចផ្ដើមឲ្យមានព្រឹត្តិការណ៍ Kamisanនេះឡើង។ កូនប្រុសរបស់លោកស្រីត្រូវគេបាញ់សម្លាប់នៅមណ្ឌល Semanggi ក្នុងឆ្នាំ១៩៩៨។
លោក Tumiso អាយុ៧៧ឆ្នាំ ដែលកាលនោះជាគ្រាន់តែយុវជនវ័យក្មេងម្នាក់នៅទីក្រុង Surabaya ក្នុងឆ្នាំ១៩៦៥ គឺនៅពេលដែលមានការចាប់ផ្ដើមបោសសម្អាតការប្រឆាំងកុម្មុយនិស្ត។ លោករស់នៅក្នុងទីក្រុងហ្សាការតាតាំងពីឆ្នាំ២០០០ហើយបានចូលរួមក្នុងសកម្មភាពប្រឆាំងតវ៉ា Kamisan ថ្ងៃព្រហស្បតិ៍ តាំងពីព្រឹត្តិការណ៍នេះចាប់ផ្ដើម គឺដោយសារគ្រួសាររបស់គាត់ត្រូវបានគេរំលោភបំពាន និងសម្លាប់នៅក្នុងឆ្នាំ១៩៦៥។ មនុស្សប្រហែល៥សែននាក់ត្រូវបានសម្លាប់ និងជាងមួយលាននាក់ត្រូវជាប់គុកនៅចន្លោះឆ្នាំ១៩៦៥និង១៩៦៦ ក្រោយពីការធ្វើរដ្ឋប្រហារមិនបានសម្រេច ដែលបណ្ដាលឲ្យកើតមានការភ័យខ្លាចខាងនយោបាយមួយ ដែលកងប្រដាប់អាវុធបានកំណត់មុខសញ្ញាលើពួកកុម្មុយនិស្ត ពួកឆ្វេងនិយម ជនជាតិចិន និងអ្នកប្រឆាំងរដ្ឋាភិបាល។
លោក Tumiso,បាននិយាយដោយក្ដីសង្ឃឹមថា «ទង្វើរបស់ពួកយើងត្រូវតែបានផល»។
ពួកគេដូចជាបានផលមែន។ នៅខែឧសភា ឆ្នាំ២០១៥ រដ្ឋបាលគ្រប់គ្រងបច្ចុប្បន្ន បានប្រកាសគម្រោងឲ្យគណៈកម្មការផ្សះផ្សាដើម្បីដោះស្រាយបញ្ហារំលោភបំពានកន្លងមក។ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយ ដែលការណ៍នេះធ្វើឲ្យមនុស្សជាច្រើនដែលអាក់អន់ចិត្តលើក្តីសង្ឃឹមដែលថាប្រធានាធិបតី Joko "Jokowi" Widodo នឹងបើកទំព័រថ្មីស្ដីអំពីសិទ្ធិមនុស្ស។
លោក Sarif បច្ចុប្បន្នមានអាយុ៧៨ឆ្នាំ ដែលក្នុងឆ្នាំ១៩៦៥គឺជាអ្នកចម្ការម្នាក់នៅទីក្រុង Malang នៅខេត្តចាវ៉ាខាងកើត។ លោកកើតក្នុងគ្រួសារអ្នកសិល្បៈ ហើយបាននិយាយថាសាច់ញាតិជាច្រើនរបស់លោករួមទាំងឪពុកម្ដាយរបស់លោក ត្រូវបានគេសម្លាប់នៅក្នុងការសម្លាប់រង្គាលនោះ។ លោកបានផ្លាស់ទីមករស់នៅក្នុងទីក្រុងហ្សាការតា និងធ្វើការជាកម្មករ។
នេះគឺជាការចូលរួមក្នុងបាតុកម្ម Kamisan លើកដំបូងរបស់នាង Cabee ដែលជាសិស្សវិទ្យាល័យអាយុ១៧ឆ្នាំ នៅតំបន់ Tangerang។ នាងមកតាមមិត្តរបស់នាងឈ្មោះ Regina អាយុ១៦ឆ្នាំ។ ពួកគេទាំងពីរនាក់ រីករាយនឹងថ្ងៃសម្រាកក្នុងវិស្សមកាលរដូវក្ដៅ។ ទោះបីជាពួកនាងមិនបានកើតទាន់នៅឆ្នាំ១៩៩៨ក៏ដោយ ពួកនាងចង់ដឹងចង់យល់ពីព្រឹត្តិការណ៍នោះ។
កម្លាំងផុសចេញពីចិត្តមុតមាំ
រៀងរាល់ថ្ងៃព្រហស្បតិ៍ បាតុកម្ម Kamisanបានរៀបចំឲ្យមានការចុះ ហត្ថលេខាលើលិខិត និងផ្ញើលិខិតនោះជូនចំពោះប្រធានាធិបតីឥណ្ឌូណេស៊ី។ លិខិតនោះមានខ្លឹមសារថា ប្រសិនបើរដ្ឋាភិបាលព្រមនិយាយពីបញ្ហារំលោភបំពានសិទ្ធិមនុស្ស នោះបាតុកម្ម Kamisan នឹងបញ្ចប់។
អ្នកស្រី Sumarsih មានរាងតូច មាំ មានសក់ស្កូវ និងពាក់ស្បែកជើងសង្រែក។ តាមការឃ្លាំមើលសកម្មភាពបាតុកម្មកន្លងមកនេះ ព្រឹត្តិការណ៍បាតុកម្ម Kamisan កាលពីម្សិលមិញ គឺជាព្រឹត្តិការណ៍លើកទី៤៩៧។ អ្នកស្រី Sumarsih ធ្លាប់ធ្វើជាគ្រូបង្រៀននៅសាលារៀនមួយក្នុងទីក្រុង Semarang ហើយក្រោយមក បានធ្វើជាមន្ត្រីរាជការនៅរដ្ឋសភា។ ប៉ុន្តែ ចាប់តាំងពីពេលកូនប្រុសរបស់គាត់បានស្លាប់ គាត់ក៏ក្លាយជាសកម្មជនពេញម៉ោងមួយរូប។
ចាប់តាំងពីពេលចាប់ផ្ដើមមក បាតុកម្មប្រឆាំងតវ៉ានេះបានរីករាលដាលទៅដល់ទីក្រុងចំនួនបួនផ្សេងទៀត ដូចជានៅកោះចាវ៉ា គឺ ទីក្រុង Bandung Malang Yogyakarta និង Surabaya។
អ្នកស្រី Sumarsihបាននិយាយថា៖ «វាជំរុញទឹកចិត្តក្មេងៗដែលនៅតំបន់ផ្សេងៗ ឲ្យលើកឡើងពីបញ្ហារបស់ប្រជាជនដែលរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់បានល្អ។ គោលបំណងរបស់បាតុកម្ម Kamisan មិនមែនគ្រាន់តែជាជំហរតស៊ូរួមគ្នា ដើម្បីការចងចាំ និងប្រឆាំងនឹងនិទ្ទណ្ឌភាពប៉ុណ្ណោះទេ គឺយើងត្រូវធ្វើដើម្បីឲ្យមានការនិយាយពីសិទ្ធិមនុស្សនៅក្នុងសង្គមរបស់យើងផងដែរ»។
អ្នកស្រី Sumarsihបាននិយាយបន្ថែមថា៖ «បាតុកម្ម Kamisan អាចឈប់សម្រាកបានលុះត្រាណាតែមានអ្នកចូលរួមតិចជាងបីនាក់ ឬក៏ក្នុងប្រទេសឥណ្ឌូណេស៊ីលែងមានការប្រព្រឹត្តអំពើហិង្សាពីរដ្ឋ ឬក៏យ៉ាងហោចណាស់សំណុំរឿងស៊ើបអង្កេតចំនួន៧ករណីរបស់គណៈកម្មការសិទ្ធិមនុស្សត្រូវបានដោះស្រាយតាមយន្តការដែលមានចែងក្នុងច្បាប់លេខ ២៦/២០០០ នៅតុលាការសិទ្ធិមនុស្ស»។ លោកស្រីបានបន្តថា ប្រសិនបើមិនដូច្នេះទេនោះ គេនឹងនៅតែឃើញវត្តមានអ្នកស្រីនៅប្រចាំការកន្លែងដដែលរៀងរាល់ពេលរសៀលថ្ងៃព្រហស្បតិ៍ដដែល៕
ប្រែសម្រួលដោយ សើ សាយ្យាណា