ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សកម្មជន​ឥណ្ឌូនេស៊ី​តវ៉ា​ប្រឆាំង​ការ​បាញ់​ប្រហារ​ទៅ​លើ​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ


បាតុករ​ប្រឆាំង​អំពើ​ពុករលួយ​ឥណ្ឌូនេស៊ី​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​គណៈកម្មការ​លុបបំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ក្នុង​ឆ្នាំ២០១០ ដើម្បី​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​ពិភពលោក​នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១០។

ក្រុម​សកម្ម​ជន​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង Bangkalan នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ដើម្បី​ថ្កោល​ទោស​ការ​បាញ់​ប្រហារ​ទៅ​លើ​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ខ្មាន់​កាំភ្លើង​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ។

​នៅ​ខាង​ក្រៅ​ការិយាល័យ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាតុករ​បាន​អំពាវ​នាវ​ដល់​ប៉ូលីស​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញដល់​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​បាន​ធ្វើ​ឲ្យ​លោក Mathur Husairi ​ចូលសម្រាក​ក្នុង​មន្ទីរពេទ្យ។

​លោក Wawan Hendriyanto អ្នក​សម្រប​សម្រួលនៃ​សម្ព័ន្ធ​ភាព​ប្រឆាំង​ហឹង្សា​ក្នុង​ស្រុក ​បាន​ប្រាប់ VOA ផ្សាយ​ជាភាសា​ឥណ្ឌូនេស៊ី​ថា ​លោក​ជឿ​ជាក់​ថា​ការ​បាញ់​ប្រហារ​នោះ​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​ការ​រិះគន់​របស់​លោក Mathur ​ដល់​ក្រុម​មន្រ្តី​ដែល​បាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ពុករលួយ។

​លោក​និយាយ​ថា ​យើង​ទាំងអស់​គ្នា​ដឹង​ថា ​លោក Mathur Husairi ​បាន​រិះគន់​គោល​នយោបាយ​របស់​ក្រុម​អាជ្ញាធរក្រុង Bangkalan។ ​វា​គ្មាន​មូលហេតុ​អ្វី​ក្រៅ​ពី​នេះទេ ពីព្រោះ​លោក​គ្រាន់​តែ​ជា​សកម្មជន​ធម្មតា។​ លោក​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​អាច​ធ្វើ​មនុស្ស​ផ្សេង​ទៀត​មាន​គ្រោះ​ថ្នាក់​នោះ​ទេ។

លោក Fachri ​អនុប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ Madura និយាយ​ថា ​លោក​សង្ឃឹម​ថា ​លោក Mathur ​អាច​ជួយ​ការ​ស៊ើប​អង្កេត​នេះ​នៅពេល​ដែល​លោក​បាន​ជាសះស្បើយ​ឡើង​វិញ។

​លោក Sulistiyono ប្រធាន​ប៉ូលីស​ទីក្រុង Bangkalan បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​អង្គារ​ថា ​ប៉ូលីស​បាន​សួ​រចម្លើយ​មនុស្ស​៧​នាក់​រួច​ហើយ​ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​វាយ​ប្រហារ​នេះ​ទេ៕

XS
SM
MD
LG