ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ផ្តាច់មុខ​៖ លោកត្រាំប្រាប់VOAថា«យើង​នឹង​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បទសម្ភាសន៍​ផ្តាច់មុខ៖ លោក ត្រាំថានឹង​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង

កំណត់​និពន្ធ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់​បទ​សម្ភាសន៍​ផ្តាច់​មុខ​ដល់​អ្នកស្រី Greta Van Susteren អ្នក​រាយការណ៍​ព័ត៌មាន​ជូន VOA បន្ទាប់​ពី​លោក​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី អំពី​អ្វី​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​និង​អ្វី​ដែល​រំពឹង​ថា​នឹង​កើត​ឡើង​បន្ទាប់។

អ្នកស្រី Van Susteren៖ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​អំពី​លោក គីម ជុងអ៊ុន?

លោក ត្រាំ៖ លោក​មាន​បុគ្គលិក​លក្ខណៈ​ល្អ។ លោក​ជា​មនុស្ស​កំប្លែង។ លោក​ឈ្លាសវៃ​ណាស់។ លោក​គឺ​ជា​អ្នក​ពូកែ​ចរចា​មួយ​រូប។ លោក​ស្រឡាញ់​ប្រជាជន​របស់​លោក ខ្ញុំ​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ប៉ុន្តែ​លោក​ពិត​ជា​ស្រឡាញ់​ប្រជាជន​របស់​លោក​មែន។ ហើយ​ខ្ញុំ​គិត​ថា យើង​បាន​ចាប់​ផ្តើម​កិច្ច​ចរចា​ដ៏​អស្ចារ្យ​មួយ។ យើង​នឹង​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ វា​នឹង​កើត​ឡើង​ភា្លមៗ ហើយ​អ្វីៗ​ជា​ច្រើន​ទៀត​កំពុង​តែ​កើត​ឡើង រួម​ទាំង​ការ​យក​អដ្ឋិធាតុ​ទាហាន​មក​វិញ​ផង​ដែរ។ អ្នក​ដឹង​ទេ យើង​ចូល​ពាក់ព័ន្ធ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ច្រើន ប៉ុន្តែ​ការ​យក​ធាតុ​មក​វិញ​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ជា​ច្រើន។ ពួក​គេ​បាន​ហៅ​ទូរស័ព្ធ​មក​ខ្ញុំ ពួក​គេ​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ ដោយ​សុំ​ខ្ញុំ​ថា «តើ​អ្នក​អាច​ធ្វើ​រឿង​នេះ​បាន​ទេ?‍» ហើយ​លោក​គីម បាន​យល់​ព្រម។​ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម។ ដូច្នេះ​នេះ​ជា​រឿង​សំខាន់មួយ។

អ្នកស្រី Van Susteren៖ លោក​បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​នេះ តើ​លោក គីម ​មាន​ប្រតិកម្ម​ដូច​ម្តេច​ខ្លះ?

លោក ត្រាំ៖ ល្អ​ណាស់។ ខ្ញុំ​ចង់​មាន​ន័យ​ថា ការ​ពិត​ទៅ​ខ្ញុំ​និយាយ​ពី​ការ​លុប​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​៩០ភាគរយ ប៉ុន្តែ​យើង​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​ទៀត រួម​បញ្ចូល​ទាំង​បញ្ហា​សិទ្ធិ​មនុស្ស​ ការ​យក​អដ្ឋិ​ធាតុ​មក​វិញ​ក៏​ជា​កត្តា​ដ៏​ធំ​មួយ​ផង​ដែរ។ ជា​ការ​ពិត​ទៅ យើង​បាន​ដាក់​បញ្ចូល​វា​ក្នុង​កិច្ច​ព្រមព្រៀង​ យើង​អាច​បញ្ចូល​វា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង យើង​បាន​លើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ គឺ​លើសពី​អ្វី​ដែល​គេ​គិត​ថា​នឹង​កើត​មាន​ឡើង‍។

អ្នកស្រី Van Susteren៖ តើ​លោក​អាច​ប្រាប់​ពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​ឆាក​នៃកិច្ច​ប្រជុំ​នោះ តើ​លោក​បាន​ចេញ​ជា​ឱសានវាទ​អ្វី​ដល់​លោក ​គីម ហើយ​តើ​លោក​ គីម ​មាន​បានផ្តល់​ជា​ឱសានវាទ​អ្វី​ដល់​លោក​វិញ​ឬ​ទេ?

លោក ត្រាំ៖ ទេ‍! មិន​មាន​អ្វី​ជា​ឱសានវាទ​នោះ​ទេ។ យើង​បាន​ដោះស្រាយ​រឿង​នេះ​ជា​មួយ​គ្នា​៣ខែ​មក​ហើយ ហើយ​យើង​បាន​ព្យាយាម​ដោះស្រាយ​តាម​រយៈ​អ្នក​តំណាង​របស់​យើង រួម​បញ្ចូល​ទាំង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Mike Pompeo ដែលធ្វើ​ការ​បាន​ល្អ​អស្ចារ្យ។ ដូច្នេះ​យើង​បាន​ដោះស្រាយ​បញ្ហា​នេះ​អស់​ពេល​ច្រើន​គួរ​សម ហើយ​នៅ​ពេល​យើង​ជួប​គ្នា​ក្នុង​ថ្ងៃ​នេះ យើង​បាន​ត្រូវ​រ៉ូវ​គ្នា​តាំង​ពី​ពេល​ចាប់​ផ្តើម។ អ្នក​ដឹង​ទេ សម្រាប់​ខ្ញុំ ខ្ញុំ​ធ្វើ​ការ​ជាប់​ ២៥ម៉ោង​ហើយ។ ខ្ញុំ​មិន​បាន​ទទួល​ទាន​ដំណេក​ ២៥ម៉ោង​ហើយ។ នេះ​គឺ​ជា​កិច្ច​ចរចា​ដ៏​ធំ​ ហើយ​មាន​រយៈពេល​វែង ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់។ វា​ចាប់​ផ្តើម​ដំណើរ​ការ​មួយ។ អ្នក​ដឹង​ទេ ដំណើរ​ការ​កិច្ច​ចរចា​នេះ​អាច​ប្រែ​ក្លាយ​ទៅ​ជា​សង្គ្រាម​មួយ ដែល​អាច​សម្លាប់​មនុស្ស​រាប់​លាន​នាក់។ អ្នក​ស្គាល់​កូរ៉េ​ខាង​ជើង​ច្បាស់ ​ហើយ។ កូរ៉េ​ខាង​ត្បូង​មាន​ពលរដ្ឋ ២៨លាន​នាក់ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់​បង់​ជីវិត ប៉ុន្តែ​យើង​នឹងមាន​កិច្ច​ព្រមព្រៀង​មួយ​នៅ​ទី​បញ្ចប់។

អ្នកស្រី Van Susteren៖ ចុះ​ចំណែក​ឯ​ទាហាន​របស់​យើង? តើ​ពួក​គេ​នឹង​បន្ត​ឈរ​ជើង​នៅ​កូរ៉េ​ខាង​ត្បូង?

លោក ត្រាំ៖ ពួក​គេ​នឹង​បន្ត​ឈរ​ជើង​នៅ​ទីនោះ។ យើង​មិន​ទាំង​បាន​ពិភាក្សា​អំពី​រឿង​នោះ​ផង។ យើង​នឹង​ដើរ​ចេញ​ពី​ល្បែង​សង្គ្រាម​ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​យ៉ាង​ច្រើន ពី​ព្រោះ​ទីមួយ​ ខ្ញុំ​គិត​ថា វា​ជា​ការ​បង្ក​ហេតុ​ខ្លាំង​មួយ ហើយ​ខ្ញុំ​ចង់​បញ្ចប់​វា។ ខ្ញុំ​គិត​ថា ពួក​គេ​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​មិន​ធ្វើ​សមយុទ្ធ​យោធា ពី​ព្រោះ​វា​ជា​ការ​បង្ក​ហេតុ​ខ្លាំង ហើយ​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ហើយ​យើង​នឹង​មិន​ធ្វើ​សមយុទ្ធ​នោះ​ទេ ដរាប​ណា​កិច្ច​ចរចា​នេះ​នៅ​តែ​មាន​ដំណើរ​ការ​ទៅ​មុខ​បាន​ល្អ។

​អ្នកស្រី Van Susteren៖ តើ​អ្វី​ដែល​បាន​នាំ​លោក​ គីម ចូល​តុ​ចរចា បន្ទាប់​ពី​លោក​បាន​គំរាម​កំហែង​ផ្នែក​យោធា​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ?

លោក ត្រាំ៖ ខ្ញុំ​គិត​ថា មិន​មាន​ការ​គំរាម​កំហែង​ខ្លាំង​ពេក​ទេ ​មុខ​ពេល​ខ្ញុំ​ឡើង​កាន់​តំណែង។ ពួក​គេ​តាមពិត​ទៅ​មាន​អាកប្បកិរិយា​ស្ងៀម​ស្ងាត់ ពួកគេ​មិន​ចង់​និយាយ​ពី​វា ហើយ​អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​នោះ​ទេ។ ខ្ញុំ​គិត​ថា វោហាសាស្ត្រ​ដំបូង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ​ ខ្ញុំ​ស្អប់​ការ​ថ្លែង​បែប​នោះ​ខ្លាំង​ណាស់​ ហើយ​ទោះ​ជា​មនុស្ស​មួយ​ចំនួន​គិត​ថា​ ខ្ញុំ​បាន​ធ្វើ​រឿង​ដែល​ខុស ក៏​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ យើង​មិន​បាន​មក​ចរចា​គ្នា​នៅ​ទី​នេះ​ទេ។ ខ្ញុំ​ក៏​គិត​ថា លោក​ចង់​រក​ដំណោះស្រាយ​មួយ។ លោក​ចង់​ធ្វើ​អ្វី​មួយ។

អ្នកស្រី Van Susteren៖ ប៉ុន្តែ​ តើ​មូលហេតុ​អ្វី​ទៅ?

លោក ត្រាំ៖ ពី​ព្រោះ​លោក​ដឹង​ថា យើង​និយាយ​សាច់​ការណ៍។ ខ្ញុំ​គិត​ថា កាលពី​មុន​ លោក​មិន​យល់​ដូច្នេះ​ទេ។ ខ្ញុំ​គិត​ថា កាល​ពី​មុន គឺ​មនុស្ស​ផ្សេង ហើយ​មិន​អាច​ដោះស្រាយ​បាន។ ប៉ុន្តែ​លោក​ដឹង​ថា យើង​ចង់​បាន​អ្វី​ដែល​យក​ជា​ការណ៍ យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​មាន​សាច់ការណ៍ ហើយ​យើង​នឹង​ធ្វើ​វា។ អ្នក​អាច​និយាយ​បាន​ថា តាំងពី​ថ្ងៃ​ទីមួយ​មក ដែល​យើង​បាន​និយាយ​ពី​កូរ៉េ​ខាង​ជើង​ក្នុង​អាកប្បកិរិយា​ដ៏​ម៉ឺងម៉ាត់​មួយ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ថ្ងៃ​នេះ ដែល​ទូលំទូលាយ​លើស​ឆ្ងាយ​ពី​អ្វី​ដែល​គេ​អាច​នឹក​ស្មាន​ដល់។ គ្មាន​នរណា​ម្នាក់​គិត​ថា ការ​ចរចា​នេះ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។

អ្នកស្រី Van Susteren៖ តើ​លោក​គិត​ថា​ លោក ​គីម​ គិត​អ្វី​ពី​លោក បន្ទាប់​ពី​លោក​ គីម ចាក​ចេញ​ទៅ?

លោក ត្រាំ៖ ខ្ញុំ​គិត​ថា លោក​ចូលចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ចូលចិត្ត​លោក។ ខ្ញុំ​យល់​ពី​អតីតកាល ហើយ​អ្នក​ដឹង​ទេ មិន​ចាំ​បាច់​មាន​នរណា​ម្នាក់​មក​ប្រាប់​ខ្ញុំ​ថា លោក​ជា​មនុស្ស​ពិបាក​នោះ​ទេ។ លោក​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​ពិបាក​ម្នាក់ ឬ​លោក​ជា​មនុស្ស​ដែល​ពិបាក​ម្នាក់។ ប៉ុន្តែ​យើង​ត្រូវ​គ្នា​ណាស់។ លោក​ជា​មនុស្ស​ឆ្លាត ស្រឡាញ់​ប្រជាជន​របស់​លោក ស្រឡាញ់​ប្រទេស​របស់​លោក។ លោក​ចង់​បាន​អ្វី​ដែល​ល្អ​ជា​ច្រើន ហើយ​មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​លោក​ចូល​តុ​ចរចា។

អ្នកស្រី Van Susteren៖ ប៉ុន្តែ​លោក​បាន​បង្អត់​អាហារ​ប្រជា​ជន​របស់​លោក។ លោក​បាន​ធ្វើ​អំពើ​សាហាវ​ឃោរឃៅ​ដាក់​ពួក​គេ។ តើ​ទង្វើ​នេះ​បង្ហាញ​ថា លោក​ស្រឡាញ់​ប្រជាជន​របស់​លោក​ដែរ​ឬ​យ៉ាង​ណា?

លោក ត្រាំ៖ មើល​ចុះ លោក​កំពុង​ធ្វើ​អ្វី​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា លោក​បាន​ធ្វើ ប្រសិន​បើ​អ្នក​ក្រឡេក​មើល​វា។ ប៉ុន្តែ​ ខ្ញុំ​ត្រូវ​ក្រឡេក​មើល​អ្វី​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ ​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​ម្សិលម៉ិញ និង​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ពី​ព្រោះ​ទាំង​នោះ​គឺ​នៅ​ពេល​ដែល​អ្វី​ទាំង​អស់​នេះ​បាន​ចាប់​ផ្តើម។ ជា​ថ្មី​ម្តង​កុំ​តែ​បាន​វោហាសាស្ត្រ​ទាំង​នោះ និង​ទណ្ឌកម្ម​ដ៏​មាន​សារៈ​សំខាន់​ទាំង​នោះ។ ទណ្ឌកម្ម​ទាំង​នោះនឹង​បន្ត​មាន​រហូត​ដល់​ពេល​វេលា​មួយ​ដែល​កូរ៉េ​ខាង​ជើង​លុប​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អស់​ហើយ។ ទណ្ឌកម្ម​នឹង​បន្ត​មាន​ រហូត​ដល់​ពេល​ដែល​យើង​ចាប់​ផ្តើម​រុះរើ​អាវុធ​នុយក្លេអ៊ែរ។

អ្នកស្រី Van Susteren៖ ដោយ​សារ​តែ​នេះ​ជា​សំឡេង​ Voice of America ដូច្នេះពលរដ្ឋ​កូរ៉េ​ខាង​ជើង​នឹង​បាន​ឮ​បទ​សម្ភាសន៍​នេះ។ តើ​លោក​មាន​អ្វី​ចង់​និយាយ​ផ្ទាល់​ទៅ​ដល់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ឬ​ទេ?

លោក ត្រាំ៖ ខ្ញុំ​គិតថា ពួក​គេ​មាន​អ្នក​ដែល​យល់​ពី​អារម្មណ៍​របស់​ពួកគេ។ លោក​ គីម ចង់​ធ្វើ​អ្វី​ដែល​ត្រូវ​សម្រាប់​ពួកគេ ហើយ​យើង​ត្រូវ​គ្នា​ណាស់។ យើង​និយាយ​ត្រូវ​គ្នា​ណាស់ អ្នក​ដឹង​ហើយ​ថា ខ្ញុំ​យល់​យ៉ាង​ម៉េច​ចំពោះ​ការនិយាយ​ត្រូវ​គ្នា​នេះ។ វា​មាន​សារៈ​សំខាន់​ណាស់។ ខ្ញុំ​ចង់​មាន​ន័យ​ថា ខ្ញុំ​ស្គាល់​អ្នក​ដែល​និយាយ​មិន​ត្រូវ​គ្នា​ ដូច្នេះ​មិន​ថា អ្នក​ធ្វើ​អ្វី​នោះ​ទេ គឺ​នៅ​តែ​មិន​ត្រូវ​គ្នា។ យើង​មាន​វា​តាំង​ពី​ដំបូង។ ខ្ញុំ​បាន​និយាយ​ពី​រឿង​នេះ ហើយ​ខ្ញុំ​គិត​ថា អ្វីៗ​ដែល​អស្ចារ្យ​នឹង​កើត​មាន​ឡើង​សម្រាប់​កូរ៉េ​ខាង​ជើង។

អ្នកស្រី Van Susteren៖ លោក​ប្រធានាធិបតី រីករាយ​ដែល​បាន​ជួប​ជាមួយ​លោក គឺ​មក​តាំង​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក ត្រាំ៖ វា​ជា​ការ​ពិត។ វា​អស់​ពេល​ជា​ច្រើន។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​អាច​គេង​លក់។ គឺ​សម្រាក​បន្តិច។

អ្នកស្រី Van Susteren៖ សូម​លោក​ធ្វើ​ដំណើរ​ទៅ​វិញ​ប្រកប​ដោយ​សុវត្ថិភាព។

លោក ត្រាំ៖ អរគុណ Greta ពិត​ជា​កិត្តិយស​មួយ‍៕

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា និង​ ចាប​ ចិត្រា

XS
SM
MD
LG