តំណាងធនាគារពិភពលោកលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្តោតការវិនិយោគបន្ថែមលើវិស័យអប់រំ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានភាពចាំបាច់សម្រាប់ការលើកកម្ពស់ផលិតភាពរបស់ក្រុមហ៊ុន និងរបស់កម្មករក៏ដូចជាការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមីនាអនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងបាស៊ីហ្វិកអ្នកស្រី Manuela V. Ferro បានវាយតម្លៃអំពីភាពវិជ្ជមាននៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានលើកឡើងពីការជ្រោមជ្រែងផ្សេងៗរបស់ធនាគារពិភពលោកមកលើកម្ពុជា។
អ្នកស្រី Ferro បានមានប្រសាសន៍ក្នុងន័យដើមថា៖ «កម្ពុជានៅមិនទាន់រួចផុតពីផលប៉ះពាល់អវិជ្ជមានរបស់ជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចនៅឡើយទេដែលពេលនេះកំពុងជួបនឹងរឿងមិនសូវល្អមួយទៀតដោយសារប្រេងឥន្ធនៈ និងស្បៀងអាហារឡើងថ្លៃ។ យ៉ាងណាក្តី អត្រាចាក់វ៉ាក់សាំងខ្ពស់ និងការបើកប្រទេសឡើងវិញ ជាកត្តាធ្វើឱ្យកម្ពុជាមានភាពប្រសើរមួយក្នុងការស្តារសេដ្ឋកិច្ចឱ្យបានរឹងមាំសាជាថ្មី»។
អ្នកស្រីបានបន្ថែមថា៖ «ធនាគារពិភពលោកកំពុងតែបន្តជួយកម្ពុជាលើផ្នែកសេវាកម្មអប់រំនិងសុខាភិបាលការកែទម្រង់សេដ្ឋកិច្ចដើម្បីបង្កើនការវិនិយោគ និងការបង្កើតការងារថ្មីៗនិងដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសាធារណៈប្រកបដោយគុណភាព»។
នៅក្នុងជំនួបរបស់អ្នកស្រីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីមួយចំនួនទៀតអំឡុងពេលទស្សនកិច្ចនៅកម្ពុជារវាងថ្ងៃទី១៣ និង១៧ មីនាកន្លងទៅនេះ អ្នកស្រី Ferro ក៏បានកត់សម្គាល់ថា កិច្ចខិតខំស្តារសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាលកម្ពុជានឹងផ្តល់ជាឱកាសថ្មីមួយដើម្បីគិតពិចារណាពីគន្លងផ្លូវថ្មីក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈការធ្វើកំណែទម្រង់ដែលនឹងជំរុញបន្ថែមទៀតនូវផលិតភាពរបស់ក្រុមហ៊ុន និងរបស់កម្មករដែលនឹងជួយដល់ការវិនិយោគ និងការនាំចេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានធនាគារពិភពលោកកំពុងជួយដល់គម្រោងអភិវឌ្ឍនានារបស់កម្ពុជាដែលមានទំហំទឹកប្រាក់ប្រមាណជាង ១,១ ពាន់លានដុល្លារអាមេរិក។
វីអូអេមិនទទួលបានការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក មាស សុខសេនសាន បាននៅឡើយទេនាថ្ងៃសុក្រនេះ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាលោក គី សេរីវឌ្ឍន៍យល់ថាការជ្រោមជ្រែងពីសំណាក់ធនាគារពិភពលោកជាយុទ្ធសាស្រ្តទ្រទ្រង់សេដ្ឋកិច្ចរយៈពេលវែងសម្រាប់កម្ពុជាគ្រាវិបត្តិជំងឺកូវីដ១៩ បានដាក់កំហិតលើលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការពង្រឹងនិងពង្រីកវិស័យអប់រំដោយសារកញ្ចប់ថវិកាមានកម្រិត។
លោកបានថ្លែងថា៖ «ចំពោះបញ្ហាដែលលោក[ស្រី] អនុប្រធានធនាគារ[ពិភពលោក] បានស្នើឱ្យកម្ពុជាធ្វើការកែទម្រង់លើកកម្ពស់និងធ្វើហិរញ្ញប្បទានបន្ថែមទៅលើវិស័យអប់រំនេះពិតជាយុទ្ធសាស្រ្តសម្រាប់រយៈពេលវែងរបស់កម្ពុជា។ ហើយអ្វីដែលរដ្ឋាភិបាលកម្ពុជាបានគិតគូរនៅក្នុងយុទ្ធសាស្រ្តចតុកោណហ្នឹងក៏មានក្នុងការកែទម្រង់ និងការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធអប់រំដែរ ជាពិសេសសម្រាប់ប្រព័ន្ធអប់រំនៅក្នុងវិស័យបឋមសិក្សា ដែលជាគ្រឹះនៃការអប់រំ»។
ចំពោះមុខបញ្ហាវិបត្តិកូវីដ១៩និងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ដែលផ្តើមចេញពីវិបត្តិនៅអ៊ុយក្រែននាពេលបច្ចុប្បន្នលោកបានជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការកៀរគរចំណូលតាមរយៈការបន្តលុបបំបាត់ចន្លោះប្រហោងនៅក្នុងការប្រមូលចំណូលរដ្ឋនិងកាត់បន្ថយអំពើពុករលួយក្នុងវិស័យពន្ធដារក៏ដូចជាសកម្មភាពគេចពន្ធក្រោមរូបភាពផ្សេងៗ។
បើតាមលោក គី សេរីវឌ្ឍន៍ រដ្ឋាភិបាលក៏គួរពន្លឿនគោលនយោបាយដែលជ្រោមជ្រែងលើវិស័យឧស្សាហកម្មធុនតូច និងមធ្យមផងដែរ។
គួរបញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ត្រូវបានព្យាករថាកើនត្រឹម២,២ភាគរយហើយការជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះងើបឡើងបន្ថែមទៀតបាននោះគឺអាស្រ័យលើការបង្កើនផលិតភាពពិពិធកម្ម(ភាពចម្រុះ) និងការដាក់ទុនវិនិយោគក្នុងស្រុក។នេះបើតាមការប្រកាសរបស់ធនាគារពិភពលោកដែលបានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពស្តីពីសេដ្ឋកិច្ចកម្ពុជាកាលពីចុងខែមករា។
ខណៈវិបត្តិនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩បានអូសបន្លាយពេលជិតពីរឆ្នាំមកនេះវិស័យធំៗមួយចំនួនដូចជាវិស័យធុរកិច្ច និងទេសចរណ៍បានប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង និងបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចនៅកម្ពុជា។
កាលពីចុងខែធ្នូឆ្នាំ២០២១រដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ«ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»។
រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសដំណើរការសង្គមសេដ្ឋកិច្ចទាំងមូលឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២១តទៅក្រោយពីអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបានធ្លាក់ចុះជាបន្តបន្ទាប់៕