រដ្ឋាភិបាលបានប្រកាសចាប់ផ្ដើមគម្រោង៥ឆ្នាំក្នុងការជួសជុលពង្រីកផ្លូវជាតិលេខ៤ដែលភ្ជាប់រាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដោយប្រើកម្ចីសម្បទានពីធនាគារពិភពលោក។
កំណាត់ផ្លូវដែលត្រូវជួសជុលចាប់ផ្ដើមពីចំណុចគីឡូម៉ែត្រលេខ១៩ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ដល់ចំណុចគីឡូម៉ែត្រលេខ២១៥ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើយោងតាមការប្រកាសកាលពីថ្ងៃពុធរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជា។
ក្រសួងរដ្ឋដដែលនេះបានបន្តថា ក្នុងការជួសជុលនេះ កំណាត់ផ្លូវសេដ្ឋកិច្ចដ៏សំខាន់ខាងលើនឹងត្រូវពង្រីកទទឹងពី៧ម៉ែត្រ ទៅ១០ម៉ែត្រ និងត្រូវកែលម្អដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងវាយលុកពន្លិចកំណាត់ផ្លូវខាងលើ នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ធនាគារពិភពលោកជាគ្រឹះស្ថានផ្ដល់ហិរញ្ញប្បទានលើគម្រោងនេះ ក្នុងរូបភាពជាកម្ចីសម្បទានឬកម្ចីដោយគ្មានការប្រាក់ ក្នុងទំហំកម្ចី១១០លានដុល្លារ ដែលត្រូវបានអង្គភាពខាងលើឯកភាពឱ្យខ្ចីកាលពីខែកក្កដាឆ្នាំ២០១៨។
ផ្លូវជាតិលេខ៤ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ៥០ក្រោមជំនួយរបស់សហរដ្ឋអាមេរិក។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ផ្លូវនេះត្រូវបានជួសជុលជាហូរហែក្រោមជំនួយសហរដ្ឋអាមេរិក តែត្រូវបានក្លាយជាផ្លូវបង់ប្រាក់ពីឆ្នាំ២០០១ដល់ឆ្នាំ២០១៦។
នៅមុនការព្រមព្រៀងនោះ៧ខែ រដ្ឋាភិបាលចិនបានចុះហត្ថលេខាព្រមសាងសង់កំណាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង១៩០គីឡូម៉ែត្រស្របនឹងផ្លូវជាតិលេខ៤នេះដែរ ក្នុងគម្រោងដែលមានតម្លៃប្រមាណ២ពាន់លានដុល្លារ ហើយក្រុមហ៊ុនសាងសង់នឹងបើកដំណើរការដោយគិតប្រាក់លើយានយន្តនានាដែលបរកាត់ផ្លូវនេះ ពេលសាងសង់រួច។
ប្រតិបត្តិករផ្ដល់ហិរញ្ញប្បទានកសាងផ្លូវល្បឿនលឿនខាងលើជាក្រុមហ៊ុនបុត្រសម្ពន្ធមួយនៃសហគ្រាសរដ្ឋចិន China Communications Construction Company ដែលកាលពីឆ្នាំ២០០៩ត្រូវបានធនាគារពិភពលោកដាក់ក្នុងបញ្ជីខ្មៅ ទាក់ទិននឹងការគៃបន្លំប្រាក់ពីហិរញ្ញប្បទានគម្រោងខ្លួនទៅប្រើខុសគោលដៅ៕