ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​លុប​ចោល​ការ​ធ្វើ​តេស្ត​ PCR និង​តេស្តរហ័ស​ជំងឺកូវីដ​១៩​​សម្រាប់​អ្នក​ដំណើរ​ពី​បរទេស


រូបឯកសារ៖ ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋាភិបាលសម្រេច​លុប​ចោល​ការតម្រូវ​ឱ្យ​ធ្វើតេស្ត​តាម​ម៉ាស៊ីន​ធំ PCR ​សម្រាប់​អ្នក​ដំណើរ​មក​ពី​បរទេស​រយៈពេល ៧២​ម៉ោង ​មុន​ពេល​មក​ដល់​កម្ពុជា ​និង​ការ​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​នៅ​ពេល​មក​ដល់​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយនៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​នេះ។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​ពេល​មក​ដល់ (Visa on Arrival) សម្រាប់​អ្នក​ដំណើរ​អន្តរជាតិ​ទាំងអស់​ រួម​មាន​ទាំង​តាម​ផ្លូវ​អាកាស ផ្លូវ​គោក និង​ផ្លូវ​ទឹក។

នៅ​ក្នុង​ការ​ថ្លែង​អំឡុង​ពេល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ «ភូមិ​កុមារ SOS» ក្នុង​ខេត្ត​ព្រៃវែង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​លើកឡើង​ថា ​ចំណាត់ការ​ខាង​លើ​នេះគឺ​មាន​គោលដៅជ្រោមជ្រែងការ​ទាក់ទាញ​វិនិយោគ ​ការ​ធ្វើ​ធុរកិច្ច ​និងវិស័យ​ទេសចរណ៍​នៅ​កម្ពុជា ​កាត់​បន្ថយ​ចំណាយក្នុង​ការ​ធ្វើ​ដំណើរ និង​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​។


ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​និង​សន្តិភាព​ លោក​ យង់ គិមអេង ​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា វិធានការ​ខាងលើ​គឺ​ជា ​«ដំណើរការ​ថ្មី​មួយ» ​សម្រាប់​កម្ពុជា និង​បាន​យល់​ស្រប​ជាមួយលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្នុង​បរិបទ​ជំរុញ​ឡើង​វិញ​លើ​វិស័យ​ទេសចរណ៍និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​។

យ៉ាង​ណា​ក្តី លោក​បន្ត​ជំរុញ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ ជាពិសេស​ចំពោះ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ «អូមីក្រុង​បំបាំងកាយ» ឬ​ឈ្មោះ​ពិត BA.2 ដែល​កំពុង​វាយលុក​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន។

«ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​យើង​មិន​ត្រូវ​ប្រលែង​ឱ្យ​វា​ថា មួយ​ភាគរយ​ដែរ។ គឺ​យើង​អាច​ថា ទី​មួយ​គឺ​យើង​ត្រូវ​តែ​មាន​ការ​តាមដាន​អំពី​ការ​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី BA.2 ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ហើយ​បណ្តា​ប្រទេស​មួយ​ចំនួន​ គាត់​កំពុង​ព្រួយបារម្ភ​ដែរ​បាទ»។

ស្រប​ពេល​មាន​ការ​សម្រួល​របស់​រដ្ឋាភិបាល​មិន​ឱ្យ​មានការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩​ ចំពោះ​អ្នក​ដំណើរ​ចូល​មក​ប្រទេសក៏ដោយ ក៏​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ករណី​ឆ្លង​វីរុស​កូវីដ១៩ ប្រភេទ​អូមីក្រុង​ក្នុង​សហគមន៍​ជា​រៀង​រាល់​ថ្ងៃ​នៅ​ឡើយ៕

XS
SM
MD
LG