ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តាម​រយៈ​ពិព័រណ៍ វិចិត្រករ​ចង់​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ពី​សិល្បៈ​គំនូរ​ទឹក​នៅ​កម្ពុជា


ផ្ទាំងគំនូរពណ៌ទឹក ដែលកំពុងដាក់បង្ហាញក្នុងសាលសិល្បៈនៃសហគមន៍ផ្ទះចាស់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ផ្ទាំងគំនូរពណ៌ទឹក ដែលកំពុងដាក់បង្ហាញក្នុងសាលសិល្បៈនៃសហគមន៍ផ្ទះចាស់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

នៅ​ក្នុង​ផ្ទះ​នៃ​អាគារ​បុរាណ​មួយ​ដែល​បន្សល់​ពី​សម័យ​បារំាង​ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​ផ្ទាំង​គំនូរ​ជាច្រើន​ ​ដែល​ជា​ប្រភេទ​គំនូរ​ពណ៌​ទឹក ​ត្រូវ​បាន​ដាក់​តាំង​តាម​ជញ្ជាំង​រំលេច​នូវ​ពណ៌​ដ៏​ស្រស់​ស្អាត​ សម្រាប់​អ្នក​មក​ចូល​រួម​ទស្សនា។​ គំនូរ​ពណ៌​ទឹក​ទាំង​នេះ ​ដែល​ជា​ផ្នែក​នៃ​ពិព័រណ៍​គំនូរ​ជា​ក្រុម​ «សុខដុម​រមនា» ​ពុំ​មាន​ការ​ពេញ​និយម​ប៉ុន្មាន​ឡើយ ​ស្រប​ពេល​ដែល​ចំនួន​វិចិត្រករ​ដែល​ចេះ​គូរ​គំនូរ​ពណ៌ទឹក ​ក៏​មិន​មាន​ច្រើន​ផង​ដែរ។​ នេះ​បើ​តាម​វិចិត្រករ​ដែល​វីអូអេ​បាន​សម្ភាស។​

លោក ​អ៊ឹម ពិសី ​វិចិត្រករ​គំនូរ​ដែល​បាន​ដាក់​បង្ហាញ​ស្នាដៃ​គំនូរ​របស់​ខ្លួន​ក្នុង​ពិព័រណ៍​នេះ​ ប្រាប់​វីអូអេ​ថា ​ការ​ដាក់​តាំង​ពិព័រណ៍​គំនូរ​ពណ៌​ទឹក​នៃ​ក្រុម​សិល្បករ ​Plein Air Cambodia ​គឺ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ការ​ស្វែង​យល់​ពី​ប្រភេទ​គំនូរ​ពណ៌​ទឹក។​ លោក​បន្ត​ថា ​គំនូរ​ពណ៌​ទឹក​នៅ​កម្ពុជា​បច្ចុប្បន្ន​ពុំ​មាន​អ្នក​ចាប់​អារម្មណ៍​ប៉ុន្មាន​ឡើយ ​ហើយ​សិល្បករ​ដែល​ចេះ​គូរ​គំនូរ​នេះ​ក៏​នៅ​មាន​តិចតួច​ផង​ដែរ។​

បើ​តាម​លោក អ៊ឹម ពិសី សិល្បករ​ទាំង​អស់​បាន​នាំ​គ្នា​ចុះ​ទៅ​គូរ​គំនូរ​ផ្ទាល់​នៅ​តាម​ទីតាំង​នីមួយៗ​ស្ទើរតែ​រៀង​រាល់​សបា្តហ៍។​

លោក​ថ្លែង​ថា៖​ «ការ​តាំង​ពិព័រណ៍​គំនូរ​នៅ​ផ្ទះ​ចាស់​ហ្នឹង​ក៏​ជា​ការ​បំផុស​គំនិត​មួយ​ដែរ​ទៅ​ដល់​យុវជន​ ទៅ​ដល់​សង្គម​ចំពោះ​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ វិស័យ​វប្បធម៌​ផង​ដែរ​ ដោយសារ​ក្នុង​ស្នាដៃ​ទាំង​អស់​ហ្នឹង​ក៏​មាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទីកន្លែង​ ផ្សារ​ភ្ជាប់​ទៅ​នឹង​វប្បធម៌​ផង​ដែរ។​ ដូច​រូប​គំនូរ​មួយ​ចំនួន​គឺ​មាន​រូប​ពាក់ព័ន្ធ​នឹង​តំបន់​ទេសចរណ៍​នានា​ មាន​ប្រាសាទ ​មាន​តំបន់​សមុទ្រ​ ទេសភាព​ស្រុក​ស្រែ ​មាន​កន្លែង​ប្រវត្តិ​សាស្ត្រ​នានា ​ហើយ​មួយ​ទៀត​ក៏​ផ្សារ​ភា្ជប់​នឹង​វប្បធម៌​ដូចជា​របាំ​ជាដើម»។​

វិចិត្រករ​គំនូរ​វ័យ​ ៣២ ​ឆ្នាំ​រូប​នេះ ​រៀបរាប់​បន្ថែម​ថា ​ លោក​ក៏​ដូច​ជា​វិចិត្រករ​ដទៃ​ទៀត​ ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ២ ​ម៉ោង ​ក្នុង​ការ​បញ្ចប់​រូប​គំនូរ​មួយ​ផ្ទាំង។ ​លោក​ថា ​ការ​ចុះ​គូរ​គំនូរ​ផ្ទាល់​នៅ​តាម​ទីតាំង​បាន​អនុញ្ញាត​ឱ្យ​វិចិត្រករ​អាច​ផ្ចង់​អារម្មណ៍ ​និង​បង្កើត​ជា​សាច់​រឿង​ឆ្លុះ​បញ្ចាំង​ក្នុង​រូប​គំនូរ​ទាំង​នោះ។​

ពិព័រណ៍​គំនូរ​ពណ៌​ទឹក​ «សុខដុមរមនា»​ នៅ​សាល​សិល្បៈ​ផ្ទះ​ចាស់​នេះ​ ត្រូវ​បាន​ចូល​រួម​ពី​សិល្បករ​ចំនួន​ ៧ ​រូប ​ដែល​ពួកគេ​ទាំង​នោះ​ជា​សិល្បករ​ក្នុង​ក្រុម​មួយ​ហៅ​ថា ​ Plein Air Cambodia ​និង​បាន​ចាប់​ផ្តើម​សកម្ម​ភាព​របស់​ខ្លួន​តាំង​ពី​ឆ្នាំ ​២០១៩ ​ជាមួយ​នឹង​ការ​ចុះ​គូរ​គំនូរ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្តែង​ទាំង​ក្នុង​ទីក្រុង ​និង​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា។ ​ហើយ​នេះ​ជា​លើក​ទី ​២​ នៃ​ការ​ដាក់​បង្ហាញ​គំនូរ​ពណ៌​ទឹក ​បន្ទាប់​ពី​ពិព័រណ៍​លើក​ទី១ ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០២៣។​

ផ្ទាំងគំនូរពណ៌ទឹក ដែលកំពុងដាក់បង្ហាញក្នុងសាលសិល្បៈនៃសហគមន៍ផ្ទះចាស់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ផ្ទាំងគំនូរពណ៌ទឹក ដែលកំពុងដាក់បង្ហាញក្នុងសាលសិល្បៈនៃសហគមន៍ផ្ទះចាស់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
វិចិត្រករ​គំនូរពណ៌ទឹកទាំង៧នាក់ និងស្ថាបនិកសហគមន៍ផ្ទះចាស់ថតរូបជុំគ្នាក្នុងពិព័រណ៌គំនូរពណ៌ទឹក «សុខដុមរមនា» ក្នុងសាលសិល្បៈនៃសហគមន៍ផ្ទះចាស់ ក្នុងរាជធានីភ្នំពេញ។ (រូបថតផ្តល់ដោយលោក ហែម ច័ន្ទសុភ័ក្រ្ត)
វិចិត្រករ​គំនូរពណ៌ទឹកទាំង៧នាក់ និងស្ថាបនិកសហគមន៍ផ្ទះចាស់ថតរូបជុំគ្នាក្នុងពិព័រណ៌គំនូរពណ៌ទឹក «សុខដុមរមនា» ក្នុងសាលសិល្បៈនៃសហគមន៍ផ្ទះចាស់ ក្នុងរាជធានីភ្នំពេញ។ (រូបថតផ្តល់ដោយលោក ហែម ច័ន្ទសុភ័ក្រ្ត)

ពិព័រណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​ស្នាដៃ​ផ្ទាំង​គំនូរ​ចំនួន ​៤២​ ផ្ទាំង​របស់​វិចិត្រករ​នីមួយៗ​ដែល​មាន​ពណ៌​ចម្រុះ​គ្នា ​ក្នុង​ការ​បង្កើត​បាន​ជា​សោភ័ណ​ភាព​ផ្ទាំង​គំនូរ​ពោរពេញ​ទៅ​ដោយ​រសជាតិ​ និង​អត្ថន័យ​នៃ​សិល្បៈ​យ៉ាង​សម្បូរ ​បែប។ ​ពិព័រណ៍​គំនូរ​ពណ៌​ទឹក​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ និង​ផ្សព្វផ្សាយ​ពី​ទីកន្លែង​នានា​នៃ​តំបន់​ទេសចរណ៍ ​និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​ ម៉ៃ​ សាក់ ​អាយុ​ ៣៦ ​ឆ្នាំ ​វិចិត្រករ​ម្នាក់​ទៀត​ប្រាប់​វីអូអេ​ថា​ លោក​មាន​ឧប​និស្ស័យ​ជាមួយ​គំនូរ​តាំង​ពី​វ័យ​ក្មេង។ ​លោក​ថា​ ការ​តាំង​ពិព័រណ៌​គំនូរ​នេះ​គឺ​ជា​ការ​បើក​ទំព័រ​មួយ​ថ្មី​សម្រាប់​លោក​ និង​សមាជិក​ក្រុម​ក្នុង​អាជីព​ជា​វិចិត្រ​ករ​គំនូរ។​

លោក​ ម៉ៃ សាក់​ ថ្លែង​ថា៖​ «ពួក​យើង​បាន​ចង​ក្រង​ក្រុម​គ្នា​អស់​មួយ​រយៈ​ធំ​មក​ហើយ​ ដល់​ចឹង​ទៅ​ពួក​យើង​ចង់​បង្កើត​ស្នា​ដៃ​មួយ​ជុំ​គ្នា​ ដាក់​បង្ហាញ​ជុំ​គ្នា​ ដូច​ជា​បើក​ទំព័រ​ថ្មី​សម្រាប់​ក្រុម​ពួក​យើង»។​

លោក​ ម៉ៃ សាក់​ មើល​ឃើញ​ថា ​ទី​ផ្សារ​គំនូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ឡើង​បន្តិច​ ពីព្រោះ​មនុស្ស​ចាប់​ផ្តើម​ស្គាល់ ​និង​ឱ្យ​តម្លៃ​លើ​គំនូរ​ជាង​មុន។​

លោក​ថ្លែង​ថា៖​ «បង​មាន​អារម្មណ៍​ថា​ មនុស្ស​ចាប់​ផ្តើម​ទទួល​យក​អ្វី​ជា​ថ្មីៗ​ ដូច្នេះ​សិល្បករ​គាត់​មាន​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​គំនិត ​ឬ​ទស្សនៈ​របស់​គាត់។ ក្នុង​គំនូរ​គេ​អាច​ទទួល​ស្គាល់​ច្រើន​ សូម្បី​តែ​យុវជន​អី​ក៏​ចាប់​អារម្មណ៍​ច្រើន​ដែរ»។​

សហគមន៍​ផ្ទះ​ចាស់​មាន​វិចិត្រ​សាល​មួយ​ដើម្បី​ធ្វើការ​ជាមួយ​នឹង​សិល្បករ​និង​វិចិត្រករ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​សិល្បករ​បរទេស​ផង​ដែរ។​ លោក ​ហែម ច័ន្ទសុភ័ក្រ្ត ​ស្ថាបនិក ​និង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សហគមន៍​ផ្ទះ​ចាស់​ បាន​ឱ្យ​ដឹង​ថា​ ការ​ដាក់​តាំង​ពិព័រណ៍​គំនូរ​ពណ៌​ទឹក ​«សុខដុមរមនា» ​នេះ បាន​ចូល​រួម​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​អំពី​បច្ចេកទេស​នៃ​ការ​គូរ​គំនូរ​ប្រភេទ​ទឹក​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ដោយសារ​តែ​សិល្បករ ​និង​បង​ផ្ទាល់​គិត​ថា បច្ចេកទេស​គំនូរ​ពណ៌​ទឹក​នេះ​មិន​មែន​ជា​បច្ចេកទេស​មួយ​ដែល​ពេញ​និយម​នៅ​ប្រទេស​យើង​ទេ។​ មួយ​វិញ​ទៀត​ក៏​ពុំ​សូវ​មាន​សកម្ម​ភាព​ផ្សេងៗ​ដែល​គំនូរ​ពណ៌​ទឹក​នេះ​ដាក់​បង្ហាញ​ជា​សាធារណៈ​ដែរ​ អ៊ីចឹង​ធ្វើ​ឱ្យ​ចំនួន​សិល្បករ​ ក៏​ដូច​ជា​ចំនួន​សិល្បករ​គំនូរ​ពណ៌​ទឹក​ក៏​អត់​សូវ​មាន​ចំនួន​ច្រើន​ទៀត ​អ៊ីចឹង​យើង​គិត​ថា ​វា​ជា​ផ្នែក​មួយ​ពី​បច្ចេកទេស​គំនូរ​ពណ៌ទឹក​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​ដែរ»។​

លោក ​ហែម ច័ន្ទសុភ័ក្រ្ត ​បន្ត​ថា ​ពិពណ៌​គំនូរ​ពណ៌ទឹក​ ដែល​កំពុង​ដាក់​បង្ហាញ​នេះ ​នឹង​ធ្វើ​ឱ្យ​អ្នក​មក​ទស្សនា​អាច​ស្វែង​យល់​បន្ថែម​ទៀត​ពី​សិល្បៈ​ និង​ទេព​កោសល្យ​របស់​សិល្បករ​ខ្មែរ​ ជាពិសេស​បច្ចេកទេស​ជំនាញ​គំនូរ​ពណ៌​ទឹក ​ដើម្បី​គូរ​ចេញ​ឡើង​ជា​គំនូរ​ដែល​អាច​ជា​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ​និង​វប្បធម៌​នានា​របស់​កម្ពុជា។​

លោក​រៀបរាប់​ថា៖​ «ដូច​យើង​ឃើញ​ស្នាដៃ​ហ្នឹង​មាន​តាំង​ពី​សារមន្ទីរ​ជាតិ​ តាំង​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មាន​តាំង​ពី​តំបន់​ទេសចរណ៍​ដូចជា​ប្រាសាទ​កំពង់ក្តី ​រូប​សំណាក​សេះ​សមុទ្រ​ដែល​ទើប​តែ​សង់​ហើយ​នៅ​ខេត្ត​កំពត»។​

វិចិត្រករ​ដែល​វីអូអេ​បាន​សម្ភាស​លើក​ឡើង​ថា ​ពួកគេ​បាន​ខិតខំ​បន្ត​ការងារ​គំនូរ​នេះ​ដោយ​កើត​ចេញ​ពី​ក្តី​ស្រឡាញ់ ​និង​ឆន្ទៈ​មោះមុត​ ហើយ​ពួកគេ​សង្ឃឹម​ថា​ ការ​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​ទាំង​នេះ​ក៏​រួម​ចំណែក ​និង​បំផុស​គំនិត​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់​សិល្បៈ​គំនូរ​ពណ៌​ទឹក​នេះ ​ពីព្រោះ​គំនូរ​បាន​ជួយ​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​របស់​មនុស្ស​មាន​សេចក្តី​ស្ងប់ ​និង​រីករាយ​ក្នុង​ពិភព​ដែល​ខ្លួន​ស្រមៃ។​

លោក អ៊ឹម ពិសី ​ថ្លែង​ថា៖​ «ភាគ​ច្រើន ​ពួកខ្ញុំ​មាន​សកម្ម​ភាព​ផ្តោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​គំនូរ​ពណ៌​ទឹក​ហ្នឹង ​ហើយ​ផ្សារ​ភា្ជប់​ទៅ​នឹង​ប្រទេស​កម្ពុជា​យើង ​ដោយសារ​យើង​គិត​ថា​ វិស័យ​គំនូរ​ វា​ជា​វិស័យ​មួយ​ដែល​យើង​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​កូន​ខ្មែរ​បាន​ស្គាល់​កាន់​តែ​មាន​ភាព​ទូលំទូលាយ​ ហើយ​ពួក​គាត់​មាន​ការ​ចាប់​អារម្មណ៍ ​ដូចជា​អាណាព្យាបាល​ជាដើម​គាត់​អាច​ស្វែង​យល់​អំពី​គំនូរ​ពណ៌​ទឹក។​ គាត់​អាច​បំផុស​គំនិត​ទៅ​ដល់​កូន​ឱ្យ​មក​សិក្សា​ជាដើម»។​

វិចិត្រករ​នៃ​ពិព័រណ៍​នេះ​ ដែល​ដាក់​តាំង​ជា​សាធារណៈ​ពីថ្ងៃ​ទី​ ១២​ ខែ​ឧសភា ​ដល់​ថ្ងៃ​ទី ​៣០​ ខែ​មិថុនា ​ឆ្នាំ​ ២០២៤ ​ក៏​សង្ឃឹម​ថា​ នឹង​មាន​អ្នក​មក​ទស្សនា​ការ​ដាក់​តាំង​គំនូរ​ពណ៌ទឹក​ច្រើន ​ហើយ​នាពេល​អនាគត​ សិល្បៈ​គំនូរ​ពណ៌​ទឹក​នេះ​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​និង​ផ្សព្វផ្សាយ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG