សារមន្ទីជាតិបានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយ «ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម» ដោយដាក់តាំងបង្ហាញនូវហូលពិតានខ្មែរ។ ពិព័រណ៍នេះមានគោលបំណងចែករំលែកពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីជាតិ និងដើម្បីលើកទឹកចិត្តឱ្យអ្នកទស្សនាឈ្វេងយល់អំពីការព្រួយបារម្ភរបស់អ្នកតម្បាញ និងហានិភ័យនៃការបាត់បង់តម្បាញហូលពិតានតាមបែបប្រពៃណីខ្មែរ។ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០២៤ ដែលនេះជាលើកទី ៤ តាំងពីឆ្នាំ ២០១០ មក។
ហូលពិតាន ឬព្រះបត់ ជាហូលបុរាណខ្មែរដែលត្បាញរៀបរាប់ពីរឿងពុទ្ធប្រវត្តិ ឬរឿងទេវកថាផ្សេងៗ សម្រាប់ឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនា។ ហូលពិតានជាសិល្បៈតម្បាញ ដែលប្រើជំនួសការគូររូបព្រះបត់ គំនូរ ឬរូបចម្លាក់ផ្សេងៗនៅតាមវត្តអារាម។
បច្ចុប្បន្ននេះ ហូលពិតានខ្មែរកំពុងទទួលរងនូវក្តីបារម្ភពីការបាត់បង់ ព្រោះអ្នកតម្បាញហូលប្រភេទនេះមិនមានច្រើន ហើយទីផ្សារទៀតសោតក៏មិនសូវមានតម្រូវការច្រើនដែរ។ ដោយសារវត្ថុធាតុដើមនៅក្នុងការផលិតកម្រមាននិងពិបាករក ហើយដំណើរការនៃការត្បាញទាមទាររយៈពេលយូរ អ្នកជំនាន់ក្រោយក៏មិនសូវចាប់អារម្មណ៍លើអាជីពសិល្បៈតម្បាញនេះ៕