ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន ដែល​ប្រឆាំង​ការតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង ស្លាប់​ក្នុង​អាយុ​៥២ឆ្នាំ


រូបឯកសារ៖ លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋវ៉ាស៊ីនតោន និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​អគារ Capitol ក្នុងទីក្រុង Olympia រដ្ឋវ៉ាស៊ីនតោន កាលពី​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋវ៉ាស៊ីនតោន និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​អគារ Capitol ក្នុងទីក្រុង Olympia រដ្ឋវ៉ាស៊ីនតោន កាលពី​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៧។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ម្នាក់​នៃ​រដ្ឋ​វ៉ាស៊ីនតោន ស្ថិត​នៅ​ប៉ែក​ពាយព្យ​នៃ​សហរដ្ឋ​អាមេរិក បាន​ស្លាប់​ ក្រោយ​ពី​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ពេលលោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អែលសាល់វ៉ាឌ័រ។ នេះ​ បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាច្រើន​រួម​ទាំង​កាសែត​ The New York Times ផង​ដែរ។

លោក ​Doug Ericksen បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៧ ខែ​ធ្នូ​ នៅ​អាយុ​៥២​ឆ្នាំ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ។ គោល​បំណង​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អែលសាល់វ៉ាឌ័រ​នោះ ក៏​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ភ្លាមៗ​នៅ​ឡើយ​ដែរ។

​ប៉ុន្តែ ​លោក ​Doug Ericksen បានស្វែង​រក​ជំនួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ បន្ទាប់​ពី​លោក​ដឹង​ខ្លួន​ថា ​លោក​បាន​ឆ្លង​ និង​ព្យាយាម​តតាំង​នឹង​ជំងឺ​នេះ​អស់​ជា​ច្រើន​សប្តាហ៍​មុន​ពេល​លោក​ស្លាប់។

ក្នុង​ពេល​នៅ​មាន​ជីវិត សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​វ៉ាស៊ីនតោន​រូប​នេះ បាន​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​បទ​បញ្ជា​ក្នុង​គ្រា​អាសន្ន​របស់​រដ្ឋ​វ៉ាស៊ីនតោន នៅ​ពេល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

លោក ​Doug Ericksen ក៏​ប្រឆាំង​នឹង​ការ​តម្រូវ​របស់​រដ្ឋ ឲ្យ​ពលរដ្ឋ​ដែល​គ្រប់​លក្ខណៈ​សម្បត្តិ​ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ផងដែរ។

​លោក ​Doug Ericksen ធ្លាប់​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដោយ​មាន​ចំណង​របរ​រកស៊ី​ជាមួយ​មេដឹកនាំ​កម្ពុជា​ ហើយ​នៅ​គ្រា​មួយ​ក្នុង​ឆ្នាំ​២០១៦ សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​វ៉ាស៊ីនតោន​រូប​នេះ​ ក៏​បាន​ទទួល​យក​ការ​អញ្ជើញ​ទៅ​លេង​ប្រទេស​កម្ពុជា​ក្នុង​ពេល​លោក​លម្ហែវិស្សមកាលជាមួយ​គ្រួសារ​របស់​លោក​ផងដែរ។ នេះ ​បើ​ផ្អែក​តាម​កាសែត​ The Seattle Times ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ក្រុង Seattle នៃ​រដ្ឋ​វ៉ាស៊ីនតោន។ ប៉ុន្តែ វីអូអេ មិនទាន់​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​នូវ​អំណះអំណាងដែល​រាយការណ៍​ដោយ​កាសែត​នេះ​ បាន​នៅ​ឡើយ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១នេះ សហរដ្ឋ​អាមេរិក​មានអ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ ជាង​៥០​លាន​នាក់​ និង​ស្លាប់​ជាង​៨​សែន​នាក់។ នេះ ​បើ​យោង​តាម​តួលេខ​ចងក្រង​ដោយ​កាសែត​ The New York Times៕

XS
SM
MD
LG