ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ១៩​នៅ​អាមេរិក​កើន​ដល់​៨សែន​នាក់ ១ឆ្នាំ​ក្រោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ចាប់ផ្តើម


រូបឯកសារ៖ បុគ្គលិក​ពេទ្យ កំពុង​ថែទាំ​​អ្នកជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Providence Holy Cross ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក បាន​ឡើងលើស៨០០.០០០​នាក់កាលពី​ថ្ងៃ​អង្គារ ជា​តួលេខ​ដែល​គេ​មិន​អាច​នឹកស្មាន​ដល់​កាលពី​ពេល​មុន និង​គេ​មើល​ឃើញថា​ ជា​សោកនាដកម្ម​ទ្វេ​ដងដោយ​សារ​ជីវិត​មនុស្ស​ជាង​២០០.០០០​នាក់​ទៀត ត្រូវ​បាន​បាត់បង់ ​បន្ទាប់​ពី​វ៉ាក់សាំង​មាន​គ្រប់គ្រាន់​ចាប់តាំង​ពី​ដើម​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សហរដ្ឋ​អាមេរិក​ មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់។ សហរដ្ឋ​អាមេរិក មាន​ប្រជាពលរដ្ឋ​ប្រហែល​៤%​របស់​ពិភពលោក ក៏ប៉ុន្តែ​មាន​អ្នក​ស្លាប់​ប្រហែល​១៥%​នៃ​ចំនួន​អ្នក​ស្លាប់​សរុប ៥លាន​ ៣សែន​នាក់​ទូទាំង​សាកល​លោក​ ដោយសារជំងឺ​កូវីដ១៩ ចាប់តាំង​ពី​ការផ្ទុះរាតត្បាត​បានចាប់ផ្តើម​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​២ឆ្នាំ​មុន។

ចំនួន​ស្លាប់​ពិត​ប្រាកដ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និងនៅ​ជុំវិញ​ពិភពលោក​ ត្រូវ​បាន​គេ​ជឿ​ថា ​មាន​ចំនួន​ខ្ពស់​ជាង​នេះ ពីព្រោះ​ករណីខ្លះ ​បាន​ត្រូវ​គេ​បិទបាំង ​ឬ​មិន​ដឹង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​អង្គារ បាន​មាន​កត់​សម្គាល់​ពី​អ្វី​ដែល​លោក​បាន​ហៅ​ថា​ ជា​«ចំណុច​សោកនាដកម្ម»​មួយ។ លោក​ប្រធានាធិបតី ជាថ្មី​ម្តង​ទៀត​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​ខ្លួន​ឯង ​និង​ដើម្បី​កូនចៅ​របស់​ពួកគេ ហើយ​បាន​ជំរុញ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ឲ្យ​ទៅ​ចាក់​ដូស​ជំរុញ។

ក្រុម​អ្នក​ជំនាញ​សុខាភិបាល បាន​ត្អូញត្អែរ​ថា ការ​ស្លាប់​ជាច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ការ​គួរ​ឱ្យ​សោកស្តាយ​ជា​ខ្លាំងពីព្រោះតែ​ការស្លាប់​ទាំង​នោះ អាច​បង្ការបាន​ដោយ​ការចាក់​វ៉ាក់សាំង​ ដែល​វ៉ាក់សាំងទាំង​នោះ​ចាប់​មាន​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំមុន ហើយមាន​ចំនួនគ្រប់គ្រាន់​សម្រាប់​មនុស្ស​ពេញវ័យ​ទាំងអស់​នៅ​ពាក់​កណ្តាល​ខែ​មេសា​ឆ្នាំ​នេះ៕

XS
SM
MD
LG