លោក George H.W. Bushបានដឹកនាំឲ្យបញ្ចប់សង្គ្រាមត្រជាក់ បានដឹកនាំអាមេរិកឲ្យទទួលបានជ័យជម្នះលើសង្គ្រាមចុងក្រោយបង្អស់ដោយមិនរុញរា បានកាន់តំណែងជាប្រធានាធិបតី ជាអនុប្រធានាធិបតី ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ជាឯកអគ្គរដ្ឋទូត ជាសមាជិកសភា និងជាអ្នកបើកយន្តហោះចម្បាំងទាហានជើងទឹក។ លោក George H.W. Bush មិនងាយនឹងត្រូវបានគេបំភ្លេចចោលនោះទេ។ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ថ្លែងថា៖
«លោកគឺជាបុរសដ៏អស្ចារ្យម្នាក់។ គេនឹងនឹកលោកគ្រប់គ្នា។ លោកបានរស់នៅក្នុងជីវិតដ៏មានន័យ ហើយជីវិតរបស់លោកគឺជាឧទាហរណ៍សម្រាប់អ្នកគ្រប់គ្នា»។
សម្រាប់ពលរដ្ឋអាមេរិកាំងធម្មតាវិញ ពួកគេកំពុងតែស្មឹងស្មាធដើម្បីរំឭកដល់លោក George H.W. Bush។ លោក Steve O'Brien ដែលជាអ្នករស់នៅក្នុងរដ្ឋ New York ថ្លែងថា៖
«លោកគឺជាវីរបុរសសង្គ្រាម ជាសុភាពបុរស និងជាមេដឹកនាំនយោបាយដ៏គួរឲ្យគោរពមួយរូប។ គេគ្រប់គ្នាស្រឡាញ់លោក។ លោកមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយនឹងអ្នកដទៃ។ ខ្ញុំពេញចិត្តណាស់ដែលក្រុមគ្រួសាររបស់អតីតប្រធានាធិបតី Clinton និងក្រុមគ្រួសារលោក Bush គឺជាមិត្តភក្តិដ៏ល្អនឹងគ្នា ហើយខ្ញុំសង្ឃឹមថា យើងនឹងមានមេដឹកនាំបែបនេះបន្ថែមទៀតនៅពេលអនាគត»។
ចក្ខុវិស័យរបស់លោក Bush ដែលត្រូវបានលើកឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកដែលទទួលបានជោគជ័យក្នុងឆ្នាំ១៩៨៨ គឺថា «ប្រទេសជាតិមួយដែលកាន់តែសណ្តោសប្រណីនិងមេត្តា»។ ចក្ខុវិស័យនេះគឺផ្ទុយពីនយោបាយគណបក្សបច្ចុប្បន្ននេះទាំងស្រុង និងផ្ទុយពីសាររិះគន់នានាដែលត្រូវបានបង្ហោះលើបណ្តាញសង្គម Twitter។
លោក Colin Powell អតីតនាយអគ្គសេនាធិការចម្រុះក្រោមរដ្ឋបាលលោក Bush បានមានប្រសាសន៍ថា៖
«ជីវិតរបស់លោក Bush គឺជាជីវិតដ៏មានកិត្តិយស ជាជីវិតដ៏ស្មោះត្រង់ ជាជីវិតដែលពោរពេញទៅដោយការគិតគូរចំពោះប្រជាពលរដ្ឋអាមេរិកាំង។ លោកគឺជាអ្នកស្នេហាជាតិម្នាក់។ លោកបានបង្ហាញទឹកចិត្តស្នេហាជាតិរបស់លោកនៅក្នុងសង្គ្រាម។ លោកបានបង្ហាញទឹកចិត្តស្នេហាជាតិរបស់លោកនៅក្នុងសន្តិភាព»។
លោក James Baker អតីតរដ្ឋមន្ត្រីការបរទេសក្រោមរដ្ឋបាលលោក Bush ថ្លែងថា៖
«លោកបានបន្សល់ទុកនូវស្នាដៃការងារជាច្រើន ហើយលោកបំពេញការងារទាំងនោះដោយជំនាញដ៏ប៉ិនប្រសប់របស់លោក។ លោកដឹងនិងយល់ច្បាស់ពីគោលនយោបាយការបរទេស។ លោកអាចបញ្ចប់សង្គ្រាមត្រជាក់ដោយសន្តិភាព។ សង្គ្រាមត្រជាក់បានបញ្ចប់ទៅតាមសម្រួល»។
មេដឹកនាំបរទេសក៏បានចូលរួមរំលែកទុក្ខដល់អតីតប្រធានាធិបតី លោក Bush ផងដែរ។ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់បាននិយាយថា៖
«លោកគឺជាបិតា ឬបិតាបង្រួបបង្រួមអាល្លឺម៉ង់ម្នាក់។ យើងគ្មានថ្ងៃនឹងបំភ្លេចលោកនោះទេ»។
មិនមែនគ្រប់គ្នាសុទ្ធតែចងចាំរឿងល្អៗអំពីលោក Bush នោះទេ ជាពិសេសប្រជាពលរដ្ឋអ៊ីរ៉ាក់មួយចំនួនដែលឃើញប្រទេសរបស់ខ្លួនត្រូវបណ្តេញចេញពីប្រទេសកូវ៉ែតនៅឆ្នាំ១៩៩១។
លោក Abdul Rasoul Muhsen ដែលជាមន្ត្រីរាជការអ៊ីរ៉ាក់ម្នាក់បានថ្លែងថា៖
«ប្រវត្តិសាស្ត្រនឹងមិនផ្តល់កិត្តិយសដល់លោក Bush នោះទេ ដោយសារតែលោកបានវាយប្រហារប្រទេសដ៏សន្តិភាពមួយ ដែលមិនធ្លាប់ធ្វើអ្វីដាក់អាមេរិកទាល់តែសោះ។ ការវាយប្រហារផ្លូវអាកាសទាំងនោះគឺជាភាពអាម៉ាស ហើយនឹងនៅតែជាកេរមរតករបស់លោកជារៀងរហូតតទៅ»។
លោក Bush បានរស់នៅឃើញកូនប្រុសរបស់លោក គឺលោក George W. Bush ក្លាយជាប្រធានាធិបតីរយៈពេល៨ឆ្នាំ ក្រោយពីអាណត្តិប្រធានាធិបតីរបស់លោកបញ្ចប់ ដែលធ្វើឲ្យក្រុមគ្រួសារលោក Bush បន្សល់ទុកនូវស្នាដៃការងារជាច្រើននៅក្នុងអាមេរិកនិងនៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយអ្នកនាង ហុង ចិន្តា