សេចក្តីលម្អិតស្តីពីការរៀបចំបុណ្យសពសម្រាប់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush ដែលបានទទួលអនិច្ចកម្មក្នុងជន្មាយុ៩៤ឆ្នាំ ត្រូវគ្រោងរៀបចំឡើងដោយក្រុមគ្រួសារ Bush។ នេះបើតាមក្រសួងការពារប្រទេសសហរដ្ឋអាមេរិកប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍។
លោក Bush ដែលបានបម្រើជាប្រធានាធិបតីពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ នឹងទទួលបានពិធីបុណ្យផ្លូវរដ្ឋនៅឯវិហារជាតិ Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ មិនទាន់មានការចេញផ្សាយពីកាលបរិច្ឆេទនៅឡើយទេ។
សេតវិមានបានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមពិធីបុណ្យសពនេះ។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ ថា នៅថ្ងៃពុធត្រូវបានចាត់ទុកជាថ្ងៃកាន់ទុក្ខជាតិ ហើយថា ទង់ជាតិនៅសេតវិមានបានត្រូវបញ្ចុះពាក់កណ្តាលដងរួចហើយដើម្បីផ្ដល់កិត្តិយសជូនលោក Bush។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖ «លោកប្រធានាធិបតី និងលោកជំទាវត្រូវបានគេជូនដំណឹងកាលពីយប់មិញពីការទទួលមរណភាពរបស់ប្រធានាធិបតី George H. W. Bush។ លោកប្រធានាធិបតី ត្រាំ មានគម្រោងនិយាយជាមួយប្រធានាធិបតី George W. Bush នៅព្រឹកនេះហើយនិងចូលរួមការរំលែកទុក្ខតាងនាមឲ្យខ្លួនលោកនិងលោកជំទាវ ហើយនិងប្រទេសទាំងមូល។
បុណ្យសពផ្លូវរដ្ឋមួយនឹងត្រូវរៀបចំឡើងដោយមានការជួយឧបត្ថម្ភនិងផ្តល់កិត្តិយសពេញលេញដល់សពរបស់លោកផងដែរ។ លោកប្រធានាធិបតី ត្រាំ នឹងកំណត់ថ្ងៃពុធ ទី៥ ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាតិ។លោកប្រធានាធិបតី ត្រាំ និងលោកជំទាវ នឹងចូលរួមពិធីបុណ្យសពនោះនៅឯព្រះវិហារជាតិ Cathedral នៅរដ្ឋធានីវ៉ាស៊ីនតោន»។
យោងតាម Website បុណ្យសពផ្លូវរដ្ឋសហរដ្ឋអាមេរិក សេចក្តីលម្អិតនៃពិធីបុណ្យសពផ្លូវរដ្ឋរបស់លោក Bush នឹងត្រូវកំណត់ដោយក្រុមគ្រួសារ Bush ក៏ប៉ុន្តែ មិន បានចេញផ្សាយសេចក្តីលម្អិតទេ៕