លោក George H.W. Bush កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩២៤ នៅទីក្រុង Milton រដ្ឋ Massachusetts ដែលមានឪពុកឈ្មោះ Prescott Bush និងម្តាយឈ្មោះDorothy Walker Bush។
ឆ្នាំ១៩៤១ បីបួនសប្តាហ៍បន្ទាប់ពីការវាយប្រហាររបស់ជប៉ុននៅកំពង់ផែ Pearl Harbor រដ្ឋហាវ៉ៃ លោក Bush បានជួបជាមួយលោកស្រី Barbara Pierce នៅឯពិធីរាំមួយក្នុងថ្ងៃបុណ្យChristmas។
ឆ្នាំ១៩៤២ លោកបានចូលធ្វើទាហានជើងទឹកសហរដ្ឋអាមេរិកនៅថ្ងៃដែលលោកមានអាយុ១៨ឆ្នាំ។
ឆ្នាំ១៩៤៣ លោក បានក្លាយជាអ្នកបើកបរយន្តហោះដ៏ក្មេងបំផុតនៅក្នុងកងទ័ពជើងទឹក។
ឆ្នាំ១៩៤៥ លោកបានរៀបការជាមួយលោកស្រី Barbara Pierceនៅខែមករា ខណៈដែលលោកឈប់សម្រាក។ លោក Bush បានចាកចេញពីកងទ័ពជើងទឹកនៅខែកញ្ញា។
ឆ្នាំ១៩៤៨ លោកបានប្រឡងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Yale ហើយបានទទួលការងារនៅក្នុងឧស្សាហកម្មប្រេងហើយបានរើក្រុមគ្រួសាររបស់លោកទៅរស់នៅរដ្ឋតិចសាស។
ឆ្នាំ១៩៥២ លោកជាសហអ្នកបង្កើតក្រុមហ៊ុនប្រេងZapata Petroleum។ លោក Prescott Bush ដែលជាឪពុករបស់លោក បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Connecticut។
ឆ្នាំ១៩៦២ លោកបានក្លាយជាប្រធានគណៈកម្មាធិការគណបក្សសាធារណរដ្ឋនៅស្រុក Harris។ ឪពុករបស់លោកបានចូលនិវត្តន៍ពីព្រឹទ្ធសភា។
ឆ្នាំ១៩៦៤ លោកបានឈរឈ្មោះប្រកួតប្រជែងដំណែងព្រឹទ្ធសភាសហរដ្ឋអាមេរិកមិនបានទទួលជោគជ័យ។
ឆ្នាំ១៩៦៦ លោកបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្រ្ត។
ឆ្នាំ១៩៧០ លោកបានបោះបង់ចោលដំណែងសភាតំណាងរាស្រ្តដើម្បីឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាម្តងទៀត ក៏ប៉ុន្តែបានទទួលបរាជ័យ។
ឆ្នាំ១៩៧១ លោកត្រូវបានតែងតាំងដោយប្រធានាធិបតី Richard Nixon ឲ្យធ្វើជាឯក អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ។
ឆ្នាំ១៩៧៤ លោកត្រូវបានតែងតាំងដោយប្រធានាធិបតីGerald Ford ឲ្យធ្វើជាប្រធានការិយាល័យទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំង។
ឆ្នាំ១៩៧៨ លោកបានទទួលការតែងតាំងធ្វើជានាយក CIA ។
ឆ្នាំ១៩៧៩ លោកប្រកាសជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ឆ្នាំ១៩៨០លោកមិនបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៅក្នុងគណបក្សសាធារណរដ្ឋ ក៏ប៉ុន្តែ ត្រូវបានជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតីរបស់លោកRonald Reagan។ លោកReagan –Bushបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការប្រកួតប្រជែងដំណែងប្រធានាធិបតីជាមួយលោក CarterនិងMondale ខាងគណបក្សប្រជា ធិបតេយ្យ។ឆ្នាំ១៩៨១ លោកបានស្បថជាអនុប្រធានាធិបតីទី៤៣។
ឆ្នាំ១៩៨៧ លោកប្រកាសថា លោកនឹងឈរឈ្មោះជាប្រធានាធិបតី។
ឆ្នាំ១៩៨៩ លោកស្បថចូលកាន់ដំណែងជាប្រធានាធិបតីទី៤១របស់សហរដ្ឋអាមេ រិក។នៅថ្ងៃទី២០ ខែធ្នូ សហរដ្ឋអាមេរិកបានវាយប្រហារប្រទេសប៉ាណាម៉ា បានចាប់ មេដឹកនាំផ្តាច់ការ Manuel Noriegaហើយនាំជនផ្តាច់ការនោះមកកាន់សហរដ្ឋអាមេ រិកដើម្បីកាត់ទោសពីបទជួញដូរថ្នាំញៀន។
ឆ្នាំ១៩៩១ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តធ្វើកិច្ចប្រតិបត្តិការខាងយោធាដើម្បីបណ្តេញអ៊ីរ៉ាក់ចេញពីប្រទេសគុយវ៉ែត។
ឆ្នាំ១៩៩២ លោកបានប្រកាសជាបេក្ខភាពសម្រាប់ការបោះឆ្នោតធ្វើជាប្រធានាធិបតីម្តងទៀត។នៅខែវិច្ឆិកា លោកបានចាញ់ឆ្នោតលោក Bill Clinton។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានទទួលអនិច្ចកម្មក្នុងជន្មាយុ៩៤ឆ្នាំ៕