លោក George H.W. Bush ប្រធានាធិបតីទី៤១នៃសហរដ្ឋអាមេរិកដែលជាបុរសម្នាក់មានកំណើតជាអភិជន ក៏ប៉ុន្តែប្រកបដោយកិត្តិយស ការបំពេញកាតព្វកិច្ចនិងសេវាដល់ប្រទេសលោកក្នុងរយៈពេល៦០ឆ្នាំចុងក្រោយនៃសតវត្សរ៍ទី២០បានទទួលអនិច្ចកម្មហើយនៅឯគេហដ្ឋានរបស់លោកក្នុងក្រុង Houston រដ្ឋតិចសាស។ អ្នកនាំពាក្យម្នាក់របស់គ្រួសារលោកបានធ្វើសេចក្តីប្រកាសនេះកាលពីយប់ថ្ងៃសុក្រ។
លោកអតីតប្រធានាធិបតីអាមេរិកាំងរូបនេះមានជន្មាយុ៩៤ឆ្នាំហើយលោកមានសុខភាពមិនល្អទេកាលពីបីបួនឆ្នាំមុននេះ ដោយលោកមានជំងឺ Parkinson និងជំងឺឯទៀតៗផងដែរ។
នៅក្នុងជីវិតមួយនៅលើឆាកពិភពលោកនិងនៅកម្រិតខ្ពស់បំផុតនៃឆាកនយោបាយអាមេរិកាំង លោក Bush បានចាញ់និងឈ្នះនៅក្នុងការបោះឆ្នោតនៅមុនលោកក្លាយទៅជាមេដឹកនាំអាមេរិកាំងកាលពីឆ្នាំ១៩៨៩។ បន្ទាប់មកនៅពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកចុះថមថយនិងនៅពេលមានកំណើនចំនួនមនុស្សគ្មានការងារធ្វើ លោកបានចាកចេញពីតំណែងជាន់ខ្ពស់បំផុតក្នុងសហរដ្ឋអាមេរិកនៅក្រោយបានកាន់តំណែងនេះបួនឆ្នាំក្នុងសេតវិមាន ដោយសារលោកបានចាញ់ឆ្នោតនៅក្នុងការឈរឈ្មោះជាថ្មីកាលពីឆ្នាំ១៩៩២។
លោក George H.W. Bush បានកំណត់ការចាប់ផ្តើមតំណែងប្រធានាធិបតីរបស់លោកជាមួយសេចក្តីប្រកាសនៅពេលសម្ពោធតំណែងនេះថា «ខ្យល់រំភើយថ្មីមួយកំពុងបក់មក ហើយពិភពលោកមួយដែលមានភាពត្រជាក់ស្រួលដោយសារសេរីភាពហាក់ដូចជាកើតជាថ្មី ពីព្រោះក្នុងបេះដូងរបស់មនុស្ស ប្រសិនបើមិនមែនជាការពិតជាក់ស្តែង ថ្ងៃនៃអ្នកកាន់អំណាចផ្តាច់ការបានចប់ហើយ។សម័យនៃការប្រើអំណាចផ្តាច់ការបានចប់ហើយ គំនិតចាស់នៃការកាន់អំណាចផ្តាច់ការបានរសាត់ទៅបាត់ហើយដូចជាស្លឹកឈើដែលធ្លាក់ពីដើមឈើចាស់ងាប់មួយដើម»។
សេចក្តីប្រកាសនេះរបស់លោក George H.W. Bush បង្ហាញថាដូចជាការទស្សន៍ទាយទុកជាមុនដោយមានការរលំជញ្ជាំងក្រុងបែរឡាំងនិងការរលំនៃសហភាពសូវៀតនៅពេលលោកកាន់តំណែងប្រធានាធិបតីអាមេរិកាំង។ លោក Bush បានជួបជាមួយលោក Mikhail Gorbachev មេដឹកនាំសូវៀតក្នុងរយៈពេលខ្លីក្រោយការរលំជញ្ជាំងក្រុងបែរឡាំងហើយកិច្ចចរចារវាងមេដឹកនាំទាំងពីរនាក់នេះនៅក្នុងប្រទេស Malta បានត្រូវយល់ឃើញថាជាព្រឹត្តិការណ៍សំខាន់មួយឆ្ពោះទៅកាន់ការចុះហត្ថលេខាដោយអស់លោកទាំងពីរនាក់នេះលើសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រកាលពីឆ្នាំ១៩៩១៕