ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាស៊ីនតោន​ និង​ មូស្គូ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​នៅ​ប្រទេស​ស្វីស​អំពី​ស៊ីរី​


ប៉ូលិស​នៅ​ទីក្រុង Lausanne ឈរ​​យាម​កាម​នៅ​ខាង​ក្រៅវាំង​ Beau-Rivage មុន​ពេល​កិច្ច​ពិភាក្សា​ស៊ីរីនៅ​ប្រទេស​ស្វីស​កាល​ពី ថ្ងៃទី ១៥​ តុលា ២០១៦។
ប៉ូលិស​នៅ​ទីក្រុង Lausanne ឈរ​​យាម​កាម​នៅ​ខាង​ក្រៅវាំង​ Beau-Rivage មុន​ពេល​កិច្ច​ពិភាក្សា​ស៊ីរីនៅ​ប្រទេស​ស្វីស​កាល​ពី ថ្ងៃទី ១៥​ តុលា ២០១៦។

កិច្ច​ចរចា​គ្នា​បានចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​ក្រុង Lausanne ប្រទេសស្វីស​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ការ​ប៉ុនប៉ង​មួយ​លើកទៀត​ដើម្បី​ស្វែង​រកដំណោះស្រាយ​ខាង​ការទូត​ដល់សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

កិច្ចចរចា​គ្នានេះ​កំពុង​ធ្វើរវាង​លោករដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. John Kerry លោក​រដ្ឋមន្ត្រីការបរទេស​រុស្សី​ Sergei Lavrov និងលោក Staffan de Mistura បេសកជនពិសេស​អ.ស.ប.ទទួល​បន្ទុកកិច្ចការ​ប្រទេស​ស៊ីរី។ អស់លោក​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេសអេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី​ កាតា និង​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ក៏​មាន​វត្តមាន​ក្នុងការ​ចរចា​គ្នានេះ​ដែរ។

អង្គការ​សប្បុរសធ៌ម​អន្តរជាតិ​សំខាន់ៗ​បានអំពាវ​នាវ​កាល​ពីថ្ងៃ​សោរ៍​ឱ្យមាន​ការ​ឈប់បាញ់គ្នា​៧២ម៉ោង​នៅ​ក្នុង​ភាគ​ខាង​កើត​នៃក្រុង Aleppo នាផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដែល​ជា​ទីដៅ​នៃការ​វាយ​ប្រហារ​តាម​អាកាស​ដោយកង​យន្តហោះ​ចម្បាំង​របស់រដ្ឋាភិបាល​ស៊ីរី​និង​ការ​វាយ​ប្រហារ​តាម​អាកាស​គាំទ្រ​ដោយ​រុស្សី​ដើម្បី​អនុញ្ញាត​ឱ្យមាន​ការជម្លៀសអ្នកជំងឺ​និង​អ្នករង​របួស​និង​ឱ្យមានការ​ដឹកជញ្ជូន​ស្បៀងអាហារ​និង​ជំនួយ​វេជ្ជសាស្ត្រ​ចូល​ទៅ​ក្នុង​តំបន់ដែល​បាន​ត្រូវ​ឡោម​ព័ទ្ធ​នេះ។

ជន​ស៊ីវិល​រាប់សែន​នាក់​បាន​ជាប់​គាំង​នៅ​ក្នុងក្រុង Aleppo ដែល​ហាក់ដូច​ជា​បាន​ក្លាយ​ទៅ​ជាកន្លែង​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​នៅក្នុង​សង្គ្រាម​ស៊ីវិលប្រាំ​ឆ្នាំក្នុងប្រទេស​ស៊ីរី។ ពួក​ឧទ្ទាម​ត្រួតត្រា​ផ្នែក​ខាងកើត​នៃ​ទី​ក្រុងនេះ​ហើយ​កងយោធា​រដ្ឋាភិបាល​ស៊ីរី​កាន់កាប់ផ្នែក​សល់ពី​នេះ។

ស.រ.អា.និង​ពួក​សម្ព័ន្ធ​មិត្ត​បស្ចឹម​ប្រទេស​របស់​អាមេរិកាំង​បានចោទ​ប្រកាន់​ប្រទេស​រុស្សីនិង​រដ្ឋាភិបាល​ស៊ីរី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​សារ​បាន​ទម្លាក់​គ្រាប់​បែកលើ​មន្ទីរ​ពេទ្យ​និងក្បួន​ដឹក​ជំនួយ​សង្គ្រោះ​បន្ទាន់​អ.ស.ប.នៅ​ខាងក្នុង​និងនៅ​ជុំវិញ​ក្រុង​ Aleppo នៅ​ពេល​ដែល​ពួក​គេ​បានយកជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ពួកឧទ្ទាម​ដែល​ស្វះស្វែង​ទម្លាក់​ប្រធានាធិបតី​ស៊ីរី Bahar al-Assad ពីអំណាច៕

XS
SM
MD
LG