ការស្ទង់មតិរបស់ទូរទស្សន៍ NBC News និងកាសែត Wall Street Journal បានបង្ហាញថា លោក Biden នាំមុខបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដោយទទួលបានការគាំទ្រចំនួន ៣១ ភាគរយ បន្ទាប់មកគឺអ្នកស្រី Warren ដែលទទួលបានការគាំទ្រចំនួន ២៥ ភាគរយ និងទីបីគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders ដោយបានការគាំទ្រចំនួន ១៤ ភាគរយ។
អ្នកស្រី Elizabeth Warren បានធ្វើយុទ្ធនាការនៅពីមុខក្រុមអ្នកគាំទ្រជាច្រើននៅក្នុងទីក្រុង New York ដោយបានសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនយោបាយ ប្រសិនបើអ្នកស្រីត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានាធិបតី។
អ្នកស្រីបញ្ជាក់ថា៖ «អំពើពុករលួយបានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចរបស់យើង ហើយអំពើពុករលួយកំពុងតែធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យរបស់យើង។ ខ្ញុំដឹងថាអ្វីដែលរងការខូចខាត។ ខ្ញុំមានមធ្យោបាយក្នុងការដោះស្រាយបញ្ហានេះ។ ហេតុដូច្នេះហើយបានជាខ្ញុំឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក!»។
អ្នកស្រី Warren មានការគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិជាច្រើនខែកន្លងមកនេះ និងបានលេចឡើងជាគូប្រជែងកំពូលតទល់នឹងលោកអតីតអនុប្រធានាធិបតី Joe Biden ដែលជាបេក្ខជននាំមុខគេ។
លោក Joe Biden និយាយថា៖ «មនុស្សគ្រប់គ្នាដឹងថាលោក Donald Trump ជានរណា សូម្បីតែអ្នកគាំទ្ររបស់លោកក៏ដឹងដែរ។ ពួកគេគ្មានការស្រពេចស្រពិលទេ។ ប៉ុន្តែ យើងត្រូវតែឲ្យពួកគេដឹងថាតើពួកយើងគឺជានរណា»។
បេក្ខជននានាបានត្រឡប់ទៅធ្វើយុទ្ធនាការឃោសនាឡើងវិញ បន្ទាប់ពីបានជជែកដេញដោលគ្នាកាលពីសប្ដាហ៍មុននៅក្នុងទីក្រុង Houston រដ្ឋ Texas មក។
នៅក្នុងអំឡុងពេលជជែកដេញដោលនោះ សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ New Jersey លោក Cory Booker បានជំរុញឲ្យគូប្រជែងនានារបស់លោកបន្ធូរបន្ថយការរិះគន់គ្នាទៅវិញទៅមក។
លោក Cory Booker លើកឡើងថា៖ «ពួកយើងត្រូវតែធ្វើឲ្យលោកប្រធានាធិបតី Donald Trump កាន់តំណែងបានតែមួយអាណត្តិនេះតែប៉ុណ្ណោះ ហើយពួកយើងមិនអាចយកឈ្នះលើការបោះឆ្នោតនេះបានទេ ប្រសិនបើយើងរិះគន់គ្នាទៅវិញទៅមក»។
បន្ទាប់ពីបានជជែកដេញដោលគ្នាបីលើករួចមក លោក Biden អ្នកស្រី Warren និងសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders នៅតែនាំមុខគេក្នុងចំណោមបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យទាំងអស់។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Julie Pace។
អ្នកស្រី Julie Pace នៃកាសែត Associated Press និយាយថា៖ «រឿងសំខាន់ដែលយើងចង់ដឹងគឺថាតើមានបេក្ខជនណាម្នាក់ផ្លាស់ប្ដូរគោលជំហររបស់ខ្លួនដែរឬទេ? ខ្ញុំគិតថា ក្នុងចំណោមបេក្ខជនទាំងអស់នោះ ចម្លើយគឺថាប្រហែលជាពួកគេមិនប្ដូរគោលជំហររបស់ខ្លួននោះទេ»។
កន្លងមក លោក Biden មើលទៅនិយាយបានល្អគ្រប់គ្រាន់ដែលធ្វើឲ្យលោកនាំមុខគេ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគលោក Larry Sabato នៃសាកលវិទ្យាល័យ Virginia។
លោក Sabato និយាយថា៖ «លោក Joe Biden ធ្វើបានល្អ។ ខ្ញុំគិតថា លោកនិយាយបានប្រសើរជាងការជជែកដេញដោលកាលពីពីរលើកមុន។ នេះមិនមែនមានន័យថា លោកនិយាយបានប្រសើរបំផុតនោះទេ។ លោកតែងតែអាចធ្វើកិច្ចការដោយប្រើវិធីចម្លែកៗមួយចំនួនដូចជាការលើកទឹកចិត្តមនុស្សឲ្យស្ដាប់ម៉ាស៊ីនចាក់សំឡេងរបស់ពួកគេជាដើម»។
លោក Sabato បន្ថែមថា លោក Biden នៅបន្តទទួលបានប្រយោជន៍ពីគំនិតដែលថា លោកគឺជាបេក្ខជនខ្លាំងជាងគេបំផុតដែលអាចប្រជែងជាមួយនឹងលោកប្រធានាធិបតី Trump បាននៅឆ្នាំក្រោយ។
លោក Sabato បញ្ជាក់ដូច្នេះថា៖ «មានហេតុផលដែលពួកគេមានជម្រើសបណ្ដោះអាសន្ន។ គណបក្សប្រជាធិបតេយ្យបានបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការទាំងមូលក្នុងការតែងតាំងបេក្ខជនប្រធានាធិបតីរបស់ខ្លួន និងផ្ដោតលើសំណួរមួយ ដែលនោះគឺថា តើនរណាអាចផ្ដួលលោកប្រធានាធិបតី Donald Trump បាន? នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់»។
ទោះបីជាលោក Sanders និងអ្នកស្រី Warren កំពុងប្រជែងគ្នាដើម្បីឲ្យបានក្លាយជាបេក្ខជននាំមុខទីពីរបន្ទាប់ពីលោក Biden ក៏ដោយ ក៏អ្នកស្រី Warren គឺជាអ្នកដែលមានការគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Andra Gillespie អ្នកជំនាញនៃសាកលវិទ្យាល័យ Emory។
អ្នកស្រី Gillespie និយាយថា៖ «ការប្រឈមសម្រាប់លោក Sanders គឺថា មានជម្រើសបន្ថែមដ៏ខ្លាំងមួយដែលនោះគឺអ្នកស្រី Elizabeth Warren។ ដូច្នេះ ខ្ញុំគិតថា អ្វីដែលយើងយកចិត្តទុកដាក់នៅពេលឥឡូវនេះនៅក្នុងការស្ទង់មតិទាំងនេះគឺថាតើការលេចឡើងរបស់អ្នកស្រី Elizabeth Warren ធ្វើឲ្យប៉ះពាល់ដល់លោក Bernie Sanders ដែរឬក៏យ៉ាងណានោះ។ ខ្ញុំគិតថា នេះនៅតែជាសំណួរមិនទាន់មានចម្លើយនៅឡើយ»។
គណបក្សប្រជាធិបតេយ្យនឹងរៀបចំការជជែកដេញដោលមួយលើកទៀតនៅខែក្រោយក្នុងរដ្ឋ Ohio៕
ប្រែសម្រួលដោយ ភី សុភាដា