ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ជាង ១០ នាក់ គាំទ្រ​លោក Trump នៅ​ក្នុង​ការ​ប្រឆាំង​ជ័យជម្នះ​របស់​លោក Biden


រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ted Cruz សួរ​សំណួរ​ក្នុង​អំឡុងពេល​បើក​សវនាការ​មួយ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​​មួយ​ នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ted Cruz សួរ​សំណួរ​ក្នុង​អំឡុងពេល​បើក​សវនាការ​មួយ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​​មួយ​ នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​ចូលរួម​ជាមួយ​កិច្ច​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​ច្រានចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី ដោយ​បាន​សន្យា​ថា​នឹង​ជំទាស់​ទៅ​នឹង​លទ្ធផល​នេះ​នៅ​ពេល​ដែល​សភា​ជួប​ប្រជុំ​គ្នា​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដើម្បី​រាប់​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត និង​ដើម្បី​បញ្ជាក់​ជា​ផ្លូវការ​នូវ​ជ័យជម្នះ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Texas លោក Ted Cruz បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​នូវ​សម្ព័ន្ធភាព​នៃ​សមាជិក​ព្រឹទ្ធសភា​ចំនួន ១១ រូប ដែល​បាន​ចុះ​ឈ្មោះ​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត។

ករណី​នេះ​បាន​កើតឡើង បន្ទាប់ពី​មាន​ការ​ប្រកាស​ពី​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Missouri លោក Josh Hawley ដែល​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​និយាយ​ថា លោក​នឹង​ចូលរួម​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ជំទាស់​ទៅ​នឹង​ការ​រាប់​សន្លឹក​ឆ្នោត​របស់​រដ្ឋ​នីមួយៗ នៅ​ពេល​ដែល​សម័យ​ប្រជុំ​រួម​គ្នា​របស់​សភា​ទាំង​ពីរ​ថ្នាក់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

លោក Hawley និង​លោក Cruz ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ដែល​អាច​នឹង​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២៤។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​ជំរុញ​គណបក្ស​របស់​លោក​កុំ​ឲ្យ​ព្យាយាម​ជំទាស់​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ដែល​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ បាន​សន្និដ្ឋាន​ថា ជា​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នោះ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​នូវ​គម្រោង​របស់​សហការី​របស់​ខ្លួន​មួយ​ចំនួន​ដែល​ចង់​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។

សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Alaska អ្នកស្រី Lisa Murkowski បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា អ្នកស្រី​នឹង​បោះឆ្នោត​គាំទ្រ​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​បាន​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ទាំង​ពីរ​ចូលរួម​ជាមួយ​អ្នកស្រី​នៅ​ក្នុង​ការ «រក្សា​ទំនុក​ចិត្ត​លើ​អង្គ​បោះឆ្នោត និង​ការ​បោះឆ្នោត ដើម្បី​ធានា​ថា យើង​នឹង​នៅតែ​បន្ត​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​អាមេរិកាំង»៕

XS
SM
MD
LG