រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានរិះគន់ចំៗលើសម្ពន្ធមេត្រីភាពសន្តិសុខត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី និងការបន្តតាមឃ្លាំមើលរបស់បស្ចិមលោកលើគម្រោងរួមគ្នារវាងកម្ពុជា និងចិននៅមូលដ្ឋានសមុទ្ររាម។
ការថ្លែងរិះគន់របស់ប្រមុខការទូតកម្ពុជា កើតឡើងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុបដើម្បីចូលរួមវេទិការដ្ឋមន្ត្រីដើម្បីកិច្ចសហប្រតិបត្តិការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅទីក្រុងប៉ារីសប្រទេសបារាំង និងបំពេញដំណើរទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៊ែរឡាំងប្រទេសអាល្លឺម៉ង់ និងនៅទីក្រុងអង់ការ៉ាប្រទេសតួគី។
ក្នុងទីក្រុងប៉ារីស លោក ប្រាក់ សុខុន បានថ្លែងថា អាស៊ានក្រោមការដឹកនាំរបស់កម្ពុជានៅឆ្នាំនេះបារម្ភអំពី AUKUS។ លោកបានលើកឡើងតាមន័យដើមថា៖ «យើងសូមសម្ដែងក្ដីបារម្ភរបស់យើងថា ការបង្កើតឡើងនៃ AUKUS ជាឆ្នួនចាប់ផ្ដើមដែលរុញឱ្យមានការប្រជែងសព្វាវុធក្នុងតំបន់ ដុតបញ្ឆេះការប្រឈមមុខដាក់គ្នា និងបង្កើនភាពតានតឹងក្នុងតំបន់»។
ទីក្រុងប៉ារីស បានខឹងសម្បាជាខ្លាំង ពេលអូស្ត្រាលីលុបកិច្ចសន្យាកម្ម៉ង់ផ្គត់ផ្គង់នូវសម្ភារៈ និងបច្ចេកវិទ្យានាវាមុជទឹកជាមួយខ្លួន ហើយបែរខ្នងទៅចាប់ដៃជាមួយអង់គ្លេស និងអាមេរិក ក្នុងកិច្ចចងសម្ពន្ធមេត្រីភាព AUKUS ដើម្បីដោះដូរគ្រឿងបំពាក់ដំឡើង និងបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
លោក ប្រាក់ សុខុន ក៏បានថ្លែងដែរថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនាំឱ្យអាមេរិកតាមដានគ្រប់សកម្មភាពរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអ្វីដែលលោកហៅថាជា«កិច្ចសន្យារវាងកម្ពុជា និងចិនក្នុងការស្ដារជួសជុល និងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម»។
ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីថា រាមនឹងមិនទទួលវត្តមានយោធាចិនជាអចិន្ត្រៃយ៍នោះទេ។
«រាមជាមូលដ្ឋានជើងទឹកដ៏តូចមួយ ហ៊ុមព័ទ្ធទៅដោយសណ្ឋាគារ និងតំបន់ទេសចរណ៍។ មូលដ្ឋាននេះ គ្មានគោលដៅណាផ្សេងក្រៅពីការការពារដែនសមុទ្ររបស់យើង និងអធិបតេយ្យ បូរណភាពទឹកដីរបស់យើង ដែលជាញឹកញាប់ត្រូវបានគេរំលោភបំពាន»៕