ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី៖ ទំនើបកម្ម​​ផែ​យោធា​រាម នឹង​ពង្រឹង​ទ័ព​ជើង​ទឹក​កម្ពុជា


លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បានទៅធ្វើទស្សនកិច្ចនៅ​មូលដ្ឋាន​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ នៅថ្ងៃអង្គារ ទី ១៨ ខែមករា​ ឆ្នាំ២០២២។ (រូបថតពីទំព័រហ្វេសប៊ុក/General TEA Banh)

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​និយាយ​ថា​ គម្រោង​ដែល​ជួយ​ដោយ​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ ​នឹង​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

រដ្ឋមន្ត្រី​រូប​នេះ​ បាន​ទៅ​ដល់​មូលដ្ឋាន​សមុទ្រ​រាម​ក្នុង​សប្ដាហ៍​នេះ និង​បាន​ថ្លែង​តាម​រយៈ​ទំព័រ​ហ្វេក​ប៊ុក​ផ្លូវ​ការ​របស់​លោក​ថា៖

«ខ្ញុំ​សូម​សម្តែង​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល​ជា​ច្រើន​ ដែល​កង​ទ័ព​ជើង​ទឹក​ បាន​និង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​ ក្នុង​គោល​ដៅ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ គ្រឿង​បំពាក់​យុទ្ធោបកណ៍​ទំនើបៗ​ ដើម្បី​ពង្រឹង​កិច្ច​ការពារ​បូរណ​ភាព​ទឹកដីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត»។


លោក ទៀ បាញ់ បាន​ថ្លែង​ដំបូង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២១ ​ថា គឺ​ប្រទេស​ចិនដែល​បាន​ផ្ដល់​ជំនួយ​ក្នុង​ការ​កែ​លម្អ​ ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម​ ទី​ដែល​សហរដ្ឋ​អាមេរិក​ប្រតិកម្ម​នឹង​ការវាយកម្ទេច​អគារ​ជំនួយ​របស់​ខ្លួន​ ហើយ​ដាក់​ការ​សង្ស័យ​ថា​ ចិន​មាន​គម្រោង​តាំង​ទី​រក្សា​វត្តមាន​យោធា​របស់​ខ្លួន និង​ជា​ការ​ចោទ​ដែល​កម្ពុជា​បដិសេធ។

នៅ​មូលដ្ឋាន​សមុទ្រ​រាម កាល​ពី​ថ្ងៃអង្គារ លោក ទៀ បាញ់ ត្រូវ​បាន​អម​ដំណើរ​ដោយ​ប្អូន​ប្រុស​បង្កើត​របស់​លោក​ គឺ​នាយ​ឧត្ដម​នាវី ទៀ វិញ មេបញ្ជាការ​ទ័ព​ជើង​ទឹក​ ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ជាមួយ​នាយ​ឧត្ដម​សេនីយ៍​ ចៅ ភិរុណ អគ្គនាយកសម្ភារបច្ចេកទេសក្រសួងការពារជាតិ ពាក់ព័ន្ធនឹងការចោទថា បាន​ឃុបឃិតកឹបកេងប្រាក់ពីការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមនេះ។

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​បាន​បដិសេធ​ការ​ចោទ​ខាង​លើ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG