រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី (Wang Yi) បានមកដល់ទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃអាទិត្យ និងគ្រោងជួបថ្នាក់ដឹកនាំប្រទេសកម្ពុជា និងមន្ត្រីសំខាន់ៗមួយចំនួនទៀត។ នេះបើតាមក្រសួងការបរទេសកម្ពុជា។
លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនិងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនមកបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
បើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា លោកវ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រព្រះបាទសម្តេចនរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
ប្រមុខការទូតចិនរូបនេះក៏គ្រោងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។ ក្រៅពីជំនួបនេះ លោកវ៉ាង យី ក៏នឹងជួបពិភាក្សាជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកសុខ ចិន្តាសោភា។
អំឡុងពេលមានវត្តមាននៅប្រទេសកម្ពុជា លោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យីមកកាន់ប្រទេសកម្ពុជានៅពេលនេះ ត្រូវអ្នកវិភាគមួយចំនួនមើលឃើញថា ជាការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលថ្មីនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលក្រុងប៉េកាំង ហើយក៏ជាសាទរចំពោះអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែនដែលទើបតែបានកា្លយជាប្រធានព្រឹទ្ធសភានាពេលថ្មីៗនេះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិលោក សេង វណ្ណលី មើលឃើញពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោកវ៉ាង យីមកកម្ពុជាថា ជាការពង្រឹងមិត្តភាពដែកថែបរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងប៉េកាំង និងឈ្វេងយល់បន្ថែមពីការងាររបស់រដ្ឋាភិបាលអាណតិ្តទី៧របស់កម្ពុជាក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
លោកថ្លែងថា៖ «មួយទៀតខ្ញុំគិតថាសារៈសំខាន់ផ្នែកប្រទេសនិងប្រទេស ខ្ញុំគិតថាជាការរឹតចំណងទំនាក់ទំនងរវាងកម្ពុជា និងចិនឱ្យកាន់តែមានភាពស្អិតរមួតខ្លាំងជាងមុន ហើយក៏ដូចជាមកដើម្បីធានា និងលើកទឹកចិត្តដល់គម្រោងនានារបស់រដ្ឋាភិបាលបច្ចុប្បន្នដែលមានគោលបំណងក្នុងការរុញច្រានដើម្បីទទួលបានសមិទ្ធផលល្អៗក្នុងអាណតិ្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត»។
លោកបន្ថែមថា កម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនផ្សេងទៀតពីដំណើរទស្សនកិច្ចដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស និងទាក់ទាញឱ្យមានវិនិយោគិនចិនកាន់តែច្រើនមកកម្ពុជា។
មុនពេលលោកវ៉ាង យី ផ្តើមធ្វើទស្សនកិច្ចនៅកម្ពុជា មានការអត្ថាធិប្បាយខ្លះៗពីសហរដ្ឋអាមេរិកអំពីតម្លាភាពរបស់គម្រោងនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» ជាគម្រោងដែលមានតម្លៃប្រមាណជា ១៧០០ លានដុល្លារអាមេរិក។ គម្រោងនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន។
គម្រោងដែលត្រូវបានចុះហត្ថលេខាព្រមព្រៀងគ្នារវាងរដ្ឋាភិបាលកម្ពុជានិងចិននៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០២៣នេះក៏ស្ថិតក្រោមការឃ្លាំមើលរបស់បណ្តាញព័ត៌មានបរទេសមួយចំនួន ដែលបានចេញផ្សាយសេចក្តីរាយការណ៍ជាមួយនឹងការវិភាគថា គម្រោងដ៏ធំនេះអាចជាចំណែកមួយនៃផលប្រយោជន៍របស់កងទ័ពចិន។
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ កាសែត The Straits Times ដែលមានស្នាក់ការនៅប្រទេសសិង្ហបុរី បានចុះផ្សាយដោយដាក់ចំណងជើងថា៖ «វៀតណាមបារម្ភថា គម្រោងព្រែកជីកនៅកម្ពុជាអាចជាច្រកដ៏មានសក្តានុពលសម្រាប់យោធាចិន»។
គេមិនទាន់ដឹងថា លោក វ៉ាង យី អាចនឹងមានប្រតិកម្មបែបណាទៅលើសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងជំហររបស់សហរដ្ឋអាមេរិកដែលជំរុញឱ្យមានតម្លាភាពកាន់តែច្រើនលើគម្រោងព្រែកជីកហ្វូណនតេជោនេះ។
ទោះយ៉ាងណា លោកហ៊ុន សែន បានប្រតិកម្មទៅនឹងការចុះផ្សាយរបស់សារព័ត៌មានThe Straits Times ជាមួយនឹងការផ្តល់សេចក្តីពន្យល់ថា ព្រែកជីកតេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឱ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ វាជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននូវផលត្រីទឹកសាប នៅតាមព្រែកមួយនេះ។
ទស្សនកិច្ចរបស់លោកវ៉ាង យីនៅកម្ពុជា ជាផ្នែកមួយនៃបេសកកម្មការទូតរបស់លោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកភាគខាងត្បូង។ ប្រទេសកម្ពុជា គឺជាប្រទេសទីបីដែលលោក វ៉ាងបានមកបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី និងPapua New Guinea។
នៅទីក្រុងហ្សាការតា លោកបានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីដែលជិតចប់អាណត្តិ លោកJoko Widodo អំពីការពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងនោះគឺការវិនិយោគដែលអាចធ្វើទៅបាននៅក្នុងវិស័យដឹកជញ្ជូននៅក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី និងឧស្សាហកម្មសារធាតុគីមីប្រេងកាត នៅខេត្ត Kalimantan ភាគខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reutersកាលពីថ្ងៃទី១៨ខែមេសា។
បើតាមសេចក្តីរាយការណ៍ដដែលរបស់ភ្នាក់ងារព័ត៌មាន Reuters ប្រទេសចិននិងប្រទេសឥណ្ឌូណេស៊ីក៏បានប្តេជ្ញារក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអ្នកស្រី Retno Marsudi នៅក្នុងរដ្ឋធានីហ្សាការតា។
លោកវ៉ាង ក៏បានអំពាវនាវផងដែរដល់ភាគីទាំងអស់នៅក្នុងសង្គ្រាមនៅហ្កាហ្សា (Gaza) ឱ្យរក្សាភាពអត់ធ្មត់ និងថាសហរដ្ឋអាមេរិកគួរតែគាំទ្រចំពោះសេចក្ដីសម្រេចមួយរបស់អង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់នៅហ្កាហ្សា៕
វេទិកាបញ្ចេញមតិ