ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយឡើង​ជា​ប្រធានព្រឹទ្ធសភា​ លោក​ ហ៊ុន សែន​ ប្តេជ្ញា​​ការពារ​​រដ្ឋធម្មនុញ្ញ ​និង​លទ្ធិ​ប្រជាធិប​តេយ្យ


រូបថតផ្តល់ឲ្យ និងចេញផ្សាយដោយព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីប្រធាព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភានៅរាជធានីភ្នំពេញ។ (Cambodia Senate / AFP)
រូបថតផ្តល់ឲ្យ និងចេញផ្សាយដោយព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីប្រធាព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភានៅរាជធានីភ្នំពេញ។ (Cambodia Senate / AFP)

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជាដ៏​មាន​ឥទ្ធិពល លោក ​ហ៊ុន សែន ​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី៥​ដូច​ការ​គ្រោង​ទុក​ ហើយ​បាន​ប្តេជ្ញា​ការពាររដ្ឋធម្មនុញ្ញ ​របប​រាជា​និយម លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​ និង​នីតិរដ្ឋ​។

នាសម័យ​ប្រជុំ​ដំបូង​នៃ​ព្រឹទ្ធ​សភា​នីតិកាល​ទី៥​នៅ​ថ្ងៃ​ពុធ​នេះ​ សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៦២រូប​បាន​បោះ​ឆ្នោត​ជាឯកច្ឆន្ទ​តែង​តាំង​លោក ហ៊ុន សែន ​ជា​ប្រធាន​ និងអតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស ​លោក ​ប្រាក់ សុខុន ​ជា​អនុប្រធាន​ទីមួយ​នៃ​ព្រឹទ្ធសភា​។ ចំណែក​លោក​ អ៊ុច បូររិទ្ធ ដែល​ធ្លាប់​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួងការបរទេស​ក៏ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​បោះឆ្នោត​ តែងតាំងជា​អនុប្រធាន​ទី២​នៃ​ព្រឹទ្ធសភា ​ដែល​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ សាយ ឈុំ​ តាំង​ពី​ឆ្នាំ​២០១៥​មក​។ ​

ការ​បេ្តជ្ញាចិត្ត​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ហ៊ុន សែន ដើម្បី​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ ក៏​ស្រប​តាមព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រព្រះ​បាទ​សម្តេច​នរោត្តម សីហមុនី ​ដែល​ព្រះអង្គ​បាន​យាង​ជា​អធិបតីដ៏ខ្ពង់ខ្ពស់ ​នា​សម័យ​ប្រជុំ​ដំបូងនៃព្រឹទ្ធសភា​នីតិកាល​ទី៥​ នៅ​ថ្ងៃ​ពុធ​នេះ​។

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​វិមាន​ព្រឹទ្ធសភា​ដែល​មាន​វត្តមាន​ពី​អង្គ​ទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ដូច្នេះថា​៖​ «យើងនឹង​ការពារ​យ៉ាង​មុតមាំ​នូវ​រដ្ឋធម្មនុញ្ញ ​របប​រាជា​និយម​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​ និង​នីតិរដ្ឋ​។ យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​អស់​ពីលទ្ធភាព​ ដើម្បី​ធានា​ឱ្យបាន​នូវឯក​ភាពជាតិ​ និង​សាមគ្គី​ភាព​សង្គម​ដ៏រឹងមាំ​ និង​ការពារ​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាពទឹកដី​ និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ប្រទេស​ជាតិ​យើង​»​។

ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី៥ និង​ជា​ឪពុក​បង្កើត​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូបនេះ​ ក៏​បាន​បញ្ជាក់​អំពី​ការងារ​អាទិភាព​របស់​ព្រឹទ្ធសភា​ផង​ដែរ ដោយ​ក្នុង​នោះ​រួមមាន​ ការលើក​កម្ពស់​ការទូត​សភា​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ដៃគូ​អន្តរជាតិ និង​ធ្វើការរួមគ្នា​តាម​រយៈ​កិច្ច​សន្ទនា និង​កិច្ចសហ​ប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​ជាសកល ដូចជា​បញ្ហា​សង្គ្រាម ការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​មហា​អំណាច និង​បញ្ហា​ផ្សេង​ទៀត​ជាដើម​។

ការងារ​អាទិភាព​ផ្សេងទៀត ​គឺ​ព្រឹទ្ធសភា​នឹង​ធ្វើការ​ជាមួយ​អង្គបោះឆ្នោត ដែលជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដើម្បី​បន្ត​ចូលរួម​ដល់​ដំណើរ​ការ​ប្រជាធិប​តេយ្យ​រូបនីយកម្ម ការកសាង​និង​អភិវឌ្ឍ​ប្រទេស កំណែ​ទម្រង់​វិមជ្ឍការ​និង​វិសហ​មជ្ឍ​ការ ​ដើម្បី​លើក​កម្ពស់​គុណភាព​និង​ប្រសិទ្ធិភាព​សេវា​សាធារណៈ​។ នេះ​បើតាម​លោក ហ៊ុន សែន។

ការ​ក្លាយ​ខ្លួនជា​ប្រធាន​ព្រឹទ្ធសភា​នាពេល​នេះ បាន​ធ្វើ​ឱ្យ​គោល​បំណង​ធំ​ចំនួន​ពីរ​របស់​លោក​ ហ៊ុន សែន​ ក្លាយ​ជា​ការពិត​ គឺ​កូនប្រុសច្បង​របស់​លោក​គឺ ​លោក ​ហ៊ុន​ ម៉ាណែត ​បានក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ ឯ​លោក​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា​។ ​

លោក​ ហ៊ុន សែន ​ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត​៤​ទស្សវត្សរ៍​ ​ត្រូវបានអ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​មើល​ឃើញ​ថា ​លោក​នឹង​នៅ​តែ​បន្តមាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​ ហើយ​ការ​ចាក​ចេញ​ពី​ស្ថាប័ន​រដ្ឋសភា ​ទៅដឹកនាំ​ស្ថាប័ន​ព្រឹទ្ធ​សភា​នោះ​ គឺ​ដើម្បី​ការពារ​សុវត្ថិ​ភាព​នៃ​ការ​កាន់​អំណាច​របស់​កូន​គាត់ គឺ​លោក​ ហ៊ុន ម៉ាណែត ​ដែល​បាន​និង​កំពុង​ស្ថិត​ក្នុង​តំណែង​ជានាយក​រដ្ឋមន្ត្រី​ជាង​៧​ខែ​។

ការឡើង​កាន់​តំណែង​ជាប្រធាន​ព្រឹទ្ធ​សភា​នេះ ក៏ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា អំណាច​កាន់​តែ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ក្នុងរង្វង់​ក្រុម​គ្រួសារ​របស់​លោក​ ហើយ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ក៏​ត្រូវបាន​មើល​ឃើញថា​ មិន​សូវ​មានភាព​ចម្រើន​ទៅ​មុខ​ច្រើន​នោះ​ដែរ​។

នៅមុន​ពេល​ព្រឹទ្ធសភា​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នាព្រឹក​ថ្ងៃពុធនេះ​ អតីត​ប្រធាន​ព្រឹទ្ធ​សភា​នីតិកាល​ទី៤​ លោក សាយ ឈុំ​ ដែល​ជា​អនុប្រធាន​គណបក្ស​កាន់អំណាច​ផង​នោះ​ ​ត្រូវបានតែង​តាំងជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី​។ ​ចំណែក​អតីត​អនុ​ប្រធាន​ព្រឹទ្ធសភា​ពីរ​រូប​គឺ ​លោក ស៊ឹម កា និង​ លោក​ ទេព ងន​ ត្រូវ​បាន​តែងតែ​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ មានឋានៈ​ស្មើ​ឧប​នាយក​រដ្ឋមន្ត្រី​។​ ឥស្សរ​ជន​ទាំងបីនាក់ ​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ​ ​កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤​។ ​នេះបើតាម​ព្រះរាជក្រឹត្យ​ចំនួន​៣ច្បាប់​ផ្សេងគ្នា ​ដែល​វីអូអេ​ទទួល​បាន​។

នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៥​ទាំង​អស់​ បាន​ស្បថ​ចូល​កាន់​តំណែងនៅ​ក្នុង​ព្រះបរម​រាជវាំង​ផង​ដែរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG