ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​រំពឹង​ទុក​ថា​នឹង​មាន​កំណើន​ក្នុង​រង្វង់​៧ភាគរយ​ក្នុង​ឆ្នាំ​២០២៨


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​នាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​នាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​បាន​ក្នុង​ស្ថាន​ភាព​ល្អ​មួយ ហើយ​អាច​នឹង​ត្រឡប់​មក​ប្រសើរ​វិញ​បាន​ក្នុង​រង្វង់​៧ភាគរយ​ ដូច​នឹង​មុន​ជំងឺ​រាតត្បាត​ ក្នុង​ឆ្នាំ​២០២៨​។

ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន ម៉ាណែត​ យ៉ាងដូច្នេះ​ ស្រប​ពេលធនាគារ​ពិភពលោកព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់​ ៥,៨​ ភាគ​រយ​ ក្នុង​ឆ្នាំ ​២០២៤ នេះ និង ​៦,១ ​ភាគ​រយ ​ក្នុង​ឆ្នាំ​ ២០២៥​ ជាមួយ​ការ​រំពឹង​ទុក​អំពី​ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ពន្ធ​ និង​អត្ថប្រយោជន៍​ដែល​នឹង​កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នានា ​ដែល​កម្ពុជា​មាន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់។ ធនាគារ​ពិភពលោក​មិន​ទាន់​ធ្វើ​ការវាយ​តម្លៃ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅត្រឹម​ឆ្នាំ​ ២០២៨​នោះ​ទេ។

ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា​ នា​ថ្ងៃទី​ ២ ខែ​មេសា ឆ្នាំ​ ២០២៤ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​បានថ្លែង​ថា កម្ពុជា​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​សេដ្ឋកិច្ច​ទំនើប​ដែល​មាន​សមាហរណកម្ម​ក្នុង​សេដ្ឋកិច្ច​សកល​។ លោក​បន្ថែម​ថា សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​បង្ហាញ​ពី​ភាព​ធន់​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មុន​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ១៩ កម្ពុជា​រក្សា​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​លើសពី​៧ភាគរយក្នុង​មួយឆ្នាំ​សម្រាប់​រយៈ​ពេល​ ២​ទសវត្សរ៍​ជាប់​ៗ​គ្នា​។

លោក​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជាខេមរភាសា​ថា៖ «ទោះ​បី​ជា​មាន​ការ​បន្ទច់​បង្អាក់​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ស្ទុះ​ងើប​ឡើង​វិញ​ជាមួយ​នឹង​អត្រា​កំណើន ៥,៦ ភាគរយ​ ក្នុង​ឆ្នាំ ​២០២៣ និង​ត្រូវ​បាន​ព្យាករថា​នឹង​មាន​កំណើន ៦,៦ ភាគរយ​ ក្នុងឆ្នាំ​ ២០២៤ ហើយ​នឹង​អាច​ត្រឡប់​ទៅ​រកអត្រា​កំណើន​មុន​ជំងឺ​រាតត្បាត​ក្នុង​រង្វង់ ៧ ភាគរយ​ក្នុងឆ្នាំ​ ២០២៨ ដែល​ការណ៍​នេះ​បង្ហាញ​អំពី​អនាគត​សេដ្ឋកិច្ច​ប្រកប​ដោយ​ក្តី​សង្ឃឹម​របស់​កម្ពុជា»។

លោក​បញ្ជាក់​ទៀត​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដៃគូ​ដ៏​រស់រវើក និង​ទាក់ទាញ​ក្នុង​សហគមន៍​អាស៊ាន​ ដោយ​ទីតាំង​ប្រកប​ដោយ​ឧត្តមភាព​របស់​កម្ពុជា​បាន​ផ្តល់​នូវ​ការ​តភ្ជាប់​ដោយ​រលូន​នៅ​ទូទាំង​តំបន់ និង​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​កិច្ចសហការ​ ដែល​ផ្ដោត​លើ​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​សុខុមាលភាព​រួម​ក្នុង​តំបន់។

បើតាម​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត រដ្ឋាភិបាល​កម្ពុជា​ទើប​បាន​ដាក់​ចេញ​នូវ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ២០២៤» ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ពិសេស​ដល់​ការ​វិនិយោគ​ក្នុង​ឆ្នាំ ​២០២៤ ​នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

រូបឯកសារ៖ បុរសម្នាក់​កំពុង​បរិភោគ​អាហារ​ពេលព្រឹក​នៅតាម​ដងផ្លូវមួយ​ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ បុរសម្នាក់​កំពុង​បរិភោគ​អាហារ​ពេលព្រឹក​នៅតាម​ដងផ្លូវមួយ​ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

កម្មវិធី​ពិសេស​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ ក្នុង​ការ​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​តំបន់​សម្រាប់​ផលិតកម្ម ពាណិជ្ជកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ ហើយ​រដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​រៀបចំ​ការ​រចនា​ឡើង​វិញ​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​គិតគូរ​ពី​លក្ខណៈ​ចម្រុះ​នៃ​ឧស្សាហកម្ម វិនិយោគិន​ និង​អ្នក​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស។ នេះបើតាម​លោក​ហ៊ុន ម៉ាណែត​។​

នៅ​ក្នុង​ពិធី​សំណះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​ ២០២៤ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏​បាន​លើក​ឡើង​ថា​ កម្ពុជា​ស្វាគមន៍​វិនិយោគិន​ពី​គ្រប់​ប្រទេស​មិន​មែន​តែ​ប្រទេស​ចិន​មួយ​នោះ​ទេ​។ លោក​លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​ ៦ ខែ​មកនេះ​ ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ស្ថិរភាព​ប្រសើរ ដែល​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថ្មី​ចូល​កាន់​តំណែង គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​មាន​ ១៧២ ​គម្រោង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​មានទឹក​ប្រាក់​សរុបប្រមាណ​ជិត​ ៤.០០០ ​លាន​ដុល្លារ​។

លោក​ ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ប្រាប់​វីអូអេ​ថា ចាប់​តាំង​ពី​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ប្រទេស​ឡើង​វិញ​ក្នុង​ឆ្នាំ ​២០២១ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន និង​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរៗ​។

លោក​បន្ថែម​ថា ប្រសិន​បើ​ប្រៀប​ធៀប​សេដ្ឋកិច្ច​កម្ពុជា​នៅ​មុន​ជំងឺ​រាតត្បាត​កូវីដ​១៩ វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ វិបត្តិ​សង្គ្រាម​រវាង​រុស្សី-អ៊ុយក្រែន និង​វិបត្តិ​សង្គ្រាម​រវាង​អ៊ីស្រាអ៊ែល និង​ក្រុម​ហាម៉ាស​នោះ​ ក៏​សេដ្ឋកិច្ច​កម្ពុជា​ស្ថិត​នៅ​ក្នុង​រង្វង់​ដែល​សមស្រប និង​រក្សា​កំណើន​មួយដែល​មាន​ភាពនឹងន​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ជា​បន្ត​បន្ទាប់​យើង​សង្កេត​ឃើញ​សន្ទុះ​នេះ​ឃើញ​ងើប​មក​វិញ​ ហ្នឹង​គឺ​យើង​មិន​គិត​អំពី​គេ​ហៅ​ថា​ការ​ព្យាករវា​មិន​ដូច​ការ​ដែល​យើង​អនុវត្ត​ជាក់ស្តែង​ទេ វា​អាច​មាន​ការ​លម្អៀង​ខ្លះ​ សូម្បី​តែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ក៏​មាន​ការ​ព្យាករទម្លាក់​ចុះ​ទៅ​តាម​ស្ថានភាព​ពេល​វេលា​ដែរ។ ប៉ុន្តែ​ខ្ញុំ​សម្អាង​ពី​សន្ទុះ​នៃ​ការ​ងើប​ជា ឬ​កើន​ឡើង​ជា​ដំណាក់កាល​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ បើ​យើង​ពិនិត្យ​ស្ថានភាព​កាលហ្នឹង​យើង​សម្អាង​ឃើញ​ថា ​ស្ថានភាព​ចេះ​តែ​ល្អ​ប្រសើរ​ទៅ​»។

ពេញ​មួយ​ឆ្នាំ​ ២០២៣ សេដ្ឋកិច្ច​កម្ពុជា​គឺ​មិន​មាន​ការ​ថយចុះ ឬ​សំយុង​ចុះ​ឡើយ​ ហើយ​ស្ថានភាព​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​កម្ពុជា​ក៏​នៅ​តែ​ដំណើរការ​ជាធម្មតា​ផង​ដែរ បើទោះបី​ជា​ក្នុង​ពិភពលោក​កំពុង​ជួប​ប្រទះ​បញ្ហា​ជម្លោះ​សង្គ្រាម​ផ្សេងៗ​។ នេះ​បើ​តាមលោក ហុង វណ្ណៈ។

លោក ហុង វណ្ណៈ បាន​កត់​សម្គាល់វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ចាប់​ផ្តើម​កម្រើក​ឡើងវិញ​បន្តិចម្តងៗ​ផងដែរ ព្រោះ​ទេសចរអន្តរជាតិ​បាន​ងាក​ត្រឡប់​ទស្សនាតំបន់​ទេសចរ​សំខាន់​របស់​ប្រទេស​កម្ពុជា ដូច​ជាខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។ លោក​ថា​ ​ព្រលាន​យន្តហោះ​ស្តង់ដារ​អន្តរជាតិ​ថ្មីៗ​នៅ​កម្ពុជា​ដែល​ទើប​នឹង​សាងសង់​រួចរាល់​ នឹង​រួមចំណែក​ដល់​ការ​ទាក់​ទាញ​ទេសចរបរទេស និង​ក្រុម​ធុរកិច្ច​ផ្សេង​ទៀត​មក​កម្ពុជា​។

ទាក់ទិន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​រដ្ឋាភិបាល​រំពឹង​ថា ​នឹង​កើន​ដល់​ ៧ ភាគរយនៅ​ឆ្នាំ ​២០២៨​ អ្នក​ជំនាញ​សេដ្ឋកិច្ច​រូបនេះ​យល់​ថា​ កម្ពុជាអាចសម្រេច​បាន​កំណើននេះ ប្រសិន​បើ​មិនមាន​បញ្ហា​អ្វីមួយ​កើត​ឡើង​នៅ​ក្នុង​ពិភពលោក​។

គួរ​បញ្ជាក់​ថា កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើ​ឡើង​ក្រោម​មូលបទ «បញ្ចេញ​សក្តានុពល​អាស៊ាន៖ ការ​តភ្ជាប់​បច្ចេកវិទ្យា និង​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity, Technology, and Inclusive Growth)»។ កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា មាន​គោលបំណង​ជំរុញ​សក្តានុពល​អាស៊ាន ដែល​កម្ពុជា​គឺជា​ចំណុច​ស្នូល និង​លើក​យក​ប្រធាន​បទ​សំខាន់ៗ​មក​ជជែក​ពិភាក្សា​រួមមាន តំណ​ភ្ជាប់​ខ្សែ​បញ្ជូន​ថាមពល​អាស៊ាន​ប្រកប​ដោយ​ចីរភាព និង​ថាមពល​កកើត​ឡើង​វិញ​របស់​អាស៊ាន ហើយ​កម្ពុជា​គឺជា​ច្រក​ទ្វារ​ទៅ​កាន់​អាស៊ាន និង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ដើម្បី​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន​។

កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជាកើត​ឡើង​ ក្រោយ​ពេល​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ធំៗ​ប្រមាណ ​១៧​ ក្នុង​នោះ​មាន​ប្រតិ​បត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​ បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ ទេសចរណ៍​ ហិរញ្ញវត្ថុ​ ថាមពល​ ផ្សារ​លក់​រាយ ​កម្មន្តសាល​ និង​ធានា​រ៉ាប់រង​ជាដើម​។

ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន ក៏​បាន​ស្នើ​ឱ្យ​កម្ពុជា​មាន​កំណែ​ទម្រង់​លើ​បរិយាកាស​វិនិយោគ ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ទាក់​ទាញ​ក្រុមហ៊ុន​អាមេរិក​កាន់​តែ​ច្រើន​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG