ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ការទូត​ចិនលោក វ៉ាង យី នឹង​មក​កម្ពុជា​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi អញ្ជើញ​ចូល​ក្នុង​រថយន្ដ​មួយ​គ្រឿង​ក្នុង​អំឡុងពេល​ដែល​លោក​បាន​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ថ្ងៃ​សៅរ៍ ទី ១២ ខែសីហា ឆ្នាំ២០២៣ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីនោះ។ (AP Photo/Heng Sinith)
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi អញ្ជើញ​ចូល​ក្នុង​រថយន្ដ​មួយ​គ្រឿង​ក្នុង​អំឡុងពេល​ដែល​លោក​បាន​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ថ្ងៃ​សៅរ៍ ទី ១២ ខែសីហា ឆ្នាំ២០២៣ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីនោះ។ (AP Photo/Heng Sinith)

ប្រមុខ​ការ​បរទេស​ចិន​ លោក​ វ៉ាង យី ​(Wang Yi) ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន ​៣ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ក្នុង​នោះ​មាន​កម្ពុជា ឥណ្ឌូណេស៊ី​ និង​ Papua New Guinea ​ដោយ​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​នេះ។​

ដំណើរ​ទស្សន​កិច្ច​របស់​លោក ​វ៉ាង យី ​មក​កាន់​ប្រទេស​ទាំង​៣​នេះ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ១៨ ​ដល់ទី ​២៣ ​ខែ​មេសា​ ឆ្នាំ​ ២០២៤។ ​នេះ​បើ​តាម​លោក ​Lin Jian ​អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស​ចិន ​ដែល​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ។​

បើ​តាម​អ្នក​នាំពាក្យ​ ​ចិន​សង្ឃឹម​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក ​Wang ​នឹង​ជួយ​អនុវត្ត​ការ​ឯកភាព​ដែល​លោក​ប្រធានាធិបតី ​Xi Jinping ​បាន​ព្រម​ព្រៀង​គ្នា​ជា​មួយ​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ ៣ ​និង​អនុវត្ត​គម្រោង​ប្រកប​ដោយ​គុណភាព​ខ្ពស់ ​ពាក់ព័ន្ធ​នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ ឬ​ BRI ​(Belt and Road Initiative)។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​រូប​នេះ​បាន​ហៅ​ប្រទេស​ទាំង​ ៣ ​ថា​ជា​«មិត្ត​ល្អ ​និង​ដៃ​គូ​ល្អ» ​ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​សម​ភាព​ ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ​និង​ការ​អភិវឌ្ឍ​រួមគ្នា។ ​លោក​ក៏​បាន​កោត​សរសើរ​ចំពោះ​«សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​រឹងមាំ»​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ទាំង ​៣។​

លោក ​Lin Jian ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​លើក​ឡើង​ថា​ ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល ​៦ ​ថ្ងៃ​នា​ពេល​ខាង​មុខ​ លោក ​Wang ​នឹង​ចូល​រួម​យន្តការ​កិច្ចសហ​ប្រតិបត្តិការ​ការ​សន្ទនា​កម្រិត​ខ្ពស់​ជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី ​និង​ចូលរួម​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋា​ភិបាល​ចិន-កម្ពុជា។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក ប៉ែន បូណា​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ​ ដោយ​ឱ្យ​អ្នក​សារ​ព័ត៌មាន​វីអូអេ​ទាក់ទង​ទៅ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​វិញ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក ​ជុំ សុន្ទរី ​ប្រាប់​វីអូអេ​ថា​ កម្មវិធី​បណ្តោះ​អាសន្ន​កំពុង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប្រទេស​ទាំង​ពីរ​ ហើយ​កាល​បរិច្ឆេទ​មក​ដល់​របស់​លោក ​Wang ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។ ​អ្នកនាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា​ ក្រសួង​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆាប់ៗ​ខាង​មុខ​នេះ។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Wang ​គ្រោង​ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​ចិន​បង្កើន​ការទូត​របស់​ខ្លួន​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ ខណៈ​មាន​ការ​រឹត​បន្តឹង​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរ​ជាតិ ​លោក ​សេង វណ្ណលី ​ប្រាប់​វីអូអេ​ថា​ ដំណើរ​របស់​ប្រមុខ​ការទូត​ចិន​មក​កាន់​ប្រទេស​ចំនួន​ ៣ ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ​មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​រឹត​ចំណង​ការទូត​ជា​មួយ​ប្រទេស​ក្នុង​តំបន់។ ​អ្នក​វិភាគ​រូប​នេះ​បន្ថែម​ថា​ ការ​មក​កាន់​ទីក្រុង​ភ្នំពេញ​ក៏​បង្ហាញ​ពី​តួនាទី​របស់​ចិន​ពាក់​ព័ន្ធ​ជា​មួយ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ BRI ​និង​ថា​ រឿង​គម្រោង​ព្រែកជីក​ដែល​វៀតណាម​កំពុង​ព្រួយ​បារម្ភ ​ក៏​នឹង​ត្រូវ​លើក​យក​មក​ជជែក​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ហើយ​ខ្ញុំ​គិត​ថា​ ដំណើរ​ទស្សន​កិច្ច​លើក​នេះ​ប្រហែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នឹង​លើក​បញ្ជាក់​ពី​ការ​ប្តេជ្ញា​មុះ​មុត​របស់​ភាគី​ចិន​ចំពោះ​គម្រោង​ព្រែក​ជីក​ហ្វូណន ​ក៏ដូច​ជា​គម្រោង​ផ្សេងៗ​ទៀត ​ដែល​ពន្យារ​ពេល​របស់​រដ្ឋាភិបាល​ចិន។ ​ខ្ញុំ​គិត​ថា​ ចិន​ចាប់​ផ្តើម​វាយ​លុក​ការទូត​ម្តង​ទៀត​ក្រោយ​បញ្ហា​កូវីដ​១៩»។​

បើ​តាម​លោក​ សេង វណ្ណលី ​ ដំណើរការ​សេដ្ឋកិច្ច​របស់​ចិន​ចាប់​ផ្តើម​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ​ដែល​ធ្វើ​ឱ្យ​មហា​យក្ស​ចិន​ចាប់​ផ្តើម​ផ្តល់​សារៈ​សំខាន់​ផ្នែក​ការទូត​របស់​ខ្លួន​សាជា​ថ្មី។​

នៅ​មុន​បន្តិច​នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក ​ហ៊ុន ម៉ាណែត ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ Wang ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ក៏​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ផង​ដែរ ​គឺ​នៅ​ក្នុង​ខែ​សីហា កាល​ពី​ឆ្នាំ​មុន។ ​ កាល​នោះ ​ភាគី​កម្ពុជា ​និង​ចិន​បាន​ប្តេជ្ញា​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​កម្ពុជា​ប្រកាស​បន្ត​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​ដដែល។​

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។

អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក ​លឹម ឆាយ ​ប្រាប់​វីអូអេ​ថា​ ចិន​ចង់​បញ្ជាក់​សា​ជាថ្មី​ពាក់ព័ន្ធ​នឹង​វោហា​សាស្ត្រ​របស់​ខ្លួន ​ពាក្យ​ស្លោក​នយោបាយ ​ព្រម​ទាំង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​ភាគី​កម្ពុជា ​ជា​ពិសេស​គោល​គំនិត​របស់​ប្រធានាធិបតី​ចិន​ លោក​ Xi​ ទាក់ទង​នឹង​«សហគមន៍​នៃ​ជោគ​វាសនា​រួម»។​

បើ​តាម​អ្នក​ស្រាជ្រាវ​រូប​នេះ​ របៀប​វារៈ​របស់​ចិន​គឺ​រំពឹង​ថា​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​ផ្សេងៗ ​ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​នឹង​គម្រោង​ព្រែក​ជីក ​ដែល​ចិន​នឹង​ជួយ​ស្ថាបនា​សម្រាប់​ប្រទេស​កម្ពុជា ​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន។​

លោក​បញ្ជាក់​ថា៖​ «ប្រសិន​ជា​គម្រោង​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ កម្ពុជា​នឹង​ចាំបាច់​ត្រូវ​ប្រកាន់​យក​នូវ​វិធី​សាស្រ្ត​ដ៏​ឈ្លាស​វៃ ​ដោយ​ធានា​បាន​នូវ​អត្ថ​ប្រយោជន៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម​របស់​ខ្លួន ​ដោយ​ចៀស​វាង​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​នយោបាយ​មហា​អំណាច ​ជា​ពិសេស​រវាង​ប្រទេស​ចិន ​សហរដ្ឋ​អាមេរិក ​ហើយនឹង​វៀតណាម»។​

កាល​ពី​ចុង​ខែ​កុម្ភៈ ​លោក ​Daniel J. Kritenbrink ​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​អាមេរិក​មក​កាន់​កម្ពុជា​និង​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​ ក្នុង​ពេល​នោះ ​មន្រ្តី​ការទូត​ជាន់​ខ្ពស់​អាមេរិក​ក៏​បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​នៅ​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម ​ហើយ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​បើក​លំហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

អ្នក​វិភាគ​នយោបាយ​អន្តរជាតិ​ លោក​ រ៉ូ វណ្ណៈ ​ប្រាប់​វីអូអេ​ថា​ ចិន​នៅ​តែ​ព្យាយាម​ពង្រឹង​និង​ពង្រីក​ភាព​ជា​អ្នក​ដឹក​នាំ​មហា​អំណាច​ក្នុង​តំបន់​របស់​ខ្លួន​ ខណៈ​ឥទ្ធិពល​របស់​ចិន​កាន់​តែ​កើន​ឡើង ​ហើយ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​គាំទ្រ​គោល​នយោបាយ​របស់​ចិន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ចិន ​ក្រៅ​តែ​ពី​ពង្រឹង​ ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ហ្នឹង​ ខ្ញុំ​គិត​ថា​ របៀប​វារៈ​នយោបាយ​តំបន់​ឬ​ក៏​របៀបវារៈ​ភូមិ​សាស្ត្រ​នយោបាយ​ក៏​ស្ថិត​ក្នុង​ការ​គិត​គូរ​របស់​ចិន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែរ»។​

បើ​តាម​លោក​ រ៉ូ វណ្ណៈ ​ដំណើរ​ទស្សន​កិច្ច​នា​ពេល​នេះ​ក៏​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ចិន​មក​លើ​កម្ពុជា​ ជាពិសេស​នៅ​គ្រា​មាន​ការ​ចោទ​ប្រកាន់​នានា​ពី​សហ​រដ្ឋ​អាមេរិក​និង​វៀត​ណាម​ លើ​គម្រោង​ព្រែក​ជីក​ និង​ថា ​វា​ក៏​បង្ហាញ​ពី​ការ​ប្រទាញ​ប្រទង់​រវាង​ចិន​និង​អាមេរិក​ទាក់ទង​កម្ពុជា​ផង​ដែរ។​

កាល​ពី​ឆ្នាំ​មុន ​លោក​ Xi ​និង​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ​ហ៊ុន សែន​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រកាស​អំពី​កិច្ច​សហ​ប្រតិបត្តិការ​«ត្បូង​ពេជ្រ»​ នៅ​ទីក្រុង​ប៉េកាំង ​ក្នុង​គោល​បំណង​បង្កើន​ទំនាក់​ទំនង​ទ្វេភាគី​ក្នុង​វិស័យ​នយោបាយ​ ផលិត​ភាព​ កសិកម្ម ​ថាមពល ​សន្តិសុខ ​និង​ការ​ផ្លាស់ប្តូរ​ប្រជាជន។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​របស់​រដ្ឋាភិបាល ​លោក ​គិន ភា ​លើក​ឡើង​ថា​ ដំណើរ​របស់​លោក​ វ៉ាង​ យី មក​កម្ពុជា ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ ដែល​លោក​ថា​ «ផ្តល់​ជា​សន្ទុះ​បន្ថែម​ដល់​ទំនាក់​ទំនង»​រវាង​ប្រទេស​ទាំង​ពីរ។​ លោក​បន្ថែម​ថា​ ការ​បង្ហាញ​ក្តី​បារម្ភ​នានា​របស់​វៀតណាម​លើ​គម្រោង​ព្រែក​ជីក​កម្ពុជា ​គឺ​ដោយ​សារតែ​វៀតណាម​ខ្លាច​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួន​លើ​កម្ពុជា។ ​លោក​បន្ត​ថា​ ការ​មក​ដល់​របស់​លោក​ វ៉ាង​ ក៏​មិន​អាច​លុប​លាង​ការ​លាប​ពណ៌​មក​លើ​ប្រទេស​កម្ពុជា​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG