ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន ធ្វើដំណើរ​មក​កម្ពុជា


រូបឯកសារ៖ សកម្មជន​ម្នាក់ កាន់រូបថត​របស់​សកម្មជន​ថៃ​ឈ្មោះ Wanchalerm Satsaksit អំឡុង​ពេល​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​កម្ពុជា នៅក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេសថៃ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

បង​ស្រី​របស់​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ គឺ​លោក Wanchalerm Satsaksit បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា អ្នកស្រី​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​រួម​ជាមួយ​នឹង​ក្រុម​អ្នក​ច្បាប់​មួយ​ក្រុម​ ដើម្បី​មក​ប្រគល់​ភស្តុតាង​ដែល​អ្នក​ស្រី​សង្ឃឹម​ថា នឹង​អាច​ជួយ​ដល់​ការ​ស៊ើប​អង្កេត​រក​ទីតាំង​របស់​ប្អូន​ប្រុស​ ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​បាត់​ខ្លួន​ដែល​គេ​សង្ស័យ​ថា​ដោយ​បង្ខំ​នៅ​ទីក្រុង​ភ្នំពេញ។​

គិត​ចាប់​តាំង​ពី​មាន​ការ​រាយការណ៍​ថា លោក Wanchalerm ត្រូវ​បាន​គេ​ក្រៀក​បញ្ចូល​ក្នុងរថយន្តមួយ​គ្រឿង​ទាំង​កណ្ដាល​ថ្ងៃ​ចែស​នៅ​ជិត​ខុនដូ​របស់​លោក​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​មក គ្មាន​ព័ត៌មាន​អំពី​រូប​លោក​ទេ បើ​ទោះ​បី​ជា​មាន​ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ថា​តើ​បុរស​អាយុ ៣៧ ឆ្នាំ​រូប​នេះ​ បាត់​ខ្លួន​ទាំង​គ្មាន​ដាន​ដោយ​វិធី​ណា។

ករណី​នេះ ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​ និង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត

បង​ស្រី​របស់​លោក Wanchalerm គឺ​អ្នក​ស្រី Sitanan Satsaksit បាន​ថ្លែង​ប្រាប់​វីអូអេ​ថា អ្នកស្រី​នឹង​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​មក​ប្រ​ទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ រួម​ជាមួយ​និង​មេធាវី​ជនជាតិ​ថៃ​ចំនួន​៣​រូប ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សវនាការ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ដោយ​អ្នក​ស្រី​សង្ឃឹម​ថា នេះ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការ​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ​មួយ។

លោក Wanchalerm ​បាន​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​នៅ​ខែ​ឧសភា ឆ្នាំ២០១៤ បន្ទាប់​ពី​របប​យោធា​នា​ពេល​នោះ បាន​ចេញ​ដីកា​ចាប់​ខ្លួនរូប​លោក​ចំពោះ​ការ​ខកខាន​មិន​បាន​រាយការណ៍​ទៅ​ជំរំ​យោធា​សម្រាប់​ដាក់​អ្នក​ប្រឆាំង ៣​ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​ប្រហារ។

ខណៈ​ពេល​ដែល​រស់​នៅ​និរទេស​ខ្លួន​ដែល​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជា លោក​បាន​បង្ហោះ​ការ​វាយ​ប្រហារ​តាម​បែប​ដៀលត្មះ​នៅ​ទំព័រ​ហ្វេសប៊ុក​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែល​ពេល​នោះ​ គឺ​ជា​មេ​ដឹក​នាំ​យោធា ហើយ​បច្ចុប្បន្ន​នេះ ​ជា​នាយករដ្ឋ​មន្ត្រី​ថៃ។ ការ​បង្ហោះ​ចុង​ក្រោយ​របស់​លោក Wanchalerm ដែល​ចំអក​ដល់​នាយក​រដ្ឋ​មន្ត្រី​ថៃ ត្រូវ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​មុន​ពេល​លោក​បាត់​ខ្លួន។

លោក​មិន​មែន​ជា​អ្នក​ប្រឆាំង​ដែល​លេច​ធ្លោ​ណាស់​ណា​ទេ ប៉ុន្តែ​យ៉ាង​ណា​ក្ដី តុលាការ​ថៃ​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​នៅ​ឆ្នាំ ២០១៨ ក្រោម​បទ​ចោទ​ប្រកាន់​ «បទ​ល្មើស​តាម​បណ្ដាញ​កុំព្យូទ័រ» ដែល​ជា​បទ​ល្មើស​ត្រូវ​អនុវត្ត​ទោស​រយៈ​ពេល​២​ឆ្នាំ។

អ្នក​ស្រី Sitanan ថ្លែង​ប្រាប់​វីអូអេ​ថា៖

«ពេល​វេលា​សម្រាប់​រក​យុត្តិធម៌​មក​ដល់​ហើយ។ ឧក្រិដ្ឋកម្ម ​គឺ​ជា​បទ​ឧក្រិដ្ឋ ហើយ​គ្មាន​នរណា​ម្នាក់​នៅ​លើ​ច្បាប់​ទេ។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា តើកម្ពុជា​ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​កម្រិត​ណា​ ឬ​មួយ​ពួក​គេ​មាន​ឆន្ទៈ​ស៊ើប​អង្កេត​កម្រិត​ណា​ទេ»។

អាជ្ញាធរ​ថៃ បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​ដឹង​អំពី​ការ​បាត់​ខ្លួន​លោក Wanchalerm ទេ ហើយ​ក្រសួង​ការបទេស​ក៏​បាន​និយាយ​ដែរ​ថា ក្រសួង​បាន​ស្នើ​ឲ្យ​កម្ពុជា​ ស៊ើប​អង្កេត​ករណី​នេះ​ហើយ។ កាល​ពី​ដំបូង​ឡើយ ប្រទេស​កម្ពុជា​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​ ប៉ុន្តែ​នៅ​ពេល​មាន​សម្ពាធ​កាន់​តែ​កើន​ឡើង​នោះ​ ព្រះរាជអាជ្ញា​នៅ​ក្នុង​ប្រទេស​នេះ​ បាន​យល់​ព្រម​ទទួល​យក​ភស្តុតាង។ អ្នកស្រី Sitanan បាន​ទទួល​នូវ​ដីកា​មួយ​ពី​តុលាការ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទៅ​ចូលរួម​ក្នុង​សវនាការ​មួយ​អំពី​ការ​បាត់​ខ្លួន​នេះ។

ទោះ​យ៉ាង​ណា​អ្នក​ស្រី​និយាយ​ប្រាប់​វីអូអេ​ថា៖ «មនុស្ស​គ្រប់​គ្នា​ដឹង​ហើយ​ថា ​អ្នក​ណា​ជា​អ្នក​ធ្វើ​រឿង​នេះ»។

អ្នកស្រី​និយាយ​បន្ត​ដោយ​មិន​អត្ថាធិប្បាយ​លម្អិត​ថា៖ «រដ្ឋ​ថៃ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ។ ខ្ញុំ​បាន​និយាយ​បែប​នេះ​ជា​សាធារណៈ ​ច្រើន​លើក​រួច​មក​ហើយ»។

លោក Somsak Thepsuthin រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ​បាន​ថ្លែង​ថា ក្រសួង​ការបរទេស​មិន​អាច​បញ្ជាក់​ថា លោក Wanchalerm ពិត​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​យ៉ាង​ណា​ទេ។

អ្នកស្រី Sitanan កំពុង​តែ​និយាយទូរស័ព្ទ​ជាមួយ​ប្អូន​ប្រុស Wanchalerm នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​គេ​ញាត់​បញ្ចូល​ក្នុង​ឡាន​ម៉ាក​ Highlander មួយ​គ្រឿង​ ក្រោយពេល​ដែល​លោកដើរ​ចេញ​ពី​ខុនដូទៅ​ទិញ​អាហារ​សម្រន់​ដែល​នៅ​ក្បែរ​នោះ។

អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​បាន​ឮ​សំឡេង​ខ្លាំង បន្ទាប់​មក​គាត់​បាន​និយាយ​ថា ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេៗ បន្ទាប់​មក​ទូរស័ព្ទ​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់។ នេះ​ ជា​ពេល​ចុង​ក្រោយ​បង្អស់​ដែល​ខ្ញុំ​បាន​ឮ​សំឡេង​គាត់»។

គ្មាន​ការ​ស្វែង​រក​រថយន្ត​នោះ​ទេ ហើយ​ក៏​គ្មាន​ជន​សង្ស័យ​ណា​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។

មេធាវី​មួយ​រូប​ដែល​នឹង​អម​ដំណើរ​អ្នកស្រី​មក​ប្រទេស​កម្ពុជា ​គឺ​អ្នក​ស្រី Pornpen Khongkachonkiet ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​មាន​តួនាទី​ជា​នាយក​មូលនិធិ​ឆ្លង​វប្បធម៌ (Cross Cultural Foundation)។ អ្នក​ស្រី​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា សវនាការ​នេះ​ នឹង​បង្ហាញភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ថា «អំពើ​ឧក្រិដ្ឋ​ពិត​ជា​បាន​កើត​ឡើង​មែន ហើយ​វា​អាច​នឹង​នាំ​ទៅ​ដល់​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ ដែល​រួម​មាន​ការពង្រត់ ការ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ»។

បើ​តាម​គំនិត​របស់​អ្នក​ស្រី Sitanan លទ្ធផល​ល្អ​បំផុត​នោះ​គឺ​ថា ភស្តុតាង​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​រាជ​អាជ្ញា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​មាន​កំណត់​ត្រា​ផ្នែក​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​សង្ស័យ​ និង​មាន​ការ​បាត់​ខ្លួន​ពលរដ្ឋ​របស់​ខ្លួន​ជា​ច្រើន​នោះ អាច​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ​មួយ​ បើ​ទោះ​បី​ជា​ការ​រាយការណ៍​ដំបូង​អំពី​ការ​បាត់​ខ្លួន​លោក Wanchalerm មាន​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ​ក្ដី។

នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា អ្នកស្រី Sitanan គ្រោង​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​ អំពី​ការ​បាត់​ខ្លួន​ប្អូន​ប្រុស​របស់​អ្នកស្រី ដោយ​អ្នក​ស្រី​នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​ អ្នកស្រី​និយាយ​ថា​ ការ​ធ្វើ​ដូច្នេះ​«គឺ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ»។

សាក​សព​នៅ​ក្នុង​ទន្លេ

ប្រទេស​ថៃ​មាន​ប្រវត្តិ​មិន​ល្អ​អំពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ដែល​គេ​មាន​ការ​សង្ស័យ។

លោក Wanchalerm គឺ​ជា​សកម្មជន​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​ទី​៩​ហើយ​ដែល​បាត់​ខ្លួន គិត​ចាប់​ពី​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៤ ដោយ​សកម្មជន​និរទេស​ខ្លួន​ទាំង​អស់​ស្វែង​រក​ការ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ដែល​នៅ​ជិត​ខាង។

សាក​សព​សកម្មជន​ឈ្មោះ Kraidej Luelert និង​ Chatchan Buphawan ដែល​បាន​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ប្រទេស​ឡាវ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ​កាល​ពី​ខែ​មករា ឆ្នាំ ២០១៩ ដោយ​សាក​សព​របស់​ពួក​គេ​ត្រូវ​គេ​រុំ​ក្នុង​សំណាញ់ ដៃ​ជាប់​ចំណង​ ហើយ​ពោះ​ត្រូវ​បាន​គេ​វះ​ញាត់​ដុំ​ថ្ម។

ពួក​គេ​ បាន​រស់​នៅ​ជាមួយ​មនុស្ស​ទី៣​ឈ្មោះ Surachai Sae-Dan ដែល​ជា​អ្នក​រិះ​គន់​ដ៏​ខ្លាំង​ម្នាក់​ទៅ​លើ​យោធា​ថៃ​ និង​របប​រាជានិយម ហើយ​លោក​ក៏​ជា​មេ​ដឹកនាំ​ក្រុម​អាវ​ក្រហម​ថៃ ដែល​ជា​ក្រុម​ប្រឆាំង​តូច​មួយ។ លោក​បាន​បាត់​ខ្លួន​នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​មិន​ត្រូវ​បាន​រក​ឃើញ​ទេ។

សកម្មជន​ថៃ​ល្បី​ឈ្មោះ​ម្នាក់​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឡាវ​ គឺ​លោក Wuthipong ‘Kotee’ Kachathamakul ដែល​ល្បី​ឈ្មោះ​ដោយសារ​តែ​ការ​គំរាម​កំហែង​របស់​លោក​ក្នុង​ការ​ក្រោក​ឈរ​ប្រឆាំង​ប្រដាប់​អាវុធ​ជាមួយ​យោធា​ថៃ និង​ការ​រិះ​គន់​របប​រាជានិយម​នោះ​ បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ដោយ​គេ​មាន​ការ​បារម្ភ​ថា លោក​ប្រហែល​ជា​បាន​ស្លាប់​បាត់​ទៅហើយ។

គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ចំពោះ​អំពើ​ឃាតកម្ម​ និង​ការ​បាត់​ខ្លួន​ទាំង​នេះ ដោយ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​ចំនួន​មនុស្ស​ស្លាប់ដែល​ចេះ​តែ​កើន​ឡើង​នេះ ​ត្រូវ​គេ​ចង្អុល​ទៅ​ក្រុម​ពេជ្យឃាត​ថៃ​ ដែលលាក់​ខ្លួន​នៅ​ក្រៅ​ព្រំដែន​ថៃ។

រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​លើក​ម្រាមដៃ​បី​ក្នុង​អំឡុង​ពេល​ធ្វើបាតុកម្ម​តវ៉ា​មួយ​នៅ​សង្កាត់​ពាណិជ្ជកម្ម Silom ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០។
រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​លើក​ម្រាមដៃ​បី​ក្នុង​អំឡុង​ពេល​ធ្វើបាតុកម្ម​តវ៉ា​មួយ​នៅ​សង្កាត់​ពាណិជ្ជកម្ម Silom ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០។

នៅ​តាម​ដង​ផ្លូវ​នានា​នៅ​ទីក្រុង​បាងកក ដែល​ជា​កន្លែង​មាន​ការ​ប្រមូលផ្ដុំ​នៃ​អ្នក​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​អស់​ជា​ច្រើន​ខែ​មក​ហើយ​នោះ ​បដា​ដែល​មាន​រូប​ថត​លោក​ Wanchalerm ក្នុង​ទឹក​មុខ​ញញឹម​ និង​លើក​ម្រាម​ដៃ​៣ ត្រាប់​តាមហ្គេម Hunger Games គឺ​ជា​និមិត្តសញ្ញា​នៃ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ បដា​ដែល​មាន​រូប​លោក​នេះ​ បាន​ក្លាយ​ជាតំណាង​នៃ​និទណ្ឌភាពដែល​កើត​មាន​នៅ​ទូទាំង​សង្គម​ថៃ។

អ្នក​ស្រី Pornpen និយាយ​ថា៖

«ប្រជាពលរដ្ឋ​កំពុង​ទាមទារ​រក​យុត្តិធម៌ និង​ការពិត​ ជា​ពិសេស​សម្រាប់​ការ​បាត់​ខ្លួន​នានា​ដោយ​បង្ខំនៃ​ក្រុម​អ្នក​ប្រឆាំង​នយោបាយ​ដែល​រស់​នៅ​និរទេស​ខ្លួន»។

ការ​បាត់​ខ្លួន​លោក Wanchalerm ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដាស់​តឿន​អំពី​បញ្ហា​សិទ្ធិ​មនុស្សក្នុង​ចំណោម​ចលនា​យុវជន​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ លាលែង​ពី​តំណែង ទាមទារ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី និង​ការ​ធ្វើ​កំណែ​ទម្រង់​នានា ទៅ​លើ​របប​រាជានិយម ​ដែលធ្លាប់​តែ​មិន​អាច​មាន​នរណា​ធ្វើ​ការ​រិះ​គន់​បាន។

ព្រះ​បរមរាជវាំង​ថៃ​ ត្រូវ​បាន​ការពាររ​ដោយ​ច្បាប់​ដ៏​តឹងរ៉ឹង​មួយ​ប្រឆាំង​នឹង​ការ​បរិហាកេរ្តិ៍​លើ​ព្រះ​មហាក្សត្រ​ ដែល​អាច​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​អ្នក​បំពាន​រហូត​ដល់​ទៅ​១៥ឆ្នាំ។ ព្រះ​បរមរាជវាំង​ ក៏​ត្រូវ​បាន​ការពារ​ផង​ដែរ​ដោយ​ស្ថាប័ន​រាជានិយម ដែល​រួម​មាន​តុលាការ និង​កង​ទ័ព​ដែល​មេបញ្ជាការ​របស់​ពួក​គេ​បាន​ស្បថ​ថា​ នឹង​ស្មោះ​ស្ម័គ្រ​ជាមួយ​នឹង​ព្រះ​មហាក្សត្រ Maha Vajiralongkorn។

ករណី​លោក Wanchalerm កំពុង​ត្រូវ​បាន​គេ​បន្ទោរអឺងកង​ក្នុង​ចលនា​ទាមទារ​ការ​ធ្វើ​កំណែ​ទម្រង់។

លោក Sunai Phasuk ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​អំពី​ប្រទេស​ថៃ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​ថា៖

«នេះ​ក៏​ដោយសារ​តែ​អ្នក​ដែល​ធ្វើ​ការ​តវ៉ា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​ហ៊ាន​និយាយ ប្រសិន​បើ​អ្នក​ហ៊ាន​តស៊ូ​ទាមទារ​រក​យុត្តិធម៌ ឬ​អំពាវនាវ​ឲ្យ​មាន​អនាគត​ល្អ​នោះ​ អ្នក​ប្រហែល​ជា​ត្រូវ​មាន​វាសនា​ដូច​គាត់​អ៊ីចឹង»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG