បងស្រីរបស់សកម្មជនថៃម្នាក់ដែលបាត់ខ្លួន គឺលោក Wanchalearm Satsaksit អះអាងថា អ្នកស្រីនឹងធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា គឺនៅសប្តាហ៍ក្រោយនេះ ដើម្បីបង្ហាញភស្តុតាងអំពីការបាត់ប្អូនប្រុសរបស់អ្នកស្រី ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២០។
បងស្រីរបស់សកម្មជនដែលបាត់ខ្លួន គឺអ្នកស្រី Sitanan Satsaksit បានប្រាប់ VOAថា អ្នកស្រី នឹងនាំក្រុមមេធាវីរបស់អ្នកស្រីដែលជាជនជាតិថៃ៣នាក់ មកកម្ពុជា ដើម្បីផ្ដល់ភស្តុតាងដែលអ្នកស្រីសង្ឃឹមថា នឹងជំរុញឲ្យមានការស៊ើបអង្កេតលើការបាត់ខ្លួនប្អូនប្រុសក្នុងទីក្រុងភ្នំពេញ។
អ្នកស្រីមានប្រសាសន៍ថា៖ «ពេលវេលាសម្រាប់យុត្តិធម៌ គឺពេលនេះ។ ឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្ម ហើយគ្មាននរណាម្នាក់ អាចនៅពីលើច្បាប់បានទេ។ ប៉ុន្តែ ខ្ញុំមិនដឹងថាតើកម្ពុជា បានស៊ើបអង្កេតកម្រិតណា មកដល់ពេលនេះ ឬក៏មានឆន្ទៈក្នុងការស៊ើបអង្កេត ឬយ៉ាងណា»។
អ្នកស្រី បានរំឭកថ្ងៃចុងក្រោយ គឺនៅថ្ងៃទី៤ ខែមិថុនា ដែលអ្នកស្រីកំពុងនិយាយទូរស័ព្ទជាមួយប្អូនប្រុសដែលចេញមកពីខុនដូដែលស្នាក់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីទិញចំណីអាហារ ហើយត្រូវចាប់ខ្លួនដាក់ក្នុងរថយន្ត ដោយឮនិយាយថា «ខ្ញុំមិនអាចដកដង្ហើម ខ្ញុំមិនអាចដកដង្ហើម» មុនពេលទូរស័ព្ទកាត់ផ្តាច់។
អ្នកស្រីបញ្ជាក់ថា៖ «នេះជាពេលវេលាចុងក្រោយ ដែលខ្ញុំបានឮសម្តីរបស់គាត់»។ អ្នកស្រីអះអាងថា អាជ្ញាធររដ្ឋថៃពាក់ព័ន្ធនឹងការបាត់ខ្លួននេះ តែបដិសេធមិនបញ្ជាក់បន្ថែម។
សាក្សីដែលរស់នៅក្បែរខុនដូមួយនៅជ្រោយចង្វារដែលជាទីកន្លែងបាត់ខ្លួន បានរាយការណ៍ប្រាប់ VOA ថា សកម្មជនថៃរូបនោះ ត្រូវបានគេចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿងនៅជិតកន្លែងស្នាក់នៅរបស់លោក កាលពីថ្ងៃទី៤ ខែមិថុនា។
ទោះជាយ៉ាងណា លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ VOA ថា រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជា មិនទាន់មានភស្តុតាង ឬតម្រុយណាមួយ ដែលបញ្ជាក់លើព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃរូបនោះ នៅលើទឹកដីកម្ពុជានោះទេ។
លោកមានប្រសាសន៍ថា៖ «វឌ្ឍនភាពនៃការស៊ើបអង្កេតមិនទាន់មានអីថ្មីទេ។ រឿងគាត់មករឿងគាត់មិនមក ជារឿងរបស់គាត់ទេ។ គាត់មក គាត់ទំនាក់ទំនងតាមនីតិវិធីទៅ ខាងនគរបាលជាតិនៃកម្ពុជា គឺសមត្ថកិច្ចកម្ពុជារង់ចាំទទួលធ្វើការជាមួយគាត់ដោយបើកចំហ អត់មានចង្អៀតចង្អល់ទេ»។
ប៉ុន្តែលោកថា លោកមិនទាន់បានទទួលព័ត៌មាននៃការត្រៀមមកប្រទេសកម្ពុជារបស់គាត់នោះទេ។
លោកអំពាវនាវឲ្យភាគីពាក់ព័ន្ធផ្តល់ភស្តុតាងមកកម្ពុជា រួមទាំងអង្គការសហប្រជាជាតិ ដែលធ្លាប់ជំរុញឲ្យមានការស៊ើបអង្កេតអំពីការបាត់ខ្លួននេះ។
លោកបញ្ជាក់ថា៖ «អញ្ចឹងគាត់គួរតែផ្តល់កិច្ចសហការ ផ្តល់ភស្តុតាងឲ្យច្រើនបន្តិចមកដល់កម្ពុជា ដើម្បីកម្ពុជាមានមូលដ្ឋានសម្រាប់ស្រាវជ្រាវបន្តទៀត។ បើគាត់គ្រាន់តែប្រកាសព្រួយបារម្ភទម្លាក់កំហុសមកលើយើងខ្ញុំ អត់ផ្តល់នូវអ្វីដែលគាត់មានមកយើងខ្ញុំ គឺខ្ញុំក៏អត់ដឹងធ្វើម៉េចដែរ»។
កាលពីខែមិថុនា ក្រុមអ្នកជំនាញសិទ្ធិមនុស្ស៤នាក់របស់អង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទាក់ទងនឹងការចាប់ពង្រត់និងការបាត់ខ្លួនដោយបង្ខំរបស់សកម្មជនថៃក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកជំនាញបានស្នើសុំឲ្យប្រទេសកម្ពុជា ផ្តល់នូវព័ត៌មានលម្អិតស្តីពីការស៊ើបអង្កេតដែលបានធ្វើឡើង និងអំពីជោគវាសនា និងទីកន្លែងរបស់សកម្មជនរូបនោះ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថា សកម្មជនថៃវ័យ៣៧ឆ្នាំរូបនេះ បានគេចខ្លួនមកស្នាក់នៅក្នុងប្រទេសកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារនៅប្រទេសថៃ។ អង្គការនេះ បានបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ ២០១៨ អាជ្ញាធរថៃ បានចេញដីកាចាប់ខ្លួនលោក Wanchalearm ក្រោយពីលោកមិនបានបង្ហាញខ្លួនតាមដីកាកោះហៅរបស់អាជ្ញាធរ។
លោក Wanchalearm គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ ដែលតែងតែរិះគន់រដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា។ មួយថ្ងៃមុនការចាប់ដាក់ក្នុងរថយន្ត សកម្មជនរូបនេះ បានបង្ហោះវីដេអូចុងក្រោយមួយលើហ្វេសប៊ុករបស់លោក ដោយរិះគន់នាយករដ្ឋមន្ត្រីថៃ និងបាន«ជេរប្រមាថ»ថាលោក ប្រាយុទ្ធ ជាមេដឹកនាំនិយាយបានតែមាត់ ដឹកនាំប្រទេសមិនកើត និងជា«មេដឹកនាំល្ងង់ខ្លៅ»។
សាក្សីនៅក្បែរខុនដូដែលពួកគេថា ជនជាតិថៃលោក Wanchalearm ស្នាក់នៅនោះ បានប្រាប់ VOA ថា ពួកគេឃើញសកម្មជនថៃរូបនេះ ត្រូវបានបុរស៣នាក់ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿងនៅមុខខុនដូមួយ។ សាក្សីបញ្ជាក់ថា អ្នកដែលត្រូវចាប់ពង្រត់នោះ ពិតជាជនជាតិថៃ ដែលរូបថតរបស់លោកត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនិងសារព័ត៌មាន។
VOA បានសាកសួរស្ត្រីខ្មែរម្នាក់ដែលស្គាល់លោក Wanchalearm ជាង២ឆ្នាំមកហើយក្នុងនាមជា«មិត្តភ័ក្តិជិតស្និទ្ធិ»។ ស្ត្រីអាយុ២៧ឆ្នាំរូបនេះ និយាយសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភអំពីសុវត្ថិភាព។ កញ្ញានិយាយថា លោក Wanchalearm ពិតជាស្នាក់នៅខុនដូនោះមែន ហើយកញ្ញាក៏ធ្លាប់ចូលទៅលេងទីនោះជាមួយគាត់ដែរ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំមិនដឹងហេតុអ្វីគេថាមិនដែលស្គាល់គាត់ មិនដែលឃើញគាត់នៅខុនដូ។ គាត់ពិតជានៅទីនោះ។ គាត់ធ្លាប់ហៅខ្ញុំទៅលេង ហើយខ្ញុំបានទៅលេងអង្គុយនៅខាងក្រោយខុនដូនោះដែរ»។ កញ្ញាថ្លែងប្រាប់ VOA ថា លោក Wanchalearm ដែលកញ្ញាស្គាល់ឈ្មោះក្រៅថា «តា» ចូលចិត្តនិយាយរឿងនយោបាយ ហើយតែងតែរិះគន់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា កន្លងទៅ ប្រជាពលរដ្ឋនៅកន្លែងដែលបាត់ខ្លួននោះ និយាយតៗគ្នាអំពីការចាប់មនុស្សដាក់ក្នុងរថយន្ត។ លោកក៏បារម្ភថា សាក្សីមិនហ៊ាននិយាយអំពីករណីនេះ ដោយសារទំនុកចិត្ត និងសុវត្ថិភាពរបស់ពួកគេ។
លោកបន្តថា មានការសង្ស័យថា សកម្មជនថៃរូបនោះ ស្នាក់នៅទីនោះ ដោយផ្លាស់ប្តូរឈ្មោះ មិនមែនឈ្មោះរបស់លោកពិតប្រាកដនោះទេ។ ទោះជាយ៉ាងណា លោកអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់និងទុកចិត្តបាន ព្រោះករណីនេះត្រូវបានចាប់អារម្មណ៍ដោយសហគមន៍អន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរកម្ពុជា គួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់នូវក្នុងការបង្ហាញនូវការស៊ើបអង្កេត និងការស្រាវជ្រាវរបស់ខ្លួនដោយហ្មត់ចត់ ដើម្បីឲ្យមានទំនុកចិត្ត ពីព្រោះរឿងនេះ វាមិនមែនជារឿងតូចទេ ជារឿងមួយដែលអន្តរជាតិក៏ចាប់អារម្មណ៍»។ ហើយបើសិនជាក្រុមគ្រួសារគេយកភស្តុតាងមកដាក់បន្តទៀត អាហ្នឹងគឺជារឿងមួយដែលបញ្ជាក់ថា កម្ពុជាយើងត្រូវតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ បើសិនជាក្រុមគ្រួសារគេ មានភស្តុតាងគ្រប់គ្រាន់តទៅទៀត»។
នៅក្នុងប្រទេសកម្ពុជា បងស្រីរបស់សកម្មជនថៃដែលបាត់ខ្លួនគឺអ្នកស្រី Sitanan Satsaksit អះអាងថា អ្នកស្រីគ្រោងនឹងស្វែងរកប្អូនប្រុសដោយខ្លួនឯង ហើយនឹងផ្សព្វផ្សាយផ្ទាល់តាមប្រព័ន្ធសង្គមហ្វេសប៊ុក បន្ថែមលើការបង្ហាញភស្តុតាងទៅអាជ្ញាធរកម្ពុជា៕