មហាក្រុមហ៊ុនហាងលក់ទំនិញ Walmart បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានចាប់ផ្តើមដាក់លក់កាំភ្លើង និងគ្រឿងសញ្វាវុធនៅតាមហាងរបស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិកវិញ មួយថ្ងៃក្រោយពីក្រុមហ៊ុនលក់រាយដ៏ធំបំផុតក្នុងពិភពលោកនេះ ប្រកាសថា ខ្លួននឹងប្រមូលទុកសម្ភារៈអាវុធទាំងនោះ ឈប់ដាក់លក់ ក្នុងគោលបំណងការពារអតិថិជននិងបុគ្គលិក ខណៈដែលភាពតានតឹងកើនឡើងនៅពាសពេញប្រទេសក្នុងអំឡុងពេលបោះឆ្នោតជាតិ។
ក្រុមហ៊ុននេះ បាននិយាយតាមសេចក្តីប្រកាសព័ត៌មានថា៖ «បន្ទាប់ពីមានការរំជើបរំជួលរបស់ពលរដ្ឋនៅសប្តាហ៍នេះ ដែលបណ្តាលឲ្យមានការបំផ្លាញហាងជាច្រើនរបស់យើង យើងបានស្នើដល់ហាងនានា ឲ្យយកកាំភ្លើងនិងគ្រឿងសញ្វាវុធចេញពីធ្នើ។ [ប៉ុន្តែ] ដោយសារឧប្បទ្ទវហេតុដែលបានកើតឡើងស្ថិតនៅតាមទីតាំងដែលដាច់ពីគេឯង យើងបានសម្រេចចាប់ផ្តើមយកសម្ភារៈទាំងនេះ មកលក់ក្នុងហាងវិញនៅថ្ងៃនោះ»។
អ្នកនាំពាក្យក្រុមហ៊ុន Walmart បដិសេធមិនធ្វើអាត្ថាធិប្បាយពីមូលហេតុនៃការសម្រេចយកកាំភ្លើងនិងគ្រឿងសញ្វាវុធ មកលក់ឡើងវិញ តែប៉ុន្មានថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយមានមនុស្សជាច្រើនបារម្ភថា លទ្ធផលនៃការបោះឆ្នោត នឹងអាចចម្រូងចម្រាសគ្នានិងនាំឲ្យមានអំពើហិង្សានោះ។
ក្រុមអ្នកតស៊ូមតិផ្នែកគ្រប់គ្រងកាំភ្លើង បានរិះគន់តាមប្រព័ន្ធសង្គមពីការសម្រេចរបស់ Walmart នេះ ដោយនិយាយថា ខ្លួនមានការខកចិត្ត និងភ្ញាក់ផ្អើលពីព័ត៌មាននេះ ហើយថា នោះ គឺជា«កំហុសឆ្គងដ៏ធំមហិមា»។
ហាងលក់រាយជាច្រើន បានភ័យព្រួយបន្ទាប់ពីមានអ្នកចូលវាយប្រហារហាងពួកគេ នៅដើមឆ្នាំនេះ ដែលកម្ទេចបង្អួច លួចអីវ៉ាន់ ហើយពេលនោះ បានដុតហាងក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក។
ម៉្យាងទៀតចំនួនពលរដ្ឋអាមេរិកទិញកាំភ្លើង បានកើនឡើងខ្ពស់គួរឲ្យបារម្ភមិនធ្លាប់មាននៅឆ្នាំនេះ ដោយមានអ្នកទិញជាលើកដំបូងជាច្រើនក្នុងប៉ុន្មានខែចុងក្រោយនេះ៕