ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លក់​កាំភ្លើង​នៅ​សហរដ្ឋ​អាមេរិក​កើនឡើង​ក្នុងអំឡុងការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩


រូបឯកសារ៖ បុរសម្នាក់កំពុងមើលកាំភ្លើងនៅកន្លែងតាំងលក់កាំភ្លើង នៅទីក្រុង Oaks រដ្ឋ Pennsylvania កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ បុរសម្នាក់កំពុងមើលកាំភ្លើងនៅកន្លែងតាំងលក់កាំភ្លើង នៅទីក្រុង Oaks រដ្ឋ Pennsylvania កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧។

លោក Sam Barbakoff ដែល​ជា​អ្នក​បង្រៀន​បាញ់​កាំភ្លើង ​មាន​ការ​មមាញឹក​ជាមួយ​នឹង​ការ​ដក និង​ដាក់​គ្រាប់​កាំភ្លើង​នៅ​កន្លែង​ហាត់​បាញ់​កាំភ្លើង។ កាំភ្លើង​ទាំង​នេះ​ជា​កាំភ្លើង​សម្រាប់​ហាត់​បាញ់។

ក៏​ប៉ុន្តែ​ លោកមាន​កាំភ្លើង​ផ្ទាល់​ខ្លួន​មួយ​ នៅ​ជាប់​ខ្លួន​លោក​ជានិច្ច។ លោក Sam Barbakoff ជឿ​ថា ប្រសិនបើ​អ្នក​ណា​មាន​កាំភ្លើង អ្នក​នោះ​គួរ​ទុក​វា​ជាប់ខ្លួន​ដើម្បី​ការពារ​ខ្លួន។

លោក Sam Barbakoff និយាយថា៖ «បើ​មាន​នរណា​សម្រុក​ចូល​ក្នុង​ផ្ទះ​របស់​អ្នក អ្នក​មិន​អាច​ឲ្យ​អ្នក​នោះ​រង់ចាំ​អ្នក​ទៅ​យក​កាំភ្លើង​បាន​ទេ គឺ​អ្នក​គួរ​ដាក់​កាំភ្លើង​នៅ​ជាប់​នឹង​ខ្លួន​ជានិច្ច»។

លោក Sam Barbakoff ដែល​បាន​ផ្លាស់ទី​ពី​ប្រទេស​រុស្ស៊ី​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែងតែ​ចូលចិត្ត​កាំភ្លើង។

ហើយ​លោក​បាន​មក​រស់នៅ​ក្នុង​កន្លែង​ត្រូវ​ចិត្ត​របស់​លោក​តែម្ដង ដែល​នោះ​គឺ​រដ្ឋ Florida ដែល​ជា​រដ្ឋ​ចូលចិត្ត​កាំភ្លើង។ ប្រជាពលរដ្ឋ​ក្នុង​រដ្ឋ​នេះ​មាន​កាំភ្លើង​ចុះ​បញ្ជី​ចំនួន ៤ សែន ៥ ម៉ឺន​ដើម។ រដ្ឋ Florida ជា​រដ្ឋ​ដែល​មាន​អ្នក​កាន់​កាំភ្លើង​ច្រើន​ជាង​គេ​បំផុត​ទី​ពីរ​បន្ទាប់ពី​រដ្ឋ Texas នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពីពេល​ថ្មីៗ​នេះ នៅ​ក្នុង​រដ្ឋ Florida នេះ គេ​ឃើញ​មាន​ការ​កើន​ឡើង​នៃ​ការ​លក់​កាំភ្លើង និង​ម្ចាស់​កម្មសិទ្ធិ​កាំភ្លើង​ចាប់​តាំង​ពី​ខែ​មីនា​មក។ ហើយ​ករណី​នេះ​គឺ​កើត​មាន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ពលរដ្ឋ​អាមេរិកាំង​បាន​ទិញ​កាំភ្លើង​ច្រើន​មិនធ្លាប់​មាន​ពី​មុន​មក​នៅ​ទូទាំង​ប្រទេស។

ប្រព័ន្ធ​ឆែក​ប្រវត្តិ​ឧក្រិដ្ឋកម្ម​ជាតិ​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI បាន​ឆែក​ប្រវត្តិ​មនុស្ស​ជាង ១៩ លាន​នាក់​នៅ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​នៃ​ឆ្នាំ ២០២០ នេះ។ តួលេខ​នេះ​គឺ​មាន​ចំនួន ៦ លាន​នាក់​ច្រើនជាង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។

បើ​យោង​តាម​ស្ថាប័ន Brookings កង្វល់​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជំរុញ​ឱ្យ​មាន​កំណើន​សេចក្តី​ត្រូវការកាំភ្លើង។ កាល​ពី​ខែ​មីនា ស្ថាប័ន​នេះ​បាន​បញ្ជាក់​ថា ពួក​អ្នក​ទិញ​កាំភ្លើង​បាន​សម្តែងការ​ខ្វល់ខ្វាយ​អំពី​វិបត្តិ​ជំងឺ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច។

អ្នក​និពន្ធ​របស់​របាយការណ៍​នៃ​ស្ថាប័ន Brookings នេះ បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ភ័យ​ខ្លាច​ដូច​គ្នា​នេះ រួម​នឹង​បាតុកម្ម​ប្រឆាំង​នឹង​អយុត្តិធម៌​ខាង​ជាតិ​សាសន៍​នៅ​ទូទាំង​ប្រទេស​ដែល​បណ្តាល​មក​ពី​ការ​ស្លាប់​របស់​លោក George Floyd បាន​ជំរុញ​ឱ្យ​មាន​ការ​កើនឡើង​នូវ​ការ​លក់​កាំភ្លើង។

លោក Sam Barbakoff និយាយ​ថា ថ្នាក់​បង្រៀន​បាញ់​កាំភ្លើង​របស់​លោក​ដែល​មាន​ឈ្មោះ​ថា «កម្លាំង​ទល់​កម្លាំង» នេះ មាន​ប្រជាប្រិយ​ជា​ពិសេស​នៅ​ពេល​សព្វ​ថ្ងៃ​នេះ ទោះបីជា​គ្រាប់​កាំភ្លើង និង​កាំភ្លើង​មាន​តម្លៃ​ថ្លៃ​ជាង​មុន​ក៏​ដោយ។ កាំភ្លើង​ធុន Glocks ដែល​ធ្លាប់​មាន​តម្លៃ​ប្រមាណ​ពី ៤០០ ទៅ ៥០០ ដុល្លារ នៅ​ពេល​នេះ​មាន​តម្លៃ​ពី ៧០០ ទៅ ៧៥០ ដុល្លារ។

នៅ​ក្នុង​រដ្ឋ Florida អាយុ​ដែល​អាច​ទិញ​កាំភ្លើង​ស្របច្បាប់​បាន​គឺ ៣ ឆ្នាំ​មុន​ពេល​ដល់​អាយុ​ដែល​អាច​ផឹក​គ្រឿង​ស្រវឹង​ស្របច្បាប់​បាន ហើយ​អ្នក​មិន​ចាំបាច់​ត្រូវ​មាន​អាជ្ញាបណ្ណ​ដើម្បី​ទិញ​កាំភ្លើង​នោះ​ទេ។

លោក Michael Caruso ដែល​ជា​ម្ចាស់​ហាង​លក់​កាំភ្លើង​មួយ​កន្លែង បាន​និយាយ​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា មនុស្ស​ចំនួន ៩៥% ដែល​មក​ទិញ​កាំភ្លើង​នៅ​ពេល​ឥឡូវ​នេះ គឺជា​អ្នក​ទិញ​កាំភ្លើង​លើក​ដំបូង ដែល​បាន​មើល​ព័ត៌មាន​តាម​ទូរទស្សន៍។ ពួកគេ​ដឹង​អំពី​អ្វី​ដែល​កំពុងតែ​កើត​មាន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ពួកគេ​ខ្វល់ខ្វាយ​ណាស់​អំពី​រឿង​នេះ ហើយ​ពួកគេ​ចង់​មាន​លទ្ធភាព​អាច​ការពារ​ទ្រព្យ​សម្បត្តិ ខ្លួន​ពួកគេ​ផ្ទាល់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ»។

អ្នក​ជំនាញ​និយាយ​ថា ការ​កើនឡើង​នៃ​ការ​លក់​កាំភ្លើង​ជា​ទូទៅ​កើត​មាន​នៅ​ក្នុង​ពេល​ដែល​ស្ថានការណ៍​មិន​មាន​សុវត្ថិភាព។ ហើយ​ចំពោះ​អ្នក​ទាមទារ​ឱ្យ​មាន​បទបញ្ញត្តិ​អំពី​កាំភ្លើង​វិញ បាន​និយាយ​ថា កំណើន​នៃ​ការ​លក់​កាំភ្លើង​នឹង​នាំឱ្យ​មាន​ការ​បាញ់បោះ​ដ៏​គ្រោះថ្នាក់​ច្រើន​ជាង​មុន។

លោក Igor Volsky ដែល​ជា​ស្ថាបនិក​អង្គការ Guns down America បាន​ថ្លែង​ថា៖ «ការ​ពិត​គឺ​ថា ឱកាស​ដែល​អ្នក​នឹង​ប្រើ​កាំភ្លើង​ដើម្បី​ការពារ​ខ្លួន ឬ​ការពារ​ក្រុម​គ្រួសារ​គឺ​មាន​ទាប​ណាស់ គឺ​ប្រហែលតែ ០,២% ប៉ុណ្ណោះ។ ចំណែក​ឯ​ស្ថានភាព​ដែល​អ្នក​យក​កាំភ្លើង​ចូល​ផ្ទះ ហើយ​ប្រើ​កាំភ្លើង​នោះ​ដើម្បី​បាញ់​ខ្លួន​ឯង ឬ​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នោះ បាន​កើន​ឡើង​ពី ៣០០% ទៅ ៥០០%»៕

ទោះបីជា​មាន​ហានិភ័យ​បែប​នេះ​ក៏​ដោយ ក៏​ការ​លក់​កាំភ្លើង​និង​គ្រាប់​កាំភ្លើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​កើនឡើង​ខ្លាំង​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG