សំណុំរឿងបាតុកម្មនៅផ្លូវវេងស្រេងកាលពីដើមខែមករាកន្លងទៅ ឥឡូវនេះត្រូវបានសើរើឡើងវិញ បន្ទាប់ពីវិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិត្រូវបានបញ្ចប់មួយ។
តុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅមេដឹកនាំសហជីពកម្មករចំនួនប្រាំមួយនាក់ឲ្យចូលបំភ្លឺជាបន្តបន្ទាប់ពាក់ព័ន្ឋនឹងបាតុកម្មរបស់ក្រុមកម្មករដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសជាច្រើននាក់កាលពីដើមខែមករានៅសួនឧស្សាហកម្មកាណាឌីយ៉ាតាមបណ្តោយផ្លូវវេងស្រេង។
មេដឹកនាំសហជីពសេរីកម្មករទាំងប្រាំមួយនាក់ដែលកំពុងពាក់ព័ន្ធនឹងក្តីក្តាំរួមមានលោក រ៉ុង ឈុន លោក ជា មុន្នី លោក អាត់ ធន លោក ប៉ាវ ស៊ីណា អ្នកស្រី ម៉ម ញឹម និងអ្នកស្រី យ៉ាង សោភ័ណ្ឌ។
លោក ប៉ាវ ស៊ីណា មេដឹកនាំសហព័ន្ឋ សហជីពចលនាកម្មករត្រូវបានតុលាការចេញដីកាកោះហៅឲ្យបំភ្លឺនៅថ្ងៃសុក្រនេះ។ ក្រោយពីបានចូលខ្លួនបំភ្លឺ តុលាការមិនបានឃុំខ្លួនលោកទេ ក៏ប៉ុន្តែបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោក ប៉ាវ ស៊ីណា បានចាត់ទុកការចេញដិការបស់តុលាការថា ជារឿងនយោបាយ និងជាការបំបាក់ស្មារតីមិនឲ្យមេដឹកនាំសហជីពចេញមុខទាមទារតម្លើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករ។
«ចូលខ្លួនទៅបំភ្លឺនេះឃើញថា ជាករណីគំរាមថ្មីមួយទៀតបន្ទាប់ពីការទាមទាររបស់ពួកយើងដែលទាមទារកន្លងមករួមទាំងការស្នើឲ្យមានការទម្លាក់នូវរាល់ការចោទប្រកាន់ផ្សេងៗមិនទាន់ត្រូវបានដោះស្រាយ»។
ដីកាកោះហៅរបស់តុលាការក្រុងភ្នំពេញប្រឆាំងនឹងមេដឹកនាំសហជីពកម្មករទាំងប្រាំមួយនាក់នេះ បានកើតមានឡើងក្រោយពីក្រុមមេដឹកនាំសហជីពទាំងនោះបានប្រកាសថានឹងធ្វើយុទ្ឋនាការតម្លើងប្រាក់បៀវត្សរ៍របស់ក្រុមកម្មករឲ្យបានដល់១៧៧ដុល្លារក្នុងមួយខែ។ យុទ្ឋនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី១៦និង១៧នេះតទៅ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាមានប្រសាសន៍ថា បើតាមគម្រោងក្រុមកម្មករនៅទាមទារនៅតាមរោងចក្រនានា ពាក់អាវយឺត និងបដាទាមទារតម្លើងប្រាក់ខែនៅតាមរោងចក្រនីមួយៗ។
«អាហ្នឹងយើងធ្វើរហូតទៅដល់ថ្ងៃ១៦ ១៧ ធ្វើបន្តបន្ទាប់នៅតាមរោងចក្រ តាមរយៈពាក់អាវយឺត តាមរយៈអ្វីៗសព្វបែបយ៉ាងហ្នឹង»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានតុលាការចេញដីកាកោះឲ្យចូលមកបំភ្លឺនៅថ្ងៃចន្ទសប្តាហ៍ក្រោយខាងមុខ។ លោកបញ្ជាក់ថា លោកនឹងចូលបំភ្លឺតាមដីកាតុលាការ ក៏ប៉ុន្តែលោកទាមទារឲ្យតុលាការគោរពតាមផ្លូវច្បាប់ និងមិនត្រូវទុករឿងនេះលាយឡំជាមួយនឹងនយោបាយទេ។
«ខ្ញុំគោរពច្បាប់ហើយសុំឲ្យអ្នកច្បាប់ តុលាការគោរពដូចគ្នាទៅកុំបាច់ប្រើគេហៅថា ក្រវេច ក្រវៀន លាក់លៀម និងមិនស្មោះត្រង់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ករណីនេះជារឿងតុលាការមិនមែនរឿងនយោបាយទេ។
«នៅពេលដែលគេនិយាយថា រឿងអ្វីជារឿងនយោបាយ ចេះតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលគឺមិនគួរទទួលបានទេពីព្រោះរឿងនេះជារឿងតុលាការ»។
កាលពីដើមខែមករា យ៉ាងតិចមានមនុស្សប្រាំមួយនាក់ត្រូវបានបាញ់សម្លាប់ និងជាង២០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងការបាញ់បង្ក្រាបដោយអំពើហិង្សាមួយលើការតវ៉ារបស់ក្រុមកម្មករដែលទាមទារតម្លើងប្រាក់បៀវត្សរ៍ឲ្យបានដល់១៦០ដុល្លារក្នុងមួយខែនៅតាមបណ្តោយផ្លូវវេងស្រេង៕