ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​នឹង​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ


ស្ត្រី​​ម្នាក់​បិទ​ sticker មួយ​នៅ​លើ​មុខ​ដែល​មាន​សរសេរ «យើង​ត្រូវការ​ $160» នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។ បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​បៀវត្ស​គោល​រហូត​ដល់​១៦០​ដុល្លារ។
ស្ត្រី​​ម្នាក់​បិទ​ sticker មួយ​នៅ​លើ​មុខ​ដែល​មាន​សរសេរ «យើង​ត្រូវការ​ $160» នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។ បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​បៀវត្ស​គោល​រហូត​ដល់​១៦០​ដុល្លារ។

ក្រុម​សហជីព​ចំនួន​ប្រាំបី​បាន​ដាក់​ផែន​ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​រោង​ចក្រ​ឲ្យ​បាន​រហូត​ដល់​១៧៧​ដុល្លារ​អាមេរិក​ក្នុ​ងមួយ​ខែ​នៅ​ថ្ងៃ​ពុធ​ទី​១៧​ខែ​កញ្ញា ​ស្រប​ពេល​ដែលកិច្ច​ប្រជុំ​បន្តអំពី​ដំណោះស្រាយ​ប្រាក់​ខែ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។

លោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​CCAWDU ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ក្រុម​កម្មករ​នឹង​ជួប​ជុំ​គ្នាដោយ​សន្តិវិធី​នៅ​តាម​ររោងចក្រ ​ប្រមាណ​៣០០​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដើម្បី​បង្ហាញ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កើន​ដល់​១៧៧​ដុល្លារ​ស្រប​តាម​តម្លៃ​ទំនិញ​នៅ​តាម​ទីផ្សារ។

លោក​បន្ថែម​ថា៖ «ជួបជុំ​គ្នា​រយៈ​ពេល​មួយ​ម៉ោង​នៅ​ម៉ោង​១២ថ្ងៃ​ទី​១៧​ហ្នឹង។​ ហើយ​យើង​បង្ហាញ​នូវ​ចំណុច​ទាមទារ​របស់​យើងទៅ​រោងចក្រ​ ទៅ​អ្នក​បញ្ជា​ទិញ​ ទៅ​រដ្ឋា​ភិបាល​និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ឡើង​ប្រាក់ខែ​កម្មករ​តាម​ការ​ទាមទារ​ឲ្យ​បាន​១៧៧​ដុល្លារ​ក្នុង​មួយខែ។​ហើយ​យើង​យក​សារ​របស់​យើង​ហ្នឹង​ដាក់​តាមអ្នក​បញ្ជា​ទិញ​ តាម​អង្គទូត ​អង្គការ»។

សហជីព​ទាំង​ប្រាំ​បីរួម​មាន​ដូចជា​សហជីព​ CCAWDU​ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ​របស់​លោកស្រី​ ម៉ម ញឹម ​សហភាព​សហជីព​កម្ពុជា​របស់​លោក រ៉ុង ឈុន​ ជាដើម ​ធ្លាប់​បាន​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករចំនួន១៦០​ដុល្លារចាប់​តាំងពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៣​មក​ម្ល៉េះ។​ ប៉ុន្តែ​ក្រុម​សហជីព​បាន​ដំឡើង​ការ​ទាមទារប្រាក់ខែ​គោលឲ្យ​ដល់​១៧៧​ដុល្លារ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ដោយ​សារ​តម្រូវការ​កើន​ឡើង​របស់​ក្រុម​កម្មករ។​ នេះ​បើ​យោង​តាម​ក្រុម​តំណាង​សហជីព។

​ក្នុង​យុទ្ធនាការ​តវ៉ា​ដើម្បី​ដំឡើង​ប្រាក់ខែ​នេះក្រុមកម្មករ​នឹង​ពាក់​អាវយឺត​និង​លើក​បដា​ទាមទារ​ដែល​មាន​សរសេរ​អក្សរ​ទាមទារប្រាក់ឈ្នួល​នៅ​ក្នុង​រោងចក្រ​រៀងៗ​ខ្លួន​នៅ​ពេល​ម៉ោង​សម្រាក​អាហារ​ថ្ងៃ​ត្រង់​និង​ពេល​ល្ងាច​ម៉ោង​ប្រាំ​មុន​ពេល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ។

​លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជាបញ្ជាក់​បន្ថែម​ថា​ ការ​តវ៉ា​នឹង​ត្រូវ​ផ្អាក​នៅក្នុង​អំឡុង​ពេលពិធីបុណ្យ​ភ្ជុំបិណ្ឌ​បន្ទាប់​មក​ក្រុម​សហជីពអាចនឹង​បើក​ការតវ៉ា​ឡើង​វិញ។

«យើង​អត់​មាន​ផែនការ​ប្រមូល​ផ្តុំ​អ្វី​ធំ​ដុំ​ទេ។ ​បន្ទាប់​ពី​ភ្ជុំ​ហើយយើង​នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​មនុស្ស​រាប់​ម៉ឺន​នាក់។​ ហើយ​យើង​នឹង​រើស​យក​កន្លែង​ទី​លាន​ប្រជាធិបតេយ្យ»។
​កម្មករ​រោងចក្រកាត់ដេរ​សម្លៀក​បំពាក់​និង​រោង​ចក្រស្បែកជើងនៅ​ក្នុងប្រទេស​កម្ពុជាបាន​កើន​ដល់​ប្រមាណ​៦០០.០០០​នាក់។​ ហើយ​ការ​ចរចា​ដើម្បី​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់​ពួក​គេ​បាន​ចាប់​ផ្តើម​ចាប់​តាំង​ពី​ចុង​ខែធ្នូ​ឆ្នាំ​២០១៣​មក​ម្ល៉េះ។​ កម្មករមួយ​ចំនួន​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​អំឡុង​ពេល​តវ៉ាដើម្បី​ការដំឡើង​ប្រាក់ខែ​នេះ។

ហើយ​រហូត​មក​ទល់​ពេល​នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​ថា​ GMAC ​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​ត្រឹមតែ​១១០​ដុល្លារ​ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ។ ប៉ុន្តែ​គ្រោង​នឹង​ដំឡើង​ប្រាក់ខែ​ទាប​បំផុត​នេះ​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។

លោក​ ខេន លូ (Ken Loo)​ អគ្គលេខាធិការ​GMAC​ឲ្យ​ដឹង​ថា ​រោងចក្រ​ភាគ​ច្រើន​មាន​លទ្ធភាព​ផ្តល់​ប្រាក់​ឈ្នួល​កម្មករ​ត្រឹម​១១០​ដុល្លារ​ក្នុង​មួយខែ​ហើយ​លោក​ព្រមាន​ថា ​ការ​ទាមទារ​លើស​ពី​នេះ​គឺជា​ការ​គំរាម​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ​នៅ​កម្ពុជា។

«រោង​ចក្រ​ភាគ​ច្រើន​មាន​លទ្ធភាព​អាច​ដំឡើង​ប្រាក់ខែ​ដល់​១១០​ដុល្លារ។​ តែ​កម្មករ​ឬ​សហជីព​គេ​មាន​សិទ្ធិ​ទាមទារ។​ ទារ​ប៉ុន្មាន​ទារ​ទៅ។​ សំខាន់​យើង​ត្រូវ​តែ​គោរព​តាម​ក្រុម​ប្រឹក្សា​ការងារ​វាយ​តម្លៃ។ ​យើង​អត់​បដិសេធ​ទេ។ ឲ្យ​សម្រេច​១០៥ ១១០ ១៥០ ១៦០ ១៧៧ ២៥០ ឬ២៥០០(ដុល្លារ)ក៏​បាន។ ​ប៉ុន្តែ​ដាក់​កាន់​តែ​ខ្ពស់​រោងចក្រ​កាន់​តែ​ច្រើន​នឹង​ត្រូវ​បិទ»។​

ដោយ​ឡែក​លោក​ ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​លោក​ខេន លូ ​ដែរ។

«អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​បំផុត​របស់​យើង​ថា ​តើ​គាត់​មាន​បាន​គិត​ពី​ផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​យុទ្ធនាការ​នេះ​ដែរ​ឬទេ។​ ចំពោះ​វិស័យ​កាត់ដេរ​យើង​យ៉ាង​ណា​នោះ​តើ​ថ្នាក់​ដឹក​នាំ​សហជីព​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ​ដែល​ជាសមាជិក​សហជីព​គាត់ដែរ​ឬទេ។​ចំណុច​នេះ​ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូន​កម្មករ​ដែល​ជាសមាជិក​សហជីព​ទាំង​ប្រាំបី​លោក​គួរ​តែ​ពិចារណា​ឡើង​វិញ​បន្តិច​ដែរ»។

យ៉ាងណាក៏ដោយ​ការចរចារ​ប្រាក់ឈ្នួល​សម្រាប់​កម្មករ​មិនទាន់​សម្រេច​ជាចុង​ក្រោយ​នៅ​ឡើយ​ទេ។​ ក្រុម​ប្រឹក្សា​ការងារ​នឹង​ធ្វើ​ការ​សម្រេច​ជាចុង​ក្រោយ​នៅ​ក្នុង​ខែតុលា​ខាងមុខ​នេះ។​ ហើយ​ប្រាក់ខែ​ដែល​ត្រូវ​សម្រេច​នឹង​ចូល​ជា​ធរមាន​សម្រាប់​ការ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ចាប់​ពី​ឆ្នាំ​២០១៥​តទៅ។

នៅ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ដដែល​នេះ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នឹង​រៀប​ចំសិក្ខា​សាលា​ត្រី​ភាគី​រវាង​សហជីព​កម្មករ​ជាមួយនឹង​សមាគម​និយោជក​ ឬ​ GMAC ​ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​កម្មករ​ហើយ​នឹង​មាន​កិច្ច​ពិភាក្សា​ម្តងទៀត​នៅ​ថ្ងៃទី​២៦​ខែកញ្ញា។

សូមបញ្ជាក់​ថា​ក្នុង​ដំណើរ​ការឆ្ពោះ​ទៅ​រក​ការចរចារ​នេះ​មេដឹកនាំ​សហជីព​ចំនួន​ប្រាំ​មួយ​រូប​ត្រូវ​កោះ​ហៅឲ្យ​ទៅ​បំភ្លឺ​នៅ​តុលាការ​អំពី​អំពើ​ហិង្សា​កាល​ពីខែមករា​លើ​ផ្លូវវ៉េងស្រេង។​ព្រឹត្តិការណ៍​នោះ​មានសេចក្តី​រាយការណ៍​នានា​ថា​ក្រុម​ប្រដាប់អាវុធ​របស់​រដ្ឋា​ភិបាល​បាន​បាញ់​សម្លាប់​កម្មករ​អ្នកតវ៉ា។

ការ​កោះ​ហៅ​មេដឹកនាំ​សហជីព​ទាំងនោះ​ដែល​មន្ត្រី​សង្គម​ស៊ីវិល​គិត​ថា ​គឺ​ជា​ការ​ដាក់សម្ពាធ​សម្រាប់​ការ​ចរចា​លើ​ក្រុម​អ្នកតំណាង​ផល​ប្រយោជន៍​កម្មករ៕

XS
SM
MD
LG