ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​ធានារ៉ាប់រង​ការ​ថែទាំ​សុខភាព​នៅអាមេរិកនឹង​បង់​​សោហ៊ុយ​ទាក់ទិន​នឹង​មេរោគ​វីរុស​កូរ៉ូណា


រូបឯកសារ៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីវីរុសកូរ៉ូណា នៅសេតវិមាន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីវីរុសកូរ៉ូណា នៅសេតវិមាន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

លោកអនុប្រធានាធិបតី Mike Pence បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​មួយ​នៅ​ឯសេតវិមានកាល​ពី​ថ្ងៃ​អង្គារ​ជាមួយពួក​អ្នកចាត់ចែង​កិច្ច​ការ​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ការ​ថែទាំ​សុខភាព​សហរដ្ឋអាមេរិកថា​ ក្រុមហ៊ុន​ទាំង​នេះ​នឹង​បង់សោហ៊ុយ​ដល់​ការ​ធ្វើតេស្តរក​មេរោគវីរុស​កូរ៉ូណា។​

លោក Pence បានមានប្រសាសន៍ថា «ក្រុម​ហ៊ុនធានារ៉ាប់រង​ការ​ថែទាំ​សុខភាព​ទាំង​អស់​នៅ​ទីនេះ​នៅ​ថ្ងៃ​នេះឬ​នៅមុន​ថ្ងៃ​នេះ​បានយល់ព្រម​មិន​យក​ប្រាក់ដែល​ពួក​សមាជិក​ត្រូវ​បង់​ទាំងអស់​ក្នុង​ការ​ធ្វើ​តេស្ត និង​បន្ថែម​ការ​ព្យាបាល​ជំងឺ​នេះ​ក្នុងផែនការ​ផ្តល់​អត្ថប្រយោជន៍​ទាំងអស់​របស់​ពួក​គេ»។

លោក Pence បានមានប្រសាសន៍​បន្តថា​ ក្រុមហ៊ុន​ទាំងនេះ​ក៏​នឹង​បង់​សោហ៊ុយ​សម្រាប់​ការ​ថែទាំ​សុខភាព​ពីចម្ងាយ​ដល់ពួក​អ្នកជំងឺ​ដោយមិនចាំបាច់ឱ្យ​ពួក​គេ​ចាក​ចេញ​ពី​ផ្ទះទេ។​

គេ​រំពឹង​ថា​ លោកប្រធានាធិបតី​អាមេរិក Donald Trump នឹង​ស្នើ​កញ្ចប់លើកកម្លាំង​សេដ្ឋកិច្ច​មួយ​ដល់ពួក​សាធារណ​រដ្ឋ​ក្នុងព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃ​អង្គារ​តាមពេលវេលា​សហរដ្ឋអាមេរិកជា​ការ​ឆ្លើយ​តបនឹង​ការ​រាលដាល​មេរោគនេះ។ នៅក្នុង​សំណើនេះមាន​ការ​កាត់បន្ថយពន្ធដារ​ដែលជា​គំនិតមួយ​មានការ​ជំទាស់​ពីពួកសាធារណរដ្ឋ​ខ្លះ​និងពួក​ប្រជាធិបតេយ្យដែរ។​

លោក Charles Schumer មេដឹកនាំប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិកបានមានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា​ អាទិភាពកំពូល​សម្រាប់​អាមេរិកគឺគួរ​ពន្លឿនសមត្ថភាពខាង​ការ​ធ្វើ​តេស្ត។​

កាលពីថ្ងៃ​អង្គារ ប្រធានាធិបតី​ចិន​ Xi Jinping បានធ្វើដំណើរ​ទៅកាន់ក្រុង Wuhan ជា​លើកដំបូងចាប់តាំង​ពី​តំបន់នោះ​បាន​ក្លាយ​ទៅជា​តំបន់​ស្នូល​នៃ​ការរាលដាល​មេរោគ​វីរុស​កូរ៉ូណា​ដែលបាន​ឆ្លង​ដល់​មនុស្ស​ជាង៨​ម៉ឺននាក់និង​បាន​ធ្វើឱ្យ​មនុស្ស​៣ពាន់១រយ​នាក់​ស្លាប់ក្នុង​ប្រទេស​ចិន។

លោក Xi ដែល​ពាក់​ម៉ាស់​បានជួបជាមួយ​ពួកពេទ្យនិងពួកអ្នកជំងឺ​នៅ​ក្នុងកន្លែងមួយ​ចំនួន​នៅ​ក្នុង​ក្រុង Wuhan ទីរួមខេត្ត​ Hubei ដោយ​មានរួមបញ្ចូល​ទាំង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ដែលបានត្រូវ​កសាងជាពិសេស​ក្នុងពេល​តែប៉ុន្មាន​ថ្ងៃសម្រាប់ព្យាបាលពួកអ្នកជំងឺ​ COVID-19៕

XS
SM
MD
LG