វីអូអេ៖ សំណួរទីមួយរបស់ខ្ញុំគឺអំពីការជាប់ទាក់ទងគ្នារវាងបាតុកម្មដែលមាននិងលទ្ធភាពនៃការរាលដាលជំងឺកូវីដជាថ្មី ពីព្រោះមានការផ្សាយជាសាធារណៈថា ពួកសមាជិកនៃកងឆ្មាំជាតិក្នុងរដ្ឋធានីបានធ្វើតេស្តរកឃើញថា មានវីរុសនេះ។ តាមទស្សនៈរបស់លោក តើលោកយល់ថា ករណីទាំងនេះគ្រាន់តែជាការចាប់ផ្តើមនៃការរាលដាលជំងឺនេះដ៏ធំមួយឬទេ?
លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំយល់ថា យើងត្រូវតែប្រុងប្រយ័ត្ន ពីព្រោះយើងមិនដឹងទេថា តើការរាតត្បាតនេះនឹងទៅជាបែបណាឡើយ។ ក៏ប៉ុន្តែដូចដែលខ្ញុំបាននិយាយរួចមកហើយថា ហ្វូងមនុស្សប្រមូលផ្តុំគ្នាជាហានិភ័យ ហើយការប្រមូលផ្តុំគ្នាដោយគ្មានពាក់ម៉ាស់ជាហានិភ័យកាន់តែធំ។ នៅពេលលោកអ្នកធ្វើបាតុកម្មទោះណាជាលោកអ្នកមានហេតុផលនិងភាពចាំបាច់ក្នុងការប្រើសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់លោកអ្នកដើម្បីធ្វើបាតុកម្មអំពីអ្វីដែលលោកអ្នកមានអារម្មណ៍ត្រូវតែធ្វើក៏ដោយ ខ្ញុំសូមផ្តល់អនុសាសន៍ថា ត្រូវតែប្រុងប្រយ័ត្នដោយចៀសវាងកន្លែងមានមនុស្សច្រើន។ ប្រសិនលោកអ្នកទៅកន្លែងមានមនុស្សច្រើន ដែលខ្ញុំមិនផ្តល់អនុសាសន៍ឱ្យលោកអ្នកទៅទេ ក៏ប៉ុន្តែបើលោកអ្នកនៅតែទៅ លោកអ្នកត្រូវពាក់ម៉ាស់គ្រប់ពេលវេលាទាំងអស់។
ក៏ប៉ុន្តែចម្លើយសម្រាប់សំណួររបស់លោក ច្បាស់ណាស់ថា មានហានិភ័យនៅពេលមនុស្សច្រើននាក់ប្រមូលផ្តុំគ្នា។ ជាពិសេសនៅពេលពួកគេស្រែកបន្ទរពាក្យស្លោកគឺមានហានិភ័យឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យមានការរាតត្បាតថ្មីមួយទៀត។ ហើយនេះជាអ្វីដែលយើងតាមឃ្លាំមើល។ វាជាក្តីបារម្ភខ្លាំងមួយដែលយើងឃើញពួកឆ្មាំជាតិខ្លះបានឆ្លងជំងឺនេះដែលមានន័យថា ពួកគេអាចចម្លងជំងឺនេះទៅមនុស្សឯទៀតៗ ឬបានឆ្លងជំងឺនេះពីមនុស្សឯទៀត។
វីអូអេ៖ បាតុករភាគច្រើនហាក់ដូចជាពាក់ម៉ាស់ហើយនេះជាដំណឹងល្អ។ ក៏ប៉ុន្តែមានព័ត៌មានខុសៗគ្នាអំពីប្រសិទ្ធភាពនៃម៉ាស់ទាំងនេះ។ តើម៉ាស់បែបណាអាចការពារបានល្អ? តើលោកមានអនុសាសន៍បែបណាអំពីបញ្ហានេះ?
លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំយល់ថា គេអាចនិយាយថា ពាក់ម៉ាស់តែងតែល្អប្រសើរជាងមិនពាក់ម៉ាស់។ ម៉ាស់ប្រហែលមិនបានការពារ១០០%ទេ ក៏ប៉ុន្តែវាផ្តល់ការការពារខ្លះដល់លោកអ្នកមិនឱ្យឆ្លងជំងឺនេះពីអ្នកឯទៀត។ ហើយប្រសិនបើលោកអ្នកមានផ្ទុកមេរោគនេះទោះណាជាគ្មានរោគសញ្ញាក៏ដោយ ម៉ាស់អាចជួយមនុស្សឯទៀតកុំឱ្យឆ្លងជំងឺនេះ។ គេគ្រាន់តែយកក្រណាត់ធម្មតាបិទបាំងច្រមុះនិងមាត់ក៏បានដែរ។ ម៉ាស់សម្រាប់ពាក់ពេលធ្វើការវះកាត់ក៏ល្អដែរ។ មិនចាំបាច់ពាក់ម៉ាស់ N-95 ទេ។ យើងគួរទុកម៉ាស់ប្រភេទនេះឱ្យពួកពេទ្យដែលត្រូវការម៉ាស់បែបនេះ ពីព្រោះពួកគេមានហានិភ័យជានិច្ចក្នុងការថែទាំពួកអ្នកជំងឺ។
វីអូអេ៖ មានបញ្ហាមួយទៀតគឺរដ្ឋនានាបានចាប់ផ្តើមបើកឡើងវិញ។ នៅក្នុងរដ្ឋចំនួន១៩ មានការរាលដាលជំងឺនេះជាថ្មីនៅក្រោយបុណ្យរំឭកដល់ពួកយុទ្ធជនពលីជីវិត។ តាមការយល់ឃើញរបស់លោកតើលោកយល់ថា យើងបើកឡើងវិញឆាប់ពេកឬទេ?តើយើងគួរបង្អង់ទេ?
លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំយល់ថា លោកអ្នកត្រូវប្រុងប្រយ័ត្ន។ កុំចាត់ទុកស.រ.អា.ទាំងមូលមានស្ថានភាពតែមួយ។ ប្រទេសអាមេរិកជាប្រទេសធំណាស់ហើយមានរដ្ឋ តំបន់ ទីក្រុងនិងស្រុកខុសៗគ្នា ដែលមានកម្រិតនៃការឆ្លងជំងឺនេះប្លែកៗគ្នាដែរ។ ប្រសិនបើលោកអ្នករស់នៅក្នុងស្រុកមួយឬតំបន់មួយដែលមានការឆ្លងតិចតួច លោកអ្នកអាចចេញក្រៅផ្ទះធ្វើសកម្មភាពធម្មតាបាន។ បើលោកអ្នករស់នៅក្នុងតំបន់មួយដែលមានការឆ្លងខ្លាំង វាជាការល្អប្រសើរកុំប្រញ៉ាប់ចេញពីផ្ទះពេក។ ដូច្នេះខ្ញុំយល់ថា លោកអ្នកមិនអាចនិយាយថា មានការឆ្លងជំងឺនេះដូចគ្នាក្នុងកន្លែងទាំងអស់ទេ។ លោកអ្នកត្រូវមើលថា លោកអ្នករស់នៅកន្លែងណាក្នុងស.រ.អា.។ ប្រសិនបើលោកអ្នករស់នៅក្នុងកន្លែងមានការឆ្លងច្រើន លោកអ្នកត្រូវប្រុងប្រយ័ត្នខ្លាំង។ បើលោកអ្នកឋិតនៅក្នុងតំបន់មានការឆ្លងតិច លោកអ្នកអាចឆាប់បានវិលត្រឡប់ទៅធ្វើសកម្មភាពធម្មតាវិញ។
វីអូអេ៖ ការបើកសាលារៀនឡើងវិញក៏អ៊ីចឹងដែរមែនទេ?
លោកវេជ្ជបណ្ឌិត Fauci៖ មែនហើយមិនខុសគ្នាទេ។ មានស្រុកនិងតំបន់ខ្លះក្នុងប្រទេសដែលអាចបើកសាលារៀនឡើងវិញបាន។ មានស្រុកនិងតំបន់ខ្លះទៀតដែលលោកអ្នកមិនចង់បើកសាលារៀនឡើងវិញបានទេ។ ហើយមានស្រុកនិងតំបន់ខ្លះទៀតដែលយើងចង់ចាត់វិធានការបែបកណ្តាលដូចជា មានការបើកសាលារៀនជាថ្មី ក៏ប៉ុន្តែមានការកែប្រែកាលវិភាគគឺ សិស្សខ្លះទៅរៀននៅពេលព្រឹក ហើយសិស្សឯទៀតទៅរៀននៅពេលរសៀល។
វីអូអេ៖ មានភាពមិនច្បាស់លាស់អំពីរលកទីពីរនៃការរាលដាលនៃជំងឺកូវីដ១៩។ ក៏ប៉ុន្តែមនុស្សនៅតែភ័យខ្លាចអំពីបញ្ហានេះ។ តើលោកមើលឃើញបែបណា? ហើយបើមានរលកទីពីរនៃការរាលដាលជំងឺនេះ តើយើងត្រូវប្រុងប្រៀបបែបណា?
លោកវេជ្ជបណ្ឌិត Fauci៖ យើងមិនអាចទស្សន៍ទាយឱ្យបានពិតប្រាកដអំពីអ្វីដែលនឹងកើតមានបានទេ។ អ្វីមួយដែលយើងដឹងថា នឹងកើតមានគឺនឹងមានការឆ្លងជំងឺនេះនៅរដូវស្លឹកឈើជ្រុះនិងនៅរដូវធ្លាក់ទឹកកក។ យើងដឹងដូច្នេះ ពីព្រោះវីរុសនេះឆ្លងលឿនណាស់ហើយវាមិនបាត់ពីផែនដីទេ។ ទោះណាជាយើងមានឬគ្មានរលកទីពីរនៃការរាលដាលជំងឺក៏ដោយ ក៏ក្នុងរដូវស្លឹកឈើជ្រុះយើងនឹងមានជំងឺនេះ។ យើងពឹងពាក់ទាំងស្រុងលើសមត្ថភាពនិងប្រសិទ្ធភាពរបស់យើងក្នុងការរកករណីអ្នកមានជំងឺនេះថ្មីៗ ដាក់ពួកគេឱ្យនៅដាច់ពីគេនិងតាមដានពួកមនុស្សដែលអ្នកជំងឺទាំងនេះបានទាក់ទង។ បើសិនយើងអាចធ្វើការនេះបានដោយប្រសិទ្ធភាព យើងអាចបញ្ចៀសមិនឱ្យមានរលកទីពីរបាន។ មិនមែនយើងមិនអាចចៀសវាងរលកទីពីរនៃការរីករាលដាលជំងឺនេះទេ។ យើងអាចបញ្ចៀសវាបាន ប្រសិនបើយើងចាត់វិធានការត្រឹមត្រូវ។
វីអូអេ៖ ក៏ប៉ុន្តែដើម្បីតាមដានករណីអ្នកជំងឺថ្មីៗ យើងត្រូវការប្រដាប់ធ្វើតេស្ត ហើយនៅពេលនេះខ្វះប្រដាប់ធ្វើតេស្តមែនទេ? តើមនុស្សគ្មានរោគសញ្ញាអាចសុំធ្វើតេស្តបានដោយងាយទេ?
លោកវេជ្ជបណ្ឌិត Fauci៖ បាទ ខ្ញុំដឹង ព្រោះហេតុនេះហើយបានជាការតាមដានពួកមនុស្សមានការទាក់ទងជាមួយអ្នកមានជំងឺនេះគឺជាការពិបាក។ មិនមែនមិនអាចធ្វើបានទេ ក៏ប៉ុន្តែវាពិបាក ពីព្រោះមានមនុស្សដែលអាចចម្លងរោគនេះ ក៏ប៉ុន្តែជនទាំងនេះមិនមានរោគសញ្ញាទេ។
វីអូអេ៖ មនុស្សគ្រប់គ្នាសង្ឃឹមលើថ្នាំវ៉ាក់សាំង។ ហើយខ្ញុំបានអានអត្ថបទថា លោកមានសុទិដ្ឋិនិយមអំពីវ៉ាក់សាំងដែលក្រុមហ៊ុន Moderna កំពុងផលិត។ តើហេតុដូចម្តេចបានជាលោកមានសុទិដ្ឋិនិយមបែបនេះ? ហើយតើមានវ៉ាក់សាំងឯទៀតឬទេដែលលោកយល់ថា អាចមានប្រសិទ្ធភាព?
លោកវេជ្ជបណ្ឌិត Fauci៖ បាទ ខ្ញុំមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។ មិនយូរមិនឆាប់ យើងនឹងមានវ៉ាក់សាំង មិនមែនតែពីក្រុមហ៊ុន Modena ទេ ក៏ប៉ុន្តែពីក្រុមហ៊ុនឯទៀតៗដែរ។ ក្រុមហ៊ុនទាំងនេះមិនមែនមានតែក្រុមហ៊ុនមួយទេដែលផលិតវ៉ាក់សាំងនេះ។ យើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនមួយចំនួនទៀតដែរ។ ហេតុផលដែលនាំឱ្យខ្ញុំមានសុទិដ្ឋិនិយមគឺថា មានលទ្ធផលល្អក្នុងការសាកល្បងដំបូងៗជាមួយមនុស្សនិងសត្វ។ ថ្នាំវ៉ាក់សាំងនេះការពារសត្វនៅក្នុងដំណាក់ការនៃការពិសោធន៍ហើយក្នុងដំណាក់កាលទី១នៃ ការសាកល្បងវ៉ាក់សាំងនេះជាមួយមនុស្សផ្តល់ការឆ្លើយតបមួយដែលបង្ហាញថា យើងអាចមានការការពារប្រឆាំងនឹងវីរុសនេះ។ ទោះជាយ៉ាងណាក្តី លោកអ្នកមិនអាចធានាថា លោកអ្នកនឹងមានវ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាពទេ។ ហើយជាការភ្លីភ្លើបើចេះតែធានាផ្តេសផ្តាស ព្រោះគ្មាននរណាអាចធានាបែបនេះបាន។ ក៏ប៉ុន្តែយើងគ្រាន់តែមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថា យើងឋិតនៅក្នុងទិសត្រូវប៉ុណ្ណោះ។
វីអូអេ៖ និយាយអំពីសុទិដ្ឋិនិយម តើលោកចង់និយាយថា មនុស្សខ្លះដែលបានត្រូវធ្វើតេស្តបានបង្ហាញសញ្ញាថា ពួកគេមានអង្គបដិប្រាណប្រឆាំងនឹងវីរុសនេះមែនទេ?
លោកវេជ្ជបណ្ឌិត Fauci៖ត្រូវហើយ។ យើងបានពិនិត្យមើលដំណាក់កាលទីមួយនៃការសិក្សាស្រាវជ្រាវនេះ។ ដោយប្រើដូស(ខ្នាតថ្នាំ)ល្មម។ ពួកបុគ្គលដែលបានសាកល្បងជាមួយវ៉ាក់សាំងនេះមិនគ្រាន់តែអាចបង្ហាញការឆ្លើយតបជាអង្គបដិប្រាណធម្មតាប៉ុណ្ណោះទេ តែមានការឆ្លើយតបជាអង្គបដិប្រាណដែលអាចរាំងខ្ទប់មិនឲ្យវីរុសនេះបង្កើនចំនួនបានទៀតផង។ នេះជាសញ្ញាល្អណាស់បើយើងពិនិត្យមើលអំពីរបៀបដែលវ៉ាក់សាំងឆ្លើយតបនឹងវីរុសនេះ។
វីអូអេ៖ ដំណាក់កាលទីបីនិងជាដំណាក់កាលចុងក្រោយបង្អស់នៃការសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna អាចចាប់ផ្តើមធ្វើក្នុងខែកក្កដា។ ហើយក្នុងពេលជាមួយគ្នានេះ ការផលិតថ្នាំវ៉ាក់សាំងនេះនឹងចាប់ផ្តើមធ្វើ នៅមុនមានលទ្ធផលនៃការសាកល្បងចុងក្រោយបង្អស់។ ហើយលោកបានកត់សម្គាល់ថា «វាជាការផលិតវ៉ាក់សាំងដោយប្រថុយប្រថាន»។ ហេតុដូចម្តេចបានជាមានសេចក្តីសម្រេចបែបនេះ?
លោកវេជ្ជបណ្ឌិត Fauci៖ ការសម្រេចនេះមានហានិភ័យទៅលើតែថវិកាទេ។ វាមិនមែនជាហានិភ័យដល់សុច្ចរិតភាពនៃការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រទេ។ នេះជាស្ថានភាពបន្ទាន់ដែលបង្ខំឲ្យយើងធ្វើការនៅក្នុងរដ្ឋាភិបាលសហព័ន្ធត្រូវប្រថុយខាតបង់ខាងហិរញ្ញវត្ថុដើម្បីពន្លឿនដំណើរការផលិតវ៉ាក់សាំងក្នុងពេលប៉ុន្មានខែគឺឱ្យបានឆាប់ជាង ការដែលយើងចាំលទ្ធផលនៃការសាកល្បងចុងក្រោយបង្អស់។ ដូច្នេះយើងមានអារម្មណ៍ថានេះជាការប្រថុយប្រថានមានប្រយោជន៍ ប្រសិនបើវ៉ាក់សាំងនេះមានប្រសិទ្ធភាព។ តែបើវ៉ាក់សាំងនេះមិនមានប្រសិទ្ធភាពវិញ យើងខាតតែប្រាក់ទេ។ ក៏ប៉ុន្តែនៅក្នុងស្ថានភាពគ្រាមានអាសន្នបែបនេះ យើងគួរហ៊ានប្រថុយប្រថានដើម្បីឱ្យបានចំណេញពេលវេលា។
វីអូអេ៖ តើមានគម្រោងផលិតវ៉ាក់សាំងនេះប៉ុន្មានដូស(ខ្នាតថ្នាំ)?
លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំយល់ថា ក្រុមហ៊ុននីមួយៗដែលជាអ្នកផលិតវ៉ាក់សាំងនេះ នឹងផលិតយ៉ាងតិចណាស់ពីពីរទៅបីរយលានដូស។ ហើយក្រុមហ៊ុនខ្លះទៀតមានគោលដៅផលិតវ៉ាក់សាំងនេះចំនួនប្រមាណ១ពាន់លានដូស។ ប៉ុន្តែមិនមែនក្នុងពេលភ្លាមៗនេះទេ។
ក្រុមហ៊ុនខ្លះគ្រោងថា ពួកគេអាចធ្វើបាន។ ក្រុមហ៊ុននីមួយៗមានគម្រោងផ្សេងៗគ្នា ក៏ប៉ុន្តែក្រុមហ៊ុនខ្លះក្នុងបណ្តាក្រុមហ៊ុនទាំងនេះនិយាយថា ក្នុងពេលមួយឆ្នាំ ពួកគេអាចផលិតមួយពាន់លានដូសតែ មិនមែនផលិតភ្លាមៗទេ។ ខ្ញុំមិនយល់ថា ពួកគេនឹងផលិតបានក្នុងពេលបន្ទាន់នេះទេ។ ក៏ប៉ុន្តែជាយថាហេតុពួកគេនឹងផលិតវ៉ាក់សាំងនេះឱ្យបានដល់កម្រិតនេះ។
វីអូអេ៖ តើនៅពេលណាយើងអាចដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពបានប៉ុន្មានខែ?
លោកវេជ្ជបណ្ឌិត Fauci៖ នៅពេលនេះយើងមិនដឹងទេ។ យើងត្រូវរង់ចាំមើលសិន។ យើងសង្ឃឹមថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពយូរគ្រប់គ្រាន់ដើម្បីផ្តល់កិច្ចការពារគ្រប់គ្រាន់។ ប្រសិនបើរយៈពេលប្រសិទ្ធភាពនៃវ៉ាក់សាំងនេះមានរយៈពេលតិចជាងយើងចង់បាន យើងអាចចាក់វ៉ាក់សាំងបន្ថែមដើម្បីបន្តរយៈពេលប្រសិទ្ធភាព។
វីអូអេ៖ តើលោកអាចសន្និដ្ឋានបានទេថា វាក់សាំងនេះផលិតទាន់នៅឆ្នាំនេះទេ?
លោកវេជ្ជបណ្ឌិត Fauci៖ យើងត្រូវរង់ចាំមើលសិន បាទ។
វីអូអេ៖ តើវ៉ាក់សាំងដែលមានប្រសិទ្ធភាពនឹងត្រូវចែកបែបណាដល់សាធារណជន? តើយើងអាចទៅកាន់ឱសថស្ថានដើម្បីទិញវ៉ាក់សាំងនេះដូចដែលយើងអាចទិញវ៉ាក់សាំងគ្រុនផ្តាសាយឬទេ?
លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំយល់ថា ពលរដ្ឋភាគច្រើននឹងទទួលវ៉ាក់សាំងមានប្រសិទ្ធភាពតាមរយៈការិយាល័យវេជ្ជបណ្ឌិតរបស់ពួកគេ តាមរយៈឱសថស្ថានឬតាមរយៈមជ្ឈមណ្ឌលចែកចាយឯទៀតៗគឺដូចវ៉ាក់សាំងគ្រុនផ្តាសាយថ្មីដែរ។
វីអូអេ៖ ប្រសិនបើក្នុងចំណោមវ៉ាក់សាំងទាំងអស់ដែលកំពុងផលិតនេះ មានវ៉ាក់សាំងពីរនឹងឋិតនៅក្នុងដំណាក់កាលចុងក្រោយបង្អស់ តើអាចនឹងមាន វ៉ាក់សាំងពីរនេះសម្រាប់សាធារណជន?
លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំសង្ឃឹមថា នឹងមានវ៉ាក់សាំងច្រើនជាងពីរ។ ខ្ញុំសង្ឃឹមថា នឹងមានវ៉ាក់សាំងបីឬច្រើនជាងនេះ។ គ្មានហេតុផលនាំឱ្យជឿថា លោកអ្នកអាចមានវ៉ាក់សាំងតែមួយទេ។ ខ្ញុំយល់ថា មានក្រុមហ៊ុនមួយចំនួនដែលអាចផលិតវ៉ាក់សាំងនេះបាន។ ខ្ញុំគ្មានការភ្ញាក់ផ្អើលទេថា យើងនឹងមានវ៉ាក់សាំងច្រើនជាងមួយហើយអាចមានដល់បីឬបួនផង។ ដូច្នេះយើងគួរមានវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះឱ្យបានច្រើនតាមដែលអាចធ្វើបាន។ បាទ។
វីអូអេ៖ ខ្ញុំសុំសួរអំពីអង្គការសុខភាពពិភពលោកនិងសេចក្តីថ្លែងការណ៍របស់អង្គការនេះអំពីពួកអ្នកជំងឺគ្មានរោគសញ្ញា។ ខ្ញុំដឹងថា បញ្ហានេះមាននិយាយច្រើននៅក្នុងបណ្តាញផ្សាយព័ត៌មាន។ តើលោកមានមតិបែបណាដែរ? តើលោកមានជំនឿថា ពួកអ្នកជំងឺគ្មានរោគសញ្ញាអាចចម្លងរោគនេះបានដូចអ្នកជំងឺមានរោគសញ្ញាដែរឬទេ?
លោកវេជ្ជបណ្ឌិត Fauci៖ ពួកអ្នកជំងឺគ្មានរោគសញ្ញាអាចចម្លងរោគនេះបាន។ មានទិន្នន័យច្បាស់លាស់ថា ប្រមាណ២៥%ទៅ៣០% ឬ ៥០%នៃមនុស្សមានផ្ទុកវីរុសនេះគ្មានរោគសញ្ញាទេ។ យើងដឹងថា ពួកបុគ្គលគ្មានរោគសញ្ញាអាចចម្លងជំងឺនេះបាន។ យើងមិនដឹងអំពីទំហំនៃការឆ្លងរោគបែបនេះទេ ក៏ប៉ុន្តែយើងដឹងថា មិនមែនតិចទេ។ ហើយនេះជាអ្វីដែលរឿងចម្រូងចម្រាសចេញពីសេចក្តីថ្លែងការណ៍របស់អង្គការ WHO ថា ជាហេតុការណ៍មិនសូវមាន។ យើងមិនដឹងអំពីតួលេខគិតជាភាគរយពិតប្រាកដទេ ក៏ប៉ុន្តែមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា វាជាផ្នែកសំខាន់មួយនៃការឆ្លងជំងឺនេះ។
វីអូអេ៖ សំណួរចុងក្រោយបង្អស់របស់ខ្ញុំ មានលក្ខណៈទូទៅជាងសំណួរមុនៗ។ មនុស្សខ្លះមានជំនឿថាពិភពលោកនឹងមិនដូចមុនទេ។តើលោកយល់ថា មានក្តីសង្ឃឹមថា យើងអាចវិលត្រឡប់ទៅកាន់ជីវភាពដូចមុនទេ?
លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំមានជំនឿថា អាច។ ខ្ញុំមានជំនឿថា ការប្រឈមរបស់យើងជាមួយការរាតត្បាតនៃជំងឺនេះនឹងធ្វើឱ្យយើងយល់ដឹងច្រើនជាងមុនថា ការរលាកផ្លូវដង្ហើមអាចរាលដាលឆ្លងដោយងាយ។ ដូច្នេះខ្ញុំយល់ថា ការណ៍នេះនាំឱ្យមានការភ័យខ្លាច ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ក្នុងពេលពីរបីឆ្នាំទៀតយើងនឹងវិលត្រឡប់ទៅកាន់ភាពធម្មតាវិញហើយនៅពេលណាមួយលោកនិងខ្ញុំអាចធ្វើសម្ភាសន៍ទល់មុខគ្នាដោយផ្ទាល់តែម្តង។
ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ប្រាកដជានឹងចប់។ ហើយយើងនឹងអាចវិលត្រឡប់ទៅកាន់សភាពដូចពីមុនវិញ។ ដូច្នេះអ្វីដែលលោកអ្នកត្រូវធ្វើគឺត្រូវធ្វើឱ្យមានសុវត្ថិភាព ថែទាំខ្លួនឯងឱ្យបានល្អហើយនៅពេលលោកអ្នកចេញក្រៅផ្ទះលោកអ្នកត្រូវពាក់ម៉ាស់។ កុំទៅក្នុងហ្វូងមនុស្ស។ លោកអ្នកត្រូវតែប្រុងប្រយ័ត្ន។ ទោះណាជា យើងបើកប្រទេសក៏ដោយ ក៏យើងនៅមានការឆ្លងជំងឺនេះក្នុងកម្រិតមួយនៅឡើយដែលយើងត្រូវតែយកចិត្តទុកដាក់៕