ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​កំណត់​តម្លៃ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​សម្រាប់​ជន​បរទេស ​ខណៈ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ


អ្នក​ដំណើរ​ដើរ​ចូល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​កូវីដ១៩ ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
អ្នក​ដំណើរ​ដើរ​ចូល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​កូវីដ១៩ ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ចេញ​តារាង​តម្លៃ​មួយ ​ដោយ​គិត​ថ្លៃ​សេវា​ពី​អ្នក​ដំណើរ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា ​សម្រាប់​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ ខណៈ​អ្នក​ដំណើរ​បរទេស​ក៏​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​ ៣​ពាន់​ដុល្លារផង​ដែរ​ ដើម្បី​ទុក​ក្នុង​ករណី​មាន​ជំងឺ​កូវីដ។

កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មិថុនា ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ណែនាំ​ថា ​រាល់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ ​រួម​មាន​ទាំង​បរទេស​និង​ជនជាតិ​ខ្មែរ​ ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។​ ពួក​គេ​ត្រូវ​រង់​ចាំ​ ២៤ ​ម៉ោង ​ដើម្បី​ធ្វើ​តេស្ត​សំណាក​របស់​ពួក​គេ។​

យោង​តាម​តារាង​តម្លៃ​ ចុះ​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​ការ​យក​សំណាក​របស់​ជន​បរទេស​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ ​មាន​តម្លៃ​ ១០០ ​ដុល្លារ​ សម្រាប់​មនុស្ស​ម្នាក់​ និង​ការ​ធ្វើ​តេស្ត​ម្តង។ ​នេះ​បញ្ចូល​ទាំង​ថ្លៃ​មក​យក​សំណាក​ និង​លទ្ធផល​បញ្ជាក់។​ ប្រសិន​បើ​ជន​បរទេស​ត្រូវ​ការ​បណ្ណ​បញ្ជាក់​ថា​គ្មាន​ជំងឺ​កូវីដ១៩​ ត្រូវ​ចំណាយ​ ៣០​ ដុល្លារ​ទៀត។

ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ក្នុង​រយៈ​ពេល ​១៤ ​ថ្ងៃ ​ក៏​ត្រូវ​ចំណាយ​ថវិកា​ផង​ដែរ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​បរទេស។​ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ណា​មួយ​មាន​ជំងឺ​កូវីដ ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​តម្រូវ​ឲ្យ​ស្នាក់​នៅ​ ១៤ ​ថ្ងៃ​ នៅ​កន្លែង​ដែល​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ឲ្យ។​ បើ​តាម​តារាង​តម្លៃ ​កន្លែង​ស្នាក់​នៅ​សម្រាប់​ជន​បរទេស​មាន​តម្លៃ​ ៣០​ ដុល្លារ ​ក្នុង​មួយ​ថ្ងៃ​ អាហារ​បី​ពេល​ ៣០​ ដុល្លារ។​ បន្ថែម​ពី​នេះ ​ថ្លៃ​ដឹក​ជញ្ជូន​ពី​ព្រលាន​យន្ត​ហោះ​ទៅ​ដល់​មណ្ឌល​សំចត​រង់​ចាំ​ធ្វើ​តេស្ត​សំណាក​ មាន​តម្លៃ​ ៥ ​ដុល្លារ​ ក្នុង​មួយ​ជើង។

ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ក៏​បាន​កំណត់​ថ្លៃ​បោក​គក់​ និង​អនាម័យ​ចំនួន ​១៥ ​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់ ​សេវា​គ្រូពេទ្យ​ប្រចាំ​ការ​ពេល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ចំនួន ​៦ ​ដុល្លារ ​ក្នុង​មួយ​ថ្ងៃ ​និង​សេវា​សន្តិសុខ​ ៣​ ដុល្លារ​ សម្រាប់​មនុស្ស​ម្នាក់។ ​ក្នុង​ករណី​អ្នក​ជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ការ​បូជា​សព​មាន​តម្លៃ ​១៥០០ ​ដុល្លារ។​

ប្រសិន​បើ​ជន​បរទេស​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩ ​ការ​ធ្វើ​តេស្ត​សំណាក​បន្ត​ទៀត​អាច​មាន​យ៉ាង​តិច ​៤​ ដង​ទៀត​ ដូច្នេះ​ការ​ចំណាយ​គិត​ទៅ​តាម​ការ​ធ្វើ​តេស្ត​ម្តងៗ​ ដែល​មួយ​លើក​មាន​តម្លៃ​ ១០០​ ដុល្លារ។​

ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​អ្នក​ដំណើរ​បរទេស​ទាំង​អស់​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ ត្រូវ​តែ​មាន​បណ្ណ​បញ្ជាក់​សុខភាព​ថា​ គ្មាន​ជំងឺ​កូវីដ១៩ ​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ ​ក្នុង​រយៈ​ពេល​ ៧២ ​ម៉ោង។​ ប៉ុន្តែ​ពេល​មក​ដល់​ ក៏​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​សំណាក​ម្តង​ទៀត​ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់។​

លោក​ មាស សុខសេនសាន ​អ្នក​នាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ មាន​ប្រសាសន៍​ថា ​ ក្រសួង​បាន​ថ្លឹង​ថ្លែង​អស់​ហើយ​មុន​នឹង​សម្រេច​យក​តម្លៃ ​និង​កំណត់​តម្លៃ​នេះ ​ដោយ​លោក​ថា​ អាច​ទទួល​យក​បាន។​ លោក​បន្ត​ថា​ ការ​ព្យាបាល​ជន​បរទេស​ត្រូវ​យក​តម្លៃ ​មិន​អាច​មិន​យក​នោះ​ទេ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ ​«ឥឡូវ​ខ្ញុំ​សួរ​អ៊ីចេះ​វិញ​ថា​ វីអូអេ​មាន​ព័ត៌មាន​ថា​ តើ​ប្រទេស​ណា​ដែល​គាត់​ព្យាបាល​ជំងឺ​ទេសចរ​ដែល​ឥត​គិត​ថ្លៃ?​ អាហ្នឹង​សុំ​ប្រាប់​ខ្ញុំ​ទីមួយ។​ ទីពីរ​ ជា​យន្ត​ការ​មុន​នឹង​ចេញ​ គឺ​យើង​បាន​ពិគ្រោះ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​អស់​ហើយ»។​

លោក​ សៅ វឌ្ឍនា ​នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ អ្នក​ដំណើរ​បរទេស​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ​បើ​ទោះ​ពួក​គេ​មាន​បណ្ណ​បញ្ជាក់​សុខភាព​ក៏​ដោយ។​ លោក​បន្ត​ថា​ ពួក​គេ​ក៏​ត្រូវ​ត្រៀម​តម្កល់​ប្រាក់​ ៣​ពាន់​ដុល្លារ​ផង​ដែរ​ ជា​ប្រាក់​ទុក​ក្នុង​ករណី​ពួក​គេ​មាន​ជំងឺ​កូវីដ។​ លោក​ថា​ នេះ​ជា​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​ហើយ​នីតិវិធី​យ៉ាង​ណា ​ក្រសួង​ជា​អ្នក​រៀបចំ។

លោក​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​«គឺ​គេ​តម្រូវ​ឲ្យ​បង់​ ៣​ពាន់​ ចាប់​ពី​ថ្ងៃ​ហ្នឹង​ ឬ​ក៏​ថ្ងៃ​ស្អែក។​ ខាង​ក្រសួង[សុខា​ភិបាល]​គេ​តម្រូវ​ឲ្យ​តម្កល់​ទុក​ជាមួយ​នឹង​ធនាគារ​ ដែល​គេ​បាន​កំណត់។ ​គ្រាន់​តែ​ជា​លុយ​តម្កល់ ​គ្រាន់​តែ​គាត់​មាន​ជំងឺ​ យក​លុយ​នឹង​ទៅ​ព្យាបាល​ (ចំណាយ)​ ស្នាក់​នៅ​ហូប​ចុក​អី​ហ្នឹង»។

នៅ​ពេល​សួរ​ថា​ តើ​ការ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍បន្ត​ទៀត​ឬ​យ៉ាងណា ​លោក​មាន​ប្រសាសន៍​ថា៖ ​«អាហ្នឹង​ចាំ​មើល​អនុវត្ត​នីតិវិធី​ហ្នឹង​ជាក់​ស្តែង។​ យើង​អត់​ទាន់​អាច​ថា​បាន​ទេ​ ព្រោះ​យើង​អត់​ទាន់​បាន​អនុវត្ត»។​

បើ​តាម​លោក​ សៅ វឌ្ឍនា ​កាល​ពី​ថ្ងៃពុធ ​មាន​ជើង​យន្តហោះ​ចំនួន ​៥​ ធ្វើ​ដំណើរ​មក​កម្ពុជា​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្រ្តី​សុខាភិបាល​លោក ​ម៉ម ប៊ុនហេង ​និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​លោកស្រី​ ឱ វណ្ណឌីន​ និង​លោក​ លី សូវ៉ាន់​ បាន​នៅ​ឡើយ​ទេ។​

លោក ​ខែក នរិន្ទដា ​នាយក​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​មាន​ប្រសាសន៍​ថា​ កាលពី​ថ្ងៃ​ពុធ​ ការ​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ និង​ចេញ​ពី​កម្ពុជា​ មាន​អ្នក​ធ្វើ​ដំណើរ​ប្រមាណ ​១៧០០​ នាក់​តែ​ប៉ុណ្ណោះ ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​និង​បរទេស​ផង​ដែរ។​ លោក​បន្ត​ថា​ តាម​គម្រោង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ជើង​យន្ត​ហោះ​ចំនួន ​៣ ដែល​ចូល​មក​កម្ពុជា​ និង​មាន​ជើង​យន្តហោះ​ចំនួន ​៥ ​ចេញ​ពី​កម្ពុជា។​

លោកស្រី​ ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ គាំទ្រ​ការ​ពិនិត្យ​សុខភាព​រក​ជំងឺ​កូវីដ១៩ ​ក្នុង​ចំណោម​ជន​បរទេស​ដែល​ចូល​មក​កម្ពុជា។ ​ប៉ុន្តែ​លោកស្រី​បារម្ភ​ថា​ វា​អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​ ខណៈ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ ​៦៣ ​ម៉ឺន​នាក់ ​ដែល​ទទួល​ផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ​បាន​បាត់​បង់​ការងារ​ និង​ប្រាក់​ចំណូល​របស់​ពួកគេ។​

លោកស្រី​បន្ត​ថា ​តម្លៃ​១ ០០​ ដុល្លារ​សម្រាប់​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ក្នុង​មួយ​ដង ​គឺ​ថ្លៃ​សម្រាប់​បរទេស។​ លោកស្រី​ថា ​តម្លៃ​គួរ​តែ​តិច​ជាង​នេះ​គឺ ​៥០ ​ដុល្លារ​បាន​ហើយ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ទស្សនៈ​របស់​ខ្ញុំ គួរ​តែ​មាន​តម្លៃ​ណា​មួយ​ឲ្យ​ល្អ​ជាង​ហ្នឹង​បន្តិច​ កុំ​ឲ្យ​ថ្លៃ​ពេក​ដើម្បី​ឲ្យ​ភ្ញៀវ​គាត់​អាច​សុំ​ចូល​បាន»។​

លោក​ស្រី​ក៏​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​តាម​តារាង​តម្លៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ព្រោះ​កន្លង​មក​ លោកស្រី​ថា​ មាន​ការ​ត្អូញត្អែរ​ពីជន​បរទេស​ថា​ ការ​យក​តម្លៃ​កន្លែង​ស្នាក់​នៅ ​មាន​ទៅ​ដល់​ ២០០​ ឬ ​៣០០​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​ក្នុង​ពេល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

លោកស្រី​មាន​ប្រសាសន៍​ថា៖ ​«ដោយ​សារ​កន្លង​មក​គឺ​ភ្ញៀវ​ complain​ (ត្អូញត្អែរ)​ច្រើន ​ដោយ​សារ​បង់​លើស​ហ្នឹង ​មួយ​យប់​ ២០០ ​ទៅ​ ៣០០​ ដុល្លារ។ ​អ៊ីចឹង​ទៅ ​ធ្វើ​ឲ្យ​ភ្ញៀវ​អាក់អន់​ស្រពន់​ចិត្ត​អ៊ីចឹង​ទៅ។ ​ភ្ញៀវ​អាក់​អន់​ស្រពន់​ចិត្ត។ ​អ៊ីចឹង​បើ​មាន​តារាង​តម្លៃ​អស់​ហ្នឹង​ហើយ ​យើង​គួរ​តែ​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​អនុវត្ត​ ឲ្យ​ទៅ​តាម​អ្វី​ដែល​បាន​ដាក់​ជូន»។

ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​អ្នក​សារ​ព័ត៌មាន ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា ​លោក ​ដួង វាសនា​ អនុ​ប្រធាន​ផ្នែក​វីរុសសាស្រ្ត​នៃ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ មាន​ប្រសាសន៍​ថា ​លោក​ព្រួយ​បារម្ភ​អំពី​កំណើន​នៃ​ការ​ធ្វើ​តេស្ត​បន្ត​ទៀត ​ដោយសារ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។ ​លោក​បារម្ភ​ខ្វះ​សារ​ធាតុ​ Reagent​ សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា។ ​សារធាតុ​នេះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទិញ​ពី​ក្រៅ​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​បាន​កម្ម៉ង់​ទិញ​ច្រើន ​ដើម្បី​ត្រៀម​នៅ​ពេល​មាន​បញ្ហា»។ ​

លោក​បន្ត​ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​ក៏​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​ពិនិត្យ​រក​ជំងឺ​កូវីដ​ដល់​អ្នក​ដែល​ត្រូវ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ចាំបាច់​ផង​ដែរ។​ លោក​បញ្ជាក់​ថា​ ការ​សម្រេច​បន្ត​ទៀត ​ស្ថិត​នៅ​លើក្រសួង​សុខាភិបាល៕

XS
SM
MD
LG