វិទ្យុសំឡេងសហរដ្ឋអាមេរិកVoice of America ហៅកាត់ថា VOA បានបណ្តេញចេញបុគ្គលិកដែលធ្វើការនៅសេវាផ្សាយជាភាសាហាវសា (Hausa) ចំនួន១៥នាក់បន្ទាប់ពីរកឃើញថាពួកគេទាំង១៥នាក់នោះបានប្រព្រឹត្តខុសឆ្គង រួមទាំងការទទួលយកប្រាក់កំរ៉ៃមិនត្រឹមត្រូវផងដែរ។
លោកស្រី Amanda Bennett នាយិការរបស់ VOA បានប្រកាសជូនដំណឹងតាមរយៈសារអេឡិចត្រូនិកឬអ៊ីម៉ែលទៅបុគ្គលិកទាំងអស់កាលពីថ្ងៃព្រហស្បតិ៍ថាថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារបានដឹងពីការចោទប្រកាន់ទាំងនេះកាលពីប៉ុន្មានខែថ្មីៗនេះ និងបានធ្វើការស៊ើបអង្កេតជាច្រើនលើការចោទប្រកាន់ទាំងនេះ។
លោកស្រីបានសរសេរថា«ខណៈច្បាប់ឯកជនភាពការពារយើងពីការលាតត្រដាងព័ត៌មានជាក់លាក់នោះ ការបញ្ឈប់និងសំណើបញ្ឈប់បុគ្គលិកទាំងនេះធ្វើឡើងបន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតលើករណីចោទប្រកាន់ទាំងនេះ។ VOA សេវាភាសាហាវសា(Hausa) ផ្សាយព័ត៌មានទៅប្រទេសនីហ្សេរីយ៉ា និងប្រទេសនីហ្សេ និងរាយការណ៍ព័ត៌មាននៅតាមតំបន់មួយចំនួនក្នុងទ្វីបអាហ្វ្រិក។
លោកស្រី Bennettបាននិយាយថាការទទួលយកកំរ៉ៃមិនត្រឹមត្រូវទាំងនេះបានមកពីមន្រ្តីនៅក្នុងតំបន់ដែលពួកគេទៅយកព័ត៌មាន។ លោកស្រីបាននិយាយបន្តថា «ការស៊ើបអង្កេតដាច់ដោយឡែកមួយត្រូវបានចាប់ផ្តើមធ្វើដើម្បីរកមើលថាតើមានការប្រព្រឹត្តខុសដូចគ្នានេះ កើតឡើងនៅតាមតំបន់ផ្សេងទៀតដែលឬទេ។ ប្រសិនបើរកឃើញថាមាននោះយើងនឹងដោះស្រាយជាបន្ទាន់និងប្រកបដោយតម្លាភាព»។
លើសពីនេះទៀតប្រសិនបើមានករណីបង់ប្រាក់មិនសមរម្យផ្សេងទៀតត្រូវបានគេរកឃើញនៅតាមសេវាភាសានៅគ្រប់ទីកន្លែងដែលVOA ផ្សព្វផ្សាយទៅដល់យើងប្តេជ្ញាថានឹងធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់និងដោះស្រាយជាបន្ទាន់ឲ្យបានត្រឹមត្រូវ៕