ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ចំអក​ឲ្យ​ក្រុម​ជំទាស់​ពី​រឿង​ដក​សញ្ជាតិ​អាមេរិក​ពី​ពលរដ្ឋ​ខ្មែរ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​វាយ​បក​ទៅលើ​ការ​គំរាមរបស់​ក្រុម​ជំទាស់​ទាក់ទង​នឹង​ការ​ដកសញ្ជាតិ​អាមេរិក​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ដែល​មក​ទទួល​ និង​គាំទ្រ​លោក​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ដើម្បី​ថ្លែង​ការណ៍​នៅ​ឯ​មហា​សន្និបាត​អ.ស.ប​ លើក​ទី​៧៣​ ក្នុងនាម​ប្រទេស​កម្ពុជា។

លោក​ហ៊ុន សែន​ ចំអក​ឲ្យក្រុម​ជំទាស់​រឿង​ការ​ដក​សញ្ជាតិ​អាមេរិក ​ដោយ​ចាត់​ទុក​ថា​ការ​គាំទ្រ​គណបក្ស​ណាមួយ​ គឺជា​សិទ្ធិ​នយោបាយ។​ លោក​បាន​ចោទ​សួរ​របៀប​កំប្លែង​បែប​ចំអក​ដល់​ក្រុម​ជំទាស់​ ហើយ​ថា ​បើ​អាមេរិក​ ដែល​ជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ​ដក​សញ្ជាតិ​ដោយសារ​តែ​មិន​គាំទ្រ​គណបក្ស​ជំទាស់​កម្ពុជា​នោះ ​វាជា​រឿង​មិនគួរ​ឲ្យ​ជឿ។

នៅក្នុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​កាណាដា​ សរុប​ជាង​២ពាន់​នាក់ នៅ​បុរីញូវយ៉ក ​កាលពី​ថ្ងៃសៅរ៍ ទី​២៩ ខែកញ្ញា​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​វាយ​បក​ទៅលើ​ការ​គំរាមរបស់​ក្រុម​ជំទាស់​ទាក់ទង​នឹង​ការ​ដកសញ្ជាតិ​អាមេរិក​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ដែល​មក​ទទួល​ និង​គាំទ្រ​លោក​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ដើម្បី​ថ្លែង​ការណ៍​នៅ​ឯ​មហា​សន្និបាត​អ.ស.ប​ លើក​ទី​៧៣​ ក្នុងនាម​ប្រទេស​កម្ពុជា។

«ព្រោះបង​ប្អូន​មកមាន​បំណង​មក​ជួប​ជាមួយ​ខ្ញុំ​ដើម្បី​ផ្តល់​នូវការ​គាំទ្រ​ទាំងឡាយចំពោះ​គណបក្ស​ប្រជាជន ​ចំពោះ​រាជរដ្ឋាភិបាល ​និង​ចំពោះ​ខ្លួន​ខ្ញុំ ​ដែល​បាន​ធ្វើ កិច្ចការ។ ​បើ​យោង​ទៅលើ​អ្វី​ដែល​គេ​គំរាម​រហូត​ទៅដល់ ​តាមខ្ញុំ​ដឹង​ គឺថា​បើ​ហ៊ាន តែមក​គេនឹង​ដកសញ្ជាតិ។​ បើហ៊ាន​តែគាំទ្រ​គណបក្ស​ប្រជាជន​ គេ​នឹង​ដក​សញ្ជាតិ (ស្នូរទះដៃ)‍»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បានថ្លែង​ដូច្នេះ​ ក្នុង​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា​ មាន​ចលនា​ធ្វើការ​ប្តឹង​ផ្តល់​ទៅ​ក្រសួង​សន្តិសុខ​មាតុភូមិ ​ឬស្ថាប័ន​អន្តោ​ប្រវេសន៍​របស់​អាមេរិក ​ដើម្បី​ស្នើសុំ​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

«ខ្ញុំចង់​សួរទៅ​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ ខ្ញុំ​ចង់​សួរទៅ​រដ្ឋការ​សហរដ្ឋអាមេរិក​ តើ​ត្រង់​ណា​ទៅ ​បើ​អ្នកឯង​ដក​សញ្ជាតិ​ពិតប្រាកដ ​តើ​ត្រង់ណា​ទៅ​ដែល​អ្នកឯង​និយាយ​ពី​សិទ្ធិ​នយោបាយ។​ គាំទ្រ​បក្ស​ប្រឆាំង​ទើប​បាន​សិទ្ធិជា​ពលរដ្ឋ​អាមេរិក ​គាំទ្រ​គណបក្ស​ប្រជាជន​ បែរជាត្រូវ​ដក​ហូត​នូវ​សញ្ជាតិ។​ ដូច្នេះ​តើ​ប្រទេស​មួយ​ដែល​តាំង​ខ្លួន​ជាបិតា​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​គ្រប់គ្រាន់​ឬទេ? ​តែនេះ​មិនមែន​ជា​សំឡេង​នៃរដ្ឋការ​របស់​លោក​ប្រធានាធិបតី​ត្រាំទេ​ គឺជា​សំឡេង​របស់​ពួកប្រឆាំង​កម្ពុជា​មួយ​ក្តាប់តូច ​ដែលមក​ជ្រកកោណ​នៅទីនេះ‍​(ស្នូទះដៃ)»។

ក្រុមជំទាស់​ទំនងជា​យោង​ទៅលើ​ទម្រង់ ​N 400 ​ដែល​ជា​ទម្រង់​ពាក្យ​សុំសិទ្ធិ​ចូល សញ្ជាតិ​អាមេរិក។​ ក្នុងចំណុច​មួយ​នៃ​ទម្រង់នោះ​ ត្រូវឲ្យ​មាន​ការ​បញ្ជាក់​ពី​ការ​មាន​ឬ មិនមាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ​គណបក្ស​គ្រប់គ្រង​បែប​ផ្តាច់ការ​របប​កម្មុយនីស្ត​ និង​អង្គការ​ភេរវកម្ម​ជាដើម។

ថ្លែងប្រាប់ ​VOA នៅ​កន្លែង​ធ្វើបាតុកម្ម​ក្នុងបុរីញូវយ៉ក​កាលពី​ថ្ងៃសៅរ៍​ លោក​អួង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ដែលត្រូវ​បានរំលាយ ​ប្រចាំ​សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​ថា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នឹង​មិន​ហ៊ានគាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ទៀត​ទេ នៅ​ពេល​ដែល​សេចក្តី​ស្នើច្បាប់​ប្រជាធិប​តេយ្យកម្ពុជា​ HR 5754​ ចេញរួច។

«យើង​នេះ​អត់មាន​កាន់​លទ្ធិប្រជាធិបតេយ្យ​ទេ។ ​មួយ​ខាង​កម្មុយនីស្ត​ មួយខាង​លទ្ធិ​ប្រជាធិបតេយ្យ។​ យើង​មិនចង់​ឲ្យ​ខ្មែរ​យើង​ដែល​មករស់​នៅស្រុក​នេះហើយ​ដែល ស្បថ​ចូល​សញ្ជាតិ​អាមេរិក​ហើយ ​ថា​មិន​ចូល​គាំទ្រ​លទ្ធិផ្តាច់ការ​លទ្ធិកម្មុយនីស្ត​នោះ បាន​សញ្ជាតិ​ហើយ​បក​ក្បាលទៅ​ការពារ​លទ្ធិ​ផ្តាច់ការ​ លទ្ធិ​កម្មុយនីស្ត។ ​អញ្ចឹង​ហើយ​នៅ​ពេលដែល​ច្បាប់​៥៧៥៤​ចេញ​ប្រើ​ជាផ្លូវការ ​ខ្ញុំជឿថា ​អ្នកទាំង​អស់នោះ​ប្រាកដ​ជា​រួញខ្លួន​ ហើយ​មិន​ហ៊ាន​ចេញ​មុខគាំទ្រ​លទ្ធិ​កម្មុយនីស្តទេ‍»។

លោក​បាន​បន្ថែមថា៖

«ព្រោះ​ច្បាប់​៥៧៥៤ ​នឹង​ផ្តន្ទា​ចំពោះ​អ្នក​វិនិយោគ​ធំៗ​ ហើយ​នៅ​ក្នុង​នោះដែរ​នឹង​មាន ការ​រុញច្រាន​ធ្វើម៉េច ​អ្នក​ដែល​កម្មុនីស្ត​នឹងទទួល​ការ​ពិន័យ​ផ្សេងៗ​ពាក់ព័ន្ធ​នឹងការ​ធ្វើ​វិនិយោគទុន​ ថៅកែ​ខ្លួន​ឯងផង​ និង​សញ្ជាតិ​ផង‍។​ នេះ​ជា​ការ​មួយ​ដែល​យើង​នឹង ធ្វើការ​បន្តទៅ​ទៀត»។

ការតវ៉ា​គាំទ្រ​គោល​នយោបាយ​របស់​ក្រុម​ជំទាស់ ​និង​ក្រុមអ្នក​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​កើត​ឡើង។

​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ស្រឡាញ់​ប្រទេស​ជាតិ ​បាន​មក​ចូលរួម​សម្តែង​មតិ​រៀងៗ ខ្លួន​ ចំពោះ​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ចូលរួម​ថ្លែង​ការណ៍​នៅ ឯ​មហា​សន្និបាត​អ.ស.ប​ លើក​ដំបូង​ចាប់តាំង​ពី​រដ្ឋាភិបាល​ថ្មីអាណតិ​ទី៦ ​កើត​ឡើង នៅឆ្នាំ​២០១៨។​

ក្រុមជំទាស់​ដូចជា​លោក​ អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវ រំលាយ​បានថ្លែង​ក្នុងពេល​ចូលរួម​បាតុកម្ម​ថា មក​ដល់ពេល​នេះ​នៅ​មាន​ប្រទេស​លោក ខាងលិច ​មិនទាន់​គាំទ្រ​រាជរដ្ឋាភិបាល​ថ្មីទេ។

«ការពិត​ទៅ​ ប្រទេស​ដែលគេ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ ​គេ​គោរព​សិទ្ធិមនុស្ស​ពិត​ប្រាកដ ​គេ​មិន​ទទួល​ស្គាល់​របប​លោក ​ហ៊ុន សែន ​ទេ។ ​យើង​ឃើញ​ហើយ​ដូចជា​សហគមន៍​ អឺរ៉ុប ​ស.រ.អា​ ហើយនឹង​បណ្តា​ប្រទេស​សេរី​មួយ​ចំនួន​ទៀត ​មានតែ​ប្រទេស​កម្មុយនីស្ត​ផ្តាច់ការ​ដែលគាំទ្រ​របប​លោក ​ហ៊ុន សែន​ យើង​អត់​មានអី​ចម្លែក​ទេ។ ប្រទេស​ចិន ​ប្រទេស​យួន ​ប្រទេស​ឡាវ ​គាំទ្រ​របប​លោក ​ហ៊ុន សែន​ហ្នឹង ​គឺអត់​ចម្លែកទេ​ តែ​ដោយ​ឡែក​សម្រាប់​ប្រទេស​លោក​ខាងលិច​ដែល​គេប្រកាន់​របប​លទ្ធិប្រជាធិប​តេយ្យ​ សេរីនិយម ​ពហុបក្ស​គឺ​គេ​អត់​គាំទ្រ​ទេ‍»។

លោក​ Rodney Elliott​ ជនជាតិ​អាមេរិកាំង ​ជាអតីត​អភិបាលក្រុង​ Lowell ​រដ្ឋ Massachusetts​ បានថ្លែង​ជំទាស់​ទៅនឹង​ចំណាត់​ការ​លើ​ក្រុមជំទាស់​ក្នុង​ប្រទេស កម្ពុជា​ថា មិន​មែន​ជា​លទ្ធិប្រជាធិបតេយ្យ​ទេ។

«ខ្ញុំ​មក​គាំទ្រ​ពលរដ្ឋ​មកពី​ក្រុងឡូវែល ​រដ្ឋម៉ាស្សាជូសេដ្ឋស៍ ​ដែល​ប្រឆាំង​នឹងលោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ចំពោះ​ហេតុផល​ទាក់ទង​នឹងការ​បោះឆ្នោត​ ការចាប់​លោក កឹម សុខា​ដាក់គុក។ ​ហើយខ្ញុំ​មិនមែន​ទៅ​កម្ពុជា​ម្តងទេ ​ខ្ញុំទៅ​ពីរ​ដង ​ដូច្នេះ​ខ្ញុំមក​ទីនេះ ដើម្បី​គាំទ្រ​ពួកគេ។ ​ក្តីសង្ឃឹម​សម្រាប់​សេរីភាព​កម្ពុជា​ ខ្ញុំបាន​ឃើញ​ដែល​កំពុង​កើត ឡើងក្នុង​ប្រទេស​កម្ពុជា​ ទំនង​មិនមែន​ជាលទ្ធិ​ប្រជាធិបតេយ្យ​ទេ ​នៅទី​នេះ ​ការ​តវ៉ា នៅទីនេះ​គឺជាលទ្ធិ​ប្រជាធិបតេយ្យ‍»។

លោក ​ជុំ ប៊ុនឈាន ពលរដ្ឋ​នៃ​ក្រុមជំទាស់ ​មកពីរដ្ឋ ​Minnesota ​បានចោទ​ជា​សំណួរ​ចំពោះការ​បង្កើត​រាជរដ្ឋាភិបាល។

«ហើយ​យើង​សួរថា ​តើ​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ ​តើជា​ការ​បោះឆ្នោត ត្រឹមត្រូវ​ ដោយ​យុត្តិធម៌​ទេ​ តើបងប្អូន​យល់​ដូចខ្ញុំទេ ​គឺជាការ​បោះឆ្នោត​ដែល​រៀបចំ ឡើង​ដោយ​ការ​ក្លែងក្លាយ។ ​ដូច្នេះ ​យើងគិត​ថារបប​នេះ ​វាបង្កើត​ជាសភា​ខុសច្បាប់ គឺរបបណា​បង្កើត​រដ្ឋាភិបាល​ខុសច្បាប់​ យើង​ដឹង​ច្បាស់​ហើយគឺ​ជារបប​លោក នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន‍»។

លោក ​ខៀវ សំបូ​ មកពី​រដ្ឋ ​South Carolina ​បាន​ទទូច​ឲ្យមាន​ការស្តារ​ប្រជាធិបតេយ្យ នៅ​កម្ពុជា។

«អញ្ចឹង​យើង​ជា​ប្រជាជន​ខ្មែរ ​ក្នុងថ្ងៃនេះ ​យើង​ចង់​ឲ្យលោក ​ហ៊ុន សែន ​គាត់​ត្រឡប់ ទៅ​ក្រោយវិញ​គឺស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ​ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ ជាតិមាន​សិទ្ធិ​បោះឆ្នោត​ឡើងវិញ ​ដោយ​សេរី​និង​យុត្តិធម៌ ​មាន​អន្តរាគមន៍​ពីអន្តរជាតិ ក្នុងរឿង​គ.ជ.ប‍​ជាដើម»។

ដោយឡែក​ក្រុម​សម្តែង​មតិ​គាំទ្រ​វិញ ​បានថ្លែង​គាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ទាំង​ការ​ដឹកនាំ​ប្រទេស ​និង​ការ​បោះឆ្នោត​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី។

លោក ​លុយ គឹមស្រេង ​មកពីរដ្ឋ​កាលីហ្វ័រញ៉ា ​បាន​សម្តែង​ទឹកចិត្ត​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី ​ដោយ​យោង​ទៅលើ​ការ​អភិវឌ្ឍ​និង​សន្តិភាព​ពេល​សម្តែង​មតិ​នៅ​ញូវយ៉ក។

«មូលដ្ឋាន​ដែល​មក​គាំទ្រ​សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏ដោយ​សារថា​ យើង​ជាជនជាតិ​ខ្មែរ អាមេរិកាំង​ មើលឃើញ​ពីស្នាដៃ​ដឹកនាំរាជ​រដ្ឋាភិបាល​កម្ពុជា ​ប្រកប​ដោយការ​អភិវឌ្ឍ និង​សន្តិភាព‍»។

លោក​ អោម សំអុល ​មកពីរដ្ឋ​ក្រុង​តាកូម៉ា ​រដ្ឋវ៉ាស៊ីនតោន ​បាន​បន្ទរ​ថា៖

«មក​នេះ​គឺមក ​គាំទ្រ​ (support) ​នាយក​រដ្ឋមន្ត្រី​សម្តេច​ តេជោ ​ដែលធ្វើឲ្យ​មាន​សន្តិភាព នៅក្នុង​ប្រទេស​កម្ពុជា​ ដែលបាន​រំដោះ​នៅថ្ងៃ​ ៧ មករា‍»។

ជនជាតិ​អាមេរិកាំង​ លោក ​John Rosander ​មកពីរដ្ឋ​ Origen ​ជាអ្នកគាំទ្រ​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជាមួយ​ក្រុមរបស់​លោក​ដែរ។

លោក​ព្រំ បេនផល្លី ​ពលរដ្ឋខ្មែរ​ នៅកាណាដា ​បានថ្លែង​ថា ​លោក​គាំទ្រ​រាជរដ្ឋាភិ​បាល ថ្មី ​ដែលកើត​ចេញពី​ការបោះឆ្នោត​ ហើយ​លោក​ចង់ឃើញ​មានការ​កែទម្រង់​ថ្មីៗទៀត។

«ពេលណា​យើង​បោះឆ្នោត​ជូនរាជ​រដ្ឋាភិបាល​ថ្មី ​ដែល​ចងក្រង​ឡើង​ឲ្យមាន​សណ្តាប់ ធ្នាប់​ កម្ចាត់​អំពើពុករលួយ​ តុលាការ​មាន​នីតិរដ្ឋ​ត្រឹមត្រូវ​ ហើយ​បងប្អូន​ទាំង​អស់គ្នា ខ្ញុំឃើញ​ពេលនេះ​ បាន​បោះឆ្នោត​ជូនគណបក្ស​ប្រជាជន​គឺជាការ​បង្រួប​បង្រួម‍»។

លោក​នាយក​រដ្ឋមន្ត្រី​ ប្រឈម​មុខ​នឹងបាតុកម្ម ​និង​ការរិះគន់​ពី​ការ​មិន​ទទួល​ស្គាល់​រាជ​រដ្ឋាភិបាលថ្មី ​ទោះជា​មានប្រទេស​មួយចំនួន​បាន​គាំទ្រ​ជា​បន្តបន្ទាប់​ចំពោះ​រាជ រដ្ឋាភិបាល​ថ្មី ដែល​កើតឡើង​ក្រោយការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី២៩​ កក្កដា​ ឆ្នាំ​២០១៨៕

XS
SM
MD
LG