កាលពីពេលថ្មីៗនេះ បេសកជនរបស់សហរដ្ឋអាមេរិក និងចិនបានធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ គឺក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទ្វីបអាស៊ី។
ដំណើរទស្សនកិច្ចរបស់បេសកជនទាំងនេះ ជាពិសេសដំណើរទស្សនកិច្ចរបស់បេសកជនចិនទៅកាន់ប្រទេសកូរ៉េខាងជើង ដែលលោក Trump ហៅថាជា «ការវិវត្តដ៏ធំ» មួយនោះ បានបង្កើតឲ្យការរំពឹងទុកថា កិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតមួយចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ មានការវិវឌ្ឍទៅមុខមួយចំនួន។
លោក Song Tao ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនៅក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហានៃការព្រួយបារម្ភរួមគ្នាលើស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ ក៏ដូចជាអំពីទំនាក់ទំនងទ្វេភាគីផងដែរ។
កន្លងមក មន្ត្រីចិនមិនបានបង្ហើបឲ្យដឹងអំពីដំណើរទស្សនកិច្ចនេះទេ។ នៅឯសន្និសីទសារព័ត៌មានជាប្រចាំមួយនៅថ្ងៃច័ន្ទនេះ ក្រសួងការបរទេសចិនបានអះអាងថា លោក Song Tao កំពុងតែស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើងនៅឡើយ ប៉ុន្តែបានផ្ដល់ព័ត៌មានលំអិតថ្មីតែបន្តិចបន្តួចប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចជាប្រចាំដើម្បីពិភាក្សាអំពីសមាជជាតិគណបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ។ ប៉ុន្តែ ដំណើរទស្សនកិច្ចរបស់លោក Song Tao គឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ដែលធ្វើឡើងដោយបេសកជនជាន់ខ្ពស់ចិនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ៕