ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េខាងជើង​រិះគន់​លោក​ត្រាំ​ដែល​ព្យាយាម​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ខ្លួន


រូបឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង គឹម ជុងអ៊ុន អបអរ​សាទរ​ការ​បាញ់​បង្ហោះ​មីស៊ីល​ឆ្លងទ្វីប Hwasong-14 កាល​ពី​ខេ​កក្កដា ឆ្នាំ​២០១៧។

កូរ៉េខាង​ជើង​ប្រកាស​ប្រឆាំង​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ ​កាលពី​ថ្ងៃសៅរ៍​ទាក់​ទង​នឹង​ការព្យាយាម​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​កូរ៉េខាងជើង។

ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវការ​លើក​ទីមួយ​អំពី​ទស្សនកិច្ចរបស់លោក​ ដូណាល់ ត្រាំ ទៅ​អាស៊ី​ ដោយ​និយាយ​តាម​ន័យ​ដើម​ថា៖ ​«នេះ​ជាដំណើរ​ទស្សនកិច្ច​របស់​ឈ្មួញ​សង្គ្រាម​ ស្វែងរក​ការ​ប្រឈម​មុខ​គ្នា​ជាមួយ​យើង​ ដោយ​ព្យាយាម​ដក​ចេញ​និង​រារាំង​កម្មវិធី​នុយក្លេអ៊ែរសម្រាប់​ការពារ​ខ្លួន​របស់​យើង»។​

កូរ៉េខាង​ជើងក៏​បាន​ចោទ​ថា​លោក ត្រាំ​ ថាព្យាយាម​ធ្វើ​ឲ្យ​កូរ៉េខាង​ជើង​នៅ​ដាច់​ពី​សហគមន៍​ពិភព​លោក​ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ​ឯកោ។​ ក្រសួង​ការ​បរទេស​កូរ៉ខាង​ជើង​សរសេរ​អំពីលោកត្រាំ​ ថា ​«សម្តី​មិន​ចេះ​គិត​របស់​មនុស្ស​ចាស់​ឆ្កួត​ដូចជា​ ត្រាំ នឹង​មិន​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ឬ​មិន​អាច​បញ្ឈប់​យើង​បាន​នោះ​ទេ»។​

កិច្ចការ​ភាគ​ច្រើន​នៃ​ទស្សនកិច្ច​៥​ថ្ងៃ​របស់​លោក ​ត្រាំ ទៅ​អាស៊ី​គឺ​ផ្តោត​លើ​បញ្ហា​កូរ៉េខាង​ជើង។​ លោក​ប្រធានាធិបតី​បាន​ជំរុញ​លោក​ Xi Jinping ​ប្រធានាធិបតី​ចិន​ដោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ ​នេះ​បើ​តាម​មន្ត្រី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី។ ​យោង​តាម​លោក​ Rex Tillerson​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​បាន​ឲ្យ​ដឹង​ថា លោក ត្រាំ ​បាន​ប្រាប់​លោក Xi Jinping ​យ៉ាង​ដូច្នេះ​ថា៖​ «លោកជា​អ្នក​ខ្លាំង។ ​ខ្ញុំ​ជឿ​ថា​លោក​អាច​ដោះ​ស្រាយ​រឿង​នេះ​ឲ្យ​ខ្ញុំ​បាន»។​

លោក​ Xi Jinping ​កាល​ពី​ថ្ងៃសៅរ៍​បាន​ជំរុញ​ឲ្យ​សមភាគី​កូរ៉េខាង​ត្បូង​របស់​លោក​បើក​ការចរចា​ជាថ្មី​ជាមួយកូរ៉េ​ខាង​ជើងដើម្បី​ដោះស្រាយ​ការ​គំរាម​ខាង​សន្តិសុខ​បណ្តាល​មក​ពីកូរ៉េ​ខាង​ជើង។​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ដែល​ស្រង់ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua​ ​របស់​ចិន៕

XS
SM
MD
LG