ជាង ២០ ឆ្នាំ កន្លងមកហើយ ចាប់តាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការប៉ាន់ប្រមាណថា មនុស្សប៉ុន្មាននាក់ដែលបានចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់ ប៉ុន្តែបន្តរស់នៅក្នុងសហរដ្ឋអាមេរិកដោយហួសទិដ្ឋាការកំណត់ឲ្យនោះ។ នៅទីបំផុត ចំនួនអ្នកដែលបន្តរស់នៅក្នុងសហរដ្ឋអាមេរិកហួសទិដ្ឋាការកំណត់ត្រូវបានផ្សព្វផ្សាយឲ្យដឹងកាលពីខែមករាកន្លងទៅនេះ។
ក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សចំនួន ៥២៧.១២៧ នាក់ ដែលតម្រូវឲ្យចាកចេញពីសហរដ្ឋអាមេរិកតាមការកំណត់របស់ទិដ្ឋាការរបស់ពួកគេនៅក្នុងឆ្នាំ ២០១៥ បានបន្តរស់នៅក្នុងសហរដ្ឋអាមេរិក។ ចំនួននេះជាចំនួនអ្នកដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកតាមផ្លូវអាកាស និងផ្លូវទឹកតែប៉ុណ្ណោះ គឺមិនបូករួមជាមួយនឹងចំនួនអ្នកដែលចូលមកតាមផ្លូវគោកនោះទេ។
អាជ្ញាធរត្រួតពិនិត្យព្រំដែនបានចាប់ខ្លួនមនុស្សចំនួន ៣៣៧.១១៧ នាក់ ដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់ ក្នុងអំឡុងពេលដូចគ្នានោះដែរ ដែលអ្នកដែលត្រូវបានចាប់ខ្លួនស្ទើរតែទាំងអស់ គឺត្រូវបានចាប់ខ្លួននៅព្រំដែនជាមួយប្រទេសម៉ិកស៊ិក។ ប៉ុន្តែ អ្នកដែលរស់នៅហួសទិដ្ឋាការកំណត់គឺមានចំនួនច្រើនជាងអ្នកដែលត្រូវបានចាប់ខ្លួនដោយសារការឆ្លងចូលទឹកដីសហរដ្ឋអាមេរិកខុសច្បាប់ទៅទៀត។
ប្រហែល ៤០ ភាគរយ នៃអ្នកធ្វើដំណើរចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកចំនួន ១១ លាន ៤ សែននាក់ បានបន្តរស់នៅហួសទិដ្ឋាការកំណត់ដោយខុសច្បាប់ ដែលនេះជាចំនួនដ៏ច្រើនមួយ ប៉ុន្តែជារឿយៗ មិនត្រូវបានគេយកចិត្តទុកដាក់នៅក្នុងការដេញដោលអំពីបញ្ហាអន្តោប្រវេសន៍នោះទេ។ តួលេខនេះអាចកើនឡើង ស្របពេលដែលអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា និងប្រទេសចិន ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក មានចំនួនច្រើនជាងអ្នកធ្វើដំណើរមកពីប្រទេសម៉ិកស៊ិកទៅទៀត៕